ចៅសង្កាត់រងទី២ ជាប់ឆ្នោតពីខាងគណបក្សភ្លើងទៀននៅរាជធានីភ្នំពេញម្នាក់ រិះគន់ក្រសួងសុខាភិបាលថា លុបឈ្មោះលោកចេញពីក្របខណ្ឌមន្ត្រីរាជការ ដោយអយុត្តិធម៌។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានលុបឈ្មោះសកម្មជនបក្សភ្លើងទៀនរូបនេះ ចេញពីក្របខណ្ឌក្រសួងសុខាភិបាល កាលពីថ្ងៃទី២១ មិថុនា ដោយសារតែលោកចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន។
ចៅសង្កាត់រងទី២ សង្កាត់ច្បារអំពៅ១ ជាប់ឆ្នោតខាងគណបក្សភ្លើងទៀន លោក កែវ សុមុនី លើកឡើងថា ក្រសួងសុខាភិបាលបានលុបឈ្មោះលោកចេញពីក្រខណ្ឌមន្ត្រីរាជការ កាលពីថ្ងៃទី២១ មិថុនា ក្រោមហេតុផលថា បានធ្វើខុសវិធានវិន័យ។ លោក កែវ សុមុនី ចាត់ទុកការលុបឈ្មោះលោកចេញពីក្របខ័ណ្ឌនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
អតីតមន្ត្រីនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន លោក កែវ សុមុនី ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី២២ ខែមិថុនាថា ការលុបឈ្មោះលោកចេញពីក្របខ័ណ្ឌគឺ មានភាពមិនប្រក្រតី និងខុសទៅនឹងនីតិវិធីច្បាប់សហលក្ខន្តិក្កៈមន្ត្រីរាជការ ចំពោះវិធានការវិន័យ ដែលមិនច្បាស់លាស់។ លោក បន្តថា នៅពេលលោកឈរឈ្មោះជាបេក្ខជនតំណាងគណបក្សភ្លើងទៀនលោកបានសុំអនុញ្ញាត ដោយមាន លិខិតសុំច្បាប់ត្រឹមត្រូវទៅអង្កភាពរួចហើយ។ លោក កែវ សុមុនី ចាត់ទុកទង្វើនេះ ពាក់ព័ន្ធនយោបាយច្រើនជាងការអនុវត្តច្បាប់៖ «ក្នុងនាមជាមន្ត្រីរាជការ ត្រូវមានការណែនាំដោយផ្ទាល់មាត់ ការពិន័យជាលាយលក្ខណ៍អក្សរអ៊ីចឹង ម្តង ជាពីរដងអ៊ីចឹង មុនឈានដល់ការលុបហាស់បាទ។ ហីនេះអត់មានបានចូលដំណឹងយើងទេ ឈានដល់ការលុបតែម្តង។ បាទជាការមួយធ្វើឡើងដោយមិនមានការឆ្លុះបញ្ចាំងឱ្យបានគ្រប់ជ្រុងជ្រោយ យើងមិនដឹងថា " កំហុសហ្នឹងកំហុសអី វាខុសបែបណា ប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍ គឺទាក់ទង និងខ្ញុំមកឈរជាបេក្ខជនចៅសង្កាត់ច្បារអំពៅទី១ និងហាស់របស់គណបក្សភ្លើងទៀនហ្នឹង អាហ្នឹងខ្ញុំគិតថា អាចជាបញ្ហា នៃការលុបហ្នឹងដែរ យើងបានសុំច្បាប់ពិសេសហើយ ច្បាប់ពិសេសហ្នឹងស៊ីញេ ( ហត្ថលេខា ) ប្រធានអង្គភាព ស៊ីញេទៅអគ្គនាយក ប៉ុន្តែអាហ្នឹងអត់ទាន់ផ្លូវច្បាប់ទេ ដល់ស៊ីញេដល់រដ្ឋមន្ត្រីបានផ្លូវច្បាប់ចឹងហាស់ គាត់ហៅមកប្រាប់ដែរ តែយើងក៏អត់បានទៅចូលក្រុមឃោសនាដែរ នៅសល់ពេលប្រហែលជា ១អាទិត្យជាងទៀតនោះ។ មានបានឃោសនាណានៅអង្គុយចាំកន្លែងរហូតហ្នឹង។ យ៉ាងណាក៏ដោយ ក៏ឆ្លៀតឃោសនាចុងៗ ម៉ោង ក្រៅម៉ោងរដ្ឋបាលអ៊ីចឹងទៅណា៎»។
លោកស្នើរដ្ឋមន្ត្រីក្រសួងសុខាភិបាលឱ្យពិនិត្យករណីនេះឡើងវិញ ព្រោះលោកមិនធ្លាប់បានប្រព្រឹត្តកំហុសវិន័យអ្វីធ្ងន់ធ្ងរនោះទេ។
លោក កែវ សុមុនី ជាចៅសង្កាត់រងទី២ ច្បាប់អំពៅ១ ជាប់ឆ្នោតគណបក្សភ្លើងទៀន។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បតិ្ត មិនធ្វើអត្ថាធិប្បាយរឿងនេះទេ ដោយអ្នកស្រីប្រាប់ថា កំពុងជាប់ប្រជុំ។
ប៉ុន្តែនៅក្នុងប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២១ មិថុនា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង សម្រេចលុបឈ្មោះលោក កែវ សុមុនី ចេញពីក្របខណ្ឌក្រសួងសុខាភិបាល។ ក្រសួងបានបញ្ជាក់ថា ការលុបឈ្មោះលោក កែវ សុមុនី បានប្រព្រឹត្តខុសវិធានការវិន័យមន្ត្រីរាជការ ប៉ុន្តែមិនបានបញ្ជាក់លំអិតកំហុសអ្វីឡើយ ។
សង្គមស៊ីវិលចាត់ទុកការលុបឈ្មោះមន្ត្រីរាជការលោក កែវ សុមុនី នេះថា ជារឿងអយុត្តិធម៌ និងជាការគំរាមកំហែង បំបិទសិទ្ធិសេរីភាពក្នុងការចូលរួមនយោបាយរបស់លោក។
ប្រធានផ្នែកទទួលបន្ទុកទូទៅនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា កម្ពុជាមានច្បាប់ស្តីពីលក្ខន្តិក្កៈមន្ត្រីរាជការស៊ីវិល ដែលមាននីតិវិធីនៃការលុបឈ្មោះ និងវិធានវិន័យផ្សេង ត្រូវធ្វើឡើងស្របទៅតាមច្បាប់។ លោកបន្តថា ក្រសួងសុខាភិបាល ត្រូវបញ្ជាក់ឱ្យជាក់លាក់ពីកំហុស ឬវិធានវិន័យច្បាស់លាស់ ដើម្បីកុំឱ្យសារធារណជន គិតថា ជាការរើសអើង នៃការចូលរួមគណបក្សនយោបាយ ហើយសាម៉ីខ្លួនក៏មិនអស់ចិត្តចំពោះការលុបឈ្មោះនេះ៖ «វាហាក់បីដូចជាគាត់មិនទាន់មានកំហុសណាមួយ ដែលត្រូវបានបង្ហាញឱ្យបានសមរម្យ និងសមហេតុផលទេ អាហ្នឹងហើយ ដែលធ្វើឱ្យសាមីខ្លួន មិនពេញចិត្ត ហើយគិតថា អាចមកពីគាត់ហ្នឹង ទៅចូលរួមជីវភាពនយោបាយនៃគណបក្សភ្លើងទៀន បានមានការលុបឈ្មោះចេញពីមន្ត្រីរាជការស៊ីវិលអីអ៊ីចឹងទៅ ។ អ៊ីចឹងក្នុងការលុបឈ្មោះនៅពេលនេះ គឺទាមទារឱ្យមានការបង្ហាញហេតុផលឱ្យច្បាស់លាស់ បើមិនអ៊ីចឹងទេ យើងឃើញថា ក្រោយការបោះឆ្នោតឃុំសង្កាត់មកនេះ យើងដឹងហើយថា មានមកដល់ឥឡូវ គឺមាន ២នាក់ហើយ ដែលត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រី មួយចេញពីមន្ត្រីរាជការស៊ីវិលហ្នឹង មួយទៀតចេញពីក្របខ័ណ្ឌនគរបាលជាតិ»។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះសាររិះគន់ព្រោងព្រាតថា ជាការលុបក្របខ័ណ្ឌមន្ត្រីរាជការរបស់លោក កែវ សុមុនី ជារឿងមិនសមហេតុផល ព្រោះសាម៉ីខ្លួនមិនបានប្រព្រឹត្តខុសច្បាប់ ឬទណ្ឌកម្មវិន័យអ្វីដូចការចោទប្រកាន់របស់ក្រសួងនោះទេ ហើយថា ការលុបឈ្មោះ គឺជាការគំរាមកំហែងទៅដល់សិទ្ធិរបស់លោកក្នុងការចូលរួមនយោបាយ និងជាការរំលោភច្បាប់សហលក្ខន្តិកៈរបស់មន្ត្រីរាជការ។
ករណីនេះ ក៏ស្រដៀងករណីអតីតគ្រូពេទ្យ លោក ខឹម មុនីកុសល អតីតអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងជាមន្ត្រីនៅការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ត្រូវបានលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បណ្តេញចេញពីក្របខ័ណ្ឌ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រោមមូលហេតុ «ប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ» ពាក់ព័ន្ធរឿងលោក ខឹម មុនីកុសលបង្ហោះសារនៅលើហ្វេសប៊ុកថា «មន្ត្រីស្ថាប័នពាក់ព័ន្ធ ដែលចុះប្រចាំការនៅមណ្ឌលចត្តាឡីស័កនៅមន្ទីរបក្សខេត្តប៉ៃលិនមិនជួយធ្វើការងារគ្រូពេទ្យខ្លះនោះទេ ប៉ុន្តែនាំគ្នាអង្គុយលេង Facebook ក្នុងតង់ និងថតរូបបង្អួតគេឯងទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។