ក្រុមគ្រួសារ ចាត់ទុកថាការផ្ដន្ទាទោសមកលើលោក ថាច់ សេដ្ឋាឱ្យជាប់ពន្ធនាគារ ៣ឆ្នាំបន្ថែមទៀត ដោយសាលាដំបូងរាជធានីភ្នំពេញនៅពេលនេះ គឺជារឿងអយុត្តិធម៌ និងជាការធ្វើបាបគ្រួសារ ខណៈមេធាវីថា នឹងបន្តប្ដឹងទៅសាលាឧទ្ធរណ៍ប្រឆាំងទៅនឹងសាលក្រមនេះ។ មន្ត្រីសង្គមស៊ីវិលសោកស្ដាយដែលអាជ្ញាធរកម្ពុជាចាត់ទុកការប្រើប្រាស់សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋដែលគាំពារដោយច្បាប់ជាតិ និងអន្តរជាតិគឺជាបទល្មើស។
ការទាមទារយុត្តិធម៌ពីក្រុមគ្រួសារ និងមេធាវីរបស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋានេះ ក្រោយសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៨ ខែតុលា ប្រកាសសាលក្រមផ្ដន្ទាទោស លោក ថាច់ សេដ្ឋា ដែលកំពុងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ក្រោមបទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គម និងបទញុះញង់ឱ្យមានការរើសអើងពូជសាសន៍តាមមាត្រា ៤៩៤ ៤៩៥ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ។
ក្រោយចៅក្រមជំនុំជម្រះ លោកស្រី ឈុន ដាវី ប្រកាសសាលក្រមផ្ដន្ទាទោសនេះ លោក ថាច់ សេដ្ឋា បានប្រាប់ទៅកាន់មន្ត្រីអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា មន្ត្រីសហភាពអឺរ៉ុប និងមន្ត្រីស្ថានទូតអាល្លឺម៉ង់ដែលកំពុងចូលរួមឃ្លាំមើលការប្រកាសសាលក្រមនៅក្នុងបន្ទប់សវនាការ ឱ្យជួយសង្គ្រោះប្រជាធិបតេយ្យនៅកម្ពុជា។
លោក ថាច់ សេដ្ឋាថ្លែងថា៖«សូមលោកជួយសង្គ្រោះប្រជាធិបតេយ្យនៅកម្ពុជាផង លោកឃើញផ្ទាល់ភ្នែក ឮផ្ទាល់ត្រចៀកពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
ក្រោយចេញពីសវនាការសហមេធាវី ដែលការពារក្ដីឱ្យលោក ថាច់ សេដ្ឋា គឺលោកបណ្ឌិត សឺន ជុំជួន មានប្រសាសន៍ថា តាមរយៈការសួរដេញដោលក្នុងសវនាការ និងតាមរយៈអង្គហេតុ លោករំពឹងថា កូនក្ដីរបស់លោកបានរួចពីបទចោទ។ បណ្ឌិត សឺន ជុំជួន ចាត់ទុកការផ្ដន្ទាទោសនេះថា ជារឿងអយុត្តិធម៌ ហើយលោកជឿថា សាធារណជននឹងយល់ឃើញបែបនេះដែរ។
លោក សឺន ជុំជួន៖«ធម្មតាទុកឱ្យប្រជាពលរដ្ឋអ្នកស្ដាប់ អ្នកតាមដានវិនិច្ឆ័យថា យុត្តិធម៌ ឬអយុត្តិធម៌សម្រាប់កូនក្ដីខ្ញុំ សម្រាប់ខ្ញុំជាសហមេធាវីមិនសប្បាយចិត្តទេ ដោយផ្អែកទៅតាមអង្គហេតុ ដែលយើងបានពិភាក្សា ដេញដោលកន្លងមកពីថ្ងៃទី២១ គឺយើងពិបាកទទួលយកណាស់»។
ក្នុងពេលសួរដេញដោលក្នុងសវនាការកន្លងទៅ តំណាងអយ្យការ លោក សេង ហៀង បានចោទប្រកាន់ថាការដែល លោក ថាច់ សេដ្ឋា លើកឡើងនៅវេទិកាជាមួយពលករកូរ៉េកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ អំពីប្រវត្តិគណបក្សប្រជាជន ស្តូបមិត្តភាពកម្ពុជាវៀតណាម និងប្រវត្តិ ៧មករា នេះគឺជាអំពើទុច្ចរិត និងមានគោលបំណងបញ្ឆេះកំហឹងដល់ពលរដ្ឋឱ្យស្អប់គណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាល និងមានចេតនាកេងចំណេញនយោបាយមុនការបោះឆ្នោតខិតចូលមកដល់។
ឆ្លើយតបនឹងសំនួររបស់តំណាងអយ្យការនេះ លោក ថាច់ សេដ្ឋា បានអះអាងថាក្នុងនាមរូបលោកជាអ្នកនយោបាយ និងជាអតីតគ្រូប្រវត្តិសាស្ត្រផង បើមិនឱ្យលោកនិយាយរឿងប្រវត្តិសាស្ត្រ តើឱ្យលោកនិយាយរឿងកំប្លែងឬយ៉ាងណា។ លោក ថាច់ សេដ្ឋា បន្ថែមទៀតថា ការដែលលោកនិយាយពីប្រវត្តិសាស្ត្រ ដើម្បីឱ្យកូនខ្មែរមានស្មារតីភ្ញាក់រលឹក មានស្មារតីជាតិនិយម និងដឹងពីល្បិចកលរបស់ប្រទេសជិតខាង ដែលលោកសំដៅដល់ប្រទេសវៀតណាម ដែលព្យាយាមបំបែកបំបាក់ខ្មែរ។
ក្រៅពីសំណុំរឿងញុះញង់នេះ លោក ថាច់ សេដ្ឋា កាលពីថ្ងៃទី២១ ខែកញ្ញា ត្រូវបានបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈ ១៨ខែ ក្នុងសំណុំរឿងចេញសែកស្អុយ ឬសែកអត់ប្រាក់។ បើសរុបទាំងទោសមុន និងក្រោយ លោក ថាច់ សេដ្ឋា ដែលជាអ្នកនយោបាយប្រឆាំងដើមកំណើតខ្មែរក្រោមរូបនេះ ត្រូវបានតុលាការផ្ដន្ទាទោសជាប់ពន្ធនាគារចំនួន ៤ឆ្នាំកន្លះ។
លោកបណ្ឌិត សឺន ជុំជួន ថា ចំពោះករណីផ្ដន្ទាទោសកូនក្ដីសំណុំរឿងចេញសែកស្អុយ លោក និងមេធាវីផ្សេងទៀត បានប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍រួចទៅហើយ ចំណែកសំណុំរឿងញុះញង់នេះលោក គ្រោងនឹងប្ដឹងទៅសាលាឧទ្ធរណ៍ឆាប់ៗ នេះដែរ។
ដោយឡែកប្រពន្ធលោក ថាច់ សេដ្ឋា គឺ លោកស្រី ថាច់ សុខបូរ៉ានី យំបណ្ដើរ និយាយបណ្ដើរថាការសម្រេចរបស់តុលាការនេះ គឺជារឿងអយុត្តិធម៌ និងជាបំបែកបំបាក់មកលើគ្រួសារលោកស្រី។ លោកស្រី ថាច់ សុខបូរ៉ានី ថា ប្ដីលោកស្រីជាអ្នកស្នេហាជាតិ និងនិយាយតែការពិត មិនបានប្រព្រឹត្តបទញុះញង់ដូចការចោទប្រកាន់នេះទេ។
លោកស្រី ថាច់ សុខបូរ៉ានី៖«ឱ្យពួកខ្ញុំបែកបាក់គ្រួសារ ដាក់បន្ទុកនេះ ដាក់បន្ទុកនោះគ្រប់សព្វបែបយ៉ាងទាំងអស់លើប្ដីខ្ញុំ អយុត្តិធម៌មកលើប្ដីខ្ញុំ គាត់អាយុ ៧០ឆ្នាំ គាត់ចាស់ហើយជំងឺបេះដូចទៀត»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះ ពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេ នៅថ្ងៃទី១៨ តុលា។ ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចុចបិទទូរស័ព្ទ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា សោកស្ដាយ ដែលតុលាការក្រុងភ្នំពេញសម្រេចផ្ដន្ទាទោសអ្នកនយោបាយ ដោយគ្រាន់តែប្រើប្រាស់សិទ្ធិបញ្ចេញមតិ ត្រូវបានចោទជាបទល្មើសទៅវិញ។ លោក នី សុខា ថា ករណីរឹតត្បិតសេរីភាពទាំងនេះហើយ ដែលសហគមន៍អន្តរជាតិវាយតម្លៃពីការបន្តធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ហើយពលរដ្ឋជាអ្នករងគ្រោះទៅវិញ។
លោក នី សុខា៖«ការប្រើប្រាស់សិទ្ធិសេរីភាពរបស់អ្នកនយោបាយ គឺជាសេរីភាពមួយ ដែលធានា នៅក្នុងច្បាប់គាត់ចោទអ្នកនយោបាយពីបទញុះញង់ ក្នុងការប្រើប្រាស់សេរីភាពបញ្ចេញមតិ គឺជារឿងមួយ ដែលហាក់បីដូចជាដំណើរការប្រជាធិបតេយ្យ យើងនៅមានបញ្ហា។ ហេតុនេះហើយបានជាគេមើលឃើញពីការធ្លាក់ចុះ នៃដំណើរការប្រជាធិបតេយ្យ»។
ភ្លាមៗនោះដែរ នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ការផ្ដន្ទាទោសនេះ គឺជារឿងដ៏ហួសចិត្ត និងមិនអាចទទួលយកបាន ដោយគ្រាន់តែលោក ថាច់ សេដ្ឋា ប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ខ្លួន។
លោក ហ្វីល រ៉ូប៉ឺតសុន បន្ថែមថា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺជាអ្នកដឹកនាំផ្ដាច់ការដូចគ្នា ទៅនឹងឪពុករបស់លោក ដូច្នេះ មន្ត្រីកម្ពុជា និងសម្ព័ន្ធមិត្តក្នុងសហគមន៍អន្តរជាតិ ដែលយល់ថា លោក ហ៊ុន ម៉ាណែត មានចរិតស្លូតបូត នោះគឺផ្ទុយពីការពិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
