អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បញ្ចេញ​មតិ​ជុំវិញ​លោក ហ៊ុន សែន មិន​ព្រម​ទទួល​យក​ចេតិយ​នៅ​វត្ត

0:00 / 0:00

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​បញ្ចេញមតិ​ជុំវិញ​ភរិយា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សាងសង់​ចេតិយ​ទុក​ឲ្យ​ប្តី​រួចហើយ គឺ​ស្ថិត​នៅ​ក្នុង​វត្ត មុនីសុវណ្ណ ឬ​វត្ត​ចំពុះក្អែក ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ តែ​លោក​មិន​ទទួល​យក​ឡើយ។

ការណ៍​ដែល​លោក ហ៊ុន សែន មិន​ព្រម​ទទួលយក​ចេតិយ​នោះ ព្រោះ​ពេល​លោក​ស្លាប់​ទៅ លោក​មិន​ចង់​ឲ្យ​យក​សព​លោក​ទៅ​បូជា ឬ​បញ្ចុះ​នៅក្នុង​បរិវេណ​វត្ត​អារាម​នោះ​ឡើយ ដោយសារ​លោក​មាន​ហេតុផល​លើ​អបិយ​ជំនឿ គឺ​ខ្លាច​ខ្មោច​ក្រុម​បងធំ​ទៅ​ធ្វើ​បាប​លោក។

អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​បាន​បញ្ចេញ​មតិយោបល់ ឬ​ខមមិន​(Comments)​តប​ជុំវិញ​រឿង​នេះ​ថា​៖ លោក ហ៊ុន សែន កំពុង​មាន​អារម្មណ៍​វិលវល់​នៅពេល​លោក​មាន​អាយុ​កាន់តែ​ចាស់ សុខភាព​ក៏​កាន់តែ​ទ្រុឌទ្រោម។

ឆ្នាំ​២០២២​នេះ លោក ហ៊ុន សែន មាន​អាយុ​ជាង ៧០​ឆ្នាំ​ហើយ។

ពួកគេ​លើកឡើង​ទៀត​ថា ពេល​លោក​ឈាន​ចូល​ក្នុង​វ័យ​នេះ លោក​តែងតែមាន​អារម្មណ៍​មិន​សូវ​ល្អ និង​ក្រោយ​ពេល​លោក​ដឹកនាំ​ប្រទេស​ជិត ៤០​ឆ្នាំ​មក លោក​បន្សល់ទុក​នូវ​ការ​រិះគន់​ថា បាន​សាង​បាប​លើ​ប្រជាពលរដ្ឋ​ច្រើន​ជាង​សាង​បុណ្យ។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ដែល​ដាក់ឈ្មោះ ថាន យ៉ា បាន​បញ្ចេញមតិ​ជុំវិញ​រឿង​នេះ ដែល​ទំនងជា​សំដៅ​ឌឺ​ឲ្យ​លោក ហ៊ុន សែន ថា« ធ្វើបាប​កម្ម​ច្រើន​ខ្លាំង​ខ្លាច​បារមី​មិន​ដល់ ចូល​វត្ត​មិន​ចុះ ចោល​ខ្មោច​ក្នុង​វត្ត​វិញ្ញាណ​វល់​វល់​ ...»

ចំណែក​ម្ចាស់​គណនី ហ្វេសប៊ុក​មួយ​ទៀត ដាក់​ឈ្មោះ​ថា វីន វីន (Win Win) ក៏​បាន​បញ្ចេញមតិ​ជុំវិញ​រឿង​នេះ​ដែរ ដោយ​បាន​បញ្ជាក់​បន្ថែម​ថា « លោក ហ៊ុន សែន សាង​អំពើ​បាបកម្ម​ច្រើនណាស់​មក​លើ​ពលរដ្ន​ខ្មែរ​គ្រប់រូបៗ​ ....»

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​១​តុលា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ភរិយា​លោក​លប​សង់​ចេតិយ​ទុក​ឲ្យ​លោក​ក្រោយពេល​អស់​ជីវិត បន្ទាប់ពី​ឃើញ​បងប្រុស​របស់​លោក គឺ លោក ហ៊ុន ណេង អតីត​អភិបាល​ខែត្រ​កំពង់ចាម​បាន​ស្លាប់ ដោយសារ​គាំងបេះដូង​ភ្លាមៗ កាលពី​ខែ​ឧសភា​កន្លង​ទៅ។

លោក ហ៊ុន សែន បន្ថែម​ថា ទោះបីជា​ភរិយា​លោក សង់​ចេតិយ​ទុក​នៅ​វត្ត​ស្រស់​ស្អាត​យ៉ាងណាក៏ដោយ ក៏​លោក​មិន​ចង់​ទុក​ធាតុ ឬ​សព​នៅក្នុង​វត្ត​ឡើយ ព្រោះ​លោក​ខ្លាច​បារមី​មិន​ដល់​ហើយ​ក្រុមបងធំ​ទៅ​រក​ដល់​វត្ត​៖ « យោង​លើ​អបិយជំនឿ ខ្ញុំ​អត់​ហ៊ាន​ដាច់ខាត​ហើយ​។ តែ​មិន​ស្រួល បារមី​យើង ព្រលឹង​យើង ពេល​ទៅ​ដល់​ហ្នឹង​ [​ ចេតិយ​ក្នុង​វត្ត​ ] ខ្មោច​ព្រលឹង​យើង គឺ​ត្រូវ​បាន​គេ​ជាន់​ក​នៅ​ហ្នឹង​។ បារមី​មិន​ដល់ កុំ​លេង។ ខ្ញុំ​អត់​លេង​ទេ​ »​ ។ លោក​បន្ត​ថា​៖ «​ ប្រពន្ធ​ខ្ញុំ​គាត់​ទៅ​លួច​ធ្វើ​ចេតិយ​នៅក្នុង​វត្ត​ចំពុះក្អែក​។ ខ្ញុំ​ថា ខ្ញុំ​មិន​ទៅ​នៅ​វត្ត​ទេ​។ អត់​ទៅ​ទេ សុំទោស មិន​ទៅ​ទេ ព្រោះ​ទុកចិត្ត​ម៉េច​បាន ពួក​អាយូកោង​ទៅ​អី​ទេ​ ? »

ដោយឡែក​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ផ្សេងទៀត​ឈ្មោះថា « ដោក​ក្រឡាហោម យុទ្ធរាជ បាន​សរសេរ​ឆ្លើយតប​យ៉ាង​ខ្លី​ថា « ហ៊ុន សែន អើយ សូម្បីតែ​ងាប់​ហើយ ក៏​ខ្លាច​ដែរ​ ..!!»

រីឯ​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ វាសនា បុប្ជា (VeasnaBupha DosLer AjKoar) បាន​សរសេរ ចំអក​ថា « ហ៊ុន សែន ថា​ពេល​ងាប់​ទៅ​អត់​ហ៊ាន​ទៅ​វត្ត​ទេ ព្រោះ​ខ្លាច​ជួប លោក បណ្ឌិត កែម ឡី​ ...»

ចំពោះ​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ពិសិដ្ឋរតនៈ មាស (Pisethrotanak Meas) បញ្ចេញមតិ​ថា « មានតែ​ពួក​បី​សាច អសុរកាយ​ទេ ដែល​ខ្លាច ទីវត្ត​អារាម​នោះ​ ....»

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ផ្សេង​ទៀត​ឈ្មោះ​ថា កូន ខ្មែរ បាន​បញ្ចេញមតិ​ជុំវិញ​រឿង​ចេតិយ ហ៊ុន សែន នេះ​ដែរ ថា​៖ «​ ហ៊ុន សែន ដឹងខ្លួន​ដូច​ខ្មោច ៧​ថ្ងៃ​អ៊ីចឹង​ !! ធ្វើ​ល្អ​ទៅ សែន​អើយ កុំ​ធ្វើបាប​ច្រើន​ពេក បាតដៃ​ប្រឡាក់​ឈាម »

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ផ្សេង​ទៀត​ឈ្មោះ​ថា ស្រុក​ក្រូចឆ្មា ក្តុល​លើ​បញ្ចេញមតិ​ជុំវិញ​រឿង​នេះ​ដែរ​ថា​៖ « បាបកម្ម​មាន​ពិត​ទាំង​ពេល​បច្ចុប្បន្ន និង​នៅ​ជាតិ​មុខ​ទៀត អ្នក​សាង​អំពើអាក្រក់​នៅ​ពេល​ខ្លួនឯង​ឈឺ​ជិត​ស្លាប់​តែងតែ​ឃើញ​រឿង​ភ័យខ្លាច​ជាច្រើន​ដែល​ខ្លួន​បាន​ធ្វើ​អាក្រក់​ពីមុន​ច្រើន ទោះជា​ខំ​យក​លោក​មក​ឲ្យ​សូត្រធម៌​ស្តាប់​ដើម្បី​ឲ្យ​អារម្មណ៍​ស្ងប់​ល្អ​ក៏​មិនបាន​ផល​នោះ​ទេ​ ...»

ដោយឡែក ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ផ្សេងទៀត​ឈ្មោះថា ស្រ៊ីន គង់ណា (Shrin Kongna) បាន​អំពាវនាវ​ទៅ​លោក ហ៊ុន សែន ថា ល្មម​ធ្វើ​អំពើ​ល្អ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ហើយ បើ​មិន​ចង់​ចងកម្ម​ចង​ពារ​នោះ​..! លើ​លោក​នេះ​គ្មានអ្វី​អមតៈ​ទេ មានតែ​អំពើ​ល្អ​មួយ​គត់​មិន​ចេះ​សាបសូន្យ​...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។