រាជរដ្ឋាភិបាលចាប់ផ្ដើមរៀបគម្រោង សាងសង់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ និងបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ កាលពីចុងឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចមួយចាត់តាំងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ឲ្យដឹកនាំមន្ត្រីជាន់ខ្ពស់ ១៩នាក់ មកពីស្ថាប័នផ្សេងៗគ្នា ដើម្បីសិក្សានិងរៀបចំសាងសង់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រសួងចំនួនបួន រួមមានទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងការពារជាតិ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នករៀបចំនិងផ្គត់ផ្គង់ឲ្យវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ លេចជារូបរាងឡើង។ សមាជិកគណៈកម្មការសិក្សាគម្រោងឲ្យដឹងថា វិមាននោះនឹងសាងសង់ឡើងលើផ្ទៃដីជាង ១៤ហិកតារ នៅខាងមុខពហុកីឡាដ្ឋានមរតកតេជោ នៅព្រែកភ្នៅ។
សមាជិកគណៈកម្មការសិក្សាគម្រោងលោកសាស្ត្រាចារ្យ ជុច ភឿន មានប្រសាសន៍ថា ប្រវត្តិនៃនយោបាយ ឈ្នះ-ឈ្នះ នឹងយកមកបង្ហាញជាសាធារណៈតាមចម្លាក់ភាពយន្ត និងឯកសារដែលនឹងតាំងនៅក្នុងបរិវេណវិមានអនុស្សាវរីយ៍នេះ។ លោកបន្តថា នៅក្នុងបរិវេណវិមានអនុស្សាវរីយ៍នេះនឹងមានសង់ស្តូបមួយមានកម្ពស់ទាបបំផុតប្រហែល ៦០ម៉ែត្រ។ ស្តូបនោះយកគំរូតាមប្រទេសជឿនលឿន ដូចជាបារាំង អាមេរិក អ៊ីតាលី ហើយគេនឹងឆ្លាក់រូបសរសេរអក្សរដែលភាគច្រើននិយាយពីប្រវត្តិធ្វើនយោបាយរបស់លោក ហ៊ុន សែន។
លោកបញ្ជាក់ថា គម្រោងនេះមិនទាន់កំណត់ថ្ងៃសាងសង់នៅឡើយទេ ហើយក៏មិនទាន់ប៉ាន់ស្មានថា នឹងត្រូវចាយថវិកាអស់ប៉ុន្មានដែរ៖ «ប្រជុំកំណត់គ្នាថា នឹងធ្វើអីខ្លះ ចាយលុយអស់ប៉ុន្មាន ធ្វើទុកសម្រាប់កូនចៅជំនាន់ក្រោយ»។
លោកបន្ថែមថា ក្រៅពីធ្វើស្តូបវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ ក៏មានសាងសង់កន្លែងហាត់ប្រាណ បណ្ណាល័យតម្កល់ឯកសារ កន្លែងបញ្ចាំងភាពយន្តឯកសារ សាលតាំងរូបថតប្រវត្តិសាស្ត្រសិល្បៈ និងជាទីកន្លែងសម្រាប់សិក្សាស្រាវជ្រាវ។
អនុប្រធានគណៈកម្មការធនាគារ ហិរញ្ញវត្ថុ និងសវនកម្មរដ្ឋសភា លោក សុន ឆ័យ មានប្រសាសន៍ថា ការសាងសង់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ ជាសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែលោកយល់ថា បើចង់ឲ្យវិមាននេះមានសារប្រយោជន៍ជាប្រវត្តិសាស្ត្រ គួរណាស់តែបង្ហាញពីប្រវត្តិសាស្ត្រពិតឲ្យកូនចៅជំនាន់ក្រោយបានដឹង។
លោកសន្យាថា លោកនឹងពិនិត្យពិច័យឲ្យបានហ្មត់ចត់បំផុត បើសិនណារាជរដ្ឋាភិបាលចង់យកថវិកាជាតិដើម្បីសង់វិមាននេះ៖ «ការប្រើប្រាស់ថវិកាជាតិលុះតែជជែកឲ្យបានទូលំទូលាយ ហើយមិនមែនតែភាគីកុម្មុយនិស្តទេ ដែលជួយឲ្យខ្មែរបានសន្តិភាពនោះ»។
កាលពីអាណត្តិទី៤ មន្ត្រីរដ្ឋាភិបាលមួយចំនួនចង់សាងសង់រូបសំណាករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តម្កល់នៅតាមទីស្ដីការក្រសួងនានា ប៉ុន្តែគំនិតនេះរងបរាជ័យដោយសារតែសាធារណជនទូទៅរិះគន់ខ្លាំងក្លាពេក។ គម្រោងសាងសង់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ វិញ គឺធ្វើឡើងទន្ទឹមនឹងការសាងសង់ពហុកីឡាដ្ឋានមរតកតេជោ ជាទីកន្លែងសម្រាប់ប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ខណៈដែលដីនៅពហុកីឡាដ្ឋានជាតិជាស្នាដៃបន្សល់ពីសម័យសង្គមរាស្ត្រនិយម ត្រូវបានរាជរដ្ឋាភិបាលពុះច្រៀកលក់ឲ្យក្រុមហ៊ុនឯកជនអស់ជាច្រើនប្លង់ហើយនោះ។
ទាក់ទងនឹងបញ្ហានេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកផ្ដើមគំនិតសរសេរសៀវភៅប្រវត្តិសាស្ត្រ លោកបណ្ឌិត សុខ ទូច លើកឡើងថា អ្នកនយោបាយខ្មែរពីមួយជំនាន់ទៅមួយជំនាន់តែងតែប្រកាន់គំនិតវាយសមិទ្ធផលចាស់ចោលរួចសង់ថ្មី ដើម្បីបង្ហាញមុខមាត់បង្អួតប្រជាពលរដ្ឋ តែទង្វើនេះធ្វើឲ្យបាត់បង់តម្លៃប្រវត្តិសាស្ត្រ។ លោកបន្តថា ការកសាងមជ្ឈមណ្ឌលប្រវត្តិសាស្ត្រជារឿងគួរឲ្យអបអរ ប៉ុន្តែបើសិនគ្រាន់តែសាងសង់វិមានសម្រាប់បម្រើប្រយោជន៍នយោបាយវិញនោះ វានឹងមិនធ្វើឲ្យជាតិចំណេញទេ៖ «អ្នកនយោបាយត្រូវរៀបខ្លួនយ៉ាងម៉េចដើម្បីដឹកនាំប្រទេស តាមរយៈការសិក្សាប្រវត្តិសាស្ត្រ»។
ទោះជាយ៉ាងណាក្តី លោកសាស្ត្រាចារ្យ ជុច ភឿន បញ្ជាក់ថា គម្រោងសាងសង់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ មិនមែនធ្វើឡើងដើម្បីបម្រើនយោបាយរបស់គណបក្សកាន់អំណាចទេ តែជាការរក្សាភស្តុតាងប្រវត្តិសាស្ត្រ និងកសាងវប្បធម៌សាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរ៖ «ជីវភាពប្រចាំថ្ងៃស្អីទាំងអស់ហ្នឹងត្រូវដាក់បញ្ចូល»។
លោក ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា នយោបាយ ឈ្នះ-ឈ្នះ ត្រូវបានដាក់ចេញតាំងពីឆ្នាំ១៩៨៧ ក្នុងពេលដែលលោកស្វែងរកកិច្ចចរចាជាមួយនឹងសម្ដេចក្រុមព្រះ នរោត្តម សីហនុ ហើយលោកបញ្ជាក់ថា មានតែនយោបាយ ឈ្នះ-ឈ្នះ តែមួយគត់ ដែលធ្វើឲ្យអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមរលំរលាយទាំងស្រុងនៅចុងទសវត្សទី៩០។ ទោះជាយ៉ាងណាក្ដី អ្នកជំនាញផ្នែកនយោបាយលើកឡើងថា ខ្មែរក្រហមរលំរលាយដោយសារកត្តាសំខាន់ៗមួយចំនួនរួមមាន កិច្ចព្រមព្រៀងទីក្រុងប៉ារីស នាំឲ្យមានការបោះឆ្នោតឆ្នាំ១៩៩៣ ការដាក់ខ្មែរក្រហមឲ្យនៅក្រៅច្បាប់ នយោបាយ ឈ្នះ-ឈ្នះ របស់លោក ហ៊ុន សែន ថៃឈប់ផ្ដល់ទឹកដីឲ្យជ្រកកោន ប្រទេសចិន ឈប់ផ្ដល់ជំនួយជាអាវុធ ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិផ្សេងទៀតលែងគាំទ្រជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
