រដ្ឋាភិបាល​បាន​ចាប់ខ្លួន​មនុស្ស​ជាង​១​រយ​នាក់​ក្នុង​ឆ្នាំ​២០២៤​ដើម្បី​បំបិទ​សំឡេង​រិះគន់

ដោយ នៅ វណ្ណារិន
2024.12.29
រដ្ឋាភិបាល​បាន​ចាប់ខ្លួន​មនុស្ស​ជាង​១​រយ​នាក់​ក្នុង​ឆ្នាំ​២០២៤​ដើម្បី​បំបិទ​សំឡេង​រិះគន់ ប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន (ឆ្វេង) និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
រូប៖ ​ហ្វេសប៊ុកលោក ហ៊ុន សែន

គិត​មកដល់​ចុងឆ្នាំ​២០២៤ គឺ​មាន​រយៈពេល​ជិត​១៨ ហើយ​ដែល​លោក ហ៊ុន ម៉ាណែត បាន​ឡើង​កាន់​ដំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន​។ ពលរដ្ឋ​មួយចំនួន​ធ្លាប់​មាន​ក្ដី​រំពឹង​ថា លោក ហ៊ុន ម៉ាណែត ដែល​បាន​បញ្ចប់​ការសិក្សា​ពី​បស្ចិមប្រទេស​នោះ​នឹង​ដឹកនាំ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ ខុសពី​ឪពុក​ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម ប៉ុន្តែ​ក្ដី​សង្ឃឹម​នេះ​បាន​បាត់បង់​បន្តិច​ម្ដងៗ។

ការបាត់បង់​ក្ដី​រំពឹង​ថា កម្ពុជា​នឹង​គោរព​សិទ្ធិមនុស្ស និង​បើក​លំហ​ប្រជាធិបតេយ្យ គឺ​កើតឡើង​ក្រោយពី​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត បាន​ចាប់ខ្លួន​ពលរដ្ឋ យុវជន សកម្មជន អ្នក​នយោបាយ និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ប្រមាណ ១​រយ​នាក់​ដាក់​ពន្ធនាគារ​នៅ​ឆ្នាំ​២០២៤ ដោយសារតែ​ការអនុវត្ត​សិទ្ធិ​របស់​ពួកគាត់​។

កាល​ពី​ដើម​ខែ​មករា អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​អ្នក​អធិប្បាយ​បញ្ហា​សង្គម និង​អ្នកជំនាញ​កសិកម្ម លោក នី ណាក់ ដាក់​ពន្ធនាគារ​ជា​លើក​ទី​២ ពី​បទ «​ញុះញង់​»​និង​បទ​«​បរិហារកេរ្តិ៍​» ក្រោយពី​លោក​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា រដ្ឋមន្ត្រីក្រសួង​ការងារ លោក ហេង សួរ ទទួល​បាន​ដី​រដ្ឋ​នៅ​ខេត្តកំពត​។ លោក នី ណាក់ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ២ ​ឆ្នាំ និង​ឱ្យ​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្ដឹង​ចំនួន​ប្រមាណ ៥​ម៉ឺន​ដុល្លារ​អាមេរិក កាលពី​ខែវិច្ឆិកា​។ អង្គការសិទ្ធិមនុស្ស​លីកាដូ​ចាត់ទុកថា ករណី​លោក នី ណាក់ ជា​ឧទាហរណ៍​មួយ​នៃ​ការ​បញ្ចេញមតិ​របស់​ពល​រដ្ឋ​ខ្មែរ​មួយចំនួន​ដែល​ព្យាយាម​អនុវត្ត​សិទ្ធិ​បញ្ចេញមតិ និង​បន្ត​និយាយ​ជា​សាធារណៈ​អំពី​បញ្ហា​សង្គម​សំខាន់ៗ​មួយចំនួន ទោះជា​ត្រូវ​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ​យ៉ាងណាក៏ដោយ​។

ដោយឡែក​នៅ​ខែមីនា វិញ ជនពិការ លោក ភុន យុទ្ធ ដែល​ធ្លាប់​ជាប់ពន្ធនាគារ​ចំនួន​៥​ខែ​ម្ដង​មក​ហើយ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ ត្រូវ​បាន​ចាប់ខ្លួន​ជាថ្មី​ម្ដងទៀត ដោយសារតែ លោក​រិះគន់​បញ្ហា​ទីផ្សារ​ការងារ និង​បញ្ហា​គ្រឿងញៀន។ ក្រោយមក លោក ភុន យុទ្ធ ដែល​អង្គុយ​លើ​រទេះ​ជនពិការ ត្រូវ​បាន​តុលាការ​ខេត្តតាកែវ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​រយៈពេល ១៨​ខែ កាលពី​ខែ វិច្ឆិកា​។

រីឯ​នៅ​ដើមខែ​មេសា​វិញ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ខ្លួន​លោក​ជា​លើក​ទី​ពីរ​នៅ​ទីស្នាក់ការ​សមាគម​របស់​លោក ក្រោយ​លោក​ត្រឡប់​ពី​ជួប​ក្រុម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ដែល​ពួន​ក្នុង​ព្រៃ និង​គេច​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​កាលពី​អំឡុង​ខែ​មីនា កន្លង​ទៅ​។ លោក កើត សារ៉ាយ បាន​លើកឡើង​ទៅកាន់​សារព័ត៌មាន​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​កំពុង​រត់គេច​ខ្លួន​ក្នុង​ព្រៃ​នោះ ហើយ​លោក​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ដេញ​ចាប់​ប្រជាពលរដ្ឋ និង​ងាក​មក​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​វិញ​។ ទោះជា​យ៉ាងណា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់ទោស លោក កើត សារ៉ាយ លើ​សំណុំរឿង​ «​មិន​រាងចាល​ក្នុង​បទមជ្ឈិម​» ​និង​បទ​«​ញុះញង់​» ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល​កាល​ពី​ដើម​ខែវិច្ឆិកា​កន្លង​ទៅ។

ចំណែក​ករណី​នយោបាយ​វិញ អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ច​ន្ធី ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែ​ឧសភា ហើយ​សមត្ថកិច្ច​បាន​បញ្ជូន​លោក ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​។ តុលាការក្រុង​ភ្នំពេញ​បាន​ចោទប្រកាន់ លោក ស៊ុន ចន្ធី  ​ពី​បទ​«​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ក្រោយពី​លោក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ក្នុង​ការ​ចែក​ប័ណ្ណ​ក្រីក្រ​មាន​ការ​រើសអើង។

សម្រាប់​ដើមខែ​កក្កដា​វិញ តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​សកម្មជន​បរិស្ថាន​១០ នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ពី​៦​ឆ្នាំ ដល់ ៨​ឆ្នាំ ក្រោម​បទ​ចោទ​«​រួមគំនិត​ក្បត់​»​និង​«​ប្រមាថ​ព្រះមហាក្សត្រ​»​។ ចំណែក​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៥​នាក់ រួមមាន លោក ថុន រដ្ឋា លោក យីម លាង​ហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​តាម​ខេត្ត​ផ្សេងៗ គ្នា ភ្លាមៗ​បន្ទាប់ពី​តុលាការ​ប្រកាស​សាលក្រម​។ នៅ​ថ្ងៃ​ដដែល​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​តុលាការ​ក្រុងភ្នំពេញ​ដែល​កាត់ក្ដី​មិន​ស្រប​នឹង​គោលការណ៍​ច្បាប់ ខណៈ​ដែល​ជាក់ស្ដែង​សកម្មជន​បរិស្ថាន​ទាំងនេះ​ធ្វើការ​ដើម្បី​សិទ្ធិ​ទទួល​បាន​បរិស្ថាន​ស្អាត សុខភាព និង​និរន្តរភាព ដូច្នេះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគាត់​គួរតែ​ទទួល​បាន​រង្វាន់​ ​និង​មិន​សម​ទទួល​បាន​ការ​ដាក់​ទោសទណ្ឌ​នោះ​ទេ។

នៅ​ខែ​កក្កដា​ដដែល​នេះ សមត្ថកិច្ច​ខេត្តសៀមរាប​បាន​ចាប់ខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ៣​នាក់ រួមមាន​លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង លោក សាន សិទ្ធិ បន្ទាប់មក​តុលាការក្រុង​ភ្នំពេញ​ចោទ​ពួកគាត់​ពី​បទ​«​ញុះញង់​»​។ ការ​ចាប់ខ្លួន និង​ចោទប្រកាន់​នេះ​ក្រោយ​ពួកគាត់​លើកឡើង​នៅក្នុង​វីដេអូ​លើ​បណ្ដាញ​សង្គម​ ​ថា​ការសម្រេច​របស់​រដ្ឋាភិបាល​ដាក់​ខេត្ត​ចំនួន ៤​របស់​កម្ពុជា​ក្នុង​គម្រោង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម​ (CLV-DTA) នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ឱ្យទៅ​វៀតណាម។

សម្រាប់​ខែសីហា​វិញ សមត្ថកិច្ច​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​យុវជន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន​៥​នាក់ និង​យុវជន​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍ​ធនធាន​យុវជន​ហៅ​កាត់​ថា​ YRDP ​ចំនួន​២​នាក់​រួមមាន កញ្ញា រៀម ស្រីពេជ្ររតនា លោក ធី ថន កញ្ញា កាត់ ស៊ីណាត និង​កញ្ញា នឿន ស្រីណែត កញ្ញា សើន ស្រីម៉ៃ លោក លោក ឈាង រិទ្ធី និង​អ្នកស្រី សាក់ ពី​បទ​«​រួមគំនិត​ក្បត់​»​។ ប៉ុន្តែ​ក្រោយមក​យុវជន​២​នាក់​ក្នុងចំណោម​៥​នាក់​ត្រូវ​បាន​ដោះលែង​វិញ ក្រោយ​ពួកគេ​ចេញ​វីដេអូ​សុំទោស​ទៅកាន់​លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត។

ដោយឡែក​នៅ​ចុងឆ្នាំ​២០២៤​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​ថៃ​ចាប់ បញ្ជូន​ខ្លួន​ពលរដ្ឋ​កម្ពុជា​មួយចំនួន​៦​នាក់​ដែល​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ ​នៅក្នុង​ប្រទេស​ថៃ​មក​កម្ពុជា​វិញ។ ក្នុងចំណោម​ពលរដ្ឋ ៦​នាក់​នោះ រួមមាន​សកម្មជន និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង ព្រមទាំង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ៣​នាក់​ផង​ដែរ​។ ហើយ​ពួកគាត់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​«​ក្បត់ជាតិ​»​។ ទោះជា​យ៉ាងណា ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ (UNHCR) ​ចាត់ទុក​ការ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ខ្មែរ​ទាំងនេះ​ជា​អនុវត្ត​ផ្ទុយ​ឬ​រំលោភ​លើ​ច្បាប់​ជាតិ និង​អន្តរជាតិ ក្នុង​ការធានា​សិទ្ធិ​របស់​ជនភៀសខ្លួន ដែល​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ាលីន បាន​ទេ​នៅ​ថ្ងៃទី​២៥ ខែ​ធ្នូ ដោយ​លោក​បាន​ចុច​បិទ​ទូរស័ព្ទ។

ជុំវិញ​ករណី​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា​ ​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នៅ​ឆ្នាំនេះ​បាន​ចាប់ខ្លួន និង​កាត់​ទោស ពលរដ្ឋ សកម្មជន​បរិស្ថាន និង​សកម្មជន​នយោបាយ​ច្រើន​ជាង​ឆ្នាំមុន​រហូត​ដល់​ទៅ​៣​ដង។ លោក​ថា ការ​ចាប់ខ្លួន និង​ការ​កាត់ទោស​ទៅលើ​ពួកគាត់​ទាំងនេះ​គឺ​ធ្វើ​ឡើង​ប្រាសចាក​គោលការណ៍​សិទ្ធិមនុស្ស។

លោក នី សុខា៖ «គិតថា​អ្វី​ដែល​ជា​សកម្មភាព​របស់​សកម្ម​ជន​ទាំងអស់​ហ្នឹង​វា​គ្រាន់តែ​ជា​ការ​ប្រើប្រាស់​សេរីភាព​ក្នុង​សម្ដែង​មតិ សេរីភាព​ក្នុង​ការ​ជួបជុំ​ដែល​ស្រប​ទៅ​ហ្នឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​មិនមែន​ជា​អំពើ​ដែល​ខុសច្បាប់​នោះ​ទេ ហើយ​យើង​ក៏បាន​កត់សម្គាល់​រឿង​បញ្ហា​ទាំងអស់​នោះ​ដែរ​ថា​អ្នក​ទាំង​អស់ហ្នឹង​ធ្វើ​ការងារ​គ្រាន់តែ​ដើម្បី​ផលប្រយោជន៍​សង្គម​ក្នុង​ការ​បញ្ចេញ​មតិស្រប​ទៅតាម​គោលការណ៍​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​ដែល​ប្រកាន់​នូវ​លទ្ធិ​ប្រជាធិបតេយ្យសេរី»

អង្គការ​ការពារ​សិទ្ធិមនុស្ស​លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​បំបិទ​សំឡេង​អ្នក​ដែល​រិះគន់​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នៅក្នុង​ឆ្នាំ ២០២៥ ខាងមុខនេះ​ទៀត រដ្ឋាភិបាល​នឹង​ទទួលរង​ការរិះគន់​កាន់តែ​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ​។ ពួកគេ​ថា ជា​លទ្ធផល កម្ពុជា​អាច​ប្រឈម​ទៅ​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​បន្ថែម​ទៀត ដែល​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពលរដ្ឋ​កាន់តែ​ធ្លាក់ចុះ​ដុនដាប ស្រប​ពេល​ដែល​គ្រួសារ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​កំពុងតែ​អត់​ការងារ​ធ្វើ និង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​ក​ស្រាប់​ទៅ​ហើយ​នោះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក សម រង្សី ចោទថា លោក ឃ្លាំង ហួត ជា​អ្នក​សម្លាប់ លោក លិម គិមយ៉ា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។