អ្នកវិភាគ​ថា លោក ហ៊ុន សែន បន្ត​សុពលភាព​អត្តសញ្ញាណប័ណ្ណ​ដើម្បី​កេង​ចំណេញ​នយោបាយ

0:00 / 0:00

អ្នកវិភាគ​នយោបាយ​ថា ការដែល លោក ហ៊ុន សែន ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​អស់​សុពលភាព ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​បោះឆ្នោត ជា​ការ​កេង​ចំណេញ​នយោបាយ និង​ធ្វើឡើង​ជាន់គ្នា​ទៅ​នឹង ការ​ធ្វើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​អ្នកបោះឆ្នោត​របស់​គ.ជ.ប។

អ្នកវិភាគ​នយោបាយ​ថា ការ​ចេញ​អនុក្រឹត្យ​ពន្យារពេល​សុពលភាព​អត្តសញ្ញាណប័ណ្ណ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​អាច​ចូលរួម​បោះឆ្នោត​បាន​នោះ គឺជា​ចេតនា​អាក្រក់​របស់​លោក ហ៊ុន សែន ដើម្បី​លាក់បាំង​ភាព​អាម៉ាស់​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​។​

អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ថា ការ​ពន្យារ​ពេល​សុពលភាព​អត្តសញ្ញាណប័ណ្ណ​នេះ គឺជា​កលល្បិច​ថ្មី​របស់​លោក ហ៊ុន សែន ដើម្បី​បង្កើន​ចំនួន​អ្នកបោះឆ្នោត​ក្នុង​គោលដៅ​ឱ្យ​គេ​ទទួលស្គាល់​នូវ​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​។ ទោះជា​យ៉ាងណា អ្នកវិភាគ​នយោបាយ​រូប​នេះ​ថា លោក ហ៊ុន សែន នឹង​មិនអាច​លាក់បាំង​អង្គការ​អន្តរជាតិ និង​បណ្ដា​ប្រទេស​នាំមុខ​លទ្ធិប្រជាធិបតេយ្យ នៃ​ការរៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​នោះ​ឡើយ​។ លោក គឹម សុខ បន្ថែម​ថា អនុក្រឹត្យ​ដែល​ពន្យារ​សុពលភាព​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នេះ ក៏​បង្ហាញ​ពី​អំពើពុករលួយ និង​កម្សោយ​របស់​មន្ត្រី​ផ្ដល់​អត្តសញ្ញាណ​កម្ម​ផង​ដែរ។

លោក គឹម សុខ៖ «ចំណាត់ការ​នេះ​របស់​លោក ហ៊ុន សែន មិនមែន​ជា​ការ​យកចិត្ត​ទុកដាក់​របស់​គាត់ សម្រួល​ឯកសារ​ស្របច្បាប់ និង​អត្តសញ្ញាណប័ណ្ណ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទេ ក៏ប៉ុន្តែ​ជា​យុទ្ធវិធី​របស់​គាត់​ក្នុង​ការ​ដោះ​ទាល់ ខ្លាច​ប្រជាពលរដ្ឋ​ខ្មែរ កាន់តែ​ច្រើន​គ្មាន​ឯកសារ​ស្របច្បាប់​ទៅ​បោះឆ្នោត និង​មួយ​ចំនួន​ធំ​ទៀ​តទៅ​បោះឆ្នោត​ហើយ ខ្វែង​សន្លឹកឆ្នោត​ចោល ធ្វើ​ឱ្យ​ចំនួន​សន្លឹកឆ្នោត​មិន​បាន​ការ​កាន់តែ​ច្រើន​លាន ជា​កត្តា​ធ្វើ​ឱ្យ​លោក ហ៊ុន សែន អាម៉ាស់មុខ​ខ្លាំង​ក្នុង​គម្រោង​បោះឆ្នោត ប្លន់​អំណាច​របស់​គាត់ ដូច្នេះ​ហើយ​ទើប​គាត់​នឹក​ឃើញ​វិធី​ហ្នឹង»។

ប្រតិកម្ម​របស់​អ្នកវិភាគ​នយោបាយ​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ នៅ​ថ្ងៃទី​២១ ខែ​មិថុនា ដោយ​អនុញ្ញាត​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ហួស​សុពលភាព អាច​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ខាងមុខ​បាន។ ក្រោយពី​បញ្ជា​ឱ្យ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត មិន​អនុញ្ញាតឱ្យ​គណបក្ស​ភ្លើងទៀន ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​គេ​មើល​ឃើញ​ថា ខិតខំ​ធ្វើ​វិធី​គ្រប់យ៉ាង ដើម្បី​ជំរុញ​ឱ្យ​អត្រា​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​បាន​ច្រើន។ ក្រៅពី​បញ្ជា​ឱ្យ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ក្នុង​បំណង​ការ​ធ្វើ​ពហិការ​មិន​ចូលរួម​បោះឆ្នោត​របស់​មន្ត្រី​បក្ស​ប្រឆាំង និង​រារាំង​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ចំនួន​២​ដងនោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ថ្លែង​សារ​គំរាម​ទៅដល់​អ្នក​ដែល​មាន​បំណង​គូស​ឱ្យ​សន្លឹកឆ្នោត​ខូច ថា អាច​នឹង​ប្រឈម​នឹង​ផ្លូវច្បាប់​ផង​ដែរ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា អះអាង​ថា ការ​ចេញ​អនុក្រឹត្យ​ពន្យារ​សុពលភាព​អត្តសញ្ញាណប័ណ្ណ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ គ្រាន់តែ​ជា​ការ​ជួយ​សម្រួល​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​តែប៉ុណ្ណោះ​។ លោក​បន្ថែម គ​.​ជ​.​ប ក៏​កំពុង​ធ្វើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​អ្នក​បោះឆ្នោត ទៅដល់​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​អត្តសញ្ញាណប័ណ្ណ​នៅ​តាម​ឃុំ សង្កាត់​ផង​ដែរ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា រហូតដល់​ថ្ងៃទី​២១ ខែ​កក្កដា។

លោក ហង្ស ពុទ្ធា៖ «អ្នក​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​អស់​សុពលភាព​២០២២ ២០២៣ គឺ​អាច​យក​អត្តសញ្ញាណប័ណ្ណ​ហ្នឹង​ឯង ទៅ​បោះឆ្នោត​តែម្ដង អ៊ីចឹង​មានន័យថា ជា​ការ​កាត់បន្ថយ​ពេលវេលា ការ​ចំណាយ​ពេល​វេលា​របស់​ប្រជាពលរដ្ឋ ទៅ​ធ្វើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ការបោះឆ្នោត​ហ្នឹងឯង»។

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​សង្កេតឃើញ​ថា សម្រាប់​ការបោះឆ្នោត​កន្លង​មក ដែល​មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ភ្លើងទៀន​ចូលរួម​នោះ ទាំង​លោក ហ៊ុន សែន និង​គ​.​ជ​.​ប មិន​ខ្វាយខ្វល់​រឿង​សិទ្ធិ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ឡើយ​ទាំង​ពលរដ្ឋ​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក និង​ថែមទាំង​ព្យាយាម​រក​វិធី​រារាំង​សិទ្ធិ​ចូលរួម​បោះឆ្នោត​របស់​ពលរដ្ឋ​ថែមទៀត ដោយ​បារម្ភ​ខ្លាច​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​និចហ្វិក លោក សំ គន្ធាមី យល់​ឃើញ​ថា ការ​ចេញ​អនុក្រឹត្យ​ពន្យារពេល​សុពលភាព​អត្តសញ្ញាណប័ណ្ណ ធ្វើឡើង​ជាន់គ្នា​ទៅ​នឹង ការ​ធ្វើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​អ្នកបោះឆ្នោត ឬ​ហៅ​កាត់​ថា ឯ​.​អ ដែល​ចេញ​ដោយ​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​ឃុំ សង្កាត់។

លោក សំ គន្ធាមី៖ «គោលបំណង គឺ​គាត់​ចង់​សម្រួល​ឱ្យ​មនុស្ស​ទៅ​បោះឆ្នោត​ឱ្យ​បាន​ច្រើន ទោះបីជា​ផុត​សុពលភាព​អត្តសញ្ញាណប័ណ្ណ​ក៏​អាច​ទៅ​បោះ​បាន​ដែរ ដូចដែល​គាត់(​ហ៊ុន សែន​)អំពាវនាវ​ឱ្យទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់គ្នា​ហ្នឹង»។

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា បើ​ទោះបី​ជា​អត្រា​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ច្រើន​យ៉ាងណាក្ដី ក៏​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​នេះ នឹង​មិន​អាច​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​រដ្ឋាភិបាល​ថ្មី​នោះ​ឡើយ។ អង្គការ​ជាតិ អន្តរជាតិ ព្រមទាំង​បណ្ដា​ប្រទេស​នាំមុខ​លទ្ធិប្រជាធិបតេយ្យ បាន​ចាត់ទុកថា ការ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត គឺជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ទៅលើ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្សប្រឆាំង ដែល​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច​។ ក្រៅពី​ប្រឈម​នឹង​ភាព​មិន​ស្របច្បាប់​ហើយ​នោះ រដ្ឋាភិបាល​ថ្មី​ដែល​នឹង​កើត​ចេញ​ពី​ការបោះឆ្នោត​ខាងមុខនេះ ក៏​នឹង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប (EU) និង​GSP របស់​សហរដ្ឋអាមេរិក​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។