ក្រសួងការបរទេស​ទទួល​ស្គាល់​ថា កម្ពុជា​មិន​មាន​ច្បាប់​ចែង​ដាក់​ទោស​ពលរដ្ឋ ដែល​មិន​ទៅ​បោះ​ឆ្នោត​ឡើយ

អ្នកនាំពាក្យក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិនៅ​ថ្ងៃ​ទី២៣ កក្កដា បាន​ចេញ​សេចក្តី​ថ្លែងការណ៍សម្តែង​ក្តី​សោក​ស្តាយ​យ៉ាង​ខ្លាំងចំពោះ​ការ​លើក​ឡើង​ចុង​ក្រោយ​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​អ្នកស្រី រ៉ូណា ស្មីត។ សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​នេះធ្វើ​ឡើង​ក្រោយ​ពី​អ្នកស្រី រ៉ូណា ស្មីត បាន​សម្តែង​ក្តី​បារម្ភ​អំពី​ការ​រំលោភ​ភាព​ស្រប​ច្បាប់​នៃ​ការ​ជ្រើសរើស​មិន​ទៅ​បោះ​ឆ្នោតនិង​ការ​គំរាម​កំហែង​ដក​ហូត​មិន​ផ្តល់​សេវា​សាធារណៈ ចំពោះ​អ្នក​ទាំង​ឡាយ​ណា ដែល​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាចនៅ​ថ្ងៃ​បោះ​ឆ្នោត​ថ្ងៃ​ទី២៩ កក្កដា។

អ្នកនាំពាក្យក្រសួងការបរទេស បាន​ចោទ​សួរ​អំពី​ពេល​វេលានិង​ហេតុផល​នៃ​ការ​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នកស្រី រ៉ូណា ស្មីត នេះ ដោយ​ចោទ​អ្នកស្រី រ៉ូណា ស្ម៊ីត ថា ធ្វើ​ឡើង​ដោយ​លម្អៀងនិង​មាន​លក្ខណៈ​បុរេនិច្ឆ័យក្នុង​បរិបទ​នៃ​ការ​បោះ​ឆ្នោត​ដ៏​រស៊ើប​មួយ​នៅ​កម្ពុជា។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​គូស​បញ្ជាក់​ថាការ​អំពាវនាវ​របស់​អ្នកស្រី រ៉ូណា ស្ម៊ីត នេះ ធ្វើ​ឡើង​ទំនង​ជា​ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ​របស់​លោក សម រង្ស៊ី និង​សមាជិក​គណបក្ស សង្គ្រោះ​ជាតិដទៃ​ទៀតក្នុង​អ្វី​មួយ​ដែល​ក្រសួង​ថាដើម្បី​ធ្វើ​វិទ្ធង្សនា​មិន​ចង់​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​តាម​បែប​ប្រជាធិបតេយ្យ​មួយ​នៅ​កម្ពុជាតាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោតក្នុង​ចំណោម​អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោតនិង​បង្រៀន​ពួក​គេ​អំពី​របៀប​ធ្វើ​ឲ្យ​ខូច​សន្លឹក​ឆ្នោតនៅ​ថ្ងៃ​បោះ​ឆ្នោត។

ទោះ​ជា​យ៉ាង​ណា​ក្ដីអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ទទួល​ស្គាល់ថាខុស​ពី​ប្រទេស​ដទៃប្រទេស​កម្ពុជាមិន​មាន​ច្បាប់​ចែង​ដែល​ត្រូវ​ដាក់​ទោស​ទណ្ឌ​ដល់​ពលរដ្ឋ​ទាំង​ឡាយ​ណា ដែល​មិន​ទៅ​បោះ​ឆ្នោត​នោះ​ទេ។ ក៏​ប៉ុន្តែច្បាប់​បោះ​ឆ្នោត​របស់​កម្ពុជាដាក់​ទោស​ទណ្ឌ​ចំពោះ​ជន​ទាំង​ឡាយ​ណាដែល​រារាំង​អ្នក​ដទៃ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោតដូច​មាន​ចែង​ក្នុង​មាត្រា ១៤២ នៃ​ច្បាប់​បោះ​ឆ្នោត។

លោក​មេធាវី ផែង ហេង ធ្លាប់​អះអាង​ថាការ​បញ្ចេញ​មតិ​អំពី​ការ​មិន​ចង់​ទៅ​បោះ​ឆ្នោត និង អំពាវនាវ​ឲ្យ​នរណា​ម្នាក់ មិន​ទៅ​បោះ​ឆ្នោតមិន​មែន​ជា​ការ​រារាំង​ដល់​ការ​បោះ​ឆ្នោត​នោះ​ឡើយលើក​លែង​តែ​ទៅ​ពាំង​ផ្លូវឬ​ទាញ​ដៃឬ​គម្រាម​កំហែង​ដោយ​ប្រការ​ណា​មួយ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។