សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​បោះឆ្នោត មាន​ចែង​អំពី​ការ​ដាក់​ទោស​គណបក្ស​នយោបាយ និង​អ្នក​រារាំង​គេ​មិន​ឱ្យ​ទៅ​បោះឆ្នោត

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ក្រៅ​ពី​ដក​សិទ្ធិ​អ្នក​មិន​បាន​បោះឆ្នោត មិន​អាច​ឈរ​បោះឆ្នោត​នោះ ក៏​បាន​ចែង​ដាក់​ទោស​ទណ្ឌ​ លើ​គណបក្ស​នយោបាយ និង​អ្នក​រារាំង​ដំណើរ​ការ​បោះឆ្នោត​ផង​ដែរ។ មន្ត្រី​សិទ្ធិមនុស្ស ស្នើ​រដ្ឋាភិបាល​ថា មុន កែ​ច្បាប់​នេះ​ គួរ​ធ្វើ​ប្រជាមតិ​ជា​មុន​សិន ព្រោះ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ពេលនេះ​ ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ ​និង​​ប្រយោជន៍​មនុស្ស​មួយ​ក្រុម​ធំ ជាពិសេស អ្នក​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស។

លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ការ​កែ​ច្បាប់​បោះ​ឆ្នោត​នេះ គឺ​ជា​ការ​រឹត​សិទ្ធិ​បន្តឹង ប៉ុន្តែ​លោក​ថា កិច្ច​ប្រឹងប្រែង​នេះ ដើម្បី​ទប់ស្កាត់​គណបក្ស​នយោបាយ ឬ​អ្នក​ដែល​ធ្វើ​យុទ្ធនាការ​មិន​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត។ ពេល​នេះ សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​បាន​ដល់​ដៃ​លោក ហ៊ុន សែន ជា​បណ្ដើរ​ហើយ។

លោក ហ៊ុន សែន ឱ្យ​ដឹង​ត្រួសៗ ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​នេះ ក៏​មាន​បន្ថែម​ថ្មី​ខ្លះៗ ដែរ ក្នុង​នោះ​ដូច​ជា មាត្រា ១៤២ថ្មី ត្រូវ​ផាក​ពិន័យ​ប្រាក់​ពី ៥លាន​រៀល​ទៅ ២០លាន​រៀល ដែល​មិន​ទាន់​គិត​ពី​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត ចំពោះ​ជន​ណា​ ធ្វើ​ប្រើ​គ្រប់​មធ្យោបាយ​ទុច្ចរិត​ រារាំង​ញុះញង់ ពលរដ្ឋ​មិន​ឱ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត បង្ក​ការ​អុកឡុក ឬ​រារាំង​សកម្មភាព​ជា​ប្រក្រតី​ ក្នុង​ទីកន្លែង​សម្រាប់​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​អ្នក​គាំទ្រ ឬ​អ្នក​បោះ​ឆ្នោត​ប្រព្រឹត្តិ​អំពើ​ រំលោភ អំពើ​គំរាមកំហែង​ អំពើ​ហិង្សា​លើ​បេក្ខជន ឬ​លើ​គណបក្ស​នយោបាយ និង​បង្ក​ការ​រំខាន​មិន​ឱ្យ​ឃោសនា​បោះឆ្នោត​ និង​រារាំង​ការ​រាប់​សន្លឹក​ឆ្នោត​ ឬ​ការ​ទិញ​សន្លឹក​ឆ្នោត​ជា​ដើម ជន​ដែល​ប្រព្រឹត្តិ​នោះ ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត ឬ​ដក​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​ក្នុង​រយៈ​ពេល ៥ឆ្នាំ។ លោក ហ៊ុន សែន ឱ្យ​ដឹង​ទៀត​ថា មាត្រា ១៤២ថ្មី ត្រូវ​លុប​បេក្ខភាព​ឈរ​ឈ្មោះ​បោះឆ្នោត​ របស់​គណបក្ស​នយោបាយ​ ឬ​ត្រូវ​ផាក​ពិន័យ​ប្រាក់​ពី ១០លាន​រៀល ទៅ ៣០លាន​រៀល ​ដោយ​មិន​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ដទៃ​ទៀត ចំពោះ​គណបក្ស​នយោបាយ​ណា ដែល​បាន​ប្រព្រឹត្តិ​ល្មើស​ដូច​មាន​ចែង​ក្នុង​មាត្រា ១៤២ថ្មី។

លោក ហ៊ុន សែន៖ « ចង់​ហ្អែង​ឱ្យ​ហើយ​ពី​ឥឡូវ​កុំ​ឈ្លើយៗ គេ​ចេះ​គិត​ដែរ គេ​ចេះ​គ្រប់គ្រង​ប្រទេស​ជិត​កន្លះ​សតវត្ស​ហើយ ចាំ​មើល​ជាប់​គុក​ប៉ុន្មាន? ហើយ​ចាំ​មើល​បង់​ខាត​ប៉ុន្មាន? ហ្អែង​បង្ក​អុកឡុក​ទៅ​សាកមើល ? ហើយ​អា​ពួក​នៅ​ខាង​ក្រៅ ពួក​អា​ក្រុម​នេះ​កំពុង​រុញ​ច្រាន​ឱ្យ​យើង​ឈាន​ឆ្ពោះ​រំលាយ​​គណបក្ស ដែល​បញ្ជា​ពី​ខាង​ក្រៅ»

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី នៅ​ក្រុង​ភ្នំពេញ ថ្ងៃ​ទី១៤ ខែ​មិថុនា។ លោក ហ៊ុន សែន អះអាង​ទៀត​ថា ការ​កែ​ច្បាប់​បោះឆ្នោត​ដែល​រដ្ឋាភិបាល របស់​លោក កំពុង​ញាប់​ដៃ​ញាប់​ជើង​ធ្វើ​ពេល​នេះ ដើម្បី​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​អ្នក​នយោបាយ ឬ​អ្នក​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ចង់​ឃើញ​រដ្ឋាភិបាល លោក ហ៊ុន សែន មុន​ពេល​កែ​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ គួរ​ធ្វើ​ប្រជាមតិ​ជា​មុន​សិន ព្រោះ​ច្បាប់​នេះ​ បង្ក​ការ​ប៉ះពាល់​ខ្លាំង​ដល់​អ្នក​ប្រជាធិបតេយ្យ ជា​ពិសេស​គឺ​អ្នក​នយោបាយ​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស។

លោក រស់ សុដ្ឋា៖ « អ្នក​ខ្លះ​ដោយសារ​បញ្ហា​នយោបាយ​គាត់​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ខ្ញុំ​មិនមែន​កាន់​ជើង​ខាង​និទ្ទេស​ទេ ប៉ុន្តែ​ ឧបមា​ថា ពួកគាត់​កំពុង​ដោះស្រាយ​គ្នា​ផ្លូវ​ច្បាប់​ អ៊ីចឹង​ណា ហើយ​គាត់​មិន​បាន​មក​បោះឆ្នោត​យើង​គួរ​ដោះស្រាយ​យ៉ាងម៉េច

លោក ហ៊ុន សែន ប្រញាប់​​កែ​ច្បាប់​បោះឆ្នោត​នៅ​ពេល​នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​សកម្មជន​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ទៅ​ពលរដ្ឋ​កុំ​ឱ្យ​ទៅ​បោះឆ្នោត ខណៈ​​របប​ក្រុង​ភ្នំពេញ​បិទ​ឱ្យ​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ចុង​ក្រោយ​អាច​ចូលរួម​ការបោះឆ្នោត​ជាតិ​ខាង​មុខ​បាន ដោយ​ចោទ​ប្រកាន់​ថា គ្មាន​ឯកសារ​គ្រប់គ្រាន់ បើ​ទោះ​ជា​គណបក្ស​នេះ​ បាន​ចូលរួម​ការបោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​កាល​ពី​ឆ្នាំ២០២២ រួច​ហើយ​ក្ដី​។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ដួង ចន្ត្រា យល់​ថា ការ​កែ​ច្បាប់​បោះឆ្នោត​ដែល​រដ្ឋាភិបាល​លោក រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ធ្វើ​នេះ គឺ​ជា​ការ​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ហើយ និងជាការ​រំលោភ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។ លោក​យល់ថា ការបោះឆ្នោត​ខាង​មុខ​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន បិទ​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ចុង​ក្រោយ​អាច​ចូលរួម​បោះឆ្នោត និង​បាន​ធ្វើ​ច្បាប់​បង្ខំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត។ ទោះ​ជា​គម្រោង​កែ​ច្បាប់​ខាង​មុខ ដាក់​ទោសទណ្ឌ​លើ​អ្នក​ធ្វើ​យុទ្ធនាការ​កុំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែងតាំង​បង្ហោះ​សារ​កុំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​រូប​នេះ ថា​លោក​មិន​ខ្លាច​របប​ លោក ហ៊ុន សែន ដាក់​ទោស​ទណ្ឌ​លើ​រូប​នោះ​ទេ។

លោក ដូង ចន្ត្រា៖ « នេះ​ជា​បញ្ហា​មួយ​ដែល​យើង​មើល​ឃើញ​យ៉ាង​ច្បាស់​ថា នៅ​កម្ពុជា គេ​មិន​យក​ច្បាប់​មក​បើ​ទេ​ គេ​មិន​អនុវត្ត​តាម​នីតិរដ្ឋ គេ​អនុវត្ត​តាម​នីតិមាត់​លោក ហ៊ុន សែន បើ​កាលណា​ លោក ហ៊ុន សែន ថា ឱ្យ​ធ្វើ​អី ? គេ​ត្រូវតែ​កែតម្រូវ​ច្បាប់​ទៅ​តាម​មាត់​លោក ហ៊ុន សែន ថា អ្វី​ដែល​ធ្វើ​នេះ គឺជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​ពលរដ្ឋ​ ក្នុង​ការ​ជ្រើសរើស​អ្នក​ដែល​សម្រាប់​មក​បម្រើ​ផល​ប្រយោជន៍​ជាតិ ផល​ប្រយោជន៍​ខ្លួន​ទៅ​ថ្ងៃ​មុខ»

ទាក់ទង​រឿង​នេះ​ដែរ មេធាវី​លោក កឹម សុខា ម្នាក់​គឺ​អ្នកស្រី មេធាវី ម៉េង សុភារី លើកឡើង​តាម​រយៈ​ហ្វេសប៊ុក​អ្នកស្រី​ថា ប្រសិនបើ​ពលរដ្ឋ ដែល​មាន​សិទ្ធិ​បោះឆ្នោត​មិន​បាន​ទៅ​បោះឆ្នោត ត្រូវ​បាត់​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​ជា​ច្រើន​លើ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ ឬ​អ្នក​មាន​ធុរៈ​ទៅ​ធ្វើ​ជំនួញ ឬ​ការងារ ឬ​មាន​ធុរៈ​នាំ​កូន​ទៅ​រៀន​ ឬ​កំពុង​បន្ត​ការសិក្សា​ ឬ​ទៅ​ព្យាបាល​ជំងឺ ឬ​ទៅ​ថែ​ទាំ​អ្នកជំងឺ នៅ​ក្រៅ​ប្រទេស​ ឬ​កំពុង​ជាប់​ពន្ធនាគារ នា​អំឡុង​ពេល​បោះឆ្នោត។ អ្នកស្រី​លើ​ជា​សំណួរ​ថា តើ​ពលរដ្ឋ​ទាំង​នោះ​ពិត​ជា​បាត់បង់​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​មែន​ទេ? មេធាវី​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ លើក​យក​រដ្ឋធម្មនុញ្ញ​មក​ពន្យល់​ថា រដ្ឋធម្មនុញ្ញ​មាត្រា ៣៤ថ្មី កថាខណ្ឌ១ ចែង​ថា «ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។