លោក ស ខេង ថា ក្រសួងមហាផ្ទៃ បានផ្ញើរបាយការណ៍ឆ្លើយតបនឹងរបាយការណ៍របស់សហភាពអឺរ៉ុប ទៅក្រសួងការបរទេសកម្ពុជារួចហើយ ខណៈក្រសួងពាក់ព័ន្ធមួយចំនួនទៀត ក៏កំពុងធ្វើកិច្ចការនេះដែរ។ មេដឹកនាំកំពូលលំដាប់ទី២ នៃរបបក្រុងភ្នំពេញរូបនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី៥ ខែធ្នូ ថា យ៉ាងយូរបំផុត ថ្ងៃទី ១២ ធ្នូ ក្រសួងការបរទេស នឹងបញ្ជូនរបាយការណ៍ទាំងអស់ ឆ្លើយតបនឹងសហភាពអឺរ៉ុបវិញ។ លោក ស ខេង អះអាងថា ក្នុងរបាយការណ៍ ដែលផ្ញើទៅសហភាពអឺរ៉ុប នឹងលើកឡើងពីការពិតទាំងអស់ ព្រោះមិនអាចកុហក សហភាពអឺរ៉ុបបានទេ៖ « យើងនឹងឆ្លើយ ប៉ុន្តែតាមពេលវេលាហ្នឹង ដូចជា យ៉ាងយូរថ្ងៃ១២ បាទ ! យ៉ាងយូរថ្ងៃ១២។ ឥឡូវហ្នឹង ក្រសួងមហាផ្ទៃ និងក្រសួងនានាគេ ក្រសួងមហាផ្ទៃ បានបញ្ជូនហើយ។ ក្រសួងនានា ដែលពាក់ព័ន្ធហ្នឹង ប្រហែលជាបានបញ្ជូនទៅក្រសួងការបរទេស ដើម្បីគេវេចខ្ចប់។ ការពិតហើយ យើងបានបង្ហាញទាំងអស់ហើយ បង្ហាញការពិតតែម្ដង ព្រោះយើងមិនអាចភូតគេបានទេ មិនអ៊ីចឹង។ យើងមិនអាចភូតគេបានទេ អ្វីជាការពិត យើងនិយាយការពិត»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះពីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង បានទេ ដោយសារ ទូរស័ព្ទរោទ៍គ្មានអ្នកទទួល នៅថ្ងៃទី៦ ធ្នូ។ សហភាពអឺរ៉ុប បានដាក់ឱសានវាទ ត្រឹមថ្ងៃទី១២ ធ្នូ ឲ្យរបបក្រុងភ្នំពេញ ឆ្លើយតបនឹងរបាយការណ៍ស្ដីពីការរកឃើញការរំលោភសិទ្ធិមនុស្ស កម្រាស់ ៧០ទំព័រ។ គិតត្រឹមថ្ងៃទី៦ ធ្នូ នេះ របបក្រុងភ្នំពេញ នៅមានពេល ១សប្ដាហ៍ទៀត ដើម្បីឆ្លើយតបនឹងរបាយការណ៍ របស់សហភាពអឺរ៉ុប។
ទោះជារបបក្រុងភ្នំពេញ បានត្រៀមរបាយការណ៍ឆ្លើយតបរួចរាល់ហើយក៏ដោយ ក៏អ្នកធ្វើការឃ្លាំមើលសិទ្ធិការងារ និងអ្នកវិភាគ សង្កេតឃើញថា របបក្រុងភ្នំពេញ មិនបានធ្វើសកម្មភាពស្ដារលទ្ធិប្រជាធិបតេយ្យ តាមសំណើសហភាពអឺរ៉ុបនៅឡើយ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់អង្គការសង់ត្រាល់ (Central) លោក ឃុន ថារ៉ូ ប្រាប់ថា មុខសញ្ញាក្រសួង ដែលត្រូវឆ្លើយតបនឹងរបាយការណ៍រំលោភសិទ្ធិមនុស្ស គឺក្រសួងការងារ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងដែនដី។ លោកថា ក្រសួងធំៗ ទាំងនេះ បានបង្ហាញការកែប្រែលក្ខខណ្ឌតឹងរ៉ឹងមួយចំនួនខ្លះហើយ ដូចជា ព្រមធ្វើវិសោធនកម្មច្បាប់សហជីព ពិភាក្សាដើម្បីកែប្រែច្បាប់អង្គការ សមាគមបើកផ្លូវឲ្យអង្គភាពសារព័ត៌មានធ្វើសកម្មភាពនៅកម្ពុជាឡើងវិញ និងដំណោះស្រាយដីធ្លីជាដើម។ ប៉ុន្តែវិធានការទាំងនេះ លោកថា ឃើញមានតែក្នុងផ្លូវច្បាប់ ត្រង់ការអនុវត្តជាក់ស្ដែង មិនទាន់មានប្រសិទ្ធិភាពទេ។
ចំណែកចំណុចគ្មានការវិវត្តន៍ទៅរកភាពវិជ្ជមានទាល់តែសោះ គឺសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ លោក ឃុន ថារ៉ូ ថា ចំណុចសំខាន់ ដែលសហភាពអឺរ៉ុបទាមទារនោះ គឺសិទ្ធិនយោបាយនៃគណបក្សសង្គ្រោះជាតិ ដូច្នេះប្រសិនបើ សិទ្ធិនយោបាយ គ្មានការវិវត្តន៍ទៅរកភាពវិជ្ជមានទេ លោកថា របាយការណ៍របស់រដ្ឋាភិបាល ទំនងជាមិនអាចធ្វើឲ្យសហភាពអឺរ៉ុបជឿជាក់ឡើយ។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា ក្រៅពីរបាយការណ៍ឆ្លើយតបរបស់រដ្ឋាភិបាល សហភាពអឺរ៉ុប ក៏នឹងផ្ទៀងផ្ទាត់ ជាមួយរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀតដែរ។ ដូច្នេះ លោកថា ប្រសិនបើរដ្ឋាភិបាល មានតែរបាយការណ៍ ហើយគ្មានឆន្ទៈ ភស្តុតាង និងអំណះអំណាងគ្រប់គ្រាន់ទេ នោះសហភាពអឺរ៉ុបនឹងមិនទុកចិត្តរបាយការណ៍នោះឡើយ៖ « យើងចាំមើលតែការវិវត្តន៍ នៅរយៈពេលប៉ុន្មានហ្នឹងទៀតទេ។ បើក្រៅពីហ្នឹង ខ្ញុំមើលឃើញថា រឿងអ្វីផ្សេងទាំងអស់ អាចដោះស្រាយបានទេ រឿងច្បាប់ ទម្លាប់ ការធ្វើវិសោធនកម្មហ្នឹង ព្រោះថា នៅក្នុងដៃ ប៉ិចនៅគណបក្សកាន់អំណាចទេ។ គាត់ចង់ យល់ព្រមដាក់បញ្ចូលកែយ៉ាងម្ដេច គាត់អាចកែនៅក្នុងពេលតែ៥នាទី ក៏បានដែរ ព្រោះអាកូនសោហ្នឹងងាយស្រួលហ្នឹង មានទៅជាបញ្ហាអ្វី។ អាហ្នឹង ឲ្យតែនាយករដ្ឋមន្ត្រីហ្នឹង គាត់មានឆន្ទៈចង់ថែរក្សាអាហ្នឹង ខ្ញុំគិតថា គាត់អាចធ្វើទៅបានទេ»។
កាលពីថ្ងៃទី៣ ធ្នូ តំណាងសហគមន៍អឺរ៉ុបបានបង្ហាញការសោកស្ដាយ ប្រាប់ទៅឯកអគ្គរាជទូតកម្ពុជាប្រចាំសហភាពអឺរ៉ុប លោក ណុំ ពិសិដ្ឋ ក្នុងកិច្ចប្រជុំដេញដោលរបស់គណៈកម្មាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃសភាអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ថា ច្រើនខែមកហើយ កម្ពុជានៅមិនទាន់មានការកែប្រែ ជាដុំកំភួនតាមសំណើរបស់គណៈកម្មការអឺរ៉ុប។
នាយិកាទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃគណៈកម្មការអឺរ៉ុប អ្នកស្រី ផាអូឡា ផេមផេឡូនី (Paola Pampaloni) លើកឡើងកាលនោះថា កម្ពុជាគឺជារដ្ឋឯកបក្ស ដែលគ្មានគណបក្សប្រឆាំង ហើយវិស័យមួយចំនួន ដែលជាក្តីបារម្ភ គឺស្ថិតក្នុងកម្រិតនយោបាយ។ តែយ៉ាងណា តំណាងទូតរបស់របបក្រុងភ្នំពេញ ប្រចាំសហភាពអឺរ៉ុប លោក ណុំ ពិសិដ្ឋ ឆ្លើយតប ដូចមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដែរ គឺថា រដ្ឋាភិបាលកម្ពុជា បានខិតខំកែប្រែស្ថានភាពមួយចំនួន ដូចជា វិសោធនកម្មច្បាប់សហជីពជាដើម។
អ្នកវិភាគនយោបាយ អ្នកស្រី ធីតា ឃឹះ យល់ថា ទោះបីរដ្ឋាភិបាល មានគម្រោងផ្ញើរបាយការណ៍ឆ្លើយតប នឹងសហភាពអឺរ៉ុប តែរដ្ឋាភិបាល មិនបានបង្ហាញឆន្ទៈ ចង់កែប្រែស្ថានភាពសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យ តាមការចង់បានរបស់សហភាពអឺរ៉ុបនៅឡើយ។ អ្នកស្រី ថា ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន គ្មានគោលការណ៍ ដោះស្រាយស្ថានភាពនយោបាយជាក់លាក់ ហើយលោកតែងប្រកាសជារឿយៗថា នឹងមិនអនុវត្តតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុបនេះឡើយ ព្រោះ ប៉ះពាល់ដល់អធិបតេយ្យជាតិកម្ពុជា។ អ្នកស្រី បន្តទៀតថា រដ្ឋាភិបាលទំនងជាមិនអាចស្ដារលទ្ធិប្រជាធិបតេយ្យទាន់ទេ ព្រោះពេលវេលា ដែល សហភាពអឺរ៉ុប បានទុកឲ្យ១ខែនោះ កាន់តែខើចណាស់ទៅហើយ៖ « ខ្ញុំថា ដោយសារគាត់ ដូចជាមិនចង់ធ្វើ ដូចជាជឿថា ត្រូវធ្វើ ហើយគាត់ក៏មានឲ្យសម្ដី សម្ដេចនាយកក៏មានសម្ដីខ្លះ ដែលនិយាយថា មិនយកអធិបតេយ្យភាពប្រទេស ទៅដាក់នៅក្រោម EU អ៊ីចឹងទៅ។ គាត់មាននិយាយរឿងហ្នឹងអ៊ីចឹង ប្រហែលជាគាត់អត់មានគោលបំណងក្នុងការដោះស្រាយរឿងហ្នឹងទេ ហើយគាត់ ខំប្រឹងដើររកទីផ្សារ ដើម្បី ហៀបនឹងរកមនុស្សឲ្យគេជួយ មានទាំងប្រទេសដទៃ ដើម្បីឲ្យមានទីផ្សារ ប្រទេសកម្ពុជា ទៅខាងហ្នុង។ អ៊ីចឹង មានន័យថា អត់ចង់ គាត់អត់ចង់ធ្វើ កាលណាស្ដារប្រជាធិបតេយ្យទៅ វាអាចប៉ះពាល់ទៅដល់សិទ្ធិអំណាច ដែលគាត់មាន ក្នុងការបោះឆ្នោត ក្នុងការធ្វើឲ្យមានសេរីពហុបក្សអ្វីហ្នឹង វានៅមានកម្រិត ក្នុងពេលបច្ចុប្បន្ន។ មានន័យថា មានគណបក្សតែមួយ គាត់មិនចង់ឲ្យមានទៀតណា»។
សហភាពអឺរ៉ុបបានហៅចំណាត់ការបង្ក្រាបបក្សប្រឆាំង ធ្វើទុក្ខបុកម្នេញស្ថាប័នសារព័ត៌មានឯករាជ្យ ការយាយីលើសហជីព ការរំលោភដីធ្លីជាប្រព័ន្ធ ដែលរបបក្រុងភ្នំពេញ ចាត់ទុកជាការអនុវត្តច្បាប់នោះ ថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយសហភាពអឺរ៉ុបមានភស្តុតាងរឹងមាំចំពោះរឿងនេះ។ សហភាពអឺរ៉ុប ថា ចំណាត់ការរំលោភសិទ្ធិមនុស្សកន្លងមក របបក្រុងភ្នំពេញ បានធ្វើផ្ទុយពីគោលការណ៍នៃបទបញ្ញត្តិ ការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ EBA របស់សហភាពអឺរ៉ុប។
ក្នុងករណី សហភាពអឺរ៉ុប សម្រេចដកហូតប្រព័ន្ធអនុគ្រោះពន្ធនៅខែកុម្ភៈ ឆ្នាំ២០២០ មែន សភាអឺរ៉ុប និងរដ្ឋសមាជិកអឺរ៉ុប មានពេល ២ខែ ដើម្បីធ្វើការជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុបនេះ ហើយប្រសិនបើគ្មានការជំទាស់ណាមួយនោះទេ ការយកពន្ធផ្លូវការពីកម្ពុជា នឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
ស្ថាប័នហិរញ្ញវត្ថុធំៗ របស់ពិភពលោក បានព្រមានថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងត្រូវធ្លាក់ចុះពី ៧ភាគរយ ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៦,៥% ក្នុងឆ្នាំ២០២០ ដោយសារភាពមិនប្រាកដប្រជានៃបញ្ហាព្យួរប្រព័ន្ធអនុគ្រោះពន្ធ។ ក្នុងន័យនេះ កម្ពុជា នឹងត្រូវខាតបង់យ៉ាងហោចណាស់ជិត ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬស្នើជិត ២លានដុល្លារអាមេរិកក្នុងមួយថ្ងៃ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន។ នេះមិនទាន់រាប់បញ្ចូល ដល់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។