អ្នកវិភាគនយោបាយថា ការដែល លោក ហ៊ុន សែន ប្រើប្រាស់អត្តសញ្ញាណប័ណ្ណអស់សុពលភាព ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោត ជាការកេងចំណេញនយោបាយ និងធ្វើឡើងជាន់គ្នាទៅនឹង ការធ្វើឯកសារបញ្ជាក់អត្តសញ្ញាណអ្នកបោះឆ្នោតរបស់គ.ជ.ប។
អ្នកវិភាគនយោបាយថា ការចេញអនុក្រឹត្យពន្យារពេលសុពលភាពអត្តសញ្ញាណប័ណ្ណឆ្នាំ២០២២ និងឆ្នាំ២០២៣ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចចូលរួមបោះឆ្នោតបាននោះ គឺជាចេតនាអាក្រក់របស់លោក ហ៊ុន សែន ដើម្បីលាក់បាំងភាពអាម៉ាស់ក្នុងការរៀបចំការបោះឆ្នោតក្លែងក្លាយ។
អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា ការពន្យារពេលសុពលភាពអត្តសញ្ញាណប័ណ្ណនេះ គឺជាកលល្បិចថ្មីរបស់លោក ហ៊ុន សែន ដើម្បីបង្កើនចំនួនអ្នកបោះឆ្នោតក្នុងគោលដៅឱ្យគេទទួលស្គាល់នូវភាពស្របច្បាប់នៃការបោះឆ្នោត។ ទោះជាយ៉ាងណា អ្នកវិភាគនយោបាយរូបនេះថា លោក ហ៊ុន សែន នឹងមិនអាចលាក់បាំងអង្គការអន្តរជាតិ និងបណ្ដាប្រទេសនាំមុខលទ្ធិប្រជាធិបតេយ្យ នៃការរៀបចំការបោះឆ្នោតក្លែងក្លាយនោះឡើយ។ លោក គឹម សុខ បន្ថែមថា អនុក្រឹត្យដែលពន្យារសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ ក៏បង្ហាញពីអំពើពុករលួយ និងកម្សោយរបស់មន្ត្រីផ្ដល់អត្តសញ្ញាណកម្មផងដែរ។
លោក គឹម សុខ៖ «ចំណាត់ការនេះរបស់លោក ហ៊ុន សែន មិនមែនជាការយកចិត្តទុកដាក់របស់គាត់ សម្រួលឯកសារស្របច្បាប់ និងអត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋខ្មែរទេ ក៏ប៉ុន្តែជាយុទ្ធវិធីរបស់គាត់ក្នុងការដោះទាល់ ខ្លាចប្រជាពលរដ្ឋខ្មែរ កាន់តែច្រើនគ្មានឯកសារស្របច្បាប់ទៅបោះឆ្នោត និងមួយចំនួនធំទៀតទៅបោះឆ្នោតហើយ ខ្វែងសន្លឹកឆ្នោតចោល ធ្វើឱ្យចំនួនសន្លឹកឆ្នោតមិនបានការកាន់តែច្រើនលាន ជាកត្តាធ្វើឱ្យលោក ហ៊ុន សែន អាម៉ាស់មុខខ្លាំងក្នុងគម្រោងបោះឆ្នោត ប្លន់អំណាចរបស់គាត់ ដូច្នេះហើយទើបគាត់នឹកឃើញវិធីហ្នឹង»។
ប្រតិកម្មរបស់អ្នកវិភាគនយោបាយដូច្នេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានចេញអនុក្រឹត្យមួយ នៅថ្ងៃទី២១ ខែមិថុនា ដោយអនុញ្ញាតប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណឆ្នាំ២០២២ និងឆ្នាំ២០២៣ ហួសសុពលភាព អាចទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខបាន។ ក្រោយពីបញ្ជាឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត មិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀន ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេមើលឃើញថា ខិតខំធ្វើវិធីគ្រប់យ៉ាង ដើម្បីជំរុញឱ្យអត្រាប្រជាពលរដ្ឋទៅបោះឆ្នោតបានច្រើន។ ក្រៅពីបញ្ជាឱ្យវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតក្នុងបំណងការធ្វើពហិការមិនចូលរួមបោះឆ្នោតរបស់មន្ត្រីបក្សប្រឆាំង និងរារាំងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតចំនួន២ដងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងសារគំរាមទៅដល់អ្នកដែលមានបំណងគូសឱ្យសន្លឹកឆ្នោតខូច ថា អាចនឹងប្រឈមនឹងផ្លូវច្បាប់ផងដែរ។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា អះអាងថា ការចេញអនុក្រឹត្យពន្យារសុពលភាពអត្តសញ្ញាណប័ណ្ណឆ្នាំ២០២២ និងឆ្នាំ២០២៣ គ្រាន់តែជាការជួយសម្រួលឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតតែប៉ុណ្ណោះ។ លោកបន្ថែម គ.ជ.ប ក៏កំពុងធ្វើឯកសារបញ្ជាក់អត្តសញ្ញាណអ្នកបោះឆ្នោត ទៅដល់ប្រជាពលរដ្ឋដែលបានបាត់អត្តសញ្ញាណប័ណ្ណនៅតាមឃុំ សង្កាត់ផងដែរ ដោយចាប់ផ្ដើមពីថ្ងៃទី២២ ខែមិថុនា រហូតដល់ថ្ងៃទី២១ ខែកក្កដា។
លោក ហង្ស ពុទ្ធា៖ «អ្នកដែលមានអត្តសញ្ញាណប័ណ្ណអស់សុពលភាព២០២២ ២០២៣ គឺអាចយកអត្តសញ្ញាណប័ណ្ណហ្នឹងឯង ទៅបោះឆ្នោតតែម្ដង អ៊ីចឹងមានន័យថា ជាការកាត់បន្ថយពេលវេលា ការចំណាយពេលវេលារបស់ប្រជាពលរដ្ឋ ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណការបោះឆ្នោតហ្នឹងឯង»។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលសង្កេតឃើញថា សម្រាប់ការបោះឆ្នោតកន្លងមក ដែលមានវត្តមានគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនចូលរួមនោះ ទាំងលោក ហ៊ុន សែន និងគ.ជ.ប មិនខ្វាយខ្វល់រឿងសិទ្ធិពលរដ្ឋទៅបោះឆ្នោតឡើយទាំងពលរដ្ឋនៅក្នុងស្រុក និងក្រៅស្រុក និងថែមទាំងព្យាយាមរកវិធីរារាំងសិទ្ធិចូលរួមបោះឆ្នោតរបស់ពលរដ្ឋថែមទៀត ដោយបារម្ភខ្លាចពលរដ្ឋបោះឆ្នោតឲ្យគណបក្សប្រឆាំង។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជានិចហ្វិក លោក សំ គន្ធាមី យល់ឃើញថា ការចេញអនុក្រឹត្យពន្យារពេលសុពលភាពអត្តសញ្ញាណប័ណ្ណ ធ្វើឡើងជាន់គ្នាទៅនឹង ការធ្វើឯកសារបញ្ជាក់អត្តសញ្ញាណអ្នកបោះឆ្នោត ឬហៅកាត់ថា ឯ.អ ដែលចេញដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ សង្កាត់។
លោក សំ គន្ធាមី៖ «គោលបំណង គឺគាត់ចង់សម្រួលឱ្យមនុស្សទៅបោះឆ្នោតឱ្យបានច្រើន ទោះបីជាផុតសុពលភាពអត្តសញ្ញាណប័ណ្ណក៏អាចទៅបោះបានដែរ ដូចដែលគាត់(ហ៊ុន សែន)អំពាវនាវឱ្យទៅបោះឆ្នោតឱ្យបានគ្រប់គ្នាហ្នឹង»។
អ្នកវិភាគនយោបាយលើកឡើងថា បើទោះបីជាអត្រាប្រជាពលរដ្ឋទៅបោះឆ្នោត ច្រើនយ៉ាងណាក្ដី ក៏ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ នឹងមិនអាចផ្ដល់ភាពស្របច្បាប់ដល់រដ្ឋាភិបាលថ្មីនោះឡើយ។ អង្គការជាតិ អន្តរជាតិ ព្រមទាំងបណ្ដាប្រទេសនាំមុខលទ្ធិប្រជាធិបតេយ្យ បានចាត់ទុកថា ការមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងការបោះឆ្នោត គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ទៅលើប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រឆាំង ដែលមានលទ្ធភាពប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។ ក្រៅពីប្រឈមនឹងភាពមិនស្របច្បាប់ហើយនោះ រដ្ឋាភិបាលថ្មីដែលនឹងកើតចេញពីការបោះឆ្នោតខាងមុខនេះ ក៏នឹងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដោយសារការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប (EU) និងGSP របស់សហរដ្ឋអាមេរិកផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
