គណបក្ស​ភ្លើងទៀន​ទទួល​លោក​ គង់ គាំ ជា​ទីប្រឹក្សា​ក្រោយ​គណបក្ស​ឆន្ទៈខ្មែរ​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន​

ដោយ ថា ថៃ
2022.10.04
Share on WhatsApp
Share on WhatsApp
គណបក្ស​ភ្លើងទៀន​ទទួល​លោក​ គង់ គាំ ជា​ទីប្រឹក្សា​ក្រោយ​គណបក្ស​ឆន្ទៈខ្មែរ​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន​ លោក គង់ គាំ ប្រធាន​កិត្តិយស​គណបក្ស​ឆន្ទៈខ្មែរ មក​ធ្វើ​ជា​ទីប្រឹក្សា​​គណបក្ស​ភ្លើងទៀន​ ក្រោយ​ពេល​​គណបក្ស​ឆន្ទៈខ្មែរ​បានចូលរួមជាមួយគណបក្សភ្លើងទៀនកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក Kong Korm

គណបក្ស​ភ្លើងទៀន​សម្រេច​ទទួល​យក​អ្នក​នយោបាយ​ជើងចាស់​​លោក​ គង់ គាំ​ មក​ធ្វើ​ជា​ទីប្រឹក្សា​គណបក្ស​ភ្លើងទៀន​ ក្រោយ​ពេល​គណបក្ស​ឆន្ទៈខ្មែរ​បានចូលរួមជាមួយគណបក្សភ្លើងទៀន។

សេចក្ដីថ្លែងការណ៍​គណបក្ស​ភ្លើងទៀន​ចុះ​ថ្ងៃ​ទី​៤ ខែ​តុលា ឱ្យ​ដឹង​ថា ការសម្រេច​នេះ​ក្រោយ​ពី​មានជំនួប​ពិភាក្សា​គ្នា​ជា​បន្តបន្ទាប់​រវាង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​ភ្លើងទៀន​ និង​គណបក្ស​ឆន្ទៈខ្មែរ​។ គណបក្ស​ភ្លើងទៀន ឱ្យ​ដឹង​ទៀត​ថា គណបក្ស​ភ្លើងទៀន ស្វាគមន៍​គណបក្ស​ឆន្ទៈខ្មែរ​ ដែល​សម្រេច​មិន​ដាក់​បញ្ជី​បេក្ខជន​​របស់​ខ្លួន​ក្នុង​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ អាណត្តិ​ទី៧​ ឆ្នាំ២០២៣​ ហើយ​សម្រេច​ចិត្ត​ចូលរួម​ជា​មួយ​គណបក្ស​ភ្លើងទៀន​ ជា​គណបក្ស​តែមួយ។

គណបក្ស​ភ្លើងទៀន​រំលឹក​ថា លោក​ គង់ គាំ​ ជា​មិត្ត​ចាស់​របស់​គណបក្ស​ភ្លើងទៀន ព្រោះ​លោក​គង់ គាំ ជា​អតីត​ស្ថាបនិក​គណបក្សជាតិខ្មែរ​ អតីត​ប្រធាន​គណបក្ស​ សមរង្ស៊ី​ និង​បច្ចុប្បន្ន​ជា​ប្រធាន​កិត្តិយស​គណបក្ស​ឆន្ទៈខ្មែរ​ ហើយ​ពេល​នេះលោក​ក៏​សម្រេច​មក​ចូលរួម​ជាថ្មីជា​មួយ​គណបក្ស​ភ្លើងទៀន។

គណបក្ស​ភ្លើងទៀន សម្រេច​ដូច្នេះ ក្រោយ​មួយ​ថ្ងៃ​ បន្ទាប់ពី​គណបក្ស​ឆន្ទៈខ្មែរ បាន​សម្រេច​ជាផ្លូវការ​ថា​ គណបក្ស​នេះ​ យល់​ព្រម​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន ដើម្បី​រួម​កម្លាំង​​ចូលរួម​ប្រកួតប្រជែង​​ការបោះឆ្នោត​នៅឆ្នាំ​២០២៣​ខាង​មុខ​។

គណបក្ស​ភ្លើងទៀន ដែល​​ទទួល​សំឡេង​ឆ្នោត​លំដាប់​ទី​២ បន្ទាប់​ពី​គណបក្ស​កាន់អំណាច​ ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​០៥​ថ្មីៗ​នេះ​ ក៏​ប្រកាស​ស្វាគមន៍​ដល់​អ្នក​ស្នេហាជាតិ អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​​ មកចូលរួមជាមួយ​គណបក្ស​ភ្លើងទៀន​ ដើម្បី​ជា​កម្លាំង​ចលករ​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ​ ឈាន​ទៅ​រក​ជ័យជំនះ​ ក្នុង​ការបោះឆ្នោត​ ជ្រើសតាំង​តំណាងរាស្ត្រ​ អាណត្តិទី៧​ឆ្នាំ​២០២៣​ ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។