លោក ថាច់ សេដ្ឋា រំពឹងថា សាលាឧទ្ធរណ៍នឹងជម្រះក្ដីដោយយុត្តិធម៌និងដោះលែងលោកវិញ
2024.01.22
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ដែលកំពុងជាប់ឃុំរំពឹងថា សាលាឧទ្ធរណ៍ភ្នំពេញនឹងជំនុំជម្រះក្ដីដោយឯករាជ្យ និងឥតលម្អៀងដើម្បីផ្តល់យុត្តិធម៌ ហើយដោះលែងលោកឱ្យមានសេរីភាពឡើងវិញ។ ការលើកឡើងនេះនៅមុនពេលសាលាឧទ្ធរណ៍គ្រោងបើកសវនាការជំនុំជម្រះក្ដីលើបណ្តឹងជំទាស់របស់ លោក ថាច់ សេដ្ឋា នៅថ្ងៃទី២២ ខែមករា។
អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា នៅតែអះអាងថា លោកមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញឡើយ។ លោក និងមេធាវីការពារក្តីសង្ឃឹមថាសាលាឧទ្ធរណ៍ភ្នំពេញនឹងមានការប្រែប្រួលក្នុងការសម្រេចក្តីប្រកបដោយយុត្តិធម៌ គឺខុសពីសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមនាពេលកន្លងមក។
មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា គឺលោក សឺន ជុំជួន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ ខែមករាថា កូនក្តីរបស់លោកនៅតែបដិសេធការចោទប្រកាន់ក្នុងរឿងចេញសែកស្អុយ ឬអត់ប្រាក់ និងរឿងផ្សេងទៀតកន្លងទៅដែលគ្មានមូលដ្ឋានត្រឹមត្រូវ។ លោកសង្ឃឹមថា សាលាឧទ្ធរណ៍ភ្នំពេញនឹងផ្តល់ភាពស្អាតស្អំដល់កូនក្តីរបស់លោកដោយទម្លាក់ការចោទប្រកាន់ និងដោះលែងឱ្យមានសេរីភាពដើម្បីវិលត្រឡប់ទៅជួបជុំគ្រួសារឡើងវិញ ស្របពេលស្ថានភាពសុខភាពគាត់នៅក្នុងពន្ធនាគារកាន់តែយ៉ាប់យឺនពីមួយថ្ងៃទៅមួយថ្ងៃ។
លោក សឺន ជុំជួន៖ «ផ្អែកទៅលើភស្តុតាង និងអង្គហេតុគឺយើងគិតថា តុលាការនឹងពិចារណា និងមានសេចក្តីសម្រេចលើកលែងបទចោទទៅលើគាត់ (លោក ថាច់ សេដ្ឋា)យើងមានសង្ឃឹមជាធម្មតាទេ យើងជាសហមេធាវីការពារក្តីនៅតែមានសង្ឃឹមថា តុលាការនឹងពិចារណា»។
ការលើកឡើងនេះនៅមុនពេលក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញគ្រោងបើកសវនាការជំនុំជម្រះក្ដីសំណុំរឿងទី១របស់លោក ថាច់ សេដ្ឋា ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬការចេញសែកអត់ប្រាក់នៅរសៀលថ្ងៃទី២២ ខែមករា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង ដើម្បីសាកសួរជុំវិញរឿងនេះបានទេនៅថ្ងៃទី២១ ខែមករា។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា មានប្រសាសន៍ថា សំណុំរឿងរបស់លោក ថាច់ សេដ្ឋា បានដំណើរការមិនប្រក្រតីតាំងពីដំបូងដែលករណីនេះនាំឱ្យសាធារណជនទូទៅចាត់ទុកថាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ លោកយល់ឃើញថាស្ថានភាពនយោបាយនៅតែតានតឹងដូចសព្វថ្ងៃមន្ត្រីគណបក្សប្រឆាំងរូបនេះនឹងមិនទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងទទួលបានសេរីភាពឡើងវិញនោះទេ។
លោក នី សុខា៖ «ស្ថានភាពនេះក្នុងនាមក្នុងជាអ្នកឃ្លាំមើលតាមដានក្នុងរឿងហ្នឹងខ្ញុំមិនទាន់មានជំនឿ មិនទាន់សង្ឃឹមថា លោក ថាច់ សេដ្ឋា នឹងរួចខ្លួនឬក៏ទទួលបានយុត្តិធម៌ទេ ប៉ុន្តែយ៉ាងណាក្តីពួកយើងចង់ឃើញអ្នកនយោបាយស្រុះស្រួលគ្នា ចង់ឃើញអ្នកនយោបាយជាប់ឃុំត្រូវបានដោះលែងឱ្យមានសេរីភាពដើម្បីឱ្យគាត់មកប្រកួតប្រជែង ការកសាងប្រទេសជាមួយគ្នា ទោះបីគាត់នៅក្នុងគណបក្សជំទាស់ក៏ដោយក៏គាត់អាចជួយក្នុងការកសាងប្រទេសបានដែរ»។
លោក ថាច់ សេដ្ឋា វ័យ៧០ឆ្នាំ មានដើមកំណើតខ្មែរក្រោម ហើយលោកជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអនុប្រធានគណបក្សភ្លើងទៀន។ លោកត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
ការចាប់ខ្លួននេះធ្វើឡើងតាមបណ្ដឹងរបស់ក្រុមហ៊ុន រិនឆាយ ផនសប ដែលបានចោទលោក ថាច់ សេដ្ឋា ថា បានខ្ចីប្រាក់ពីក្រុមហ៊ុនមួយនេះចំនួន ២ម៉ឺនដុល្លារ កាលពីអំឡុងឆ្នាំ២០១១ និងឆ្នាំ២០១២ ខណៈម្ចាស់ក្រុមហ៊ុន លោក ហៃ វ៉ាន់រិន វិញត្រូវគេដឹងថា ជាមនុស្សដែលស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា និងគ្រួសារលោក ហ៊ុន សែន។
កាលពីខែកញ្ញា ឆ្នាំ២០២៣ តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ក្នុងសំណុំរឿងទី១ ទាក់ទងការចេញសែកស្អុយ ឬសែកអត់ប្រាក់ ទោះបីជាលោក ថាច់ សេដ្ឋា បានអះអាងនៅចំពោះមុខតុលាការថា លោកមិនបានចេញសែកអត់ប្រាក់ដូចការចោទប្រកាន់ក៏ដោយ។
បន្ថែមពីលើនេះមួយខែបន្ទាប់មកតុលាការដដែលបានផ្ដន្ទាទោស លោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារបីឆ្នាំថែមទៀតក្នុងសំណុំរឿងថ្មីពីរផ្សេងគ្នា គឺពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើងពូជសាសន៍» ទាក់ទងលោកនិយាយពីប្រវត្តិគណបក្សប្រជាជនកម្ពុជា ស្តូបមិត្តភាពកម្ពុជាវៀតណាម និងប្រវត្តិ៧មករានៅក្នុងវេទិកាជាមួយអ្នកគាំទ្រនៅក្រៅប្រទេសកាលខែមករា ឆ្នាំ២០២៣។ ចំណែកសហគមន៍ជាតិ និងអន្តរជាតិទាមទារឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្រប់ទំរង់ជាបន្ទាន់ និងអំពាវនាវឲ្យដោះលែងលោក ថាច់ សេដ្ឋា និងសកម្មជននយោបាយដទៃទៀតដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។