មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង និងអ្នកវិភាគនយោបាយ លើកឡើងថា ស្ថាប័នរដ្ឋសភាបច្ចុប្បន្ន មិនមានភាពឯករាជ្យនោះឡើយ ដូច្នេះបើទោះបីជាមានការតែងតាំងទីប្រឹក្សា និងជំនួយការក្ដី ក៏ប្រធានរដ្ឋសភា នឹងមិនអាចបំពេញការងារប្រកបដោយប្រសិទ្ធភាពឡើយ ពោលគឺគ្រាន់តែខ្ជះខ្ជាយថវិកាជាតិ និងការយកអំណាចទៅប្រើប្រាស់មិនត្រឹមត្រូវ។ ការលើកឡើងនេះ គឺបន្ទាប់ពីប្រធានរដ្ឋសភា អ្នកស្រី ឃួន សុដារី តែងតាំងទីប្រឹក្សានិងជំនួយការចំនួន២២នាក់បន្ថែមទៀត។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន លើកឡើង ថា ដោយសារតែការតែងតាំងទីប្រឹក្សា និងជំនួយការប្រធានរដ្ឋសភាភាគច្រើន ធ្វើ ឡើងតាមរយៈបក្ខពួក ដូច្នេះពួកគេនឹងមិនអាចជួយការងាររបស់ប្រធានរដ្ឋសភាបានច្រើននោះឡើយ។ លោកបន្តថា តាមរយៈបទពិសោធន៍ការងាររបស់លោកនៅរដ្ឋសភាកន្លងទៅ ទីប្រឹក្សា និងជំនួយការប្រធានរដ្ឋសភាភាគច្រើន មិនដែលបង្ហាញមុខនៅរដ្ឋសភានោះទេ។
លោក អ៊ំ សំអាន៖ «ការតែងតាំងតួនាទី ជំនួយការ និងទីប្រឹក្សាច្រើនហ្នឹង នាំឱ្យខ្ជះខ្ជាយថវិកាជាតិទេ ដោយអ្នកទាំងអស់នោះមិនបានបំពេញតួនាទីរបស់ខ្លួន ជាជំនួយការ ឬផ្ដល់យោបល់ទៅឱ្យប្រធានសភា ឬអនុប្រធានរដ្ឋសភានោះទេ ដូច្នេះតំណែងនេះជាតំណែងខ្យល់ គ្រាន់តែជាការលើកទឹកចិត្ត ដែលអ្នកទាំងអស់ហ្នឹងបានជួយបក្សកន្លងមកតែប៉ុណ្ណោះ»។
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបែបនេះ ធ្វើឡើងក្រោយពីព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ដល់តួនាទីទីប្រឹក្សាប្រធានរដ្ឋសភាអ្នកស្រី ឃួន សុដារី ចំនួន១៦នាក់ និងជំនួយការចំនួន ៦នាក់ កាលពីថ្ងៃទី១២ ខែមករា។ ទីប្រឹក្សាទាំងនោះរួមមាន លោក ឈឹម វាសនា មានឋានៈស្មើរដ្ឋមន្ត្រី អ្នកស្រី ស៊ី ដេហ្វីន និងលោក ម៉េង ឌី មានឋានៈស្មើរដ្ឋលេខាធិការ។ ក្រៅពីនេះទីប្រឹក្សា៣នាក់ផ្សេងៗទៀតមានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយឡែកជំនួយការទាំង ៦នាក់ មានឋានៈស្មើអគ្គនាយក។ បូកសរុបទាំងការតែងតាំងទីប្រឹក្សាកាលពីខែសីហា ឆ្នាំ២០២៣ នោះផង ប្រធានរដ្ឋសភាស្ត្រីដំបូងរបស់កម្ពុជា មានទីប្រឹក្សា និងជំនួយការសរុបចំនួន ២៩នាក់។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ដោយសារស្ថាប័នរដ្ឋសភាមិនមានភាពឯករាជ្យពីរដ្ឋាភិបាល ដូច្នេះការតែងតាំងទីប្រឹក្សា និងជំនួយការប្រធានរដ្ឋសភាចំនួន២២នាក់ទៀតនេះ នឹងមិនអាចជួយឱ្យប្រធានរដ្ឋសភាធ្វើការប្រកបដោយប្រសិទ្ធភាពនោះទេ។
បណ្ឌិត ឡៅ ម៉ុងហៃ៖ «បើនិយាយឱ្យអសុរោះបន្តិចទៅ នៅស្រុកយើងដូចអ្នកធំៗគេចូលចិត្តហ្វូង។ មិនជាទាស់ខុសអីទេ ក៏ប៉ុន្តែច្រើនតែយកតែគ្នីគ្នា អ្នកគាំទ្រអីអ៊ីចឹងទៅ។ តែកាលណាគេនិយាយអំពីទីប្រឹក្សា ជំនួយការរដ្ឋសភា ខ្ញុំថាឱ្យមានគុណភាព ហើយខ្ញុំក៏ជួបប្រទះដែរ គឺគុណភាពដូចមិនសូវមានទេ»។
កន្លងទៅ អតីតទីប្រឹក្សាមួយចំនួនរបស់ប្រធានរដ្ឋសភា បានយកតួនាទីនេះដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងឆបោកប្រជាពលរដ្ឋទៅវិញ។ ជាក់ស្ដែង អតីតទីប្រឹក្សាប្រធានរដ្ឋសភាលោក ហេង សំរិន គឺលោក ហ៊ី គឹមហុង ប្រធានក្រុមហ៊ុនពិភពដីមាស ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីឆបោកពលរដ្ឋនៅខេត្តកំពតជាង៧០០គ្រួសារ ដោយពលរដ្ឋវិនិយោគប្រាក់រាប់លានដុល្លារក្នុងគម្រោងអចលនទ្រព្យ។ ក្រៅពីនេះ រដ្ឋសភាបច្ចុប្បន្ននេះ ក៏រងការរិះគន់ថា អសកម្ម មិនបានបំពេញតួនាទីការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះទេ។ អង្គការតម្លាភាពអន្តរជាតិ បានចេញរបាយការណ៍មួយកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ដោយរកឃើញថា ដោយសារតែរចនាសម្ព័ន្ធគណបក្សកាន់អំណាច មានពេញណែននៅក្នុងស្ថាប័នរដ្ឋសភា ធ្វើឱ្យស្ថាប័នមួយនេះគ្មានអំណាច ត្រួតពិនិត្យផ្លូវច្បាប់ទៅលើថ្នាក់ដឹកនាំរដ្ឋាភិបាលនោះឡើយ ក្នុងពេលនាយករដ្ឋមន្ត្រីមានឥទ្ធិពលកាន់តែខ្លាំង នៅពេលអវត្តមានគណបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
