អតីត​អ្នកទោស​មនសិការ​រៀបរាប់​ពី​ទុក្ខ​លំបាក​នៅ​ក្នុង​ពន្ធនាគារ

0:00 / 0:00

អតីត​អ្នកទោស​មនសិការ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឈប់​យក​ពន្ធនាគារ​ធ្វើជា​ទីកន្លែង​ធ្វើ​បាប​មនុស្ស​។ ពួកគេ​រំលឹក​ពី​ទុក្ខ​លំបាក​ទាំង​ផ្លូវកាយ​ទាំង​ផ្លូវចិត្ត ដោយសារ​រង​អំពើ​ហិង្សា រស់នៅ​ក្នុង​បន្ទប់​ចង្អៀត​ណែន ការ​ហូបចុក​មិន​គ្រប់គ្រាន់ និង​រង​ការរើសអើង​និន្នាការ​នយោបាយ។ ទោះជា​យ៉ាងណា មន្ត្រី​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ អះអាង​ថា គុក​នៅ​កម្ពុជា​មាន​អាហារ​ហូបចុក និង​កន្លែង​ដេក​ពួន​ហ្វ្រី (Free) រហូត​ដល់​ធ្វើ​ឱ្យ​ជនល្មើស​ច្បាប់​ខ្លះ​ចង់​ចូល​ទៅ​រស់នៅ ហើយ​មិន​ចង់​ចេញ​ទៅវិញ​ទៀត​ផង។

តើ​ការ​អះអាង​របស់​មន្ត្រី​ក្រសួង​មហាផ្ទៃ​នេះ ពិត​ប៉ុណ្ណា ?

ស្ថានភាព​អាក្រក់ និង​ភាព​មិន​ប្រក្រតី​នៅក្នុង​ពន្ធនាគារ​កម្ពុជា​ត្រូវ​បាន​អតីត​អ្នក​ទោស​នយោបាយ និង​សកម្មជន​សង្គម ទម្លាយ​ឱ្យ​ដឹង​ជា​បន្តបន្ទាប់ ក្រោយពេល​ពួកគេ​រួច​ផុត​ពី​ការ​ឃុំខ្លួន។

អតីត​អ្នកទោស​នយោបាយ​លោក ញ៉ែម វាន ដែល​ជាប់ឃុំ​រយៈពេល​ជាង​បី​ឆ្នាំ​រៀបរាប់​ថា ស្ថានភាព​ក្នុង​គុក​ដែល​លោក​ធ្លាប់​រស់​ពុំ​សម​នឹង​មនុស្ស​រស់នៅ​នោះ​ទេ​។ លោក​ថា អ្នកទោស​រង​ទុក្ខ​លំបាក​ទាំង​ផ្លូវកាយ​ទាំង​ចិត្ត។

លោក​ថា មាន​បញ្ហា​ជាច្រើន ក្នុង​នោះ​របប​អាហារ​ប្រចាំថ្ងៃ​គ្មាន​ជីវជាតិ និង​គ្មាន​អនាម័យ ខ្វះ​ទឹក​ប្រើប្រាស់ កើត​ជំងឺ​កមរមាស់ បន្ទប់​តូច​ចង្អៀត សេវា​សុខាភិបាល​មិន​គ្រប់គ្រាន់ និង​គ្មាន​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​អ្នក​ទោស​ជាដើម។

លោក ញ៉ែម វាន៖ «នៅក្នុង​ពន្ធនាគារ​យើង​ពិបាក​ណាស់ គ្មាន​សិទ្ធិ​អ្វី​និយាយ គ្មាន​សិទ្ធិ​ស្តាប់​ទទួល​បាន​ព័ត៌មាន​ពី​វិទ្យុ​ពី​ខាងក្រៅ​អត់​បាន​ទេ ការ​ជួប​បាន​គ្រួសារ និង​ប្រពន្ធ​ទេ បើ​ចោរ​(​អ្នកទោស​ចោរ​)ជួប​បងប្អូន​គេ​បាន​ទាំងអស់ បាន​ជួប​ហូបបាយ​ជុំគ្នា​អ៊ីចឹង​ទៅ ខ្ញុំ​វិញ​គឺ​កំណត់​ម៉ោង»។

លោក ញ៉ែម វាន ក៏បាន​រំឮក​រឿងរ៉ាវ​ឈឺចាប់​ដែល​លោក​ត្រូវ​បាន​អ្នកទោស​ដូចគ្នា​វាយ​ធ្វើបាប​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ ហូរឈាម​តាម​ត្រចៀក បាក់ឆ្អឹង​ជំនីរ និង​ជើង រហូតដល់​ក្អក​ធ្លាក់ឈាម និង​ដេក​ឈឺចាប់​មុខរបួស​ស្ទើរ​ស្លាប់​រាប់​ខែ។ ហេតុការណ៍​នេះ​កើតឡើង​នៅក្នុង​គុក​ត្រពាំង​ផ្លុង បន្ទាប់ពី​អាជ្ញាធរ​ផ្ទេរ​លោក និង​សកម្មជន​បក្ស​ប្រឆាំង​១៣​នាក់​ផ្សេងទៀត​ពី​គុក​ព្រៃ​ស​ទៅ។ លោក​បញ្ជាក់​ថា ពេលនោះ​បើសិន​គ្មាន​គ្រូពេទ្យ​អង្គការ​លីកាដូ (Licadho) ចូល​ទៅ​ពិនិត្យ​ព្យាបាល​ទាន់​ពេល​ទេ ម្ល៉េះ​លោក​មិន​មាន​ជីវិត​បាន​ជួប​ប្រពន្ធ​កូន​នៅ​ពេល​នេះ​ឡើយ​។ លោក​បន្ថែម​ថា សម្រាប់​អ្នក​ទោស​នយោបាយ សូម្បីតែ​សិទ្ធិ​ជួប​ជជែក​ជាមួយ​ក្រុម​គ្រួសារ ក៏​ត្រូវ​បាន​រឹតត្បិត​ផង​ដែរ។

លោក ញ៉ែម វាន៖ «ដល់​ពេល​ជាប់គុក​អ៊ីចឹង ខ្ញុំ​រៀបរាប់​វា​មិន​អស់​ទេ យើង​មិនដែល​ជាប់​គុក​ដោយ​មិន​ដឹង​ថា ជាប់​ពិបាក​ដល់​ថ្នាក់​ហ្នឹង​ដែរ ដល់​ខ្ញុំ​ជា​មនុស្ស​មិនដែល​ធ្វើ​អ្វី​មិន​គប្បី​នឹង​សង្គម​ទេ ហើយ​ខ្ញុំ​ក៏​មិន​ទៅ​និយាយ​ប្រមាថ​អ្នកណា​ដែរ ពីព្រោះ​ខ្ញុំ​ធ្វើ​ចង់​បាន​ប្រជាធិបតេយ្យ​កាល​នោះ ខ្ញុំ​មិន​ដឹង​ថា គេ​ខឹង​នឹង​ខ្ញុំ​រឿង​អ្វី ហើយ​ខ្ញុំ​ចុះ​ពីលើ​ឡាន គឺ​គេ​មក​វាយ​ខ្ញុំ​អ៊ីចឹង»។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ បញ្ជាក់​ថា គ្រួ​ពេទ្យ​អង្គការ​លីកាដូ ពិតជា​បាន​ទៅ​ព្យាបាល​របួស​ឱ្យ​លោក ញ៉ែម វាន នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​មែន។

ចំណែក​មេធាវី​លោក សំ សុគង់ ធ្លាប់​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កូន​ក្តី​របស់​លោក​បី​នាក់​ក្នុង​ចំណោម ១៤​នាក់​នៅ​គុក​ត្រពាំង​ផ្លុង ត្រូវ​បាន​អ្នក​ជាប់ឃុំ​ដូចគ្នា​វាយ​ធ្វើបាប ក្នុង​នោះ​លោក ញ៉ែម វាន រង​របួស​ធ្ងន់ធ្ងរ​ជាងគេ។ លោក​ថា នេះ​គឺជា​កំហុស​របស់​មន្ត្រី​ពន្ធនាគារ​ដែល​បណ្តោយ​ឱ្យ​កើតមាន​អំពើ​ហិង្សា​នោះ។

អតីត​អ្នកទោស​ម្នាក់​ទៀត គឺ​លោក ធន ច័ន្ធ ដែល​មាន​សេរីភាព​ឡើង​វិញ​នៅ​ឆ្នាំ​២០២២ ឱ្យ​ដឹង​ដែរ​ថា ការ​រៀបរាប់​ពី​ទុក្ខ​លំបាក​ក្នុង​ពន្ធនាគារ​របស់​លោក ញ៉ែម វាន និង​សកម្មជន​ផ្សេងទៀត​មិន​ខុស​នោះ​ទេ។ លោក​ថា ដោយសារ​មន្ត្រី​គ្រប់គ្រង​ពន្ធនាគារ​ដាក់​អ្នកទោស​ជាមួយគ្នា​ចង្អៀត​ណែន គឺ​ចាប់ពី​២៥ ទៅដល់​៣០​នាក់ ក្នុង​បន្ទប់​ដែល​មាន​ទំហំ ៤ គុណ​៥​ម៉ែត្រ ធ្វើ​ឱ្យ​អ្នកទោស​ភាគច្រើន​កើត​ជំងឺ​រមាស់ និង​ឆ្លង​គ្នា​ទៅវិញ​ទៅមក​។ លោក​បន្ត​ថា ចំពោះ​ម្ហូប​អាហារ​វិញ ប្រៀប​ដូចជា​ចំណី​សម្រាប់​ឱ្យ​សត្វ ហើយ​ខ្វះ​ទឹក​ប្រើប្រាស់​និង​គ្មាន​អនាម័យ​។ លើស​ពី​នេះ​លោក​ថា ឆ្មាំ​គុក​ឃ្លាំមើល​រាល់​សកម្មភាព​របស់​អ្នក​ទោស​នយោបាយ​ទៀត​ផង។

លោក ញ៉ែម វាន៖ «បើសិន​មន្ត្រី​ពន្ធនាគារ​ហ្នឹង​មាន​ឆន្ទៈ​មាន​មនសិការ​សម្រាប់​អ្នក​នៅ​ក្នុង​ពន្ធនាគារ វា​មិន​បាច់​លួចលាក់​បារី គ្រឿងញៀន គ្រឿង​ស្រវឹង យក​ទៅ​ចូលក្នុង​គុក​ហ្នឹង វា​ធ្វើ​ឱ្យ​ប្រសើរ​បាន​ទេ អ៊ីចឹង​ទាល់តែ​មាន​មេដឹកនាំ​ថ្មី គេ​មាន​ឆន្ទៈ​សម្រាប់​រឿង​ជាតិ​មាតុភូមិ រឿង​បញ្ហា​សុខភាព​ចំពោះ​អ្នក​នៅក្នុង​ហ្នឹង​ទើប​អាច​កែប្រែ​បាន»។

ក្នុង​អំឡុង​ឆ្នាំ​២០២០ លោក ញ៉ែម វាន និង​សកម្មជន​បក្ស​ប្រឆាំង​១៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​គ្រប់​ជាន់ថ្នាក់​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៥​ឆ្នាំ ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ទាក់ទង​ផែនការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩។ ប៉ុន្តែ​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា បាន​លើកលែង​ទោស​បន្ទាប់​ពី​ពួកគាត់​សរសេរ​លិខិត​សុំទោស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា មិន​ឆ្លើយ​តប​ទាក់ទង​នឹង​ការ​រឹតត្បិត​សិទ្ធិ​របស់​អតីត​អ្នក​ទោស​នយោបាយ​កន្លង​មក​នោះ​ទេ ដោយ​លោក​ថា រឿង​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពន្ធនាគារ​ត្រពាំង​ផ្លុង ឬ​មណ្ឌល​អប់រំ​កែប្រែម​៣។ ប៉ុន្តែ​លោក​ថា ពន្ធនាគារ​នៅ​កម្ពុជា​មិន​អាក្រក់​ពេក​ដូច​ការ​លើកឡើង​ក្នុង​របាយការណ៍​ខ្លះ​នោះ​ទេ។ លោក នុត សវនា ថែមទាំង​បន្ត​អះអាង​ថា មាន​អ្នក​ទោស​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ខ្លះ ពេញចិត្ត​រស់នៅ​ក្នុង​ពន្ធនាគារ​រហូត​ដល់​ពួកគេ​មិន​ចង់​ចេញពី​ទីនោះ​ទៀត​ផង ទោះបី​ដល់​ថ្ងៃ​ត្រូវ​ចេញ​ក៏​ដោយ​ចុះ ពីព្រោះ​តែ​នៅ​ទីនោះ​មាន​កន្លែង​ដេក​ស្រួល និង​អាហារ​ហូបចុក​ស្រាប់។

លោក នុត សវនា៖ «អ្នក​ជាប់គុក​ខ្លះ គាត់​យក​គុក​ធ្វើជា​ផ្ទះ​ទៅវិញ ដោយសារ​នៅ​ខាងក្រៅ​ហ្នឹង​គាត់​អត់​មាន​លទ្ធភាព ឬក៏​ទៅណា​មក​ណា​វា​ពិបាក​រស់នៅ​ពេក គាត់​មក​រក​តែ​គុក​វិញ ហើយ​អ្នកខ្លះ​ដល់​ពេល​ចេញ​អត់​ចង់​ចេញ​ទេ គឺ​សុំ​បន្ត​ទៀត នេះ​ខ្ញុំ​និយាយ​តាម​ជាក់ស្តែង​មិនមែន​និយាយ​តាម​ការ​រវើរវាយ​ទេ យើង​ធ្វើ​ស្រាវជ្រាវ យើង​សួរនាំ​តាម​ការិយាល័យ​ជំនាញ​របស់​យើង​រក​ឃើញ​ថា មាន​បញ្ហា​ខ្លះ គឺ​គាត់​ចង់​រស់នៅ​ក្នុង​ស្ថានភាព​ហ្នឹង ដោយសារ​គាត់ មាន​ជំរក និង​មាន​ម្ហូបអាហារ​ហូប​ស្រួល​អ៊ីចឹង​ទៅ វា​គ្រាន់បើ​ជាង​ខាងក្រៅ ពីមុន​យើង​ឮ​បញ្ហា​មាននៅ​ស្រុក​គេ តែ​ឥឡូវ​ស្រុក​ខ្មែរ​មាន​ដែរ អ៊ីចឹង​ខ្ញុំ​មិន​ចង់​អួត​ថា ពន្ធនាគារ​នឹង​វា​គ្រាន់បើ​ជាង​ខាងក្រៅ​ទេ ខ្ញុំ​ចង់​និយាយ​ថា វា​មាន​ករណី​ហ្នឹងហើយ​នៅ​ស្រុក​យើង»។

ឆ្លើយតប​ទៅ​នឹង​ការ​អះអាង​របស់​លោក នុត សវនា នេះ អតីត​អ្នកទោស​មនសិការ លោក កើត សារ៉ាយ បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ឱ្យដឹង​ថា លោក​ពិបាក​ជឿ ប៉ុន្តែ​បើ​មាន​ប្រហែល​ភាគរយ​តិច​បំផុត​ហើយ​សម្រាប់​ឧក្រិដ្ឋជន​ដែល​គ្មាន​ផ្ទះ​សម្បែង​។ ទោះជា​យ៉ាងណា លោក​កើត សារ៉ាយ ដែល​ជាប់​នៅ​ពន្ធនាគារ​ព្រៃ​ស​ប្រមាណ​១៥​ខែ​នោះ បញ្ជាក់​ថា លោក​មិនដែល​ប្រទះ​មាន​ជន​ជាប់ឃុំ​ណា​ម្នាក់​មិន​ចង់​ចេញពី​ពន្ធនាគារ​នោះ​ទេ។

លោក កើត សារ៉ាយ៖ «ពីព្រោះ​ម្នាក់ ឮ​ថ្ងៃ​ជិត​ចេញ​ដេក​មិន​លក់​បក់​មិន​ល្ហើយ ឆ្លេឆ្លា​ចុះឡើង ពីព្រោះ​គុក​មិនមែន​ជា​កន្លែង​សប្បាយ​ហ៊ឺហា​ស្រួល​ឯណា សូម្បីតែ​ខ្ញុំ​ក៏​មិន​ជឿ​ដែរ អ្នក​ដល់​ថ្ងៃ​ហើយ​មិន​ព្រម​ចេញ​នោះ ពីព្រោះ​ខ្ញុំ​ជួប​អ្នកទោស​ខ្លះ​រហូតដល់​សុំ​សួរ​យោបល់​ឱ្យ​ខ្ញុំ​ជួយ ដោយសារតែ​ពួកគាត់​ដល់​ថ្ងៃ​ចេញ​ហើយ អត់​ឃើញ​ដីកា​ដោះលែង​ចេញពី​តុលាការ​ទៅទៀត រហូត​អ្នកខ្លះ​ជាប់​លើស​ថ្ងៃ ដោយ​គាត់​ដល់​ថ្ងៃ​ចេញ​ហើយ មិនឃើញ​មាន​ដីកា​ដែល​ត្រូវ​ដោះលែង​គាត់​ឱ្យ​ចេញពី​ពន្ធនាគារ ហើយ​បើ​តាម​ច្បាប់​ពន្ធនាគារ​បើ​សិន​ដីកា​មកដល់​ហើយ​មិនអាច​ទុក​បានទេ ដល់​ម៉ោង​ណា​គឺ​ត្រូវ​ដោះលែង​ម៉ោង​ហ្នឹង និយាយ​ថា អ្នក​ដល់​ថ្ងៃ​ចេញ​ហើយ​មិន​ចង់​ចេញ គឺ​វា​ហួស​ពី​ការ​ជឿ»។

ទាក់ទង​នឹង​ភាព​ចង្អៀត​ណែន​វិញ លោក នុត សវនា ឱ្យដឹង​ថា កន្លងមក​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​តាមរយៈ​យន្តការ​បន្ធូរបន្ថយ និង​លើកលែងទោស ការ​ពន្លឿន​សំណុំ​រឿង​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក​បញ្ជាក់​ថា រយៈពេល​ចុងក្រោយ​នេះ ចំនួន​អ្នក​ជាប់ឃុំ​បាន​កើនឡើង​ជិត ៤​ម៉ឺន​នាក់​មកវិញ ដោយសារ​បទល្មើស​នៅ​សហគមន៍​កើតឡើង​។ លោក​បារម្ភ​ថា សន្ទុះ​អ្នក​ជាប់ឃុំ​កើនឡើង​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ សុខភាព និង​អារម្មណ៍​របស់​អ្នកទោស​។ ទោះ​យ៉ាង​ណា​លោក​ថា អាជ្ញាធរ​ពន្ធនាគារ​បន្ត​ព្យាយាម​ដោះស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ឱ្យ​ស្របតាម​បទដ្ឋាន​អប្បបរមា និង​ច្បាប់​ស្ដីពី​ពន្ធនាគារ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​រើសអើង​និន្នាការ​នយោបាយ និង​ការ​ធ្វើ​ទារុណកម្ម គឺជា​ទង្វើ​រំលោភច្បាប់។ លោក​ថា កន្លង​ទៅ​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ បាន​ផ្តល់​អនុសាសន៍​ជាច្រើន​ដល់​អាជ្ញាធរ​ពន្ធនាគារ ដើម្បី​កែ​លម្អ​ចំណុច​ខ្វះខាត​ឱ្យ​ស្រប​តាម​ស្តង់ដារ​របស់​អង្គការ​សហប្រជាជាតិ​ដែរ ប៉ុន្តែ​បញ្ហា​នេះ​នៅតែ​កើតមាន។

បើ​តាម​លោក នុត សវនា រដ្ឋ​បាន​ចំណាយ​៣.៨០០​រៀល​លើ​របប​អាហារ​សម្រាប់​អ្នកទោស​ម្នាក់​ក្នុង​មួយថ្ងៃ​។ មន្ត្រី​សិទ្ធិមនុស្ស​ថា ៣.៨០០​រៀល​សម្រាប់​អ្នកទោស​ម្នាក់​ក្នុង​មួយថ្ងៃ​ពុំ​អាច​ជួយ​ឱ្យ​អ្នកទោស​ទទួលទាន​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់​ដើម្បី​ទ្រទ្រង់​រាងកាយ​ឱ្យ​ធន់​នឹង​ជំងឺ​ផ្សេងៗ​បាន​នោះ​ទេ។

ប្រពន្ធ​អតីត​អ្នកទោស​មសិ​ការ​ចាត់ទុក​ពន្ធនាគារ​មិនមែន​ជា​កន្លែង​អប់រំ​កែប្រែ​នោះ​ទេ តែ​ជា​កន្លែង​ធ្វើ​ទារុណកម្ម បំបិទ​សិទ្ធិ និង​ធ្វើបាប​លើ​ផ្លូវ​កាយ និង​ផ្លូវចិត្ត។ ពួកគេ​ថា ការណ៍​ដែល​អ្នក​ទោស​នយោបាយ​សរសេរ​លិខិត​សុំទោស​លោក ហ៊ុន សែន កន្លង​ទៅ​នេះ មិនមែន​កើត​ចេញ​ពី​ឆន្ទៈ​ពិតប្រាកដ​ទេ ប៉ុន្តែ​ដើម្បី​ប្តូរ​នឹង​សេរីភាព និង​រក្សា​ជីវិត​ដើម្បី​បាន​ជួបជុំ​គ្រួសារ។

មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ការ​បង្ខិតបង្ខំ កា​ធ្វើ​បាប​លើ​រូបរាងកាយ ឬ​ប្រព្រឹត្ត​កម្ម​ណាមួយ​ដែល​បន្ថែម​ទម្ងន់​ទណ្ឌកម្ម អនុវត្ត​ចំពោះ​ជន​ជាប់​ឃុំឃាំង ឬ​ជាប់​ពន្ធនាគារ ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ឡើយ។

ចំណែក​ច្បាប់​ស្ដីពី​ពន្ធនាគារ​ឆ្នាំ​២០១១ ហាមឃាត់​ដាច់ខាត​នូវ​រាល់​ការ​ធ្វើ​ទារុណកម្ម ទង្វើ​អមនុស្សធម៌ ឬ​ការប្រើប្រាស់​ឧបករណ៍​ផ្សេងៗ ដើម្បី​ដាក់ទណ្ឌកម្ម​ដល់​ជន​ជាប់ឃុំ។

លើស​ពី​នេះ មាត្រា​២៨​ចែងថា​៖ ជន​ជាប់ឃុំ មាន​សិទ្ធិ​ប្ដឹងតវ៉ា​ទៅ​ប្រធាន​ពន្ធនាគារ ឬ​ទៅ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ឬ​ព្រះរាជអាជ្ញា ឬ​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍ ពី​អំពើ​រំលោភ​របស់​ជន​ជាប់ឃុំ​ដូចគ្នា ឬ​អំពើ​រំលោភ​របស់​មន្ត្រី​ពន្ធនាគារ។

មាត្រា​២៨​នៃ​ច្បាប់​ស្ដីពី​ពន្ធនាគារ​ឆ្នាំ​២០១១ ដដែល​ចែង​៖​ពាក្យបណ្ដឹង​តវ៉ា​របស់​ជន​ជាប់ឃុំ ត្រូវ​ធ្វើ​ឡើង​តាមរយៈ​មន្ត្រី​ពន្ធនាគារ ឬ​អ្នក​សួរសុខទុក្ខ​ផ្លូវការ ឬ​អ្នក​សួរសុខទុក្ខ​សាច់ញាតិ ឬ​មេធាវី​របស់​ជន​ជាប់ឃុំ ឬ​តំណាង​អង្គការ​អយ្យការ​។ រាល់​បណ្ដឹងតវ៉ា​ត្រូវតែ​បាន​ដោះស្រាយ​និង​ឆ្លើយតប ក្នុង​រយៈពេល​សមស្រប​។ គ្មាន​ជន​ជាប់ឃុំ​ណា​ម្នាក់​ត្រូវ​បាន​ដាក់ទណ្ឌកម្ម ឬ​ត្រូវ​បាន​រើសអើង​ដោយសារតែ​បាន​ដាក់​ពាក្យបណ្ដឹង ឬ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​នោះ​ឡើយ។

ជន​ណា​ម្នាក់​ដែល​ត្រូវ​តុលាការ​រក​ឃើញថា មានទោស​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ ហើយ​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ណាមួយ ជន​នោះ​បាន​បាត់បង់​តែ​សេរីភាព​ដើរហើរ​ប៉ុណ្ណោះ នេះ​បើ​យោង​តាម​ច្បាប់​កម្ពុជា និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន។ នោះ​មាន​ន័យថា អ្នកទោស​ឬ​ជន​ជាប់ឃុំ គ្រាន់តែ​មិន​មាន​សេរីភាព​ដើរហើរ ព្រោះ​គាត់​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​ដែល​តម្រូវ​ឱ្យ​តុលាការ​ឃុំខ្លួន​គាត់​នៅ​កន្លែង​មួយ ប៉ុន្តែ​សិទ្ធិ​សេរីភាព​ផ្សេងទៀត​របស់​គាត់​ដែល​ត្រូវការ​រស់​ក្នុង​ភាពជា​មនុស្ស​ត្រូវ​នៅតែ​មាន​ដដែល។ ដូច្នេះ​ដើម្បី​ឱ្យ​រស់​សម​ជា​មនុស្ស ជន​ជាប់ឃុំ​ត្រូវ​ទទួល​បាន​ការ​ហូប​ចុក​សមរម្យ បន្ទប់ដេក​សមរម្យ ទទួល​បាន​សេវា​សុខភាព​សមរម្យ ទឹក​ស្អាត មាន​សិទ្ធិ​អាន​សៀវភៅ និង​ស្ដាប់​ព័ត៌មាន មាន​សិទ្ធិ​ជួប​គ្រួសារ និង​មេធាវី​។ លើស​ពី​នេះ រដ្ឋ​ក៏​ត្រូវ​រៀបចំ​ឱ្យ​មាន​ថ្នាក់​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជំនាញ​នៅក្នុង​ពន្ធនាគារ​ផង​ដែរ ដើម្បី​ឱ្យ​ជន​ជាប់ឃុំ​មានមុខ​ជំនាញ រក​ការងារ​ធ្វើ​បាន​ក្រោយ​ពេល​ចេញពី​ពន្ធនាគារ ។ និយាយ​ជា​រួម គុក​ឬ​ពន្ធនាគារ​មិនមែន​ជា​កន្លែង​ធ្វើបាប​មនុស្ស​ទេ ប៉ុន្តែ​គឺជា​កន្លែង​ជួយ​អប់រំ និង​ផ្លាស់ប្ដូរ​អត្តចរិត​របស់​មនុស្ស​ពី​អាក្រក់​ទៅ​ល្អ ដូច្នេះហើយ​ទើប​វា​មានឈ្មោះ​មួយទៀត​ជា​ផ្លូវការ​ថា «​មណ្ឌល​អប់រំ​កែប្រែ» ។ មាត្រា​២​នៃ​ច្បាប់​ស្ដីពី​ពន្ធនាគារ​ឆ្នាំ​២០១១​ចែងថា ច្បាប់​នេះ​មាន​គោលដៅ​ដូច​តទៅ​៖ អប់រំ កែប្រែ ស្ដារ​នីតិសម្បទា ដើម្បី​ធ្វើ​សមាហរណកម្ម​ជន​ជាប់ឃុំ​ទៅ​ក្នុង​សង្គម​វិញ និង​ទប់ស្កាត់​ការ​ប្រព្រឹត្ត​បទល្មើស​សាជាថ្មី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។