ក្រុមស្ត្រីថ្ងៃសុក្រជិត ២០នាក់ នាំគ្នាតវ៉ា និងដាក់ញត្តិជូនស្ថានទូតបារាំង និងស្ថានទូតអឺរ៉ុប ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងសមាជិកគ្រួសាររបស់ពួកគាត់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារទាំងអយុត្តិធម៌ដោយសារមូលហេតុនយោបាយ។ មន្ត្រីសិទ្ធិមនុស្ស យល់ថា រដ្ឋាភិបាលល្មមដល់ពេលដោះលែងសកម្មជននយោបាយឲ្យមានសេរីភាពឡើងវិញ ដើម្បីចៀសវាងការរិះគន់ និងការដាក់សម្ពាធនានា ពីសហគមន៍អន្តរជាតិ។
ក្រុមស្ត្រីថ្ងៃសុក្រ នៅថ្ងៃទី៤ ខែកុម្ភៈ បាននាំគ្នាពាក់អាវគ្រូពេទ្យ ហើយកាន់បដារូបថតអ្នកជាប់ឃុំ និងស្រែកដង្ហោយហៅស្ថានទូតបារាំង និងស្ថានប្រតិភូសហភាពអឺរ៉ុប ឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ដើម្បីដោះលែងប្តី និងសមាជិកគ្រួសារពួកគាត់ដែលកំពុងរងទុក្ខវេទនា និងធ្លាក់ខ្លួនឈឺខ្វះគ្រូពេទ្យព្យាបាលនៅក្នុងពន្ធនាគារព្រៃស។
ប្រពន្ធរបស់សមាជិកបក្សប្រឆាំងកំពុងជាប់ឃុំលោក ស៊ុន ធន់ គឺលោកស្រី សេង ចាន់ថន ថ្លែងថា ការដាក់ញត្តិនេះ គឺក្នុងគោលបំណងស្នើសុំឲ្យស្ថានទូតទាំងពីរជួយជំរុញឲ្យរដ្ឋាភិបាល បើកឱកាសឲ្យគ្រូពេទ្យរបស់អង្គការសិទ្ធិមនុស្សនានា ចូលពិនិត្យនិងព្យាបាលអ្នកជាប់ឃុំ ជាពិសេស ដោះលែងពួកគាត់ឲ្យមានសេរីភាពតែម្តង។ លោកស្រី បញ្ជាក់ថា មកទល់ពេលនេះ អ្នកជាប់ឃុំ កំពុងមានសុខភាពទ្រុឌទ្រោមដោយសារមានជំងឺប្រចាំកាយរៀងៗ ខ្លួនហើយខ្វះថ្នាំពេទ្យ និងគ្រូពេទ្យព្យាបាល ព្រមទាំងកំពុងព្រួយបារម្ភឆ្លងជំងឺកូវីដបំប្លែងថ្មីអូមីក្រុង (Omicron) ចូលក្នុងពន្ធនាគារទៀតផង។ លោកស្រីបារម្ភថា ប្រសិនបើគ្មានការយកចិត្តទុកដាក់ព្យាបាលទេ ប្តីរបស់ពួកគាត់មិនត្រឹមតែបាត់បង់សេរីភាពទេ ថែមទាំងអាចបាត់បង់ជីវិតក្នុងពន្ធនាគារទៀតផង៖ « ជួយអន្តរាគមន៍ឲ្យមានពេទ្យអង្គការ និងពេទ្យផ្សេងៗ ដែលពាក់ព័ន្ធនៅក្នុងប្រទេសនេះ ដើម្បីបានចូលទៅព្យាបាលពួកគាត់ ព្រោះពួកគាត់ នៅក្នុងនោះរាល់ថ្ងៃកំពុងតែឈឺ ហើយឥឡូវនេះនៅក្នុងពន្ធនាគារ គេបិទសិទ្ធិសេរីភាព អត់ឲ្យពេទ្យអង្គការចូលទៅព្យាបាលពួកគាត់ ដែលជាមន្ត្រីនយោបាយបានទេ។ ដូច្នេះចំណុចសំខាន់គឺចង់បានពេទ្យចូលទៅព្យាបាល » ។
ក្នុងពេលប្រមូលផ្តុំគ្នាដាក់ញត្តិនេះ ក្រុមកងសន្តិសុខ និងសមត្ថកិច្ចក្រុងភ្នំពេញ ប្រមាណ ៥០នាក់ បានតាមរារាំង រុញច្រាន និងដណ្តើមយកបដារូបថតពីក្រុមស្ត្រីថ្ងៃសុក្រដែរ ប៉ុន្តែពុំមានរបួសធ្ងន់ធ្ងរនោះទេ។ ក្រុមស្ត្រីថ្ងៃសុក្រ បានដាក់ញត្តិជូនស្ថានទូត បារាំងនៅពេលព្រឹក ហើយបន្ទាប់មកពួកគាត់ បានបន្តដាក់ញត្តិជូនស្ថានទូតអឺរ៉ុបនៅពេលរសៀល។ មិនខុសគ្នានោះទេ មន្ត្រីស្ថានទូតបារាំង និងអឺរ៉ុប បានអនុញ្ញាតឲ្យតំណាងស្ត្រីថ្ងៃសុក្រ ៣នាក់ចូលដាក់ញត្តិនៅក្នុងស្ថានទូតដូចគ្នា បន្ទាប់ពីពួកគាត់ឈរស្រែកតវ៉ា និងលើកបដាមួយសន្ទុះនៅខាងមុខស្ថានទូត។
ប្រពន្ធរបស់សមាជិកបក្សប្រឆាំងកំពុងជាប់ឃុំលោក គង់ ម៉ាស់ គឺលោកស្រី កុល សាត ឲ្យដឹងថា ស្ថានទូតទាំងពីរ សន្យាថា នឹងលើកយកសំណើររបស់ពួកគាត់ទៅជជែកគ្នាជាមួយស្ថានទូតប្រទេសប្រជាធិបតេយ្យផ្សេងៗ ទៀត ព្រមទាំងជជែកជាមួយភាគីរដ្ឋាភិបាល ដើម្បីឲ្យមានដំណោះស្រាយ៖ « ស្ថានទូតថា គាត់នឹងជួយ ប៉ុន្តែគាត់មិនហ៊ានសន្យា ១០០ភាគរយទេ។ ប៉ុន្តែគាត់នឹងព្យាយាមជួយដោយសារគាត់គិតថា បន្តិចទៀតនេះ ស្រុកខ្មែរនឹងមានប្រជុំអាស៊ាន។ គាត់ថា នឹងលើកពិភាក្សាជាមួយនឹងទូតនានា ដើម្បីរកដំណោះស្រាយពាក់ព័ន្ធរឿងសិទ្ធិមនុស្ស ព្រោះរាល់ថ្ងៃគេបានដឹងដែរ » ។
មូលហេតុដែលក្រុមស្ត្រីថ្ងៃសុក្រពាក់អាវពេទ្យតវ៉ាបែបនេះ ព្រោះពួកគាត់ចង់បង្ហាញថា ប្តីពួកគាត់កំពុងធ្លាក់ខ្លួនឈឺធ្ងន់ ហើយត្រូវការឲ្យពេទ្យអង្គការនានា ចូលទៅពិនិត្យ និងព្យាបាលនៅក្នុងពន្ធនាគារ។ ពួកគាត់អះអាងថា ចាត់តាំងពីជំងឺកូវីដឆ្លងរីករាលដាលមក ខាងពន្ធនាគារបានហាមមិនឲ្យគ្រូពេទ្យរបស់អង្គការលីកាដូ ចូលរួមចំណែកពិនិត្យ និងព្យាបាលអ្នកជាប់ឃុំនោះទេ ទោះបីជាក្នុងពន្ធនាគារខ្វះគ្រូពេទ្យនិងថ្នាំសង្កូវក្តី។
ឆ្លើយតបនឹងករណីនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ចោទប្រកាន់ថា សកម្មភាពរបស់ក្រុមស្ត្រីថ្ងៃសុក្រនេះ មានចេតនា មិនល្អ និងចង់ដាក់សម្ពាធឲ្យតុលាការដោះលែងប្តីរបស់ខ្លួន។ ទោះជាយ៉ាងណាក្ដី លោកបន្តថា ពេទ្យក្នុងពន្ធនាគារនៅមានកម្រិតជាប៉ុស្តិ៍សុខភាពនៅឡើយ ដូច្នេះ មិនអាចបំពេញតម្រូវការតាមការចង់បាននោះទេ៖ « សាមីខ្លួន គាត់ប្រាប់ថា អត់អីផង ហើយខ្ញុំមើលសាច់ ឈាមទៅធម្មតា អត់មានទ្រុឌទ្រោមអីទេ ហើយពេទ្យយើងក៏យកចិត្តទុកដាក់ទៀត។ ខ្ញុំទៅមើលដល់ប៉ុស្តិ៍សុខភាព ទៅមើលឆែកថ្នាំ ឆែកសមាសភាពគ្រូពេទ្យ ដែលប្រចាំការនៅហ្នឹងផ្ទាល់។ ខ្ញុំមើលទៅដូចជាមិនដូចអ្វីដែលគាត់លើកឡើងទេ។ អ៊ីចឹងអ្វីដែលគាត់លើកឡើងនេះវាបង្កប់នូវគំនិតមួយមិនសុចរិតទេ។អារឿងពេទ្យពីអង្គការលីកាដូនេះ យើងមានកិច្ចព្រមព្រៀង យើងមានគោលការណ៍ពីក្រសួងមហាផ្ទៃ ដើម្បីអនុញ្ញាតឲ្យពួកគាត់ចេញចូលផ្តល់សេវាសុខភាព ហើយយើងក៏អនុញ្ញាតទៀត យើងអត់មានបិទទេ » ។
ផ្ទុយពីការលើកឡើងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអំ សំអាត អះអាងថា មកទល់ពេលនេះ ខាងអាជ្ញាធរពន្ធនាគារ នៅមិនទាន់អនុញ្ញាតឲ្យគ្រូពេទ្យរបស់អង្គការលីកាដូ អាចចូលពន្ធនាគារព្រៃស "ម១"ដើម្បីរួមចំណែកពិនិត្យ និងព្យាបាលអ្នកជាប់ឃុំបាននៅឡើយទេ ក្រោមហេតុផលថា ជំងឺកូវីដ ផ្ទុះរីករាលដាលខ្លាំង។ លោកយល់ថា គ្រួសាររបស់អ្នកជាប់ឃុំ ប្រាកដជាព្រួយបារម្ភអំពីសុខភាព សមាជិកគ្រួសារពួកគាត់ ព្រោះសេវាសុខាភិបាលក្នុងពន្ធនាគារនៅមានកម្រិត។ លោកបន្តថា មេដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំង គួរដល់ជជែកគ្នាដោះស្រាយជម្លោះនយោបាយ និងដោះលែងអ្នកជាប់ឃុំដោយមូលហេតុនយោបាយឲ្យមានសេរីភាពឡើងវិញ ដើម្បីកុំឲ្យមានការរិះគន់ និងការដាក់សម្ពាធនានា ពីសហគមន៍អន្តរជាតិ៖ « នៅភ្នំពេញ ពន្ធនាគារ " ម១ " គឺយើងមិនទាន់អាចចូលបាន នៅឡើយ ហើយករណីនេះដោយសារបញ្ហាឧបសគ្គនៃកូវីដ - ១៩ ហើយពន្ធនាគារផ្សេងៗ ទៀត ក៏មានការផ្លាស់ប្តូរនៃការព្យាបាល ឬក៏មិនទាន់អាចព្យាបាលបានដែរ។ ដូច្នេះហើយបានជាកំឡុងពេលដែលអ្នកជាប់ឃុំទាំងអស់ បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ - ១៩ ហើយស្ថានភាពក៏វាអាចប្រសើរជាងមុន យើងសង្ឃឹមថា ពន្ធនាគារ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធនាគារ បន្តអនុញ្ញាតឲ្យក្រុមគ្រួពេទ្យអង្គការលីកាដូ ចូលទៅរួមចំណែកព្យាបាលអ្នកជាប់ឃុំបន្តទៅទៀត » ។
គិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ មានសកម្មជនគណបក្សសង្គ្រោះជាតិ សកម្មជនសិទ្ធិមនុស្ស អ្នករិះគន់រដ្ឋាភិបាលជាង ៦០នាក់ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារ។ ពួកគាត់ភាគច្រើន ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ កាលពីដើមឆ្នាំ២០២០។ តុលាការបានចោទប្រកាន់ពួកគេដូចៗ គ្នា គឺពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្តាប់បង្គាប់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ មកទល់ពេលនេះ សកម្មជនបក្សប្រឆាំងមួយចំនួន ជាប់ឃុំជិតពីរឆ្នាំហើយ ប៉ុន្តែតុលាការមិនទាន់កាត់ក្តីរួចរាល់នៅឡើយទេ ដែលផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ ដែលចែងថា ការជំនុំជម្រះត្រូវធ្វើឡើងដោយឆាប់រហ័សបំផុត ដើម្បីកុំឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ជនជាប់ចោទ។
ក្រុមអង្គការជាតិ-អន្តរជាតិជាច្រើនស្ថាប័ន រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមប្រទេសប្រជាធិបតេយ្យធំៗ ថ្កោលទោសជាបន្តបន្ទាប់ ចំពោះរដ្ឋាភិបាល លោក ហ៊ុន សែន និងទាមទារឲ្យដោះលែងសមាជិកបក្សប្រឆាំង និងអ្នកជាប់ឃុំដោយសារមូលហេតុនយោបាយឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។