ហេតុអ្វីអាជ្ញាធរនៅតែមិនអាចបំបែកសំណុំរឿងបោកគ្រាប់បែកមុខអតីតរដ្ឋសភា?
2016.03.30

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ គឺជាខួបគម្រប់ ១៩ឆ្នាំ នៃព្រឹត្តិការណ៍វាយប្រហារគ្រាប់បែកដៃទៅលើហ្វូងបាតុករដឹកនាំដោយលោក សម រង្ស៊ី នៅមុខមន្ទីររដ្ឋសភាចាស់ក្បែរព្រះបរមរាជវាំង។ គ្រួសារជនរងគ្រោះនៅតែទន្ទឹងរង់ចាំយុត្តិធម៌ ទោះបីជាអូសបន្លាយពេលជាច្រើនឆ្នាំហើយក្ដី។ សង្គមស៊ីវិលអះអាងថា ការដែលជាប់គាំងសំណុំរឿងដ៏រសើបនេះ ព្រោះអាជ្ញាធរ និងប្រព័ន្ធតុលាការ គ្មានឆន្ទៈពិតប្រាកដ ប៉ុន្តែកន្លងមកអាជ្ញាធរបដិសេធការចោទប្រកាន់នេះ ហើយថា សំណុំរឿងនេះគេមិនទាន់បិទនៅឡើយ។
ព្រឹត្តិការណ៍បោកគ្រាប់បែក ៤គ្រាប់ លើហ្វូងបាតុករដឹកនាំដោយលោក សម រង្ស៊ី បានកន្លងផុតទៅ ១៩ឆ្នាំហើយ ប៉ុន្តែគ្មានឡើយពន្លឺយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះ។ ក្រុមគ្រួសារជនរងគ្រោះនៅតែប្រកាសទាមទាររកយុត្តិធម៌ និងទទូចសុំឲ្យរដ្ឋាភិបាល ត្រូវតែបើកការស៊ើបអង្កេតដោយស្មោះត្រង់ ដើម្បីនាំយកអ្នកបញ្ជា និងឃាតកពិតមកផ្ដន្ទាទោសឲ្យបានឆាប់។
លោកស្រី ពៅ ហេង មានវ័យជាង ៧០ឆ្នាំ ដែលបាត់បង់ជីវិតកូនស្រីម្នាក់ និងក្មួយស្រីម្នាក់ដោយសារការវាយប្រហារដោយគ្រាប់បែកដៃ កាលពី ១៩ឆ្នាំមុននោះ សម្ដែងការខកចិត្តយ៉ាងខ្លាំងដោយសារទន្ទឹងរង់ចាំយុត្តិធម៌ពីមួយឆ្នាំទៅមួយឆ្នាំ នៅតែពុំមានលទ្ធផល។ លោកស្រីបន្តរៀបរាប់ថា ប្រសិនបើអាជ្ញាធរពិតជាមានឆន្ទៈនោះ រឿងនេះមិនអូសបន្លាយរាប់សិបឆ្នាំដូច្នេះទេ ប៉ុន្តែដោយសារអាជ្ញាធរគ្មានឆន្ទៈស្វែងរកការពិត បានត្រឹមតែនិយាយសន្យាឲ្យគ្រួសារជនរងគ្រោះស្ងប់ចិត្ត និងឲ្យល្អមើលប៉ុណ្ណោះ៖ «សូមជួយរកយុត្តិធម៌អោយកូនខ្ញុំផង។ ខ្ញុំចាស់ហើយ ដូច្នេះចង់ដឹងថា រឿងនេះវាដល់ណាហើយ»។
ដូចរាល់ឆ្នាំដែរ នៅថ្ងៃទី៣០ ខែមីនា គណបក្សប្រឆាំងតែងតែនាំគ្នាទៅជួបជុំធ្វើពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៅចេតិយរំលឹកវិញ្ញាណក្ខន្ធអ្នកដែលស្លាប់នាមុខមន្ទីររដ្ឋសភាចាស់ ក្បែរព្រះបរមរាជវាំង។ ក្នុងពេលនោះ សាច់ញាតិជនរងគ្រោះក៏យករូបថតជនរងគ្រោះដាក់តម្រៀបគ្នា ពាក់កម្រងផ្កា និងមានមនុស្សជាច្រើននាក់ចូលរួម ព្រមទាំងព្រះសង្ឃផង។
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឲ្យដឹងថា ពិធីបង្សុកូលនៅឆ្នាំនេះ ទោះបីលោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេសក្តី ប៉ុន្តែលោកនឹងចូលរួមតាមរយៈវីដេអូ ខនហ្វើរិន (Video Conference)។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា លោកនៅមិនទាន់ដឹងថា តើលោក សម រង្ស៊ី នឹងថ្លែងសារនយោបាយអ្វីខ្លះនៅថ្ងៃទី៣០ ខែមីនា នេះទេ? ប៉ុន្តែទាក់ទងនឹងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះវិញ លោកគ្មានជំនឿថា សមត្ថកិច្ចរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយរឿងក្ដីនេះទេ ព្រោះវាមានការផ្សារភ្ជាប់ក្នុងរឿងនយោបាយនៅពីក្រោយខ្នង។ ដូច្នេះរឿងនេះ អាចរើកកាយបានទាល់តែមានការផ្លាស់ប្ដូរអំណាចគ្រប់គ្រង៖ «តាមធម្មតាក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបាត់បង់ជីវិតមនុស្សបែបនេះ គឺត្រូវតែរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ តុលាការ ក៏ប៉ុន្តែដោយសារគណបក្សប្រជាជននៅគ្រប់គ្រងអំណាចនៅឡើយ ដូច្នេះមិនដឹងហេតុផលអីបានជាមកទល់ពេលនេះ នៅតែមិនអាចរកឃាតកឃើញ»។
ក្នុងពិធីរំលឹកព្រឹត្តិការណ៍គប់គ្រាប់បែកដៃកាលពីពេលកន្លងទៅ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអះអាងថា អ្នកដែលបញ្ជាឲ្យសម្លាប់ប្រជាពលរដ្ឋកម្ពុជា និងអ្នកប្រព្រឹត្តដោយផ្ទាល់នឹងត្រូវប្រឈមមុខពីបទឧក្រិដ្ឋ។
ការប្រកាសដូចនេះរបស់មេបក្សសង្គ្រោះជាតិ កាលណោះធ្វើឡើងចំពេលមានបណ្ដឹងជាច្រើនសំណុំរឿងពីបទប្រឆាំងមនុស្សជាតិ និងបទល្មើសឧក្រិដ្ឋ ដែលទាមទារឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បើកការស៊ើបអង្កេតប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រីឯក្រសួងមហាផ្ទៃ តែងតែឆ្លើយថា ស្ថាប័នជំនាញរបស់រដ្ឋាភិបាលពុំដែលព្រងើយកន្តើយក្នុងការស្រាវជ្រាវរកជនដៃដល់ម្ដងណាឡើយ ហើយសំណុំរឿងព្រហ្មទណ្ឌនេះទៀតសោត កំពុងស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរនៅឡើយដែរ ប៉ុន្តែការស្រាវជ្រាវនោះ មិនទាន់ជឿនលឿនទៅមុខទេ ព្រោះបាត់បង់តម្រុយ។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងសុំការឆ្លើយតបជាច្រើនលើកពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែមីនា ប៉ុន្តែគ្មានអ្នកទទួលទូរស័ព្ទ។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មានជនមិនស្គាល់មុខមួយក្រុមបានវាយប្រហារដោយគ្រាប់បែកដៃចំនួន ៤គ្រាប់ ទៅលើហ្វូងបាតុករ ដែលដឹកនាំដោយលោក សម រង្ស៊ី ដើម្បីទាមទាររកយុត្តិធម៌សង្គមលក្ខខណ្ឌការងាររបស់ក្រុមកម្មករ និងកែទម្រង់ប្រព័ន្ធតុលាការនៅពីមុខអតីតអគាររដ្ឋសភា។
មានមនុស្សយ៉ាងតិចប្រមាណ ១៦នាក់បានស្លាប់ និងជាង ១៥០នាក់ផ្សេងទៀតបានរងរបួសដោយសារការវាយប្រហារដោយគ្រាប់បែកដៃនៅពេលនោះ ប៉ុន្តែរហូតមកទល់ពេលនេះ ជនប្រព្រឹត្តិមិនត្រូវបានគេចាប់ខ្លួនមកផ្ដន្ទាទោសឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុកការវាយប្រហារនោះ ថាជាចេតនារបស់រដ្ឋាភិបាលក្នុងការកម្ទេចអ្នកនយោបាយបក្សប្រឆាំងនៅកម្ពុជា។ យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើងដែរថា ការវាយប្រហារនេះ អាចពាក់ព័ន្ធនឹងកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក សុភាព មានប្រសាសន៍ថា ករណីគប់គ្រាប់បែកនេះ គឺបានបង្ហាញច្បាស់ថា សមត្ថកិច្ច និងប្រព័ន្ធតុលាការកម្ពុជា អសមត្ថភាព ឬគ្មានឆន្ទៈពិតប្រាកដក្នុងការបំបែកសំណុំរឿងដ៏រសើបមួយនេះ។ លោកស្រីបន្តថា អាជ្ញាធរ និងប្រព័ន្ធតុលាការ គួរតែបំពេញតួនាទីខ្លួនឯងឲ្យមានឯករាជភាព ដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាពនៅក្នុងសង្គមកម្ពុជា៖ «ខ្ញុំគិតថា វាអាចនឹងមានយុត្តិធម៌ ប្រសិនបើស្ថាប័នពាក់ព័ន្ធទាំងអស់បំពេញតួនាទីទៅតាមអំណាច និងយុត្តាធិការរបស់ខ្លួន»។
ការអនុវត្តរបស់តុលាការនេះ ត្រូវបានអ្នកឃ្លាំមើលសិទ្ធិមនុស្សមើលឃើញថា ការអនុវត្តច្បាប់របស់តុលាការមាននិយាមពីរផ្សេងគ្នា។ ការវាយប្រហារគ្រាប់បែកដែលធ្វើឲ្យមនុស្សស្លាប់កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលអូសបន្លាយពេលជិត ២០ឆ្នាំមកហើយនេះ មិនត្រូវបានតុលាការ ឬរដ្ឋាភិបាលចាប់បានជនដៃដល់និងបក្សពួកយកផ្ដន្ទាទោសនោះឡើយ ទោះបីជាមានការថ្កោលទោសពីសហគមន៍អន្តរជាតិក្ដី ប៉ុន្តែបើសំណុំរឿងទាក់ទងរដ្ឋាភិបាលវិញ ដូចជាតុលាការ បានចាប់ខ្លួនយុវជន និងចាប់សកម្មជនបក្សប្រឆាំងត្រូវបានតុលាការចាប់ដាក់គុកជាបន្តបន្ទាប់។
សង្គមស៊ីវិលលើកឡើងដែរថា ទោះបីជាកម្ពុជា បានហែលឆ្លងកាត់របបនយោបាយជាច្រើនសម័យកាលក៏ដោយ ប៉ុន្តែវប្បធម៌និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ នៅតែបន្តរហូតដល់ពេលបច្ចុប្បន្ននេះ។ គិតចាប់ពីរបបកម្ពុជាប្រជាធិបតេយ្យ បញ្ហានិទ្ទណ្ឌភាព បានបង្ហាញអោយឃើញមិនអាចបំភ្លៃបាន។ ថ្នាក់ដឹកនាំ និងកម្មាភិបាលខ្មែរក្រហមបានសម្លាប់ប្រជាជនខ្មែរប្រមាណ ១,២លាននាក់។ មានតែមេដឹកនាំជាន់ខ្ពស់តែប៉ុន្មានរូបប៉ុណ្ណោះ ត្រូវបាននាំយកមកជំនុំជម្រះ ដោយអង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា។ នៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងផែនការ "ក៥'' ប្រជាជនជាច្រើនម៉ឺននាក់ ត្រូវបានក្រុមរដ្ឋាភិបាលបង្ខំអោយទៅកាប់ព្រៃនៅភាគខាងលិចនៃប្រទេស។ កាលណោះ មនុស្សជាច្រើនណាស់បានស្លាប់ដោយគ្រាប់មីន និងជំងឺគ្រុនចាញ់ ហើយពុំមានការកាត់ទោសមេដឹកនាំណាមួយចំពោះបទឧក្រិដ្ឋនេះឡើយ។
របាយការណ៍ស្រាវជ្រាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ បានបង្ហាញថា សកម្មជនបក្សប្រឆាំង សកម្មជនបរិស្ថាន អ្នកសារព័ត៌មាន អ្នកដឹកនាំសហជីព ត្រូវបានគេសម្លាប់ ហើយក្នុងករណីខ្លះ ឃាតកត្រូវបានគេស្គាល់ តែពុំត្រូវបានស៊ើបអង្កេត ចោទប្រកាន់ ឬដាក់ទោសឡើយ។ អំពើនិទ្ទណ្ឌភាពទាំងនោះ រួមមានករណីកម្មករស្លាប់ក្នុងហេតុការណ៍ សមត្ថកិច្ចប្រើហិង្សាបាញ់បង្ក្រាបការតវ៉ា លើផ្លូវវ៉េងស្រេង និងករណីបាញ់សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការពារធនធានធម្មជាតិ ជាដើម។
ងាកមកករណីបោកគ្រាប់បែកនេះវិញ លោក សម រង្ស៊ី ក៏ធ្លាប់បានដាក់ពាក្យប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដែរ ក៏ប៉ុន្តែដោយសារកត្តានយោបាយមិនអំណោយផលសម្រាប់បុគ្គល លោកបានជំរុញឲ្យលោក សម រង្ស៊ី ដកពាក្យបណ្ដឹងនេះវិញ ដែលគេដឹងថា ការដកពាក្យប្ដឹងវិញរបស់លោក សម រង្ស៊ី កាលនោះ ជាថ្នូរនឹងការវិលចូលស្រុកវិញរបស់លោក ខណៈលោកកំពុងនិទ្ទេសខ្លួននៅឯក្រៅប្រទេសនោះ៕ TT