អ្នកប្រើប្រាស់បណ្ដាញសង្គមបញ្ចេញមតិជុំវិញភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សាងសង់ចេតិយទុកឲ្យប្តីរួចហើយ គឺស្ថិតនៅក្នុងវត្ត មុនីសុវណ្ណ ឬវត្តចំពុះក្អែក ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ តែលោកមិនទទួលយកឡើយ។
ការណ៍ដែលលោក ហ៊ុន សែន មិនព្រមទទួលយកចេតិយនោះ ព្រោះពេលលោកស្លាប់ទៅ លោកមិនចង់ឲ្យយកសពលោកទៅបូជា ឬបញ្ចុះនៅក្នុងបរិវេណវត្តអារាមនោះឡើយ ដោយសារលោកមានហេតុផលលើអបិយជំនឿ គឺខ្លាចខ្មោចក្រុមបងធំទៅធ្វើបាបលោក។
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិយោបល់ ឬខមមិន(Comments)តបជុំវិញរឿងនេះថា៖ លោក ហ៊ុន សែន កំពុងមានអារម្មណ៍វិលវល់នៅពេលលោកមានអាយុកាន់តែចាស់ សុខភាពក៏កាន់តែទ្រុឌទ្រោម។
ឆ្នាំ២០២២នេះ លោក ហ៊ុន សែន មានអាយុជាង ៧០ឆ្នាំហើយ។
ពួកគេលើកឡើងទៀតថា ពេលលោកឈានចូលក្នុងវ័យនេះ លោកតែងតែមានអារម្មណ៍មិនសូវល្អ និងក្រោយពេលលោកដឹកនាំប្រទេសជិត ៤០ឆ្នាំមក លោកបន្សល់ទុកនូវការរិះគន់ថា បានសាងបាបលើប្រជាពលរដ្ឋច្រើនជាងសាងបុណ្យ។
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយដែលដាក់ឈ្មោះ ថាន យ៉ា បានបញ្ចេញមតិជុំវិញរឿងនេះ ដែលទំនងជាសំដៅឌឺឲ្យលោក ហ៊ុន សែន ថា« ធ្វើបាបកម្មច្រើនខ្លាំងខ្លាចបារមីមិនដល់ ចូលវត្តមិនចុះ ចោលខ្មោចក្នុងវត្តវិញ្ញាណវល់វល់ ...»។
ចំណែកម្ចាស់គណនី ហ្វេសប៊ុកមួយទៀត ដាក់ឈ្មោះថា វីន វីន (Win Win) ក៏បានបញ្ចេញមតិជុំវិញរឿងនេះដែរ ដោយបានបញ្ជាក់បន្ថែមថា « លោក ហ៊ុន សែន សាងអំពើបាបកម្មច្រើនណាស់មកលើពលរដ្នខ្មែរគ្រប់រូបៗ ....»។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី១តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ភរិយាលោកលបសង់ចេតិយទុកឲ្យលោកក្រោយពេលអស់ជីវិត បន្ទាប់ពីឃើញបងប្រុសរបស់លោក គឺ លោក ហ៊ុន ណេង អតីតអភិបាលខែត្រកំពង់ចាមបានស្លាប់ ដោយសារគាំងបេះដូងភ្លាមៗ កាលពីខែឧសភាកន្លងទៅ។
លោក ហ៊ុន សែន បន្ថែមថា ទោះបីជាភរិយាលោក សង់ចេតិយទុកនៅវត្តស្រស់ស្អាតយ៉ាងណាក៏ដោយ ក៏លោកមិនចង់ទុកធាតុ ឬសពនៅក្នុងវត្តឡើយ ព្រោះលោកខ្លាចបារមីមិនដល់ហើយក្រុមបងធំទៅរកដល់វត្ត៖ « យោងលើអបិយជំនឿ ខ្ញុំអត់ហ៊ានដាច់ខាតហើយ។ តែមិនស្រួល បារមីយើង ព្រលឹងយើង ពេលទៅដល់ហ្នឹង [ ចេតិយក្នុងវត្ត ] ខ្មោចព្រលឹងយើង គឺត្រូវបានគេជាន់កនៅហ្នឹង។ បារមីមិនដល់ កុំលេង។ ខ្ញុំអត់លេងទេ » ។ លោកបន្តថា៖ « ប្រពន្ធខ្ញុំគាត់ទៅលួចធ្វើចេតិយនៅក្នុងវត្តចំពុះក្អែក។ ខ្ញុំថា ខ្ញុំមិនទៅនៅវត្តទេ។ អត់ទៅទេ សុំទោស មិនទៅទេ ព្រោះទុកចិត្តម៉េចបាន ពួកអាយូកោងទៅអីទេ ? »។
ដោយឡែកម្ចាស់គណនីហ្វេសប៊ុកមួយផ្សេងទៀតឈ្មោះថា « ដោកក្រឡាហោម យុទ្ធរាជ បានសរសេរឆ្លើយតបយ៉ាងខ្លីថា « ហ៊ុន សែន អើយ សូម្បីតែងាប់ហើយ ក៏ខ្លាចដែរ ..!!»។
រីឯម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ វាសនា បុប្ជា (VeasnaBupha DosLer AjKoar) បានសរសេរ ចំអកថា « ហ៊ុន សែន ថាពេលងាប់ទៅអត់ហ៊ានទៅវត្តទេ ព្រោះខ្លាចជួប លោក បណ្ឌិត កែម ឡី ...»។
ចំពោះម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ពិសិដ្ឋរតនៈ មាស (Pisethrotanak Meas) បញ្ចេញមតិថា « មានតែពួកបីសាច អសុរកាយទេ ដែលខ្លាច ទីវត្តអារាមនោះ ....»។
ចំណែកម្ចាស់គណនីហ្វេសប៊ុកមួយផ្សេងទៀតឈ្មោះថា កូន ខ្មែរ បានបញ្ចេញមតិជុំវិញរឿងចេតិយ ហ៊ុន សែន នេះដែរ ថា៖ « ហ៊ុន សែន ដឹងខ្លួនដូចខ្មោច ៧ថ្ងៃអ៊ីចឹង !! ធ្វើល្អទៅ សែនអើយ កុំធ្វើបាបច្រើនពេក បាតដៃប្រឡាក់ឈាម »។
ចំណែកម្ចាស់គណនីហ្វេសប៊ុកមួយផ្សេងទៀតឈ្មោះថា ស្រុកក្រូចឆ្មា ក្តុលលើបញ្ចេញមតិជុំវិញរឿងនេះដែរថា៖ « បាបកម្មមានពិតទាំងពេលបច្ចុប្បន្ន និងនៅជាតិមុខទៀត អ្នកសាងអំពើអាក្រក់នៅពេលខ្លួនឯងឈឺជិតស្លាប់តែងតែឃើញរឿងភ័យខ្លាចជាច្រើនដែលខ្លួនបានធ្វើអាក្រក់ពីមុនច្រើន ទោះជាខំយកលោកមកឲ្យសូត្រធម៌ស្តាប់ដើម្បីឲ្យអារម្មណ៍ស្ងប់ល្អក៏មិនបានផលនោះទេ ...»
ដោយឡែក ម្ចាស់គណនីហ្វេសប៊ុកមួយផ្សេងទៀតឈ្មោះថា ស្រ៊ីន គង់ណា (Shrin Kongna) បានអំពាវនាវទៅលោក ហ៊ុន សែន ថា ល្មមធ្វើអំពើល្អដល់ពលរដ្ឋខ្មែរទូទៅហើយ បើមិនចង់ចងកម្មចងពារនោះ..! លើលោកនេះគ្មានអ្វីអមតៈទេ មានតែអំពើល្អមួយគត់មិនចេះសាបសូន្យ...៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
