មន្ត្រីបក្សភ្លើងទៀននៅភ្នំពេញដែលអាជ្ញាធរទើបចាប់ខ្លួនកាលពីពេលថ្មីៗនេះ រក្សាជំហរមិនចុះចូលជាមួយបក្សកាន់អំណាចដើម្បីប្តូរនឹងសេរីភាពឡើយ។ គ្រួសារ និងមន្ត្រីសិទ្ធិមនុស្សចាត់ទុកការចាប់ខ្លួននេះថា ជាការគំរាមកំហែងផ្នែកនយោបាយ ហើយស្នើឱ្យតុលាការទម្លាក់ការចោទប្រកាន់និងដោះលែងសមាជិកបក្សប្រឆាំងទាំងនោះឱ្យមានសេរីភាពឡើងវិញ។
ប្រពន្ធមន្ត្រីគណបក្សភ្លើងទៀននៅរាជធានីភ្នំពេញលោក ខឹម ចាន់វណ្ណៈ គឺអ្នកស្រី ឡង់ សូដានី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ខែមករា ថា អាជ្ញាធរបញ្ជូនប្តីអ្នកស្រីយកទៅឃុំនៅក្នុងបន្ទប់តូចចង្អៀតដែលមានអ្នកទោសជាង ១៥០នាក់ ទោះយ៉ាងណាប្តីអ្នកស្រីនៅតែស៊ូទ្រាំដោយរក្សាជំហរស្មោះត្រង់ និងស្មារតីរឹងមាំដដែល។ ស្ត្រីដែលជាក្រុមប្រឹក្សាសង្កាត់កាកាប ១រូបនេះអះអាងថា ប្តីអ្នកស្រីជាមនុស្សស្អាតស្អំ ពីព្រោះកន្លងមកគាត់មិនបានពាក់ព័ន្ធការក្លែងបន្លំឯកសាររៀបចំបញ្ជីបេក្ខជនសង្កាត់ដែលគេរៀបចំមនុស្សឱ្យប្តឹងប្តីអ្នកស្រីនោះទេ។ ម្យ៉ាងទៀតអ្នកស្រីថា ករណីនេះក៏ជាការដាក់សម្ពាធនយោបាយមកលើប្តីអ្នកស្រីបន្ថែមទៀតដែរ ដោយសារក្រោយពេលចាប់ខ្លួនភ្លាម មន្ត្រីមានអំណាចបានមកអូសទាញឱ្យចុះចូលគណបក្សប្រជាជនកម្ពុជាដើម្បីដោះដូរនឹងការដោះលែងប៉ុន្តែអ្នកស្រី និងប្តីបានបដិសេធ។
អ្នកស្រី ឡង់ សូដានី៖ «គាត់មិនបានធ្វើអ្វីខុសអ៊ីចឹង ហើយអាជ្ញាធរមកចាប់គាត់ដាក់ពន្ធនាគារ ខ្ញុំគិតថា វាអយុត្តិធម៌។ គាត់ស៊ូទ្រាំគឺគាត់អត់ចុះចូលទេនេះ ជាជំហរដែលគាត់ប្រាប់មកខ្ញុំអ៊ីចឹង ហើយខ្ញុំគោរពតាមឆន្ទៈប្តីរបស់ខ្ញុំជានិច្ច។ ខ្ញុំស្នើឱ្យតុលាការជួយរកភាពស្អាតស្អំឱ្យគាត់ ដោះលែងឱ្យគាត់មកជួបជុំគ្រួសារវិញ»។
ស្រដៀងគ្នានេះដែរ កូនប្រុសមន្ត្រីបក្សភ្លើងទៀននៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញអ្នកស្រី ឆាយ ចិន្តា គឺលោក ចាន់ រិទ្ធី ព្រួយបារម្ភពីសុខភាពម្តាយជាខ្លាំង ពីព្រោះគាត់មានវ័យចាស់ និងមានជំងឺបេះដូង ជំងឺទឹកនោមផ្អែមដែលត្រូវលេបថ្នាំមើលថែទាំឱ្យបានដិតដល់ពីកូនចៅ ខណៈឆ្មាំពន្ធនាគារ (ម២) មិនទាន់អនុញ្ញាតឱ្យគ្រួសារចូលសួរសុខទុក្ខនៅឡើយ។ លោកឱ្យដឹងថា ការចាប់ខ្លួនម្តាយរបស់លោកជារឿងអយុត្តិធម៌ និងធ្វើឱ្យគ្រួសារលោកឈឺចាប់កាន់តែខ្លាំង ក្រោយពេលម្តាយលោកបដិសេធចុះចូលជាមួយគណបក្សកាន់អំណាច។
លោក ចាន់ រិទ្ធី៖ «ខ្ញុំស្តាប់ទៅវាជារឿងមួយដែលអស់សំណើចមែនទែន ដោយសារម្តាយរបស់ខ្ញុំជាបេក្ខជនឈរឈ្មោះឱ្យគណបក្សភ្លើងទៀននៅសង្កាត់ព្រែកលៀបទេ ប៉ុន្តែការចោទប្រកាន់ដែលលើកឡើងគឺនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ខ្ញុំគិតថារឿងនេះអយុត្តិធម៌មែនទែន»។
សមត្ថកិច្ចក្រុងភ្នំពេញបានចាប់ខ្លួនប្រធានស្តីទីគណបក្សភ្លើងទៀនប្រចាំរាជធានីភ្នំពេញ និងជាក្រុមប្រឹក្សាសង្កាត់កាកាប២ លោក ខឹម ចាន់វណ្ណៈ រួមជាមួយប្រធានចលនាស្ត្រីបក្សភ្លើងទៀននៅខណ្ឌជ្រោយចង្វារ ម្នាក់ទៀត គឺអ្នកស្រី ឆាយ ចិន្តា កាលពីថ្ងៃទី១៥ ខែមករា។ សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពួកគេពីបទ «ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង » ទាក់ទងនឹងការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០២២។ រីឯមេធាវីការពារក្តីពួកគាត់គឺលោក ជូង ជូងី កាលពីថ្ងៃទី១៧ ខែមករា បានប្តឹងឧទ្ធរណ៍ជំទាស់នឹងដីកាសម្រេចឃុំខ្លួនបណ្ដោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល ដើម្បីសាកសួររឿងនេះបានទេ នៅថ្ងៃទី២៨ ខែមករា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licado) លោក អំ សំអាត សង្កេតឃើញថា ករណីរៀបចំបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់បានកើតឡើង តាំងពីឆ្នាំ២០២២ ប៉ុន្តែអាជ្ញាធរទើបមកចាប់ខ្លួន សកម្មជនបក្សភ្លើងទៀននៅពេលនេះ។ មន្ត្រីសិទ្ធិមនុស្សរូបនេះបារម្ភថា បរិយាកាសនយោបាយកាន់តែអាប់អួរនឹងធ្វើឱ្យកម្ពុជារងការរិះគន់ពីសហគមន៍ជាតិនិងអន្តរជាតិថែមទៀតដោយសារតែសកម្មជននយោបាយ ជាពិសេសអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំសង្កាត់ និងបេក្ខជនឈរឈ្មោះរបស់គណបក្សប្រឆាំងនៅតែរងការចាប់ខ្លួនជាបន្តបន្ទាប់។
លោក អំ សំអាត៖ «គេមើលឃើញថា ការចាប់ខ្លួនជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ជាពិសេសបទល្មើសមិនមែនទើបតែកើតទេ គឺកើតយូរមកហើយ។ ការចាប់ និងការខ្លួនជាបន្តបន្ទាប់មកនេះកាន់តែធ្វើឱ្យបរិយាកាសនយោបាយកាន់តែអាប់អួរទៅវិញ ដែលគេចោទប្រកាន់រួចហើយថាលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាហ្នឹងដំណើរការថយក្រោយ ជាពិសេសការអនុវត្តសិទ្ធិសេរីភាពផ្នែកនយោបាយ»។
គិតមកដល់ពេលនេះថ្នាក់ដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀនប្រមាណ ១០នាក់ត្រូវបានតុលាការចោទប្រកាន់ដាក់ពន្ធនាគារដូចៗគ្នាពីបទក្លែងឯកសាររៀបចំបញ្ជីបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០២២។ ប៉ុន្តែអ្នកខ្លះត្រូវបានតុលាការដោះលែងមកវិញ បន្ទាប់ពីពួកគេបង្ខំចិត្តប្រកាសចុះចូលជាមួយគណបក្សកាន់អំណាចដើម្បីជាថ្នូរទទួលបានសេរីភាពមកវិញ។ ទោះយ៉ាងណា តុលាការមិនបានយកករណីដែលនៅក្នុងសំណុំរឿងដូចៗគ្នា ឬបទចោទតែមួយនោះទៅអនុវត្តបែបនេះលើអ្នកជាប់ឃុំនយោបាយផ្សេងទៀតដែលរក្សាជំហរតស៊ូរឹងមាំនៅក្នុងពន្ធនាគារឡើយ។
អ្នកជំនាញសិទ្ធិមនុស្ស និងក្រុមប្រទេសប្រជាធិបតេយ្យធំៗជំរុញដល់រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ដោះលែងអ្នកជាប់ឃុំក្រោមហេតុផលនយោបាយ ដើម្បីបង្ហាញពីឆន្ទៈពិតប្រាកដក្នុងការស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។