កូន​ប្រុស​លោក ហ៊ុន សែន មិន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ

គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ចិត្ត​បញ្ចូល​ឈ្មោះ​យុវជន​ធ្វើ​ជា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​តាម​មណ្ឌល​បោះឆ្នោត​មួយ​ចំនួន។ ហើយ​យុវជន​ទាំង​នោះ គេ​សង្កេត​ឃើញ​ថា សុទ្ធតែ​ជា​កូន​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​រដ្ឋាភិបាល​ប៉ុណ្ណោះ។ រហូត​មក​ទល់​ពេល​នេះ លទ្ធផល​នៃ​ការ​បោះឆ្នោត​បឋម ដែល គ.ជ.ប បាន​ប្រកាស គឺ​យុវជន​ដែល​ឈរ​ជា​បេក្ខជន​តំណាង​រាស្ត្រ​ថ្មី​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ជាប់​អាសនៈ​នៅ​ក្នុង​មណ្ឌល​ដែល​ពួក​គាត់​បាន​ឈរ​ឈ្មោះ​នោះ​ទេ។

0:00 / 0:00

កូន​មន្ត្រី​ជាន់​ខ្ពស់​ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​ទាំង​នោះ រួម​មាន លោក ហ៊ុន ម៉ានី ជា​កូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ស សុខា ជា​កូន​ប្រុស​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង លោក ឌី វិជ្ជា ជា​កូន​អតីត​អគ្គស្នងការ​ប៉ូលិស​ជាតិ លោក ហុក ឡង់ឌី ត្រូវ​ជា​កូនប្រសា លោក ហ៊ុន សែន ហើយ លោក សុខ សុកាន ជា​កូន​ប្រុស​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន និង​កូន​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​ជាដើម។

ក្រុម​យុវជន​ដែល​ឈរ​ជា​បេក្ខជន​តំណាង​រាស្ត្រ​ទាំង​នោះ ត្រូវ​បាន​គេ​រៀបចំ​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​មួយ​ចំនួន ហើយ​មួយ​ចំនួន​ទៀត​ជា​បេក្ខជន​បម្រុង។

តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​បណ្ដោះ​អាសន្ន​ដែល គ.ជ.ប បាន​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​បោះឆ្នោត​នោះ គេ​សង្កេត​ឃើញ​កូន​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​ទាំងអស់​នៅ​តាម​មណ្ឌល​បោះឆ្នោត​មួយ​ចំនួន មិន​បាន​ទទួល​អាសនៈ​ដើម្បី​ចូលរួម​ក្នុង​រដ្ឋសភា​ទេ។ រីឯ លោក ហ៊ុន សែន ដែល​បាន​រៀបចំ​ទុក​ដាក់​កូន​របស់​គាត់ គឺ​លោក ហ៊ុន ម៉ានី ធ្វើ​ជា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​ខេត្ត​កំពង់ស្ពឺ នៅ​លេខ​រៀង​ទី៤ នោះ គឺ​លោក​រំពឹង​ថា កូន​របស់​លោក​អាច​នឹង​ទទួល​អាសនៈ​ក្រោយ​ការ​បោះឆ្នោត​នីតិកាល​ទី៥ ប៉ុន្តែ លទ្ធផល​នៃ​ការ​បោះឆ្នោត​បាន​ចេញ​មក​ផ្ទុយ​ពី​ការ​គិត​របស់​គាត់​ទៅ​វិញ។

ទន្ទឹម​នឹង​នោះ លោក ស សុខា វ័យ ៣៤​ឆ្នាំ ស្នងការ​រង​ប៉ូលិស​ក្រុង​ភ្នំពេញ ជា​កូន​ប្រុស​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​លេខ​រៀង​ទី៦ ប្រចាំ​ខេត្ត​ព្រៃវែង ក៏​មិន​បាន​ឈ្នះ​អាសនៈ​ក្នុង​ខេត្ត​នោះ​ដែរ។

អាសនៈ​សរុប​នៅ​ក្នុង​ខេត្ត​ព្រៃវែង ដែល​លោក​បាន​ឈរ​ឈ្មោះ​នោះ មាន​ចំនួន ១១​អាសនៈ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ដណ្ដើម​បាន ៦​អាសនៈ ហើយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ត្រឹម​តែ ៥​អាសនៈ​ប៉ុណ្ណោះ ហើយ លោក ស សុខា ដែល​ជា​បេក្ខជន​តំណាង​រាស្ត្រ​ប្រចាំ​ខេត្ត​ព្រៃវែង មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី៦ មិន​ត្រូវ​បាន​ទទួល​អាសនៈ​ដើម្បី​ចូលរួម​ក្នុង​រដ្ឋសភា​នោះ​ទេ។

ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្តី តាម​ការ​អះអាង​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា លោក ហ៊ុន ម៉ានី នៅ​តែ​អាច​ទទួល​បាន​កៅអី​នៅ​ក្នុង​រដ្ឋសភា បើ​សិន​ជា​បេក្ខជន​តំណាង​រាស្ត្រ​លំដាប់​ទី១ ប្រចាំ​ខេត្ត​កំពង់ស្ពឺ គឺ​លោក សាយ ឈុំ លាលែង​ពី​តំណែង ដើម្បី​ទទួល​តំណែង​នៅ​ព្រឹទ្ធសភា​នោះ។ ចំណែក លោក ស សុខា និង​យុវជន​ដទៃ​ទៀត គឺ​រង់ចាំ​ការ​សម្រេច​បន្ទាប់​ពី​កិច្ច​ប្រជុំ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ពេល​ក្រោយ។

អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី បាន​អះអាង​ថា ការ​បញ្ចូល​បេក្ខភាព​តំណាង​រាស្ត្រ​ថ្មី​ជា​យុវជន គឺ​ជា​រឿង​សម​ហេតុផល ប៉ុន្តែ​ការ​ជ្រើស​រើស​តាម​របៀប​គ្រួសារ​និយម​សែស្រឡាយ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម និង​ធ្វើ​ឲ្យ​អ្នក​មាន​សមត្ថភាព​មួយ​ចំនួន​មិន​មាន​ឱកាស​ដើម្បី​ជួយ​បម្រើ​សង្គម​តាម​ឆន្ទៈ​របស់​ពួក​គាត់​នោះ​ទេ។ លោក​បន្ត​ថា យុវជន​ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ ហើយ​មិន​បាន​ឈ្នះ​អាសនៈ​នៅ​តាម​មណ្ឌល​បោះឆ្នោត​របស់​ខ្លួន មិន​មែន​មាន​ន័យ​ថា ពួក​គាត់​មិន​អាច​មាន​តំណែង​អ្វី​នៅ​ក្នុង​រដ្ឋាភិបាល​នោះ​ទេ ពួក​គាត់​ទាំង​នោះ​អាច​មក​ជំនួស​កន្លែង​អ្នក​តំណាង​រាស្ត្រ​មួយ​ចំនួន​ទៀត ដែល​មាន​តួនាទី​ដាច់​ដោយ​ឡែក​នៅ​ក្នុង​រដ្ឋាភិបាល។

លោក កែម ឡី៖ «នៅ​ក្នុង​សភា ត្បិត​តែ​ថា​គាត់​នៅ​លេខ​រៀង​ក្រោយៗ​មិន​ជាប់​ជា​តំណាង​រាស្ត្រ​មែន ប៉ុន្តែ​នៅ​ពេល​ដែល​បង្កើត​រដ្ឋាភិបាល ក្រុម​តំណាង​រាស្ត្រ​លេខ​រៀង​ទី​មួយ ទី​ពីរ ច្រើន​តែ​មក​ក្នុង​រដ្ឋាភិបាល ហើយ​អ្នក​ដែល​ឈរ​នៅ​លេខ​រៀង​បន្ទាប់ៗ​ហ្នឹង ត្រូវ​ឡើង​មក​សភា​ហើយ ហើយ​ខ្ញុំ​គិត​ថា កូន​ឯកឧត្តម សាយ ឈុំ កូន​លោក សុខ អាន និង​កូន​សម្ដេច​នាយករដ្ឋមន្ត្រី សុទ្ធតែ​បាន​ក្នុង​នាម​ជា​អ្នក​តំណាង​រាស្ត្រ​ហើយ ហើយ​អ្នក​ដែល​នៅ​លើៗ​ជួរ​ទី​មួយ ទី​ពីរ ត្រូវ​មក​ខាង​រដ្ឋាភិបាល»

ក្នុង​ជួរ​រដ្ឋាភិបាល អ្នក​ដែល​មាន​តួនាទី​ធំៗ​ភាគ​ច្រើន គឺ​ជា​មនុស្ស​ដែល​មាន​វ័យ​ចំណាស់ ហើយ​គេ​នៅ​មិន​ទាន់​ឃើញ​មាន​យុវជន​ជំនាន់​ក្រោយ​ដែល​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​កាន់​តំណែង​ធំ​ដុំ​ណា​មួយ​នៅ​ក្នុង​រដ្ឋាភិបាល​នោះ​ទេ។ កត្តា​នេះ នាំ​ឲ្យ​យុវជន​ដែល​មាន​សមត្ថភាព មិន​មាន​ឱកាស​ដើម្បី​ចូល​ធ្វើ​ការ​ក្នុង​ការ​ដឹកនាំ​ប្រទេស​នា​ពេល​អនាគត​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។