ប្រពន្ធមន្ត្រីបក្សភ្លើងទៀន លោក តូច ថឹង ដែលកំពុងជាប់ឃុំក្រោមហេតុផលនយោបាយរៀបរាប់រឿងអយុត្តិធម៌ ជាពិសេសលោកស្រីព្រួយបារម្ភអំពីស្ថានភាពជំងឺប្តីទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងពន្ធនាគារ។ មន្ត្រីសិទ្ធិមនុស្សទទូចដល់រដ្ឋាភិបាលដោះស្រាយជម្លោះនយោបាយដើម្បីផ្តល់សេរីភាពឲ្យពួកគាត់បានរស់នៅជួបជុំគ្នាឡើងវិញ។
គ្រួសារមន្ត្រីគណបក្សភ្លើងទៀនម្នាក់ដែលកំពុងជាប់ពន្ធនាគាររៀបរាប់ពីស្ថានភាពជំងឺប្តីលាយឡំការឈឺចាប់ និងការរស់នៅរងទុក្ខវេទនា។ ពួកគេអំពាវនាវដល់រដ្ឋាភិបាលបញ្ឈប់យកសមាជិកគ្រួសារពួកគាត់ធ្វើជាចំណាប់ខ្មាំងហើយងាកមកបញ្ចប់ជម្លោះនយោបាយឡើងវិញ។
ប្រពន្ធរបស់មន្ត្រីបក្សភ្លើងទៀនលោក តូច ថឹង គឺលោកស្រី ហាញ់ សុវណ្ណា រៀបរាប់ថា បើទោះបីជីវភាពខ្វះខាតយ៉ាងណាក្តី លោកស្រីតែងតែធ្វើដំណើរឡើងចុះពីភ្នំពេញទៅពន្ធនាគារឆ្ងាយដាច់ស្រយាលក្នុងខេត្តពោធិ៍សាត់ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តប្តីយ៉ាងហោចឱ្យបានពីរសប្តាហ៍ម្តង។ ប៉ុន្តែលោកស្រីឱ្យដឹងថា រយៈពេលចុងក្រោយនេះស្ថានភាពសុខភាពប្តីរបស់លោកស្រីបានចុះខ្សោយខ្លាំងដោយសារតែជំងឺភ្នែក ជំងឺលើសឈាម និងជំងឺបេះដូងធ្វើទុក្ខជាប្រចាំដែលត្រូវការពិនិត្យព្យាបាលពីគ្រូពេទ្យ។ លោកស្រីបារម្ភខ្លាចប្តីទ្រាំនឹងការឈឺចាប់លែងបាន អាចធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ ខណៈតុលាការនៅតែបន្តឃុំខ្លួនគាត់ជិត ១ឆ្នាំទាំងគ្មានកំហុស។
លោកស្រី ហាញ់ សុវណ្ណា៖ «បើសិនខាងតុលាការដោះលែងគាត់អាចធូររឿងនយោបាយ បើសិនគេមិនព្រមដោះលែងអ្នកទោសនយោបាយ អាហ្នឹងគឺនៅតែគាបសង្កត់ ខ្ញុំនៅតែទាមទារឱ្យដោះលែងគាត់នៅក្រៅឃុំពីព្រោះគាត់ចាស់ហើយ មិនមែននៅក្មេងទេ គាត់ព្រួយបារម្ភជំងឺភ្នែករបស់គាត់ ហើយគាត់រងាណាស់នៅពេលបញ្ជូនគាត់ទៅឃុំនៅជើងភ្នំអ៊ីចឹង ខ្ញុំសុំឱ្យដោះលែងគាត់នៅក្រៅឃុំ ខ្ញុំមិនសុំផ្ទេរមកព្រៃសវិញទេ»។
អាជ្ញាធរក្រុងភ្នំពេញបានចាប់ខ្លួនលោក តូច ថឹង រួមជាមួយមន្ត្រីបក្សភ្លើងទៀនពីររូបផ្សេងទៀតគឺ លោក ខឿន វីរ៉ាត់ និងអ្នកស្រី នូ សុទ្ធារី កាលពីខែមីនា ឆ្នាំ២០២៣ ក្រោយតុលាការក្រុងភ្នំពេញកាត់ទោសពួកគេឱ្យជាប់ពន្ធនាគារ២ឆ្នាំពីបទក្លែងបន្លំឯកសារក្នុងការបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១។ ការចាប់ខ្លួននេះ គឺ៦ម៉ោងមុនពេលតុលាការក្រុងភ្នំពេញកាត់ទោសលោក សៀម ភ្លុក ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ៦ខែ ក្នុងបទចោទដូចគ្នា។
មិនតែប៉ុណ្ណោះ មន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារកាលខែវិច្ឆិកា ឆ្នាំ២០២៣ បានវាយខ្នោះលោក តូច ថឹង រុញបញ្ចូលក្នុងឡាន ដឹកទៅឃុំនៅមណ្ឌលអប់រំកែប្រែម៤ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលបដិសេធបណ្តឹងស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ន។
ប្តីកំពុងជាប់ឃុំ ស្របពេលអាជ្ញាធរតាមគំរាមឱ្យឈប់ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបែបណាក្តី ក៏លោកស្រី ហាញ់ សុវណ្ណា មិនខ្លាចក្នុងការនិយាយរឿងអយុត្តិធម៌នោះឡើយ ដោយលោកស្រីនៅតែចាត់ទុកការចាប់ខ្លួន និងចោទប្រកាន់ប្តីលោកស្រីដាក់ពន្ធនាគារជិត ១ឆ្នាំ ឱ្យរស់នៅព្រាត់គ្នា រួមទាំងការបញ្ជូនប្តីទៅឃុំនៅតំបន់ព្រៃភ្នំឆ្ងាយពីគ្រួសារថា ជាការដាក់សម្ពាធផ្នែកនយោបាយដោយសារតែប្តីលោកស្រីមិនព្រមប្តូរឆន្ទៈទៅចុះចូលជាមួយគណបក្សកាន់អំណាច។
លោកស្រី ហាញ់ សុវណ្ណា៖ «ខ្ញុំព្រួយបារម្ភសម្ពាធផ្លូវចិត្តរបស់គាត់ ពីព្រោះគេគាបគាត់ឱ្យចុះចូលជាមួយគេ តែគាត់អត់ព្រមទើបគេបញ្ជូនគាត់ទៅហ្នឹង រឿងហ្នឹងជាប់ពាក់ព័ន្ធរឿងទោសនយោបាយហ្នឹងហើយ ការចោទបន្លំស្នាមមេដៃអីហ្នឹងខ្ញុំអត់យល់ស្របទេ រឿងនយោបាយមកធ្វើបាបចិត្តគាត់ ធ្វើបាបក្រុមគ្រួសារដោយបញ្ជូនគាត់ទៅឃុំនៅឆ្ងាយ»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ប្រាប់វិទ្យុអាស៊ីសេរីថា លោកពុំទាន់ដឹងច្បាស់អំពីស្ថានភាពសុខភាពលោក តូច ថឹង នៅឡើយទេ តែយ៉ាងណាលោកអះអាងថា ករណីបញ្ជូនលោក តូច ថឹង ទៅមណ្ឌលអប់រំកែប្រែ (ម៤) មិនជាប់ពាក់ព័ន្ធរឿងនយោបាយនោះទេ។ លោក នុត សវនា ជំរុញឱ្យគ្រួសារដាក់សំណើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ដើម្បីពិនិត្យដោះស្រាយរឿងនេះ។
លោក នុត សវនា៖ «បើមានសំណើយើងពិនិត្យហើយ យើងមិនដែលបោះចោលឯណា យើងធ្វើអ៊ីចឹងម៉េចកើតរឿងសេវាសាធារណៈ បើសិនមានពលរដ្ឋស្នើសុំអ្វីមួយមក យើងពិនិត្យជាក់ស្តែងតើយើងអាចធ្វើកិច្ចការហ្នឹងបានកម្រិតណា ដើម្បីបំពេញតាមការស្នើសុំនោះ ហ្នឹងមានបែបបទនីតិវិធីការងាររបស់គេ យើងមិនចេះតែនិយាយកើតឯណា»។
ចំណែកមេធាវីការពារក្តីឱ្យលោក តូច ថឹង គឺលោក សឺន ជុំជួន សោកស្តាយចំពោះអគ្គនាយកដ្ឋានពន្ធនាគារកាលពីពេលថ្មីៗនេះបានបដិសេធសំណើសុំផ្ទេរកូនក្តីរបស់លោកមកពន្ធនាគារព្រៃសវិញ ស្របពេលលោក តូច ថឹង បានសម្រេចមិនប្តឹងសាទុក្ខក្នុងសំណុំរឿងនេះដោយសារគាត់យល់ថាតុលាការគ្រប់ជាន់ថ្នាក់នឹងមិនផ្តល់យុត្តិធម៌ឡើយ។ លោក សឺន ជុំជួន ប្រាប់ថា នីតិវិធីបន្តទៀតលោកនឹងជជែកជាមួយកូនក្តី ដើម្បីរៀបចំលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយអន្តរាគមន៍ដោះលែងលោក តូច ថឹង ឱ្យបាននៅក្រៅឃុំ ដើម្បីទទួលបានការពិនិត្យព្យាបាលថែទាំជំងឺឱ្យបានត្រឹមត្រូវពីគ្រួសារ។
លោក សឺន ជុំជួន៖ «ក្រុមគ្រួសារ និងកូនក្តីរបស់ខ្ញុំ បានសម្រេចមិនប្តឹងសាទុក្ខទេ គឺគាត់មិនប្តឹងសាទុក្ខមានន័យថាគាត់ទទួលយកនូវអ្វីដែលជាការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដូច្នេះនីតិវិធីប្តឹងសាទុក្ខបានផ្លោះសិទ្ធិបាត់ទៅហើយ ប៉ុន្តែយើងអាចស្នើទៅក្រសួងមហាផ្ទៃដើម្បីស្នើសុំជួយអន្តរាគមន៍បន្ធូរបន្ថយ ពិនិត្យមើលស្ថានភាពជាក់ស្តែងលើសុខភាពរបស់គាត់ គឺយើងស្នើសុំបែបនេះបាន»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មើលឃើញថា សំណុំរឿងរបស់លោក តូច ថឹង ដូចទៅនឹងករណីសកម្មជនគណបក្សប្រឆាំងជាប់ឃុំដទៃទៀតដែរ គឺកើតចេញពីជម្លោះនយោបាយរវាងមេដឹកនាំគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងកន្លងទៅ។ លោកបន្តថា បើសិនស្ថានភាពនយោបាយមិនទាន់មានសញ្ញាវិជ្ជមានណាមួយនោះ យុត្តិធម៌សម្រាប់សកម្មជនបក្សប្រឆាំងអាចវែងឆ្ងាយដែលបញ្ហានេះធ្វើឱ្យសកម្មជនជាប់ឃុំទាំងនោះហាក់គ្មានជំនឿលើប្រព័ន្ធតុលាការតទៅទៀត។ លោក នី សុខា អំពាវនាវដល់អ្នកនយោបាយងាកមកចូលតុចរចាដោះស្រាយបញ្ហាជម្លោះដើម្បីបញ្ចៀសការរិះគន់ និងទណ្ឌកម្មពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
លោក នី សុខា៖ «ខ្ញុំគិតថា មានតែផ្លូវសម្របសម្រួលមួយដើម្បីឱ្យមានការធូរស្រាលខាងផ្លូវនយោបាយដោយគណបក្សនយោបាយទាំងអស់សហការគ្នា ជជែកគ្នាឆ្ពោះទៅរកការដណ្តើមអំណាចគ្នាតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេដែលអាចធ្វើឱ្យស្ថានភាពប្រទេសកម្ពុជាធូរស្រាល។ រឿងដល់សំណាក់កាលនេះមានតែសម្របសម្រួលតាមផ្លូវនយោបាយទេដែលអាចធ្វើឱ្យអ្នកនយោបាយជាប់ឃុំទាំងអស់មានសេរីភាពឡើងវិញបាទ»។
លោក តូច ថឹង អាយុ ៧៥ឆ្នាំ មានដើមកំណើតខ្មែរក្រោម។ លោកជាអតីតសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ចាម ហើយលោកក៏ជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ចាមរហូតអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារមកទល់បច្ចុប្បន្ននេះ។
អ្នកជំនាញសិទ្ធិមនុស្ស និងក្រុមប្រទេសប្រជាធិបតេយ្យធំៗតែងតែជំរុញដល់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ដោះលែងអ្នកជាប់ឃុំក្រោមហេតុផលនយោបាយ ដើម្បីបង្ហាញពីឆន្ទៈពិតប្រាកដក្នុងការស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។ ប៉ុន្តែមកទល់ពេលនេះ លោក ហ៊ុន ម៉ាណែត នៅមិនទាន់បង្ហាញជំហរដោះស្រាយបញ្ហាសំខាន់ៗ ដូចជាវិបត្តិនយោបាយ បញ្ហាប្រព័ន្ធយុត្តិធម៌នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។