ព្រះរាជអាជ្ញាស្នើ​តុលាការ​ឱ្យ​ចេញ​ដីកា​ឃុំ​ខ្លួន​លោក កឹម សុខា ជា​លើក​ទី២ និង​ដាក់​ទោស​បន្ថែម

ដោយ យ៉ង ចាន់តារា
2022.12.21
ព្រះរាជអាជ្ញាស្នើ​តុលាការ​ឱ្យ​ចេញ​ដីកា​ឃុំ​ខ្លួន​លោក កឹម សុខា ជា​លើក​ទី២ និង​ដាក់​ទោស​បន្ថែម លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្រោយ​សវនាការ​សន្និដ្ឋាន​បញ្ចប់​លើ​អង្គ​សេចក្ដី​ហើយ នៅ​រសៀល​ថ្ងៃ​ទី២១ ធ្នូ ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ពេញ​មួយថ្ងៃ​នៅ​ថ្ងៃទី​២១ ខែ​ធ្នូ ដើម្បី​ស្ដាប់​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ពី​មេធាវី​លោក កឹម សុខា មេធាវី​រដ្ឋាភិបាល និង​សេចក្ដីសន្និដ្ឋាន​របស់​តំណាង​អយ្យការ ក្នុង​សំណុំរឿង​ក្បត់ជាតិ​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា។ មេធាវី​ការពារ​របស់​លោក កឹម សុខា បាន​ព្យាយាម​លើកឡើង​ពី​ភស្តុតាង​ដោះ​បន្ទុក​លោក កឹម សុខា និង​ស្នើ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​ការ​ចោទប្រកាន់​ពី​លោក កឹម សុខា។ ចំណែក​មេធាវី​រដ្ឋាភិបាល​ដែល​ភាគី​ដើមបណ្ដឹង បាន​ព្យាយាម​ដាក់បន្ទុក​លោក កឹម សុខា។ ដោយឡែក​តំណាង​អយ្យការ​ព្រះរាជអាជ្ញា​រង​លោក ប្លង់ សុផល បាន​ស្នើ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក​ចៅក្រម កូយ សៅ ឱ្យ​ចេញ​ដីកា​ឃុំខ្លួន​លោក កឹម សុខា ដាក់​ពន្ធនាគារ​ឡើង​វិញ។

តំណាង​អយ្យការ និង​មេធាវី​រដ្ឋាភិបាល បាន​បង្កើន​ការ​ដាក់​បន្ទុក​លើ​លោក កឹម សុខា ក្នុង​សវនការ​លើក​ទី​៦៣​។ តំណាង​អយ្យការ បាន​ស្នើ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក​ចៅក្រម កូយ សៅ ឱ្យ​ចេញ​ដីកាឃុំខ្លួន​លោក កឹម សុខា ដាក់​ពន្ធនាគារ លើក​ទី​២ និង​ស្នើ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឱ្យ​ដាក់ទោស​បន្ថែម​លើ​លោក កឹម សុខា។

តំណាង​អយ្យការ​ធ្លាប់​បាន​ស្នើ​ទៅ​តុលាការ​ឱ្យ​ចាប់ខ្លួន លោក កឹម សុខា ម្ដង​រួច​ហើយ​កាល​ពី​ខែ​មិថុនា ដោយ​ចោទប្រកាន់​ថា លោក កឹម សុខា បាន​ល្មើស​បម្រាម​តុលាការ​ដោយ​បាន​ធ្វើ​សកម្មភាព​នយោបាយ។

ចំណែក​មេធាវី​រដ្ឋាភិបាល​បាន​ព្រមាន​ប្ដឹង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក កឹម សុខា បន្ថែម​ទៀត​ដែរ នៅ​ក្រោយ​ពេល​តុលាការ​ប្រកាស​សាលក្រម​សំណុំរឿង​ក្បត់ជាតិ​នេះ​រួច​ហើយ។

ក្នុង​សវនាការ​នេះ មេធាវី​រដ្ឋាភិបាល បាន​ដាក់​សារណា​កម្រាស់​ជាង ៨០​ទំព័រ ដោយឡែក​សារណា​របស់​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា មាន​ត្រឹមតែ​២​ទំព័រ ប៉ុណ្ណោះ។

ប្រធាន​ចៅក្រម​ជំនុំជម្រះ​លោក កូយ សៅ បាន​ផ្ដល់​សិទ្ធិ​ទៅ​មេធាវី​ដើម​បណ្ដឹង​ធ្វើ​ការ​សន្និដ្ឋាន​នៅ​ពេល​ព្រឹក ចំណែក​មេធាវី​លោក កឹម សុខា ត្រូវធ្វើ​សេចក្ដីសន្និដ្ឋាន​នៅពេល​រសៀល​។ អ្នក​ឃ្លាំមើល​តុលាការ​រំពឹង​ថា តុលាការ​នឹង​ឆាប់​បិទ​បញ្ចប់​សំណុំ​រឿង​នេះ​ដើម្បី​អាច​ឱ្យ​លោក កឹម សុខា មាន​ឱកាស​ធ្វើ​នយោបាយ ឬ​អាច​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ​នេះ។

សារណា​ជា​លាយលក្ខណ៍អក្សរ​នេះ​មេធាវី​រដ្ឋាភិបាល បាន​ផ្ដោត​សំខាន់​លើ​ការ​ចោទ​ប្រកាន់​ថា លោក កឹម សុខា រៀប​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល។

សវនាការ​នេះ​ក៏​មាន​ការ​ឃ្លាំមើល​ពី​តំណាង​ស្ថានទូត​បរទេស និង​តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា តំណាង​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក និង​អ្នកសារព័ត៌មាន​ផង​ដែរ​។ ចំណែក​នៅ​ក្រៅ​របង​តុលាការ​អ្នកគាំទ្រ​លោក កឹម សុខា ប្រមាណ​៣០​នាក់ បាន​ផ្ដល់​កម្លាំងចិត្ត​ដល់​លោក កឹម សុខា ដូច​សវនាការ​លើក​មុនៗ​ដែរ​។ ដោយឡែក​សមត្ថកិច្ច​បា​ន​រឹត​បន្តឹង​សន្តិសុខ តឹងតែង​ជុំវិញ​បរិវេណ​តុលាការ។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉េង វីរៈ ដែល​មក​ឃ្លាំមើល​សវនាការ​នេះ រិះគន់​ថា ដំណើរការ​នៃ​ការ​កាត់​ក្ដី​សំណុំរឿង ដែល​អូស​បន្លាយ​ជាង​៥​ឆ្នាំនេះ​ធ្វើ​ឱ្យ​លោក កឹម សុខា រង​ភាព​អយុត្តិធម៌​។ លោក យ៉េង វីរៈ ចង់​ឃើញ​តុលាការ​ឆាប់ កាត់​ក្ដី​បញ្ចប់​សំណុំរឿង ហើយ​ផ្ដល់​ភាព​ស្អាតស្អំ​ដល់​លោក កឹម សុខា ឡើងវិញ។

លោក យ៉េង វីរៈ៖ «យូរ​មែនទែន​ខុស​ប្រក្រតី ហ្នឹង​ហើយ​មាន​ន័យ​ថា កាល​ណា​ដំណើរ​ក្នុង​ការ​រក​យុត្តិធម៌​យឺតយ៉ាវ​អូស​បន្លាយ​ពេល​វេលា អូស​បន្លាយ​យូរ​មាន​ន័យ​ថា ត្រូវ​បាន​គិត​ថា ចាត់​ទុក​ថា គឺ​អត់​ចង់​រក​យុត្តិធម៌​ឱ្យ​ទេ»

ស្រដៀង​គ្នា​នេះ​ដែរ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​មាន​ក្រុមការងារ​តាមដាន​សវនាការ​នេះ យល់​ថា សំណុំ​រឿង​នេះ​នៅតែ​ស្ថិត​ក្រោម​សម្ពាធ​ពី​អ្នក​នយោបាយ​ដដែល​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ យល់​ថា ប្រសិន​ការសម្រេច​ក្ដី​របស់​តុលាការ​ធ្វើឡើង​ក្នុង​ស្ថានភាព​មួយ​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ​នយោបាយ​គឺ​ពិបាក​រំពឹង​ថា លោក កឹម សុខា អាច​នឹង​រួចផុត​ការ​ចោទ​ប្រកាន់​ណាស់។ 

លោក អំ សំអាត៖ «បើ​យើង​យោង​ទៅ​មើល​សវនាការ​រាប់​ឆ្នាំ​កន្លង​មក​ដែល​ទាក់ទង​រឿង​យើង​ជា​អ្នក​តាមដាន ខ្លាច​ថា យើង​មើល​មិន​ឃើញ​យ៉ាងម៉េច​មិន​ដឹង ប៉ុន្តែ យើង​មើល​ទៅ​ហាក់​មិន​មាន​ភស្តុតាង​ឱ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការ​ចោទប្រកាន់​ទៅ​លើ​ឯកឧត្តម កឹម សុខា»

លោក កឹម សុខា រង​ការ​ចាប់ខ្លួន​ជាង ៥​ឆ្នាំ និង​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន កាលពី​ឆ្នាំ​២០១៧​។ មតិ​ជាតិ​និង​អន្តរជាតិ រិះគន់​ថា ការ​ចោទប្រកាន់​លើ​លោក កឹម សុខា គ្មាន​មូលដ្ឋាន​ច្បាប់ និង​ជំរុញ​ទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន គួរ​អនុញ្ញាត​ឱ្យ​លោក កឹម សុខា មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ដើម្បី​អាច​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ឆ្នាំ​២០២៣ ខាងមុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។