របប​ក្រុងភ្នំពេញ​គ្រោង​ធ្វើ​ពិធី​រម្លឹក​ខួប ២០​ឆ្នាំ នៃ​នយោបាយ​ឈ្នះៗ

0:00 / 0:00

មេដឹកនាំ​របប​ក្រុងភ្នំពេញ ប្រកាស​គ្រោង​ប្រារព្ធ​បុណ្យ​ឆ្លង​ឆ្នាំ​បី​ថ្ងៃ បី​យប់ នៅ​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​អបអរ​ខួប​លើក​ទី​២០ នៃ​ការ​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ដែល​លោក​អះអាង​ដោយ​ខ្លួនឯង​ថា ការ​បញ្ចប់​សង្គ្រាម​នេះ​ដោយសារតែ​នយោបាយ​ឈ្នះៗ​របស់​លោក។ ប៉ុន្តែ​អ្នកវិភាគ​ថា ការ​ទាញ​យក​គុណ​សម្បត្តិ​តែ​ម្នាក់ឯង​របស់ លោក ហ៊ុន សែន​នេះ​ផ្ទុយ​ពី​ការពិត។

អ្នកវិភាគ​ឯករាជ្យ​លើកឡើង​ថា ការ​បញ្ចប់​សង្គ្រាមស៊ីវិល​រវាង​កងទ័ព​ខ្មែរក្រហម និង​កងទ័ព​នៃ​សម័យ​រដ្ឋ​កម្ពុជា មិនមែន​ដោយសារ​គោលនយោបាយ​ឈ្នះ​ៗ​របស់​លោក ហ៊ុន សែន ទាំងស្រុង​នោះ​ទេ។ គោលនយោបាយ​ឈ្នះៗ​របស់​លោក ហ៊ុន សែន ដែល​អង្គការ​អន្តរជាតិ​ចាត់ទុកថា​ជា​មេដឹកនាំ​ផ្ដាច់ការ​នោះ គឺ​ផ្ទុយ​ពី​គោលការណ៍​សីលធម៌។

អ្នកវិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា​គោលនយោបាយ​ឈ្នះៗ​ដែល​របប​ក្រុងភ្នំពេញ​កំពុងតែ​សម្ញែង​នៅ​ចំពោះ​មុខ​មហាជន​នេះ គឺ​គ្រាន់តែ​ជា​ការ​រួមចំណែក​មួយ​តែប៉ុណ្ណោះ។ លោក​ថា​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​បញ្ចប់​ទៅ​បាន គឺ​មាន​ការចូលរួម​យ៉ាង​សំខាន់​ពី​អ៊ុនតាក់ (UNTAC) និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖ «គោលនយោបាយ​ឈ្នះៗ របស់​គាត់​ហ្នឹង​ហៅថា​ជា ទឹក​ចុងក្រោយ​ទេ ទឹក​សំខាន់ៗ​នោះ​គឺ​យើង​បាន​បោះឆ្នោត ហើយ​យើង​បាន​រដ្ឋាភិបាល​ស្របច្បាប់ ហើយ​មានការ​គាំទ្រ​ពី​ប្រទេស​ជាច្រើន​លើ​ពិភពលោក គេ​ជួយ​កសាង​យើង​អញ្ចឹង​ទៅ។ ជាពិសេស​គឺ​ការ​ទទួល​ស្គាល់ និង​ជួយ​ជ្រោមជ្រែង ហើយ​ប្រទេស​ហត្ថលេខី​ផ្ដាច់​ជំនួយ​ទៅ​ខ្មែរក្រហម។ ម្លោះ​ហើយ ខ្មែរក្រហម ថ្ងៃ​ណាមួយ​គង់តែ​រប៉ាត់រប៉ាយ​ទៅ​ទេ អស់​ចាស់ៗ​ទៅ បើជា​ភាសា​អង់គ្លេស​គេ​ហៅថា Finishing Touch (​ ទឹក​ចុងក្រោយ )»។

បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់​ថា គោលនយោបាយ​ឈ្នះៗ​របស់​លោក ហ៊ុន សែន ផ្ទុយ​ទៅ​នឹង គោលការណ៍​សីលធម៌ ដោយសារតែ​គោលនយោបាយ​នេះ បាន​បំភ្លេច​ចោល​នូវ​ទោសកំហុស​របស់​ក្រុម​មួយ​ដែល​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​យ៉ាង​រង្គាល​ក្នុង​សម័យ​ខ្មែរក្រហម ដែល​គួរតែ​ដាក់ទោស។

​កាលពី​ថ្ងៃ​ទី២៣ តុលា ឆ្នាំ​១៩៩១ តំណាង​ប្រទេស​ចំនួន ១៩ បាន​ចូលរួម​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ដែល​កាលណោះ​កម្ពុជា​បាន​បែង​ចែក​ជា​បួន​ក្រុម រួមមាន ភាគី​រដ្ឋ​កម្ពុជា ភាគី​ហ៊្វុនស៊ិនប៉ិច ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ របស់​លោកតា សឺ​ន សាន និង​ភាគី​ខ្មែរក្រហម។

​លោក ហ៊ុន សែន កាលពី​ថ្ងៃទី៣១ ខែ​តុលា បាន​ប្រកាស​រៀបចំ​ពិធី​រម្លឹក​ខួប ២០ ឆ្នាំ​នៃ​នយោបាយ​ឈ្នះៗ​របស់លោក ចំនួន​បី​ថ្ងៃ បី​យប់ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៩ ដល់​ថ្ងៃទី៣១ ខែ​ធ្នូ។

​លោក ហ៊ុន សែន បាន​អះអាង​ប្រាប់​កម្មករ​ជាង​ប្រាំមួយ​ពាន់​នាក់ ទាំង​ទឹកមុខ​ញញឹម​ថា ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​នេះ គឺ​ដោយសារតែ​គោលនយោបាយ​ឈ្នះៗ​របស់​លោក​នេះ ទើប​នាំ​ឱ្យ​កម្ពុជា​មាន​សន្តិភាព និង​ឯកភាព​ជាតិ ដែល​នាំ​ឱ្យ​មានការ​អភិវឌ្ឍ៖ «ជា​ខួប​លើក​ទី២០ នៃ​ថ្ងៃ​ដែល​យើង​បញ្ចប់​សង្គ្រាម​តាម​នយោបាយ​ឈ្នះៗ នយោបាយ​ឈ្នះៗ​នោះ​ហើយ ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​របស់​យើង ទទួល​បាន​សន្តិភាព និង​ការ​ឯកភាព​ទឹកដី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ តាមរយៈ​សន្តិភាព​ដែល​យើង​រក​បាន​ដោយ​លំបាក ដែល​នាំមក​នូវ​ការ​អភិវឌ្ឍ ទាំង​សេដ្ឋកិច្ច សង្គម ការកាត់បន្ថយ​ភាព​ក្រីក្រ និង​ប្រជាជន​មិន​ស្លាប់​ទៀត​ទេ ដោយសារ​សង្គ្រាម ប៉ុន្តែ​បែរ​មក​ស្លាប់​ដោយសារ​បញ្ហា​ចរាចរណ៍​ទៅវិញ»។

កាលពី​ឆ្នាំ១៩៩០ លោក ហ៊ុន សែន បាន​ផ្ដួចផ្ដើម​នូវ​គោលនយោបាយ​ឈ្នះៗ ដើម្បី​អូសទាញ​កងទ័ព​ខ្មែរក្រហម ឱ្យ​ចុះចូល​ជាមួយ​កងទ័ព​នៃ​រដ្ឋាភិបាល​នៃ​រដ្ឋ​កម្ពុជា​ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល។

​ប៉ុន្តែ​សង្គ្រាមស៊ីវិល​បាន​បញ្ចប់​ក្រោយពេល​កងទ័ព​ខ្មែរក្រហម​យល់ព្រម​ធ្វើ​សមាហរណកម្ម​ជាមួយ​កងទ័ព​រាជរដ្ឋាភិបាល កាល​ពី​ឆ្នាំ១៩៩៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។