អ្នកវិភាគឯករាជ្យបានហៅការលើកឡើងថា របបក្រុងភ្នំពេញ ដែលគំរាមចាប់ខ្លួនមន្ត្រីបក្សប្រឆាំងពីកូរ៉េខាងត្បូងគ្រាន់តែជាការបោកប្រាស់តែប៉ុណ្ណោះ ពីកូរ៉េខាងត្បូងនឹងមិនសហការនឹងរបបឯកបក្សនេះទេ។ ទោះបីរបបលោក ហ៊ុន សែន គំរាមធ្វើបាបមន្ត្រីបក្សប្រឆាំងក៏ដោយ ក៏អ្នកនិយមប្រជាធិបតេយ្យជាច្រើន និងមន្ត្រីបក្សប្រឆាំង បានទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ ដើម្បីរៀបចំបាតុកម្មភ្លើងទៀននៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងចុងសប្ដាហ៍នេះ។
អ្នកវិភាគឯករាជ្យលោក បណ្ឌិត ឡៅ ម៉ុងហៃ ប្រដូចរឿងធ្វើបត្យាប័នមន្ត្រីជាន់ខ្ពស់ប្រឆាំងដែល ចូលរួមមហាបាតុកម្មនៅប្រទេសកូរ៉េខាងត្បូងថា ជារឿងគួរឱ្យអស់សំណើចដូច៖ «ជារបៀបដេកផ្សំ ដួលរមួលផ្សំគ្រេច»៖ «មិនធ្វើដូចយើងអ៊ីចឹងទេ ប្រទេសយើងអត់មាននីតិរដ្ឋដូចជាប្រទេសសេរី។មានតែនីតិរដ្ឋជារបៀបប្រទេសកុម្មុយនិស្ត ស្រេចតែនីតិប្រតិបត្តិបញ្ជូនក៏បញ្ជូនទៅអាហ្នឹង។ ប៉ុន្តែតាមពិតត្រូវឆ្លងកាត់តាមតុលាការ»។
មន្ត្រីនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ធ្លាប់អះអាងថា របបលោកមានលទ្ធផលចាត់វិធានការច្បាប់ប្រឆាំងនឹងមន្ត្រីបក្សប្រឆាំងដែលចូលរួមបាតុកម្មភ្លើងទៀន។
ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ប្រាប់អាស៊ីសេរីកាលថ្ងៃទី១៨ មេសា ផ្សេងវិញថា កម្ពុជាគ្មានបំណងសុំធ្វើបត្យាប័នមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដែលមានឈ្មោះនៅក្នុងដីកាចាប់ខ្លួនក្នុង ខណៈពេលដែលពួកគេបានចូលរួមមហាបាតុកម្មនៅប្រទេសកូរ៉េខាងត្បូងបើទោះបីប្រទេសទាំងពីរបានព្រមព្រៀងគ្នាធ្វើ បត្យាប័នជាមួយគ្នាក្ដី៖ «មិនមានគំនិតព្យាបាទក្រុមអស់ហ្នឹងទេ បើកសិទ្ធិសេរីភាពទូលាយឱ្យគាត់ធ្វើតើលទ្ធផលដែលគាត់ធ្វើវាបានប៉ុន្មានចាំយើងមើលទាំងអស់គ្នា។ គាត់ធ្វើថ្ងៃទី២០ ហើយល្ងាចថ្ងៃទៅ ២០ជាងយើងដឹងហើយ ថាតើមានលទ្ធផលយ៉ាងម៉េចអ្វីទៅដែលហៅថាមហាបាតុកម្មតើមានមនុស្សប៉ុន្មាននាក់ ប៉ុន្មានម៉ឺន សែននាក់ទៅ ក្នុងមួយកន្លែងតែ ២ ឬ ៣នាក់ទេ»។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងមួយចំនួនដែលមានឈ្មោះក្នុងដីកាចាប់ខ្លួនខ្លួនពីរបបក្រុងភ្នំពេញគ្រោងនឹងជួបប្រជុំគ្នាជាមួយក្រុមបាតុករមកពីបណ្ដាប្រទេសមួយចំនួនផ្សេងទៀតដើម្បីចូលរួមនៅប្រទេសកូរ៉េខាងត្បូង។
កាលពីពេលដើមខែមេសា ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក កូយ សៅ បានបញ្ជាឱ្យចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ៨រូប ដែលមាន លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងអនុប្រធានគណបក្សចំនួនពីររូប គឺលោក អេង ឆៃអ៊ាង និង អ្នកស្រី មូរ សុខហួរ និងអតីតតំណាងរាស្ត្រមួយចំនួនដូចជា លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និងលោក តុ វ៉ាន់ចាន់ ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ ដែលប្រព្រឹត្តនៅកម្ពុជា និងនៅទីកន្លែងផ្សេងទៀត ចាប់ពីថ្ងៃទី២០ ដល់ទី២៧ ខែមករា ឆ្នាំ២០១៩។
អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងជាប្រទេសប្រកាន់នូវគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស អ៊ីចឹងទាំងនយោបាយការបរទេសក្តី ទាំងនយោបាយការទូតក្តី ប្រទេសកូរ៉េមិនធ្វើតាមការស្នើសុំពីប្រទេសផ្ដាច់ការទេ ថ្វីត្បិតកម្ពុជាមានទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជាក៏ដោយ៖ «ប្រទេសកូរ៉េគេ គោរពសិទ្ធិសេរីភាពរបស់មនុស្ស គេគោរពគោលការលទ្ធិប្រជាធិបតេយ្យពេញលេញ។ អ៊ីចឹងបើរបបលោក ហ៊ុន សែនចង់ធ្វើបត្យាប័នស្អីហ្នឹងគឺវាអត់មានន័យទេ។ អ៊ីចឹងបានន័យថាអ្វីដែលលោក សុខ ឥសាន និយាយហ្នឹងគឺដើម្បីរក្សាមុខមាត់ដើម្បីកុំឱ្យគេដឹងថា ខ្លួនឯងទៅស្នើសុំហ្នឹង គេមិនធ្វើតាមវាអន់ឯលោក ផៃ ស៊ីផាន ដែលនិយាយផ្ទុយពីលោក សុខ ឥសាន ហ្នឹងគឺជាភាសាមួយដែលគំរាមគេស្មានតែគេមិនដឹង គេមិនស្គាល់ វាគ្រាន់តែជាការគំរាមដើម្បីបំភិតបំភ័យតែប៉ុណ្នឹង»។
រដ្ឋសភាកម្ពុជាបានអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងធ្វើបត្យាប័ននឹងកូរ៉េខាងត្បូង កាលពីខែវិច្ឆិកា ឆ្នាំ២០១០។ កិច្ចព្រមព្រៀងនឹងនេះ អនុញ្ញាតឱ្យប្រទសទាំងពីរចាប់បញ្ជូនជនសង្ស័យទៅវិញទៅមកដើម្បីបន្តដំណើរការក្តីនៅតុលាការករណីបទឧក្រិដ្ឋតែប៉ុណ្ណោះ ក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនអនុញ្ញាតឱ្យចាប់បញ្ជូនអ្នកទោសនយោបាយនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។