អ្នកវិភាគ​ឯករាជ្យ​ថា របប​ភ្នំពេញ​កំពុង​ប្រជាភិថុតិ​រឿង​​បត្យាប័ន​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង

ដោយ ហេង រស្មី
2019-04-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ៨​រូប​ដែល​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ចាប់​ខ្លួន ក្នុង​នោះ​មាន (ពី​ឆ្វេង) លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក អេង ឆៃអ៊ាង លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ និង​លោក ហូរ វ៉ាន់។
ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ៨​រូប​ដែល​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ចាប់​ខ្លួន ក្នុង​នោះ​មាន (ពី​ឆ្វេង) លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក អេង ឆៃអ៊ាង លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ និង​លោក ហូរ វ៉ាន់។
Photo courtesy of Sam Rainsy's facebook Page

អ្នកវិភាគ​ឯករាជ្យ​បាន​ហៅ​ការ​លើកឡើង​ថា របប​ក្រុងភ្នំពេញ ដែល​គំរាម​ចាប់ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ពី​កូរ៉េខាងត្បូង​គ្រាន់តែ​ជា​ការ​បោកប្រាស់​តែប៉ុណ្ណោះ ពី​កូរ៉េខាងត្បូង​នឹង​មិន​សហការ​នឹង​របប​ឯក​បក្ស​នេះ​ទេ។ ទោះបី​របប​លោក ហ៊ុន សែន គំរាម​ធ្វើបាប​មន្ត្រី​បក្ស​ប្រឆាំង​ក៏ដោយ ក៏​អ្នក​និយម​ប្រជាធិបតេយ្យ​ជាច្រើន និង​មន្ត្រី​បក្ស​ប្រឆាំង បាន​ទៅដល់​ប្រទេស​កូរ៉េខាងត្បូង​ហើយ ដើម្បី​រៀបចំ​បាតុកម្ម​ភ្លើង​ទៀន​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​ចុង​សប្ដាហ៍​នេះ។

អ្នកវិភាគ​ឯករាជ្យ​លោក បណ្ឌិត ឡៅ ម៉ុងហៃ ប្រដូច​រឿង​ធ្វើ​បត្យាប័ន​មន្ត្រី​ជាន់ខ្ពស់​ប្រឆាំង​ដែល ចូលរួម​មហា​បាតុកម្ម​នៅ​ប្រទេស​កូរ៉េខាងត្បូង​ថា ជា​រឿង​គួរ​ឱ្យ​អស់សំណើច​ដូច៖ «ជា​របៀប​ដេក​ផ្សំ ដួល​រមួល​ផ្សំ​គ្រេច»«មិន​ធ្វើ​ដូច​យើង​អ៊ីចឹង​ទេ ប្រទេស​យើង​អត់​មាន​នីតិរដ្ឋ​ដូចជា​ប្រទេស​សេរី​។​មានតែ​នីតិរដ្ឋ​ជា​របៀប​ប្រទេស​កុម្មុយនិស្ត ស្រេច​តែ​នីតិប្រតិបត្តិ​បញ្ជូន​ក៏​បញ្ជូន​ទៅ​អាហ្នឹង។ ប៉ុន្តែ​តាមពិត​ត្រូវ​ឆ្លងកាត់​តាម​តុលាការ»

មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ធ្លាប់​អះអាង​ថា របប​លោក​មាន​លទ្ធផល​ចាត់វិធានការ​ច្បាប់​ប្រឆាំង​នឹង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ចូលរួម​បាតុកម្ម​ភ្លើង​ទៀន។

ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ប្រាប់​អាស៊ីសេរី​កាល​ថ្ងៃ​ទី​១៨ មេសា ផ្សេង​វិញ​ថា កម្ពុជា​គ្មាន​បំណង​សុំ​ធ្វើ​បត្យាប័ន​មន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​ដីកាចាប់ខ្លួន​ក្នុង ខណៈ​ពេល​ដែល​ពួកគេ​បាន​ចូលរួម​មហា​បាតុកម្ម​នៅ​ប្រទេស​កូរ៉េខាងត្បូង​បើ​ទោះ​បី​ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ធ្វើ បត្យាប័ន​ជាមួយគ្នា​ក្ដី៖ «មិន​មាន​គំនិត​ព្យាបាទ​ក្រុម​អស់ហ្នឹង​ទេ បើក​សិទ្ធិ​សេរីភាព​ទូលាយ​ឱ្យ​គាត់​ធ្វើ​តើ​លទ្ធផល​ដែល​គាត់​ធ្វើ​វា​បាន​ប៉ុន្មាន​ចាំ​យើង​មើល​ទាំងអស់​គ្នា។ គាត់​ធ្វើ​ថ្ងៃ​ទី​២០ ហើយ​ល្ងាច​ថ្ងៃ​ទៅ ២០​ជាង​យើង​ដឹង​ហើយ ថា​តើ​មាន​លទ្ធផល​យ៉ាងម៉េច​អ្វី​ទៅ​ដែល​ហៅថា​មហា​បាតុកម្ម​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ប៉ុន្មាន​ម៉ឺន សែន​នាក់​ទៅ ក្នុង​មួយ​កន្លែង​តែ ២ ឬ ៣​នាក់​ទេ»

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​មួយ​ចំនួន​ដែល​មាន​ឈ្មោះ​ក្នុង​ដីកាចាប់ខ្លួន​ខ្លួន​ពី​របប​ក្រុងភ្នំពេញ​គ្រោង​នឹង​ជួប​ប្រជុំគ្នា​ជាមួយ​ក្រុម​បាតុករ​មក​ពី​បណ្ដា​ប្រទេស​មួយចំនួន​ផ្សេងទៀត​ដើម្បី​ចូលរួម​​នៅ​ប្រទេស​កូរ៉េខាងត្បូង។

កាល​ពី​ពេល​ដើមខែ​មេសា ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក កូយ សៅ បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ៨​រូប ដែល​មាន លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ និង​អនុប្រធាន​គណបក្ស​ចំនួន​ពីរ​រូប គឺ​លោក អេង ឆៃអ៊ាង និង អ្នកស្រី មូរ សុខ​ហួរ និង​អតីត​តំណាងរាស្ត្រ​មួយ​ចំនួន​ដូចជា លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និង​លោក តុ វ៉ាន់ចាន់ ដោយ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ ដែល​ប្រព្រឹត្ត​នៅ​កម្ពុជា និង​នៅ​ទីកន្លែង​ផ្សេងទៀត ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ទី​២៧ ខែ​មករា ឆ្នាំ​២០១៩។

អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ប្រទេស​កូរ៉េខាងត្បូង​ជា​ប្រទេស​ប្រកាន់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស អ៊ីចឹង​ទាំង​នយោបាយ​ការបរទេស​ក្តី ទាំង​នយោបាយ​ការទូត​ក្តី ប្រទេស​កូរ៉េ​មិន​ធ្វើតាម​ការ​ស្នើសុំ​ពី​ប្រទេស​ផ្ដាច់ការ​ទេ ថ្វី​ត្បិត​កម្ពុជា​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ក៏ដោយ៖ «ប្រទេស​កូរ៉េ​គេ គោរព​សិទ្ធិ​សេរីភាព​របស់​មនុស្ស គេ​គោរព​គោល​ការ​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ។ អ៊ីចឹង​បើ​របប​លោក ហ៊ុន សែន​ចង់​ធ្វើ​បត្យាប័ន​ស្អី​ហ្នឹង​គឺ​វា​អត់​មានន័យ​ទេ។ អ៊ីចឹង​បាន​ន័យ​ថា​អ្វី​ដែល​លោក សុខ ឥសាន និយាយ​ហ្នឹង​គឺ​ដើម្បី​រក្សា​មុខមាត់​ដើម្បី​កុំ​ឱ្យ​គេ​ដឹង​ថា ខ្លួនឯង​ទៅ​ស្នើសុំ​ហ្នឹង គេ​មិន​ធ្វើតាម​វា​អន់​ឯ​លោក ផៃ ស៊ីផាន ដែល​និយាយ​ផ្ទុយ​ពី​លោក សុខ ឥសាន ហ្នឹង​គឺជា​ភាសា​មួយ​ដែល​គំរាម​គេ​ស្មាន​តែ​គេ​មិន​ដឹង គេ​មិន​ស្គាល់ វា​គ្រាន់តែ​ជា​ការ​គំរាម​ដើម្បី​បំភិតបំភ័យ​តែ​ប៉ុណ្នឹង»

រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​នឹង​កូរ៉េខាងត្បូង កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១០។ កិច្ចព្រមព្រៀង​នឹង​នេះ អនុញ្ញាត​ឱ្យ​ប្រ​ទស​ទាំង​ពីរ​ចាប់​បញ្ជូន​ជនសង្ស័យ​ទៅវិញទៅមក​ដើម្បី​បន្ត​ដំណើរការ​ក្តី​នៅ​តុលាការ​ករណី​បទឧក្រិដ្ឋ​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​មិន​អនុញ្ញាត​ឱ្យ​ចាប់​បញ្ជូន​អ្នក​ទោស​នយោបាយ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល