មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ជំរុញឱ្យរបបលោក ហ៊ុន សែន ស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដើម្បីកុំឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។ សហជីពឯករាជ្យនៅតែជំរុញឱ្យរបបក្រុងភ្នំពេញដោះស្រាយបញ្ហានេះ ដោយឈរលើផលប្រយោជន៍ពលរដ្ឋជាធំ។
សមាជិកសភាសហព័ន្ធ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍របស់ប្រទេសអាល្លឺម៉ង់ លោក ន័រប៊ែរ បាហ្សល (Nobert Barthle) ថ្លែងថា កម្ពុជានៅមានឱកាសបញ្ចៀសការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នៅឡើយ។ លោកបន្តថា រឿងដែលសំខាន់នោះ គឺការបើកចំហឱ្យមានសិទ្ធពលរដ្ឋ និងសិទ្ធិនយោបាយឡើងវិញ។ លើសពីនេះ លោកថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចាំបាច់ត្រូវកសាងទំនុកចិត្ត និងស្វែងរកដំណោះស្រាយរួមគ្នា។
មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់បញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីលោកបានដឹកនាំគណៈប្រតិភូចូលជួបមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន កាលពីថ្ងៃទី ២៥ កុម្ភៈ កន្លងទៅ និងត្រូវបានដកស្រង់សម្ដីចុះផ្សាយនៅលើទំព័រហ្វេសប៊ុក (Facebook) និងធ្វីតធ័រ (Twitter) របស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។
អាស៊ីសេរីមិនទាន់អាចទាក់ទងមន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី២៦ កុម្ភៈ ដោយទូរស័ព្ទចូល ប៉ុន្តែគ្មានអ្នកទទួល។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះធ្លាប់បានបញ្ជាក់កាលពីពេលកន្លងទៅថា រដ្ឋាភិបាលអាចគ្រប់គ្រងស្ថានការណ៍បាន បើទោះបីជាមាន ឬគ្មានប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយ។ ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ក៏បានប្រាប់កម្មករកម្មការិនីរោងចក្រ កុំឱ្យខ្វាយខ្វល់នឹងបញ្ហាទាំងឡាយជុំវិញរឿង EBA ព្រោះលោកចាត់ទុកថា នេះជាឃោសនាអកុសល និងជាការបំផុសសង្គ្រាមចិត្តសាស្ត្រវាយប្រហាររបបរបស់លោក។
ទោះជាយ៉ាងណា ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថ្លែងថា ប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់នេះ ក៏ស្រដៀងគ្នាទៅនឹងការលើកឡើងរបស់ស្នងការពាណិជ្ជកម្មអឺរ៉ុបដែរ គឺចង់ឱ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយវិបត្តិនយោបាយ ប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្ស ដើម្បីបន្តទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA បន្តទៅទៀត។ លោកយល់ថា សារនយោបាយរបស់អាល្លឺម៉ង់នេះជារឿងសំខាន់ ដែលរដ្ឋាភិបាលកម្ពុជាត្រូវពិចារណា ព្រោះអាល្លឺម៉ង់ជាប្រទេសធំ និងមានឥទ្ធិពលក្នុងសហភាពអឺរ៉ុប ហើយម្យ៉ាងវិញទៀតជំនួយរបស់អាល្លឺម៉ង់បានជួយលើកស្ទួយវិស័យការងារ និងប្រជាធិបតេយ្យនៅកម្ពុជាបានយ៉ាងច្រើនផងដែរ។ លើសពីនេះ ក្រុមហ៊ុនម៉ាកយីហោល្បីៗ មួយចំនួនរបស់អាល្លឺម៉ង់ក៏កំពុងបោះទុនរកស៊ីនៅកម្ពុជាដែរ៖ « ទោះបីជាឥលូវនេះនីតិវិធីដកចាប់ផ្ដើមក៏ដោយ ទ្រនិចនាឡិកាចាប់ផ្ដើមដើរក៏ដោយ ប៉ុន្តែគេក៏បានប្រាប់ដែរថា នៅអំឡុងពេលហ្នឹង គឺនៅតែជាឱកាសសម្រាប់ការដោះស្រាយបញ្ហារវាងរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប។ ខ្ញុំស្ដាប់ការលើកឡើងរបស់ខាងតំណាងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងអាល្លឺម៉ង់នេះ ខ្ញុំគិតថា ដូចជាមិនខុសគ្នាទេ ខ្លឹមសារ និងអត្ថន័យតែមួយទេ។ ប្រសិនបើកម្ពុជាដោះស្រាយពាក់ព័ន្ធនឹងបញ្ហាការងារ ប្រជាធិបតេយ្យ និងរឿងនយោបាយហ្នឹងឱ្យចប់ទៅ វាដូចជាមិនមានអ្វីរាំងស្ទះដល់ដំណើរការបន្ត EBA ទៀតនោះទេ » ។
កាលពីថ្ងៃទី១១ កុម្ភៈកន្លងទៅ សហភាពអឺរ៉ុបបានប្រកាសពីដំណើរការពិចារណាព្យួរប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា។ ដំណើរការនេះ មានរយៈពេលសរុបទាំងអស់ ១៨ខែគិតចាប់ពីថ្ងៃទី១២ កុម្ភៈតទៅ ហើយចែកចេញជាបីដំណាក់កាល។ សហភាពអឺរ៉ុបបានទុកពេលឱ្យរបបក្រុងភ្នំពេញចំនួន៦ខែ ដើម្បីស្ដារស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្ស បើពុំដូច្នេះទេ ក្នុងរយៈពេល៦ខែ បន្ទាប់ទៀតអឺរ៉ុបនឹងចាប់ផ្ដើមដំណាក់កាលធ្វើការសម្រេចចិត្តថា តើត្រូវរក្សា ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ បើមានការសម្រេចថាព្យួរ សហភាពអឺរ៉ុបទុកពេលឱ្យកម្ពុជា ៦ខែទៀត ដើម្បីត្រៀមខ្លួន មុននឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធនោះចូលជាធរមាន។
ជុំវិញរឿង EBA នេះ លោក អាត់ ធន់ ថ្លែងថា ដំណោះស្រាយសំខាន់ គឺស្ថិតនៅលើរដ្ឋាភិបាលកម្ពុជា ដោយសារសហភាពអឺរ៉ុបបានប្រកាសពីជំហរច្បាស់លាស់រួចទៅហើយទាក់ទងនឹងដំណើរការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
