គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច ធ្វើ​សមាជ​​ជ្រើស​តាំង​​បុត្រា​ច្បង​​​របស់​​សម្ដេច​​ក្រុម​​ព្រះជា​​ប្រធាន​​បក្ស​ និង​​អនុ​ប្រធាន​​៣​​នាក់​

0:00 / 0:00

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ធ្វើ​សមាជ​​​​​ជ្រើស​តាំង​​បុត្រា​ច្បង​​របស់​សម្ដេច​ក្រុម​ព្រះ ​នរោត្តម រណឫទ្ធិ​ ឡើង​ជា​ព្រះ​​ប្រធាន​គណ​​បក្ស​ និងអមដោយ​អនុ​ប្រធាន​​ចំនួន​​​៣​​នាក់ រួមទាំង​​​កែប្រែ​លក្ខខណ្ឌ​អាទិភាព​ ៩​ ចំណុច​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់​ឆ្នាំ​២០២២។ អ្នក​ឃ្លាំមើលយល់​ថា ​ព្រះ​អង្គ​ម្ចាស់​ចក្រា​វុធ នឹង​​​មិន​អាច​ស្ដារ​​ប្រជាប្រិយភាព​​បាន​ទេ​ ដោយ​សារ​គណបក្ស​នេះ​​​ចង់​បាន​សំឡេង​គាំទ្រ តែ​​មិន​បាន​ធ្វើ​សកម្មភាព​​​ជួយ​ដោះ​ស្រាយ​កង្វល់​របស់​​ពលរដ្ឋ​​។

បើ​ទោះ​ជា​​កំពុង​មាន​ជម្លោះ​ផ្ទៃ​ក្នុង​បក្ស​ក្ដី ​​តែ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ធ្វើ​​​សមាជ​វិសាមញ្ញ​​​ចប់​សព្វ​គ្រប់ និង​ដោយ​រលូន​ហើយ នៅ​ថ្ងៃ​​ទី​៩ ខែកុម្ភៈ។ សមាជិក​គណ​​បក្ស​ចំនួន​ប្រាំរយ​ (​៥០០)​នាក់ ជា​តំណាង​បក្ស​របស់​​ខេត្ត​ និង​ស្រុក មក​​ពី​ទូទាំង​ប្រទេស បាន​ចូលរួមអង្គ​សមាជ នៅ​ព្រះ​រាជ​ដំណាក់​វាលស្បូវ ក្នុង​ខណ្ឌ​ច្បារ​អំពៅ និង​បាន​​​លើក​ដៃ​អនុម័ត​​​ជ្រើស​តាំង​ព្រះ​អង្គ​ម្ចាស់​​នរោត្តម ចក្រា​វុធ​ ជា​ប្រធាន និង​ជ្រើសរើសអនុ​ប្រធាន​​៣នាក់ គឺ​លោក ឆឹង ចំរើន លោក ប៉ោ ប៊ុនស្រ៊ឺ និង​លោក ពៅ អេងគ្រី។

អង្គ​សមាជក៏​បាន​​អនុម័ត​​​ធ្វើ​​ការ​កែប្រែ​លក្ខន្តិកៈគណ​បក្ស​មួយ​ចំនួន​ដែរ។ ក្រៅពី​នេះ អង្គ​សមាជ​ក៏​បាន​បន្ត​អនុម័ត​ដាក់​ចេញ​យុទ្ធសាស្ត្រ​គោល​នយោបាយ​​ចំនួន​​ ៩ ​ចំណុច សំដៅ​ឆ្ពោះទៅ​រក​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ពេល​ខាង​មុខ​​។

អ្នក​នាំ​ពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចលោក ញឿន រ៉ាដែន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈថា អង្គ​សមាជ​​មិន​បាន​ប្រគល់​តួនាទី​ថ្វាយ​​​​អតីត​ព្រះ​​ប្រធាន​ គឺ​សម្ដេច​ព្រះអនុជ​ នរោត្តម អរុណ​រស្មី​ ទេ ​​គឺ​ស្រប​តាម​លិខិត​របស់​ខុទ្ទកាល័យ​ទ្រង់​ ដែល​​បាន​បញ្ជាក់​ថា ព្រះ​អនុជ​មិន​​មាន​ទំនាក់​ទំនង និង​មិន​មាន​តួនាទី​ក្នុង​បក្ស​ទេ។

លោកបន្ត​ថា ទោះ​យ៉ាង​ណា ក្នុង​ពិធី​សមាជ​ ព្រះ​អង្គ​ម្ចាស់ នរោត្តម ​ចក្រា​វុធ មាន​បន្ទូល​ថា ​ទ្រង់​នៅ​តែ​​​អំពាវនាវ​ឲ្យ​អ្នក​សីហនុ​និយម អ្នក​រណឫទ្ធិ​និយម អតីត​​មន្ត្រី​​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឬ​​អ្នក​នយោបាយ​​នៃ​គណបក្ស​ផ្សេង​ និង​ពលរដ្ឋ​ទាំង​អស់​ មក​​ចូលរួម​ជាមួយ​គណ​បក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច។ លោក​បន្ត​ថា ជាមួយ​គ្នា​នេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​នឹង​ស្វែងរក​​​ការ​​បង្រួប​បង្រួម​គ្នា​ជាមួយ​គណបក្ស​នយោបាយ​ផ្សេង​​ទៀត ក្រោម​ដំបូល​ហ្វ៊ុនស៊ិនប៉ិច​ដែរ៖ «ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​​ហ្វ៊នស៊ិនប៉ិច ដែល​ជា​អ្នក​គាំទ្រ​នូវ​របប​​រាជានិយម ​សូម​មេត្តា​អញ្ជើញ​​ចូលរួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដើម្បី​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​​បន្ត​បេសសកម្ម​​ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ​​កម្ពុជា​យើង​​ឲ្យ​កាន់​តែ​រីក​ចម្រើន។ ជា​ពិសេស​បន្ត​ចូលរួម​ដោះស្រាយ​នូវ​បញ្ហា​ជាតិ​មួយ​ចំនួន ដែល​យើង​ពុំ​ទាន់​បាន​ចូលរួម​ដោះស្រាយ»។

ជុំវិញ​ការ​​ធ្វើ​សមាជ​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​​ភាគី​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​​ដែលធ្លាប់ជំទាស់អង្គសមាជនេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​​គណៈកម្មាធិការ​នាយកលោក ផាន់ សិទ្ធី ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ក្រុម​មន្ត្រី​ចាស់ៗ​មួយ​ចំនួន​ក្នុង​ជួរ​គណៈកម្មាធិការ​នាយក​មិន​​ទទួល​​​​ស្គាល់​ទាំង​សមាជ និង​មិន​ទទួល​ស្គាល់​ទាំង​​ព្រះ​អង្គ​ម្ចាស់​ចក្រា​វុធ ជា​ប្រធាន​​គណបក្សឡើយ។

ក្រុម​មន្ត្រី​ចាស់ៗ​មួយ​ចំនួន បាន​កើត​វិវាទ​ជាមួយ​​ព្រះ​អង្គ​ម្ចាស់ ​នរោត្តម ចក្រា​វុធ តាំង​ពី​ឆ្នាំ​២០១៩ ដោយ​សារ​ពួកគេ​អះអាង​ថា ព្រះ​អង្គ​ម្ចាស់​រំលោភ​​តួនាទី ឡើង​ធ្វើ​​ប្រធាន​​ស្ដីទី​​ដោយ​ខុស​លក្ខន្តិកៈ​បក្ស និង​បណ្ដេញ​​​​មន្ត្រី​ចាស់​ៗចេញ​ពី​បក្ស​​​​ ដោយ​គ្មាន​កំហុស។ ភ្លាមៗ​ក្រុម​មន្ត្រី​ទាំង​នោះ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ តែ​​នៅ​​ដើម​ឆ្នាំ​២០២២​ ​ខាង​តុលាការ​ បាន​ចេញ​លិខិត​​បង្វែរ​ឲ្យ​​ពួកគាត់​ទៅរក​​កិច្ច​អន្តរាគមន៍​នៅ​ក្រសួង​មហាផ្ទៃ​វិញ​។

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្លាប់​លើក​ពេល​ធ្វើ​សមាជ​ម្ដង​ហើយ កាល​ពី​ចុង​ខែ​មករា ដោយ​សារ​​​រដ្ឋ​មន្ត្រី​​​​​​​ក្រសួង​មហាផ្ទៃលោក ស ខេង កាល​នោះ​​បាន​​ចេញ​លិខិត​​ណែនាំ​ឲ្យ​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ដោះស្រាយ​វិបត្តិ​ផ្ទៃ​ក្នុង​សិន។ ការ​ស្នើសុំ​ឲ្យ​ដោះស្រាយ​វិបត្តិ​ផ្ទៃ​​ក្នុង​​នេះ ដោយសារ​ក្រសួង​បារម្ភ​ខ្លាច​ខ្វះ​កូរ៉ុម​គណៈកម្មាធិការ​នាយក ដែល​មិន​​អាច​ធ្វើ​សមាជ​បាន។ ប៉ុន្តែ​ខាង​​ព្រះ​អង្គ​ម្ចាស់​ នរោត្តម ចក្រា​វុធ អះអាង​ថា ​គណបក្ស​មាន​កូរ៉ុម​គណៈកម្មាធិការ​នាយក​គ្រប់គ្រាន់​។

ជុំវិញ​រឿង​នេះ​ដែរ អ្នក​ឃ្លាំមើលយល់​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​នៅ​​តែ​វិលវល់​ក្នុង​ជម្លោះ​ផ្ទៃ​ក្នុង​​នេះ​ឯង​ ដោយ​មិន​អាច​ឈាន​ជើង​ដើរ​ដល់​ផ្លូវ​​ដោះស្រាយ​បញ្ហា​ធំៗ​​របស់​​ពលរដ្ឋ និង​ប្រទេស​ជាតិ​បាន​ទេ​។

អ្នក​សិក្សា​ផ្នែក​ច្បាប់ យុវជន ពុធ កុលកា មើល​ឃើញ​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ជាប់​​កេរ្តិ៍​ឈ្មោះ​​អាក្រក់​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ប្រជាធិបតេយ្យ​​មិន​អាច​ទទួល​យក​​បាន​ នោះ​គឺ​ការ​ចូល​ដៃ​ចូល​ជើង​​​​ជ្រោមជ្រែង​​​ឲ្យ​មាន​ការ​​រំលាយ​គណបក្ស​​សង្គ្រោះ​ជាតិ ​កាល​ពី​ឆ្នាំ​២០១៧​។ ទោះ​យ៉ាង​ណា​ អ្នក​ឃ្លាំមើល​រូប​នេះ​យល់​​ថា ​ជម្លោះ​ផ្ទៃ​ក្នុង​បក្ស​​បច្ចុប្បន្ន​នេះ មិន​មាន​ឥទ្ធិពល​​ប៉ះពាល់​ប្រជាប្រិយ​ភាព​បក្ស​ខ្លាំង​ទេ តែ​បញ្ហា​ត្រង់​ថា ​​គណបក្ស​​រាជា​និយម​មួយ​នេះ ​​​មិន​​អនុវត្ត​តាម​ស្មារតី​ដើម​របស់​បក្ស គួប​ផ្សំ​នឹង​ការ​​​​គ្មាន​​សកម្មភាព​​ចេញ​មុខ​តវ៉ា​ជួយ​ពល​រដ្ឋ​​កំពុង​ជួប​វិបត្តិ​ការងារ និង​អ្នក​ជួប​វិបត្តិ​​​​សង្គមជា​ដើម។

លោកជឿជាក់​ថា ក្នុង​លក្ខខណ្ឌ​បែប​នេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​មិន​អាច​ងើប​មុខ​រួច​ទេ ហើយ​បើ​ទោះ​ជា​បង្រួប​បង្រួម​ជាមួយ​គណបក្ស​ផ្សេង​​ក៏​បាន​ត្រឹម​តែ​​ឈ្មោះ​ដែរ៖ «អ៊ីចឹង​ !​ កាល​ណា​តែ​គាត់​ ( ហ្វ៊ុនស៊ិនប៉ិច ) ​ មិន​បាន​ផ្សារ​ភ្ជាប់​ខ្លួន​គាត់​ជាមួយ​ហ្នឹង​ប្រជាពលរដ្ឋ​ ខ្វល់​តែ​រឿង​ឲ្យ​គេ​គាំទ្រ​ តែ​គាត់​មិន​បាន​ខ្វល់​អំពី​​សេចក្ដី​សុខ​របស់​ប្រជាពលរដ្ឋ​​ ដែល​ត្រូវ​ការ​ឲ្យ​អ្នក​នយោបាយ​ទាំង​អស់​ ដែល​ពាក់ព័ន្ធ​​ចូលរួម​ដោះស្រាយ ឬ​ក៏​គាំ​ទ្រ​ពួកគេ​ទេ ខ្ញុំ​គិត​ថា​ ទោះ​បី​ជា​គាត់​ធ្វើ​គោល​នយោបាយ​ ឬ​ក៏​គាត់​ចូលរួម​សកម្មភាព​នយោបាយ​ឲ្យ​គេ​បោះឆ្នោត​ ៥០ ឬ​៦០​ឆ្នាំ​ខាង​មុខ​ទៀត នៅ​តែ​ប៉ុណ្ណឹង​។ នៅ​តែ​​​អត់​កើន​ការ​គាំទ្រ ហើយ​នៅ​តែ​ជា​គណបក្ស​ចាំ​តែ​បង្គ្រប់​​កិច្ច​ឲ្យ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​ឯង​»។

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បង្កើត​ឡើង​​ដោយ​ព្រះ​បាទ ​នរោត្តម សីហនុ ក្នុង​ស្មារតី​ប្រឆាំង​​​របប​សាធារណៈ​រដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​គាំទ្រ​ដោយ​កង​ទ័ព​វៀតណាម​​​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩១។ គណបក្ស​នេះ ​ធ្លាប់​ឈ្នះ​ការ​បោះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល ​នៅ​អាណ្ណត្តិ​ទី​១ ឆ្នាំ​១៩៩៣។ ប៉ុន្តែ​​ក្រោយ​ពេល​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​​មាន​ជម្លោះ​ផ្ទៃ​ក្នុង​មក ​គណបក្ស​​រាជានិយម​មួយ​នេះ​​​ បាន​ចុះ​ទន់​ខ្សោយ​ ជា​​បន្ត​បន្ទាប់​​​រហូត​អស់​ប្រជាប្រិយភាព​ តាម​រយៈ​ការ​មិន​ទទួល​បាន​​អសនៈ​ក្នុង​រដ្ឋសភា​​សូម្បី​តែ​មួយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។