យុវជន​​​គណបក្ស​សង្គ្រោះ​ជាតិ​​ប្ដេជ្ញា​វិល​ចូល​ស្រុក​​​ជាមួយ​ថ្នាក់​ដឹកនាំ​របស់​ពួកគេ​ ដើម្បី​តតាំង​ក្ដី​នៅ​តុលាការ

ដោយ ឡេង ម៉ាលី
2020-12-02
Share
យុវជន​​​គណបក្ស​សង្គ្រោះ​ជាតិ​​ប្ដេជ្ញា​វិល​ចូល​ស្រុក​​​ជាមួយ​ថ្នាក់​ដឹកនាំ​របស់​ពួកគេ​ ដើម្បី​តតាំង​ក្ដី​នៅ​តុលាការ (ពីឆ្វេង) លោក នាង សុឃុន យុវជន​សង្គ្រោះ​ជាតិ (កណ្ដាល) អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ (ស្ដាំ) លោក សេង ម៉េង​ប៊ុនរ៉ុង យុវជន​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន។
រូបពីហ្វេសប៊ុក

សកម្មជន​គណបក្ស​​សង្គ្រោះ​ជាតិ​ដែល​ជាប់​បណ្តឹង​នៅ​តុលាការ ប្តេជ្ញា​​វិល​ចូល​កម្ពុជា​វិញ​ជាមួយ​ថ្នាក់​ដឹក​នាំ​របស់​ពួកគេ​ ដើម្បី​​​ចូល​​​រួម​​​​សវនាការ​​នៅ​ពេល​ខាង​មុខ​ បើ​ទោះ​បី​ជា​មាន​ការ​ធ្វើ​ទុក​បុក​ម្នេញ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ក៏​ដោយ​។ ការ​ប្តេជ្ញាចិត្ត​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ប្រកាស​វិល​ចូល​កម្ពុជា​វិញ​ជាថ្មីទៀត នៅដើមខែមករា ឆ្នាំ២០២១ ដើម្បីចូល​តតាំង​ក្តី​នៅ​តុលាការ។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ លោក រិន រដ្ឋ ឲ្យ​ដឹង​ថា ​គម្រោង​មាតុ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​លើក​នេះ មិន​មែន​ជា​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ តែ​ជាការ​ចូល​រួម​តតាំង​ក្តី​ជាមួយ​តុលាការ​ចំពោះ​ការ​ចោទ​ប្រកាន់​​កាល​​ពីឆ្នាំ​២០១៩។ លោក​បន្ត​ថា លោក​នឹង​មិន​បន្ត​ភៀស​ខ្លួន​បែប​នេះ​រហូត​នោះ​ទេ ដោយ​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ទោះជា​ត្រូវអាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ក៏​ដោយ។ លោក​ថា លោក​ជឿ​ជាក់​លើ​ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ប្រសិន​បើ​មាន​ការ​រារាំង​ណាមួយ​នោះ លោកថា ​គឺជា​កំហុស​របស់​រដ្ឋា​ភិបាល៖ «ទោះបី​ខ្ញុំ​ចេញ​ទៅ​ត្រូវ​បាន​តុលាការ ឬ​មួយ​អាជ្ញាធរ​បាន​ចាប់​ខ្ញុំ​ទាំង​កណ្តាល​ផ្លូវ​ដែល​ខ្ញុំ​ត្រូវ​ទិស​ដៅ​ទៅ​ក្រុង​ភ្នំពេញ​ហ្នឹង​ក៏​ខ្ញុំ​ត្រូវតែ​សុខ​ចិត្ត​ឲ្យ​គាត់​ចាប់​ដែរ ព្រោះអី​ខ្ញុំ​អត់​ប្រកែក​អីទេ ព្រោះអី​ខ្ញុំ​ទៅ​នេះ គឺ​ទៅ​មិនមែន​ធ្វើ​ចលនា ដើម្បី​គៀងគរ​ប្រជា​ពលរដ្ឋ​ឲ្យ​ធ្វើ​ប៉ះ​បោរ​អី​ទេ គឺ​ខ្ញុំ​ទៅ​ប្រ​ឈម​ជាមួយ​តុលាការ​ករណី​រឿង​ខ្ញុំ​ដែល​តុលាការ​បាន​ចោទ​ថា ក្បត់​ជាតិ​អីចឹង​ផ្សេងៗ»

ចំណែក យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី លោក សេង ម៉េងប៊ុនរ៉ុង បញ្ជាក់​ជំហរ​ថា លោក​ប្តេជ្ញា​​​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ជាមួយ​​​​អ្នកស្រី​ មូរ សុខហួរ ដើម្បី​ចូលរួម​ដេញ​ដោលក្នុង​​​សវនាការ​នៅ​ពេល​ខាង​មុន។ លោក​បន្ត​ថា លោក​ពុំ​ខ្លាច​ការ​ព្រមាន​ចាប់​ខ្លួន​របស់​អាជ្ញាធរ​នោះ​ទេ។ សកម្មជន​ដែល​ត្រូវ​របបក្រុង​ភ្នំពេញ​លុប​ចោល​សុពល​ភាព​លិខិត​ឆ្លង​ដែន​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា លោក​នឹងរិះ​រក​គ្រប់​មធ្យោ​បាយ ដើម្បី​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ឲ្យ​បាន៖ «យើង​អត់​ចង់​និរទេស​ខ្លួន​បន្ត​ទៀត​ទេ ហើយ​យើង​នឹង​ខិតខំ​ឲ្យ​អស់​ពី​លទ្ធភាព​ក្នុង​ការ​ចូល​ទៅ​ក្នុង​ប្រទេស។ យើង​នឹង​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​តុលាការ ហើយ​ដល់​ពេល​យើង​បង្ហាញ​រូបភាព​ប៉ុណ្ណឹង​ហើយ គាត់​នៅ​តែ​បង្ហាញ​សកម្មភាព​ឬ​មួយ​ក៏​គាត់​នៅ​តែ​គំរាម​កំហែង​ទៀត​បាន​ន័យ​ថា គាត់​ដូចជា​មាន​ការ​ភ័យ​ខ្លាច​នៅ​ពេល​ដែល​ពួក​យើង​ចូល​ទៅ​ដល់​ប្រទេស​កម្ពុជា ​ហើយ​គាត់​មិន​បាច់​យក​លេស​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​លែង​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​បេះដូង លែង​ត្រូវ​ការ​គណបក្ស​សង្គ្រោះ​ជាតិ អត់​ឲ្យ​ពួកយើង​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា តែ​អាហ្នឹង​វា​ជា​ការ​ខុស​ហ្នឹង​រដ្ឋ​ធម្មនុញ្ញ ព្រោះ​យើង​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ យើង​មាន​សិទ្ធិ​ចេញ​ចូល​ប្រទេស​កម្ពុជា​ជា​សិទ្ធិ​របស់​យើង​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ»

រីឯសកម្មជន​គណបក្ស​សង្គ្រោះ​ជាតិរាជ​ធានី​ភ្នំពេញ និង​ជា​អតីត​អ្នក​ទោស​នយោបាយ លោក នាង សុឃុន រៀប​រាប់​ថា លោក​ទន្ទឹង​រង់ចាំ​ពេល​វេលា​នេះ​ជា​យូរ​មក​ហើយ ដើម្បី​ឲ្យ​តុលាការ​កម្ពុជា​ផ្តល់​ភាព​យុត្តិធម៌​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ។ លោក​លើក​ឡើង​ថា លោក​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អាច​ធ្វើ​មាតុ​ភូមិ​និវត្តន៍​នេះ បាន​ដោយ​ជោគ​ជ័យ។ លោក​ថា រដ្ឋាភិបាល​កម្ពុជាគួរ​បញ្ឈប់​ការ​ធ្វើទុក​បុក​ម្នេញ​លើ​ប្រជា​ពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គួរ​ងាក​រក​តុ​ចរចា និង​រួម​គ្នា​ជួយ​ស្តារ​សេដ្ឋ​កិច្ច​កម្ពុជា​ឡើង​វិញ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ និង​សង្គ្រោះ​ប្រជា​ពលរដ្ឋ៖ «យើង​ខ្ញុំ​នឹង​តស៊ូ​ប្រឈម​ជាមួយ​នឹង​តុលាការ។ ខ្ញុំ​ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ ខ្ញុំ​អត់​ដែល​បាន​ទៅ​បំផ្លាញ​ព្រៃឈើ​មួយ​ដើម ទៅ​កាយ​ភ្នំ​ម្តុំ ទៅ​លុប​បឹង​មួយ​ចំហៀង​បឹង​អ៊ីចឹង​ម្តុំ​ចឹង​ទៅ ហើយ​ខ្ញុំ​អត់​ដែល​មាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ទេ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ហ្នឹង​ចោទ​ប្រកាន់​ខ្ញុំ​ថា ខ្ញុំ​ហ្នឹង​ក្បត់​ជាតិ។ អ៊ីចឹង ដើម្បី​ឲ្យ​ភាព​ស្អាត​ស្អំ​របស់​ខ្ញុំ​មក​វិញ គឹ​ត្រូវតែ​តុលាការ​ហ្នឹង​ឯករាជ្យ និង​យុត្តិធម៌ ហើយ​ផ្តល់​សេចក្តី​ថ្លៃថ្នូរ និង​ភាព​បរិសុទ្ធ​ឲ្យ​ដល់​ខ្ញុំ​វិញ ព្រោះថា​ខ្ញុំ​ហ្នឹង​គឺ​ជា​ជន​រងគ្រោះ​យ៉ាង​ពិត​ប្រាកដ។ ពួកខ្ញុំ​តស៊ូ​សព្វថ្ងៃ​គឺ​ដើម្បី​វាសនា​នៃ​ប្រទេស​ជាតិ​របស់​ខ្ញុំ»

ការ​ប្តេជ្ញា​បែប​នេះ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ កាល​ពីថ្ងៃ​ទី១ ធ្នូ ដោយ​ប្រកាស​ថា ថ្នាក់​ដឹក​នាំ និង​សកម្មជន​ទាំង​អស់​ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​កោះ​របស់​តុលាការ​ក្រុង​ភ្នំពេញ នឹង​វិល​ចូល​កម្ពុជា​វិញ​ជា​ថ្មី​ម្ដង​ទៀត នៅ​ថ្ងៃ​ទី៤ ខែ​មករា ឆ្នាំ២០២១ ខាង​មុខ។ គម្រោង​វិល​ចូល​ស្រុក​ជាថ្មី​ទៀត​នេះ ដឹក​នាំ​ដោយ​អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដើម្បី​ទៅ​តតាំង​ក្តី​នៅ​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​ចោទ​ប្រកាន់​ក្រុម​ថ្នាក់​ដឹក​នាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១០០នាក់ ពី​បទ "ឧបឃាត" បទ "រួម​គំនិត​ក្បត់" និង​បទ "ញុះញង់"

ជុំ​វិញ​គម្រោង​វិល​ចូល​ស្រុក​វិញ​ជាថ្មី​ទៀត​របស់​ថ្នាក់​ដឹក​នាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ត្រៀម​លក្ខណៈ​រួច​ហើយ ដើម្បី​ចាប់​ខ្លួន​អ្នក ដែល​មាន​ក្នុង​ដីកា​ចាប់​ខ្លួន​របស់​តុលាការ។ ចំណែកអ្នក​ដែល​គ្មាន​ក្នុង​ដីកា​ចាប់​ខ្លួន លោក​ថា ពួកគេ​នឹង​ត្រូវ​ដាក់​ឱ្យ​ធ្វើចត្តាឡឺស័ក​ជាមុន​សិន​ មុន​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​ធ្វើ​សកម្មភាព​ដទៃ​ទៀត៖ «រាជ​រដ្ឋា​ភិបាល​បាន​ត្រៀម​លក្ខណៈ​រួច​ហើយ ក្រុម​ជន​ក្បាល​ម៉ាស៊ីន​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ហ្នឹង​សុទ្ធ​តែ​មាន​ដីកា​របស់​តុលាការ​រួច​ហើយ។ ពេល​ណា​ដែល​មក គឺ​រដ្ឋ​អំណាច​របស់​កម្ពុជា​អនុវត្ត​ដីកា​របស់​តុលាការ។ មាន​ពី​បាក​អី ព្រោះ​មនុស្ស​មាន​សំណុំ​រឿង​នេះ​រួច​ហើយ អញ្ចឹង​ទេ​មក​គេ​អនុវត្ត​តែ​ច្បាប់​ទៅ​វា​ចប់​បាត់​ហើយ មិន​បាច់​បក​ស្រាយ​អី មាន​បញ្ហា​អី​រារាំង​អី​ទេ។ គ្រាន់​មក មក​ដល់​ឃើញ​មុន​គឺ​ក្រឹប​ហ្មង មាន​អី បើ​អ្នក​ណា​អត់​រឿង​គេ​យក​ទៅ​សណ្ឋាគារ បើ​អ្នក​ណា​មាន​រឿង​គេ​យក​ទៅ​ពន្ធ​នាគារ អាហ្នឹង​វា​តែ​ប៉ុណ្ណឹង»

សាលា​ដំបូង​រាជធានី​ភ្នំពេញ​គ្រោង​លើក​យក​សំណុំ​រឿង​ឧបឃាត ដែល​ពាក់ព័ន្ធ​នឹង​​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៩នាក់ ទៅ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី១៥ ខែធ្នូ ក្រោយ​លើក​ពេល​សវនាការ​ពីរ​លើក​កាល​ពី​អំឡុង​ខែវិច្ឆិកា។ ចំណែក សំណុំ​រឿង​រួម​គំនិត​ក្បត់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់​ព័ន្ធ​មន្ត្រី និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ជាង ១០០នាក់​នោះ​វិញ តុលាការ​ក្រុង​ភ្នំពេញ​នឹង​បន្ត​សវនាការ​នៅ​ថ្ងៃ​ទី១៤ មករា និង​ថ្ងៃ​ទី៤ ខែមីនា ឆ្នាំ២០២១ ខាង​មុខ ក្រោយ​បើក​សវនាការ​លើក​ដំបូង កាល​ពី​ព្រឹក​ថ្ងៃ​ទី២៦ វិច្ឆិកា។

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា គម្រោង​វិល​ចូល​ស្រុក​វិញ​របស់​ថ្នាក់​ដឹក​នាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ គឺ​ការ​អនុវត្ត​កាតព្វ​កិច្ច​តាម​ច្បាប់ ព្រោះ​តុលាការ​បាន​កោះ​ហៅ​ពួក​គេ​ឱ្យ​ចូល​រួម​ក្នុង​សវនាការ​ជំនុំ​ជម្រះ។ លោក​បន្ថែម​ថា ការ​រារាំង ហាម​ឃាត់ និង​ការ​គំរាម​កំហែង​ផ្សេងៗ កន្លង​មក​នោះ គឺ​មិន​មែន​ជា​ការ​អនុវត្ត​ត្រឹម​ត្រូវ​តាម​ច្បាប់​នោះ​ទេ។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​អ្នក​នយោបាយ​ទាំង​អស់ ផ្សះផ្សា​ជាតិ​ឡើង​វិញ និង​រៀប​ចំការ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹម​ត្រូវ សេរី និង​យុត្តិ​ធម៌​ឡើង​វិញ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា៖ «នីតិវិធី​នៅ​ក្នុង​ដំណើរ​ការ​តុលាការ គឺ​ថា អ្នក​ទាំង​អស់ ត្រូវ​តែ​មាន​សិទ្ធិ​ចូល​មក​ឆ្លើយ​នៅ​ចំពោះ​មុខ​តុលាការ មាន​សិទ្ធ​ក្នុង​ការ​ការពារ​ខ្លួន​គេ​ចំពោះ​មុខ​តុលាការ។ ហើយ​អ្នក​ទាំង​អស់​ហ្នឹង នៅ​ពេល​ដែល​គេ​មិន​ទាន់​ត្រូវ​បាន​តុលាការ​សម្រេច​ថា​មាន​ទោស គឺ​គាត់​នៅ​តែ​ជា​មនុស្ស​អត់​ទោស។ ដូច្នេះ បើ​គាត់​នៅ​តែ​ជា​មនុស្ស​អត់​ទោស យើង​អត់​ដឹង​ថា តើ​សមត្ថកិច្ច​ទៅ​ចាប់គេ​ក្នុង​ន័យ​ស្អី​ខ្ញុំ​អត់​ដឹង​ពី​ព្រោះ​ថា អាហ្នឹង​វា​មិន​មែន​ជា​រឿង​ច្បាប់​ទេ។ ជា​ភាសា​របស់​អ្នក​នយោ​បាយ ជា​ភាសា​នៅ​ក្នុង​ន័យ​មួយ ក្នុង​ន័យ​គំរាម​កំហែង​អី​អាហ្នឹង​ខ្ញុំ​មិន​យល់​ទេ»

ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ដាក់​ផែន​ការ​វិល​ចូល​កម្ពុជា​វិញ​ម្តង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បរាជ័យ ដោយសារ​របប​លោក ហ៊ុន សែន បិទ​គ្រប់​ល្ហក​មិន​ឱ្យ​ពួក​គេ​អាច​វិល​ចូល​មាតុ​ប្រទេស​វិញ​បាន​ឡើយ។ ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ស្រុកយ៉ាង​ហោច​ណាស់ ជាង ៨០នាក់ ក្នុង​រយៈ​ពេល​ជាង ១១ខែ នៃ​ឆ្នាំ២០១៩ នោះ។ ចំណែក​សកម្មជន​ជិត ២០០នាក់​ផ្សេង​ទៀត មាន​ដីកា​ចាប់​ខ្លួន និង​ការ​កោះ​ហៅ​ពី​តុលាការ និង​ពី​ប៉ូលិស​មូលដ្ឋាន​ជា​ដើម

ទោះជា​យ៉ាង​ណា ក្នុង​គម្រោង​វិល​ចូល​ស្រុក​វិញ​លើក​នេះ ថ្នាក់​ដឹកនាំ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ពួក​គេ​មិន​ខ្លាច​នឹង​ជាប់​ពន្ធនាគារ​នោះ​ទេ តែ​សំខាន់​របប​លោក ហ៊ុន សែន ត្រូវ​បើក​ផ្លូវ​ឱ្យ​ពួក​គេ​ចូល​ស្រុក​ជា​មុន​សិន ដើម្បី​ពួក​គេ​បំពេញ​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់ ស្រប​តាម​ការ​កោះ​ហៅ​របស់​តុលាការ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល