សកម្មជនបក្សប្រឆាំង និងអ្នកវិភាគនយោបាយ រិះគន់ថា កេរដំណែលរបស់លោក ហ៊ុន សែន មានអំពើអាក្រក់ ច្រើនជាងល្អ។ ការលើកឡើងនេះគឺបន្ទាប់ពី កូនច្បង លោក ហ៊ុន សែន ឆ្លើយតបទៅ តំណាងទូតអាមេរិកកាំងម្នាក់ ថាការអភិវឌ្ឍន៍អគារខ្ពស់ៗ និងពលរដ្ឋមានសុខសន្តិភាពនៅកម្ពុជាបច្ចុប្បន្នគឺជាកេរ្តិ៍ដំណែលរបស់ឪពុកលោក។
កម្ពុជាក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន ៣៨ឆ្នាំមកនេះ ក្រុមគ្រួសាររបស់លោក មើលឃើញលោក ហ៊ុន សែន មានកេរដំណែលល្អច្រើនសម្រាប់ពលរដ្ឋ និងប្រទេសជាតិ ។ ប៉ុន្តែក្រុមអ្នករិះគន់វិញមើលឃើញថា លោក ហ៊ុន សែន គឺជាមេដឹកនាំដែលមានស្នាដៃអាក្រក់ច្រើនជាងល្អ ដោយធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរងគ្រោះ និងប្រទេសជាតិខាតបង់ផលប្រយោជន៍ធំធេង តាមរយៈនយោបាយពង្រឹងអំណាច និងការត្រៀមផ្ទេរអំណាចឲ្យកូនចៅរបស់លោក។
សកម្មជនបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ស្រី គិន ស្រីអូន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ កុម្ភៈថា លោកស្រី ទទួលស្គាល់នូវការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដែលថា ឪពុករបស់លោកបានបន្សល់ទុកនូវកេរដំណែលមួយចំនួន ដូចជា កំណើតសេដ្ឋកិច្ច និងការអភិវឌ្ឍ នៅក្នុងពេលដឹកនាំប្រទេសកម្ពុជាជិត ៤០ឆ្នាំ ប៉ុន្តែមេដឹកនាំរូបនេះ ក៏បានបន្សល់ទុកកេរដំណែលអាក្រក់ៗ យ៉ាងច្រើនដូចជា អំពើពុករលួយ ការជំពាក់បំណុលបរទេសកាន់តែកើនឡើង ការរំលោភសិទ្ធិមនុស្ស ការកាប់សម្លាប់សកម្មជន ដែលមាននិន្នាការនយោបាយប្រឆាំង ការបិទសារព័ត៌មានឯករាជ្យ និងការបំផ្លិចបំផ្លាញធនធានធម្មជាតិជាដើម។ លោកស្រី បន្តថា អំពើអាក្រក់លើសលុបទាំងនេះ ដែលធ្វើឲ្យលោក ហ៊ុន សែន បាត់បង់តម្លៃជាមេដឹកនាំល្អ ហើយជាប់ឈ្មោះជាមេដឹកនាំផ្ដាច់ការល្បីពេញពិភពលោក។
លោក ស្រី គិន ស្រីអូន៖ « បច្ចុប្បន្នខ្ញុំឃើញគាត់ដូចគេហៅថា ខ្មែរយើងគេនិយាយថា ឃោរឃៅ តិរច្ឆាន គាត់ខំកសាងពីបាតដៃទទេ ថាគាត់តែងតែស្រែកក្ដែងៗ ថា ៧មករាជាម្ចាស់គុណរបស់គាត់។ ប៉ុន្តែបច្ចុប្បន្នថ្មីៗ នេះ គាត់បំផ្លាញនិមិត្តរូបខ្លួនឯងបំផ្លាញនិមិត្តរូបខ្លួនឯងយ៉ាងម៉េច ព្រោះគាត់បានធ្វើបាបអ្នកស្លូតត្រង់ដូច លោក ថាច់ សេដ្ឋា អីគាត់អត់មានកំហុសខុសឆ្គងអីទេ តែចាប់គាត់ដាក់ពន្ធនាគារ ក៏ដូចជា សកម្មជនគណបក្សសង្គ្រោះជាតិពីមុនៗ មកជាប់គុក ៣ឆ្នាំ ៥ឆ្នាំមិនទាន់ដោះលែងគាត់ទេ » ។
ប្រតិកម្មរបស់សកម្មជនគណបក្សប្រឆាំងនេះធ្វើឡើងបន្ទាប់ពីបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនពី លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធឧបដ្ឋានសាលា នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៤ កុម្ភៈថា ទូតអាមេរិក ធ្លាប់បានចោទសួរលោកអំពីអ្វីខ្លះ ដែលជាកេរដំណែលរបស់ឪពុកលោក។ លោក ហ៊ុន ម៉ាណែត បានអួតប្រាប់ទូតអាមេរិកនៅពេលនោះថាកេរដំណែលរបស់ឪពុកលោក មានដូចជាការកើនឡើងនៃអគារខ្ពស់ៗដូចជានៅតំបន់កោះពេជ្រ និងការកសាងសុខសន្តិភាពជូនប្រជាពលរដ្ឋជាដើម ។
លោក ហ៊ុន ម៉ាណែត៖ « ទូតអាមេរិកគាត់ជួបជាមួយខ្ញុំ គាត់សួរខ្ញុំមុនគាត់ចាប់អង្គុយមក។ គេមានកញ្ជាក់មួយធំបែរមកទន្លេមេគង្គមកផ្សារអ៊ីអន (AEON) មើលអី។ គាត់សួរថា មើលឯកឧត្ដមខ្ញុំសួរតិចមើល តើកេរដំណែលរបស់សម្ដេចតេជោ នៅពេលគាត់កាន់អំណាច តើអ្នកឯងគិតថា ជាកេរដំណែលស្អីគេ ? មុននឹងខ្ញុំឆ្លើយឯកឧត្ដមអង្គុយនៅនឹងមើលខ្លួនឯង ឥឡូវឯកឧត្ដមកំពុងអង្គុយលើអូតែល ១០ជាន់ម៉ាស៊ីនត្រជាក់ ឯកឧត្ដមមើលទៅខាងណោះ នៅទន្លេបាសាក់របស់យើង កោះពេជ្ររីកស្គុសស្គាយកន្លែងហ្នឹងដែលធ្លាប់តែដាំត្រសក់ មានផ្សារអ៊ីអន (AEON) ជាផ្សារធំមួយរបស់ក្រុមហ៊ុនជប៉ុនជាអ្នកវិនិយោគនៅទីនេះ សុខសន្តិភាពរបស់ប្រជាពលរដ្ឋ ហ្នឹងហើយកេរដំណែលរបស់គាត់ » ។
បើទោះបីជាលោក ហ៊ុន ម៉ាណែត ខំលើកតម្កើងឪពុករបស់លោកឲ្យទៅជាវីរបុរសរបស់ជាតិយ៉ាងណាក្ដី ក៏អ្នកឃ្លាំមើលជាតិ និងអន្តរជាតិ ចាត់ទុកថា លោក ហ៊ុន សែន ដែលជាមេដឹកនាំក្រាញអំណាចយូរ ជាងគេលំដាប់ទី៤នៅលើពិភពលោក កំពុងប្រើនយោបាយដឹកនាំប្រទេសកម្ពុជា ឲ្យរងគ្រោះថ្នាក់ច្រើនជាងផលល្អ។ អ្នកឃ្លាំមើល លើកឡើងដូច្នេះដោយសារលោក ហ៊ុន សែន កំពុងកសាងស្នាដៃដ៏ធំបំផុតសម្រាប់គ្រួសាររបស់គាត់ ដោយប្រែក្លាយកម្ពុជាឲ្យដូចប្រទេសកូរ៉េខាងជើង ដែលកូនចៅរបស់គាត់ នឹងបន្តកាន់អំណាចដោយគ្មានពេលកំណត់។
លើសពីនេះ ថ្វីត្បិតប្រទេសកម្ពុជា គ្មានសង្គ្រាមប្រដាប់អាវុធក្ដី ក៏ប៉ុន្តែក្រោមការដឹកនាំរបស់អតីតកម្មាភិបាលខ្មែរក្រហមរូបនេះ ពោរពេញដោយអសន្តិសុខមនុស្សជាតិ មានអំពើហិង្សា ការរំលោភដីធ្លី អយុត្តិធម៌សង្គម អំពើពុករលួយដល់ឆ្អឹង ការរំលោភបំពានសិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ និងសិទ្ធិកម្មករ ព្រមទាំងលួចប្លន់ទ្រព្យសម្បត្តិជាតិ ដូចជា ព្រៃឈើ បឹងបួ ទន្លេ សមុទ្រ និងភ្នំជាដើម សម្រាប់ក្រុមគ្រួសារ និងបក្ខពួករបស់ខ្លួន។ បន្ថែមពីនេះ កេរដំណែលថ្មីៗ របស់ លោក ហ៊ុន សែន ចុងក្រោយនេះ ស្ថាប័នអន្តរជាតិ មើលឃើញថា ក្រុមគ្រួសារសាច់ញាតិរបស់លោក ជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការឆបោកលំដាប់អន្តរជាតិតាមបណ្ដាញអ៊ីនធឹណិត និងការលាងលុយកខ្វក់ជាដើម។ ក្រៅពីនេះ ក្រោមការដឹកនាំរបស់បុរសខ្លាំងរូបនេះ ក៏ធ្វើឲ្យប្រជាពលរដ្ឋរាប់លានបង្ខំចិត្តចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស ដូចជា ប្រទេសថៃ និងម៉ាឡេស៊ីជាដើម រហូតដល់ស្ងាត់ស្រុក បែកបាក់គ្រួសារ ដោយសារតែមិនសូវមាន ការងារ និងប្រាក់ខែសមរម្យនៅក្នុងស្រុក បូករួមទាំងជំពាក់បំណុលធនាគារវ័ណ្ឌក។
អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា សមិទ្ធិផលអភិវឌ្ឍនៅកម្ពុជាមួយចំនួនធំ ដូចជា ស្ពាន ថ្នល់ អាគាររដ្ឋជាដើម គឺជាជំនួយរបស់សហគមន៍អន្តរជាតិ មិនមែនជាស្នាដៃរបស់លោក ហ៊ុន សែន ទាំងស្រុងដូចការអះអាងរបស់លោក ហ៊ុន ម៉ាណែត នោះទេ។ ទោះជាយ៉ាងណាក្ដី លោក គឹម សុខ ទទួលស្គាល់ថា ក្រោមការដឹកនាំរបស់ឪពុកលោក ហ៊ុន ម៉ាណែត ក៏មានការអភិវឌ្ឍន៍មួយចំនួនគួរឱ្យកត់សំគាល់ដែរ ក៏ប៉ុន្តែពលរដ្ឋជាង ២លាននាក់ ធ្វើចំណាកស្រុកទៅថៃ ការចាប់អ្នកមានមនសិការសង្គមដាក់គុក និងការបាត់បង់ធនធានធម្មជាតិ ទាំងនេះក៏ជាការដឹកនាំអាក្រក់ របស់លោក ហ៊ុន សែន ដែរ។
លោក គឹម សុខ៖ « វាមិនត្រឹមតែជាភាពអាម៉ាស់របស់ ហ៊ុន ម៉ាណែត ទេក៏ប៉ុន្តែក៏ជាការបញ្ជាក់ថា ហ៊ុន ម៉ាណែត អត់ដឹងអ្វីសោះអំពីជាតិ ទី១មិនដឹងពីដំណើរវិវត្តន៍នៃស្ថានភាពជាតិនៅកម្ពុជាស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ អាគារខ្ពស់ៗ ធំៗ នោះតើឡើងដោយសារតែឪពុក របស់គាត់ ឬកើតឡើង ដោយសារតែការសម្របសម្រួលផ្ទៃក្នុងជាតិហើយនិងជំនួយពីសហគមន៍អន្តរជាតិរាប់ចាត់ទុកថា ជាស្នាដៃរបស់ឪពុកគាត់ទេមិនមែនទេ គឺជាផលនៃការអនុគ្រោះរបស់សហគមន៍អន្តរជាតិ » ។
កន្លងមក លោក ហ៊ុន សែន និងក្រុមមន្ត្រីកំពូលៗ របស់បក្សកាន់អំណាច តែងតែចាត់ទុកថា ស្នាដៃបំផុតរបស់ពួកគេ គឺថ្ងៃ៧ មករា ១៩៧៩ ដែលជាថ្ងៃរំដោះប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីរបបឃោរឃៅ អាវខ្មៅ ប៉ុល ពត ឬរបបខ្មែរក្រហម។ ប៉ុន្តែថ្ងៃ ៧មករានោះ ក៏ជាថ្ងៃដែលកងទ័ពវៀតណាម ចូលឈ្លានពានប្រទេសកម្ពុជា និងជាថ្ងៃដែលលោក ហ៊ុន សែន និងបក្ខពួករបស់បានធ្វើធំដឹកនាំប្រទេសក្រោមការលើកបន្តុបពីវៀតណាមផងដែរ។ ទោះយ៉ាងណាក្ដី ប្រជាពលរដ្ឋខ្មែរមិនបានសុខទេរហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ព្រមព្រៀងបោះឆ្នោតលើកដំបូងឆ្នាំ១៩៩៣ ដោយអ៊ុនតាក់។ នៅពេលនោះ បក្សរបស់លោក ហ៊ុន សែន បានចាញ់ឆ្នោត ហើយក្រោយមក លោក ហ៊ុន សែន ដឹកនាំធ្វើរដ្ឋប្រហារ ដណ្ដើមអំណាចពីគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃ៥ និង ៦ កក្កដា ឆ្នាំ១៩៩៧ ដោយសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់អស់រាប់សិបនាក់។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ចាត់ទុកលោក ហ៊ុន សែន ថា ជាមេដឹកនាំកាន់អំណាចយូរដោយប្រើប្រាស់មធ្យោបាយសំខាន់ៗ មួយចំនួន រួមមានការប្រើអំពើហិង្សា ការគាបសង្កត់ ការឆ្នៃប្រឌិតច្បាប់ធ្វើជាឧបករណ៍នយោបាយ និងអំពើពុករលួយ។ ជាក់ស្ដែងថ្មីៗ នេះ លោក ហ៊ុន សែន បានបន្សល់ស្នាដៃអាក្រក់មួយទៀត គឺការបិទវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ដើម្បីបំបាត់ចោលទាំងស្រុងនូវសារព័ត៌មានឯករាជ្យដែលហ៊ាននិយាយរិះគន់ការដឹកនាំអវិជ្ជមានរបស់លោក និងធានានូវជ័យជម្នះមុនការបោះឆ្នោតជាតិខាងមុខ។ ស្នាដៃអាក្រក់ទាំងនេះហើយ ទើបប៉ុន្មានថ្ងៃមុននេះ អង្គការសម្ព័ន្ធភាពសកល តាមដានសេរីភាពជាមូលដ្ឋាននៅទូទាំងពិភពលោក (CIVICUS) បានដាក់ប្រទេសកម្ពុជា ចូលក្នុងបញ្ជីប្រទេសផ្ដាច់ការ និងគាបសង្កត់ ។ អង្គការសកលមួយនេះ អះអាងថា លោក ហ៊ុន សែន បានរំលោភប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ និងវាយប្រហារជាប្រព័ន្ធលើលំហសិទ្ធិសេរីភាពរបស់ពលរដ្ឋ ហើយដែលទង្វើទាំងនេះ គឺជាការបំពានលើកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។