គណបក្សប្រជាជនកម្ពុជា កំណត់យកថ្ងៃទី១៨ ខែកុម្ភៈ ជាថ្ងៃចរចាជាថ្មី បន្ទាប់ពីបង្ក្រាបបាតុកម្មរួចមក។ ផែនការនេះ ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ស្នើឲ្យមានការចរចារវាងខ្មែរ និងខ្មែរ ដោយស្នើឲ្យមានកិច្ចចរចានយោបាយឡើងវិញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ។
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច អះអាងថា គណបក្សប្រជាជនកម្ពុជា មានបំណងពិតប្រាកដក្នុងការកែទម្រង់ការបោះឆ្នោត ដើម្បីឲ្យគ្រប់ភាគីទទួលបាន។
គណបក្សប្រជាជនកម្ពុជា កំណត់យកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ វេលាម៉ោង ៩ព្រឹក ជាថ្ងៃបើកការចរចាជាមួយបក្សប្រឆាំង ស្វែងរកដំណោះស្រាយនយោបាយ។ ការចរចានេះនឹងធ្វើឡើងនៅព្រឹទ្ធសភា ហើយគណបក្សកាន់អំណាចបានត្រៀមមន្ត្រីជាន់ខ្ពស់ចំនួន ៣រូប ដើម្បីបើកការចរចា។ មន្ត្រីទាំងបីនាក់នោះរួមមាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា។
ប្រធានក្រុមការងារចរចាផ្នែកបច្ចេកទេស និងជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក ព្រំ សុខា ឲ្យដឹងថា ការកំណត់ថ្ងៃចរចាជាថ្មីនេះ ជាចេតនាពិតប្រាកដរបស់គណបក្សកាន់អំណាច ក្នុងការស្វែងរកដំណោះស្រាយបញ្ហានយោបាយ។ លោកបន្តថា បញ្ហាសំខាន់បំផុត ដើម្បីបុព្វហេតុជាតិ គឺជាការអង្គុយចុះពិភាក្សាចរចាគ្នាដោយសន្តិវិធី។ ហើយការចរចារវាងក្រុមការងារបច្ចេកទេសនេះ ជាការទម្លាយផ្លូវមួយទៀត ដើម្បីឲ្យមេដឹកនាំកំពូលៗទាំងពីរបក្សរួមគ្នា ស្វែងរកដំណោះស្រាយបញ្ហាធំៗរបស់ជាតិតែម្តង។
លោក ព្រំ សុខា៖ «ដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា ជាវិធីដ៏ល្អបំផុតតែមួយគត់សម្រាប់ដោះស្រាយបញ្ហា បើជួបមានលទ្ធផល យើងនឹងបន្តទៀត ហើយច្បាស់ណាស់ថា ចុងក្រោយនឹងមានការជួបគ្នារវាងថ្នាក់ដឹកនាំកំពូល»។
ទន្ទឹមនឹងនេះ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ បានត្រៀមក្រុមការងារសម្រាប់ចរចាលំដាប់ថ្នាក់បច្ចេកទេសនេះរួចហើយ។ សមាសភាពចរចាមាន លោក សុន ឆ័យ លោក គួយ ប៊ុនរឿន និងលោក យ៉ែម បុញ្ញឫទ្ធិ។ លោកបញ្ជាក់ថា នេះជាការជួបគ្នាជាថ្មី ដើម្បីអនុវត្តកិច្ចព្រមព្រៀងចាស់ ដែលបានឯកភាពគ្នាលើការកែទម្រង់ការបោះឆ្នោត កាលពីខែកញ្ញា ឆ្នាំ២០១៣។ លោកបន្ថែមថា គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់យកផលប្រយោជន៍ជាតិជាធំ៖ «បញ្ហាបោះឆ្នោតឡើងវិញ ជារឿងដោយឡែក ទុកឲ្យថ្នាក់ដឹកនាំកំពូលជជែកគ្នាទៅ ជាជំហររបស់បក្សទាំងពីរ គឺចរចាគ្នាដោះស្រាយបញ្ហាដែលបានព្រមព្រៀងគ្នារួចហើយ»។
ទាក់ទងនឹងបញ្ហានេះ សកលវិទ្យាធិការសាកលវិទ្យាល័យ ខេមរៈ លោកបណ្ឌិត សុខ ទូច ថ្លែងគាំទ្រជំនួបចរចាជាថ្មីនេះ។ ប៉ុន្តែ លោកគិតថា គណបក្សទាំងពីរគួរណាស់តែដាក់របៀបវារៈឲ្យបានច្រើន ដើម្បីឈានទៅបញ្ចប់ជម្លោះនយោបាយ និងរួមគ្នាដោះស្រាយបញ្ហាជាតិប្រកបដោយការទទួលខុសត្រូវ។
ជំនួបចរចាលើកចុងក្រោយបង្អស់របស់គណបក្សទាំងពីរ គ្រោងធ្វើឡើងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ ប៉ុន្តែ ជំនួបនេះត្រូវបានគណបក្សប្រឆាំងប្រកាសរំសាយចោលវិញ ដោយសារអាជ្ញាធររដ្ឋាភិបាលបានចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស លោក វន់ ពៅ លោក ថេង សាវឿន លោក ចាន់ ពុទ្ធិស័ក និងមនុស្សមួយចំនួនទៀតក្នុងបាតុកម្មទាមទារដំឡើងប្រាក់ខែនៅកំបូល។ ដើម្បីឆ្លើយតបនឹងការរំសាយកិច្ចចរចានេះ អាជ្ញាធររដ្ឋាភិបាលក៏បានបន្តបង្ក្រាបការតវ៉ានៅផ្លូវវ៉េងស្រេង និងឈានទៅបោសសម្អាតបាតុករនៅទីលានប្រជាធិបតេយ្យ ព្រមទាំងដាក់បម្រាមយ៉ាងតឹងរ៉ឹង ចំពោះរាល់ការជួបជុំទាំងឡាយ។
ថ្នាក់ដឹកនាំគណបក្សប្រឆាំងធ្លាប់ប្រកាសថា ជំនួបចរចាបរាជ័យ ដោយសារបក្សកាន់អំណាចមិនព្រមឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីឡើងវិញ។ ប៉ុន្តែ លោក ហ៊ុន សែន បានថ្លែងម្តងជាពីរដងថា ការចរចាមិនត្រូវរ៉ូវគ្នាមកពីភាគីបក្សប្រឆាំងចង់បានតុល្យភាពក្នុងសភា និងតំណែងប្រធានរដ្ឋសភា ដែលគណបក្សកាន់អំណាចក្ដោបក្ដាប់អស់ ៣អាណត្តិហើយនោះ។ បច្ចុប្បន្ននេះ គណបក្សប្រឆាំងកំពុងប្រមូលភស្តុតាងសម្រាប់ប្ដឹង លោក ហ៊ុន សែន ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ខណៈដែលបក្សកាន់អំណាចកំពុងតែឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និងកម្មករចំនួន ២១នាក់ ក្នុងពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។