ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អះអាងថា មេដឹកនាំមកពីទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប បានប្តេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់អាស៊ីនិងអឺរ៉ុបឬហៅថា អាសឹម (ASEM) ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកល ដើម្បីដោះស្រាយបញ្ហាប្រឈមរួម។ អ្នកវិភាគនយោបាយថា កម្ពុជាអាចអនុវត្តការប្តេជ្ញាចិត្តនេះទៅបាន ទាល់តែរដ្ឋាភិបាលលោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយចៀសវាងការលម្អៀងខ្លាំងទៅរកតែប្រទេសចិន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញលទ្ធផលនៃកិច្ចប្រជុំកំពូលលើកអាស៊ី-អឺរ៉ុបលើកទី១ចំនួន៦ ចំណុច និងបង្ហាញនូវសុទិដ្ឋិនិយមថា លទ្ធផលដែលកើតចេញពីកិច្ចប្រជុំនេះ គឺជាធាតុចូលដ៏មានតម្លៃសម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM។
មេដឹកនាំរដ្ឋាភិបាលឯកបក្សរូបនេះ ឲ្យដឹងថា លទ្ធផលទាំង៦ចំណុចនោះរួមមាន៖អង្គប្រជុំ បានពេញចិត្តចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើនរបស់ ASEM កន្លងមក។ លោកបន្តថា អង្គប្រជុំ ក៏ប្ដេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ ASEMក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកលដើម្បីដោះស្រាយបញ្ហាប្រឈមរួម ហើយអង្គប្រជុំ ក៏បានគាំទ្រពេញទំហឹងចំពោះពហុភាគីនិយមដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។ លោកបញ្ជាក់ថា ការគោរពគ្នាទៅវិញទៅមក និងការយោគយល់គ្នាទៅវិញទៅមក និងជំនឿទុកចិត្តគ្នា គឺជាគោលការណ៍នាំផ្លូវសម្រាប់ ពហុភាគីនិយម៖ « ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ១៩ គឺជាអាទិភាពរួមរបស់យើងទាំងអស់គ្នា ក្នុងន័យនេះយើងបានសំដែងនូវការគាំទ្រចំពោះការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ផ្អែកលើវិធានច្បាប់ និងប្ដេជ្ញាការពារខ្សែច្រវាក់ផ្គត់ផ្គង់ដោយរលូន និងគ្មានការរាំងស្ទះ ដូចជាការជំរុញនូវឌីជីថលូបយនីកម្ម និងពិនិត្យមើលលទ្ធភាពនៃការបើកឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ »។
ក្រោយបិទកិច្ចប្រជុំពេញអង្គលើកទី១នេះ លោក ហ៊ុន សែន ក៏បានដឹកនាំកិច្ចប្រជុំកំពូលនេះចេញពីវិមានសន្តិភាពបន្តទៀតតាមតាមប្រព័ន្ធអនឡាញ (Online) នៅសៀលថ្ងៃទី២៦ ខែវិច្ឆិកា ។ នៅថ្ងៃទី ២ នេះ ក្រុមមេដឹកនាំអាស៊ី និងអឺរ៉ុប នឹងពិភាក្សាទៅលើបញ្ហាជំងឺកូវីដ១៩ ការស្តារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងមានកិច្ចប្រជុំចង្អៀតពាក់ព័ន្ធនឹងតំបន់អាស៊ី-អឺរ៉ុប បញ្ហាអន្តរជាតិ និងតំបន់ ព្រមទាំងការអនុម័តឯកសារស្ដីពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា ប្រមុខរដ្ឋាភិបាលដែលចូលរួមកិច្ចប្រជុំកំពូលនេះ អាចឯកភាពគ្នាទៅលើចំណុចគោលៗដែលលោក ហ៊ុន សែន លើកបង្ហាញនេះ ប៉ុន្តែខ្លឹមសារសំខាន់ដែលបានជជែកគ្នាដើម្បីសម្រេចបាននូវចំណុចគោលទាំងនេះ គឺលោក ហ៊ុន សែន មិនបានបង្ហាញនោះទេ។ លោកបន្តថា ប្រសិនបើប្រទេសណាមួយនៅតំបន់អាស៊ី រួមទាំងកម្ពុជាផង លំអៀងទៅរកមហាអំណាចមួយ និងមានការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាដើម នោះនឹងធ្វើឲ្យប៉ះពាល់ដល់ការពង្រឹងពហុភាគីនិយម និងដំណើរការ ASEM៖ «ពហុនិយមមានគោលប្រតិបត្តិរួម ហើយគោលប្រតិបត្តិ រួមនេះយើងដឹងតាមរយៈប្រធានអឺរ៉ុបគឺការបង្កើតការជឿទុកចិត្តគ្នា ការគោរពនូវសិទ្ធិមនុស្សជាមូលដ្ឋាន ច្បាប់អន្តរជាតិ ហើយនឹងលក្ខខណ្ឌប្រតិបត្តិប្រកបដោយតម្លាភាពជាដើម។ ដូច្នេះប្រសិនបើប្រទេសណាមួយ ឧទាហរណ៍ដូចកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នេះ មិនគោរពនូវគោលការណ៍ទាំងនេះ ម្ល៉ោះហើយមិនអាច ពង្រឹងនូវខ្លឹមសារពហុភាគីនិយមបានទេ ពីព្រោះពហុភាគីនិយមនេះគឺមានគោលប្រតិបត្តិរួម ដែលមិនមែនប្រទេសណាមួយ ចេះតែធ្វើអ្វីតាមចិត្តនោះទេ។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះមានរយៈពេលពីរ ថ្ងៃចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា។ កិច្ចប្រជុំកំពូលនេះ មានមេដឹកនាំកំពូលៗនៃប្រទេសតំបន់អាស៊ីនិងអឺរ៉ុបចំនួន៥១រូបចូលរួម ប៉ុន្តែមិនឃើញមានវត្តមានមេដឹកនាំរដ្ឋប្រហារយោធារបស់ប្រទេសភូមា ឬមីយ៉ាន់ម៉ា (Myanmar) លោក មីន អុងឡាំង (Min Aung Hlaing) នោះទេ។ រដ្ឋាភិបាលកម្ពុជា មិនទាន់បានបង្ហាញលទ្ធផល និងខ្លឹមសារលម្អិតនៃកិច្ចប្រជុំរយៈពេល២ថ្ងៃនេះទេ គិតត្រឹមល្ងាចថ្ងៃទី២៦ វិច្ឆិកា ប៉ុន្តែក្រោយពេលបិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះ នឹងមានការរៀបចំសន្និសីទព័ត៌មានរួមគ្នា ហើយនឹងផ្សព្វផ្សាយលទ្ធផលជាសាធារណៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។