គ្រួសារ​ខក​ចិត្ត ដែល​មន្រ្តី​ពន្ធនាគារ​ត្រពាំងផ្លុង​មិន​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​លោក គង់ សំអាន ព្យាបាល​ជំងឺ​ធ្មេញ​ធ្ងន់ធ្ងរ​នៅ​ខាង​ក្រៅ

0:00 / 0:00

គ្រួសារ​ខកចិត្ត​ចំពោះ​មន្ត្រី​ពន្ធនាគារ​ត្រពាំងផ្លុង​មិន​អនុញ្ញាត​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង លោក គង់ សំអាន ដែល​កំពុង​មាន​ជំងឺ​ធ្មេញ​ធ្ងន់ធ្ងរ​អាច​ចេញ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជំនាញ​នៅ​ខាង​ក្រៅ​ពន្ធនាគារ។ ពួក​គេ​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍ ដើម្បី​កុំ​ឱ្យ​អាការៈ​ជំងឺ​នេះ​កាន់តែ​ធ្ងន់។ មន្ត្រី​ជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​អះអាង​ថា អាជ្ញាធរ​នឹង​ពិនិត្យ​មើល​ស្ថាន​ភាព​ជំងឺ​លោក គង់ សំអាន ដោយ​យក​ចិត្ត​ទុក​ដាក់ និង​មិន​ទុក​ឱ្យ​គាត់​មាន​បញ្ហា​សុខភាព​នោះ​ទេ។

គ្រួសារ​ព្រួយបារម្ភ​អំពី​ស្ថានភាព​ជំងឺ​មាត់​ធ្មេញ និង​សុខទុក្ខ​របស់​មន្ត្រី​បក្ស​ប្រឆាំង​លោក គង់ សំអាន ជា​ខ្លាំង។ ពួកគេ​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ពន្ធនាគារ​អនុញ្ញាត​ឱ្យ​សាច់ញាតិ​ពួកគេ​ចេញ​មក​ពិនិត្យ និង​ព្យាបាល​ធ្មេញ​នៅ​មន្ទីរពេទ្យ​ឯកទេស​ខាង​ក្រៅ​ឱ្យ​ទាន់​ពេល​វេលា។

កូនស្រី​មន្ត្រី​គណបក្សប្រឆាំង​នៅ​ខេត្តត្បូងឃ្មុំ លោក គង់ សំអាន គឺ​កញ្ញា គង់ មុយលី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៧ ខែមីនា​ថា ឪពុក​កញ្ញា​ជាប់​ពន្ធនាគារ​ជិត ៣ឆ្នាំ​មក​នេះ​ កើត​​ជំងឺ​ប្រចាំ​កាយ​ជាច្រើន ដូចជា​ ជំងឺ​លើស​ឈាម ជំងឺ​ក្រពះ​ពោះវៀន ដុះ​សាច់​តម្រង​នោម រមាស់ និង​ជំងឺ​ធ្មេញ​ជា​ដើម។ កញ្ញា​ឱ្យ​ដឹង​ថា ឪពុក​កញ្ញា មាន​សភាព​រាងកាយ​ស្គមស្គាំង និយាយ​សំឡេង​តិចៗ ត្អូញត្អែរ​ប្រាប់​ប្រពន្ធ និង​កូនៗ ពេល​ចូល​សួរ​សុខទុក្ខ​ កាល​ពី​ថ្ងៃ​ទី២៦ ខែមីនា​ថា គាត់​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​ ធ្មេញ​ជួរ​ខាងក្រោម​ស្រោប​ដែក​ឈឺចាប់​បណ្ដាល​ឱ្យ​ពិបាក​ហូបចុក និង​សម្រាន្ត​មិន​លក់។ កញ្ញា​បន្ត​ថា ឪពុក​របស់​កញ្ញា​បាន​ស្នើសុំ​មន្ត្រី​ពន្ធនាគារ ដើម្បី​ចេញ​មក​ព្យាបាល​ខាង​ក្រៅ​ដែរ តែ​មន្ត្រី​នៅ​ទីនោះ​បដិសេធ​ ដោយ​មិន​បញ្ជាក់​មូលហេតុ​នោះ​ទេ។ កូនស្រី​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ថ្លែង​ថា គ្រួសារ​ខ្លោច​ចិត្ត​ពេល​ឃើញ​ឪពុក ​ដែល​គ្មាន​ទោស​កំហុស​ បែរ​ជា​ជាប់​គុក​ដោយ​អយុត្តិធម៌ និង​រង​ទុក្ខ​លំបាក ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ត្រឹមត្រូវ​ពី​មន្ត្រី​នៅ​ទី​នោះ។

កញ្ញា គង់ មុយលី៖«ថ្នាំ​ពេទ្យ​ឈឺថ្កាត់​អី​បាន​អង្គការ​លីកាដូ​ជួយ​ព្យាបាល​ទៅ​បាន​ធូរស្រាល​ខ្លះ​ទៅ ចំណែក​ធ្មេញ​ហ្នឹង​ខ្ញុំ​មិន​ដឹង​ថា គេ(មន្ត្រី​ពន្ធនាគារ)គិត​យ៉ាង​ម៉េច​ទេ ដូចជា ពិបាក​ណាស់​តាម​ប៉ា​របស់​ខ្ញុំ​និយាយ​មក​គាត់​ពិបាក​សុំ​គេ​ដោយ​គេ​មិន​អនុគ្រោះ​ឱ្យ​យើង​ទៅ​ព្យាបាល​ទេ ហើយ​ខ្ញុំ​មាន​តែ​ទទូច​សុំ​ហើយ​សុំ​ទៀត​សុំ​ខាង​ពន្ធនាគារ​យក​គាត់​ទៅ​ព្យាបាល​ធ្មេញ​ផង បើ​លោក​មិន​ជឿ​ទៅ​សួរ​គាត់​ក៏​ដឹង​ដែរ ធ្មេញ​គាត់​យ៉ាង​មិច គាត់​ឈឺ​ដល់​កម្រិត​ណា លោក​គួរ​តែ​ដឹង​គួរតែ​យល់​ហើយ​យើង​ជា​ខ្មែរ​ដូច​គ្នា»។

ជំងឺ​មាត់​ធ្មេញ​របស់​លោក គង់ សំអាន បាន​ធ្វើ​ទុក្ខ​ជា​លើក​ទី២ ដោយ​លើក​ទី១ មន្ត្រី​ពន្ធនាគារ​បញ្ជូន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី កាលពី​ខែសីហា ឆ្នាំ២០២២ ក្រោយពេល​គ្រួសារ និង​ក្រុម​យុវជន​សង្គម​នាំគ្នា​ដាក់​ញត្តិ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ស្នើសុំ​ជួយ​អន្តរាគមន៍​កន្លងទៅ។

មនុស្ស​មួយ​ចំនួន​យល់​ថា​ជំងឺ​ធ្មេញ​ស្ដាប់​ទៅ​សាមញ្ញ តែ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​លើក​ឡើង​ថា ជំងឺ​មាត់​ធ្មេញ​មិនមែន​ជា​រឿង​តូចតាច​នោះ​ទេ ពីព្រោះ​ជំងឺ​មាត់​ធ្មេញ​អាច​ធ្វើ​ឱ្យ​មនុស្ស​ងាយ​រង​គ្រោះ ឬ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត​បាន បើ​សិន​អ្នកជំងឺ​មិន​ទទួល​បាន​ការ​ព្យាបាល និង​ថែទាំ​ឱ្យ​បាន​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​ទេ​នោះ។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​មិនទាន់​ទទួល​ព័ត៌មាន​ជុំវិញ​ជំងឺ​ធ្មេញ​របស់​លោក គង់ សំអាន នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​នឹង​សួរនាំ​មន្ត្រី​ពន្ធនាគារ​ត្រពាំងផ្លុង​ជុំវិញ​រឿង​នេះ។ ទោះ​យ៉ាង​ណា​ក្ដី លោក​អះអាង​ថា មន្ត្រី​របស់​លោក​តែងតែ​យកចិត្ត​ទុកដាក់​ចំពោះ​សុខភាព​អ្នកជាប់ឃុំ​ទាំងអស់​ដោយ​អាជ្ញាធរ​ពន្ធនាគារ​មិន​ទុក​បណ្ដាល​ឱ្យ​ពួកគេ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នោះ​ទេ។

លោក នុត សវនា៖«រឿង​ហ្នឹង​មានតែ​សួរ​ទៅ​មន្ត្រី​យើង​អំពី​ស្ថានភាព​ជាក់ស្ដែង​វា​យ៉ាង​ម៉េច ជួនកាល​គេ(មន្ត្រី)មាន​ហេតុផល​ដែរ បញ្ហា​ខ្លះ​គឺ​ដោយសារ​កង្វះ​មន្ត្រី​អ៊ីចឹង​ទៅ​ដោយ​អត់​មាន​អ្នកណា​ជូន​គាត់​ទៅ ឬ​ក៏​ស្ថានភាព​គាត់​ហ្នឹង​មិន​ធ្ងន់ធ្ងរ​ដូច​ការ​អះអាង​រហូត​ដល់​ថ្នាក់​ត្រូវ​បញ្ជូន​ចេញ​ទៅ​ក្រៅ ប៉ុន្តែ​យើង​សួរ​មើល​សិន​ថា​រឿង​ហ្នឹង​វា​យ៉ាង​ម៉េច»។

ទោះ​ជា​យ៉ាង​ណា ការ​បញ្ជូន​អ្នក​ជាប់ឃុំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រៅ​ពន្ធនាគារ​នេះ សាធារណជន និង​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​តែង​រិះគន់​អាជ្ញាធរ ចំពោះ​ការអនុវត្ត​មិន​ស្មើភាព​គ្នា​រវាង​អ្នក​ជាប់ឃុំ​ដោយសារ​មូលហេតុ​នយោបាយ និង​ឧក្រិដ្ឋជន ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ធំៗ ដែល​មាន​លុយ​មាន​អំណាច។ ចំណុច​មិន​ស្មើភាព​គ្នា​នោះ គឺ​ពួក​ឧក្រិដ្ឋ​ជន​ខ្លះ ទោះជា​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឃាតកម្ម ឬ​ជួញ​ដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ក៏​ដោយ ក៏​ពួកគេ​មិន​បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​តាម​អំណាច​សាលក្រម​របស់​តុលាការ​ដែរ។

ជា​ឧទាហរណ៍ ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​រឿង​ក្ដី​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពី​ឆ្នាំ ២០១៥ នោះ​បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​មិន​ដល់​មួយ​សប្ដាហ៍​ផង រួច​ក៏​ត្រូវ​បាន​គេ​បញ្ជូន​មក​ស្នាក់​នៅ​បន្ទប់​វីអាយភី (VIP) ក្នុង​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ​វិញ រហូត​ទាល់​តែ​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ខែវិច្ឆិកា ឆ្នាំ២០១៩។ រីឯ​បងប្រុស​បង្កើត​របស់​លោក គិត ម៉េង គឺ​លោក គិត ធាង វិញ តុលាការ​ក្រុងភ្នំពេញ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៤ឆ្នាំ ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​ជិត ៥០ គីឡូក្រាម ប៉ុន្តែ​លោក​ជាប់​ឃុំ​ប្រមាណ​កន្លះ​ខែ ក៏​ត្រូវ​បាន​គេ​បញ្ជូន​ឱ្យ​ទៅ​ស្នាក់​នៅ​ក្នុង​បន្ទប់​វីអាយភី (VIP) នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ពន្ធនាគារ​ដែរ រហូត​ទាល់​តែ​សាលាឧទ្ធរណ៍​កាត់តម្រឹម​ទោស​ត្រឹម ២ឆ្នាំ ហើយ​ដោះលែង​លោក​នៅ​ឆ្នាំ២០២១។ ឧកញ៉ា​ទាំង​ពីរ​រូប​អាច​រស់​នៅ​ក្រៅ​ពន្ធនាគារ​បាន​យូរ​តាម​ចិត្តចង់ ដោយសារ​តែ​ហេតុផល​សុខភាព​នេះ​ឯង។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា​ជន​ជាប់​ឃុំ​មាន​សិទ្ធិ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រួសារ មិត្តភ័ក្ដិ ជាពិសេស​មាន​សិទ្ធិ​ទទួល​បាន​សេវា​ថែទាំ​ព្យាបាល​ដោយ​គ្មាន​ការ​រើសអើស​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ លើកលែង​សិទ្ធិ​មួយ​ចំនួន​ដែល​តុលាការ​ដកហូត​តែ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា បើ​សិន​ជន​ជាប់​ឃុំ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ប៉ុស្តិ៍​សុខភាព​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​មិន​មាន​លទ្ធភាព​ព្យាបាល​បានទេ​នោះ អាជ្ញាធរ​ត្រូវ​បញ្ជូន​លោក គង់ សំអាន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជំនាញ​ខាងក្រៅ​ដើម្បី​ឱ្យ​គាត់​ទទួល​បាន​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ធ្មេញ​បាន​ត្រឹមត្រូវ។

លោក អំ សំអាត៖«បញ្ហា​ជំងឺ​មិន​ថា​ធ្មេញ ភ្នែក ត្រចៀក គឺ​វា​អាច​ក្លាយ​ទៅ​ជា​បញ្ហា​ទាំងអស់​ប៉ះពាល់​ដល់​សុខភាព អ៊ីចឹង​វា​ត្រូវ​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការ​ព្យាបាល បើ​សិន​ជា​ជំងឺ​ធ្មេញ​របស់​គាត់​តម្រូវ​ឱ្យ​ជួប​ពេទ្យ​ជំនាញ​ខាង​ធ្មេញ អា​ហ្នឹង​ខាង​ពន្ធនាគារ​អាច​ទាក់ទង​ព្រះរាជអាជ្ញា ឬ​អគ្គនាយកដ្ឋាន​ដើម្បី​បញ្ជូន​ទៅ​ពេទ្យ​ជំនាញ​ពិនិត្យ និង​ព្យាបាល»។

លោក គង់ សំអាន អាយុ ៧១ឆ្នាំ គឺជា​អតីត​គ្រូបង្រៀន និង​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុកមេមត់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ដើម​ខែកញ្ញា ឆ្នាំ២០២០។ តុលាការ​ខេត្តត្បូងឃ្មុំ​បាន​ផ្ដន្ទាទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ៧ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ ដោយ​សារ​លោក​បាន​គាំទ្រ​នយោបាយ​របស់​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង និង​ហូប​នំ​បញ្ចុក​ជុំ​គ្នា​ជាមួយ​សមាជិក​ដទៃ​ទៀត នៃ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​លោក​បាន​គាំទ្រ​ដំណើរ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៩។ កាល​ពី​ដើម​ឆ្នាំ២០២២ តុលាការ​កំពូល​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្តត្បូងឃ្មុំ ដែល​បាន​កាត់ទោស​ឱ្យ​លោក គង់ សំអាន ជាប់​ពន្ធនាគារ ៧ឆ្នាំ​ដដែល ដោយ​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា ជា​អ្នកទោស​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។