មជ្ឈដ្ឋានទូទៅ នៅតែទាមទារឲ្យអាជ្ញាធររបបលោក ហ៊ុន សែន ស៊ើបអង្កេតករណីសារគំរាមសម្លាប់ ដែលសង្ស័យថា ជាសំឡេង របស់មន្ត្រីនាំពាក្យក្រសួងការងារ គឺលោក ហេង សួរ។ ពួកគាត់ចាត់ទុក ការមិនព្រមបើកការស៊ើបអង្កេត គឺជាការបង្ហាញថា រឿងនេះ ជារឿងពិត ហើយវប្បធម៌និទ្ទណ្ឌភាព កាន់តែរីករាលដាលខ្លាំងនៅកម្ពុជា។
ទាំងមន្ត្រីតំណាងសហជីពកម្មករ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ និងមន្ត្រីបក្សប្រឆាំង សុទ្ធតែសម្ដែងការងឿងឆ្ងល់ និងសង្ស័យអំពីសុចរិតភាពរបស់អាជ្ញាធររបបលោក ហ៊ុន សែន ដែលមិនព្រមចាត់ការស៊ើបអង្កេត ករណីបែកធ្លាយសារសំឡេង ដែលសង្ស័យថា ជាសំឡេងរបស់អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ នោះ។
ក្នុងស្ថានភាព ដែលសហភាពអឺរ៉ុប កំពុងតែដាក់សម្ពាធខ្លាំង លើរបបលោក ហ៊ុន សែន ឲ្យស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដើម្បីជាថ្នូរនឹងការមិនដកការអនុគ្រោះពន្ធ ប្រធានសហភាពសជីពកម្ពុជាលោក រ៉ុង ឈុន កាន់តែព្រួយបារម្ភខ្លាំង ថាភាពព្រងើយកន្តើយរបស់អាជ្ញាធរ ដែលមិនអើពើក្នុងការស៊ើបអង្កេតសារសំឡេង ដែលពាក់ព័ន្ធនឹងមន្ត្រីក្រសួងការងារបែបនេះ នឹងរឹតតែធ្វើឲ្យស្ថានភាពរំលោភសិទ្ធិមនុស្ស កាន់តែអាក្រក់៖ «ខាងសហគមន៍អឺរ៉ុប គេចង់ឲ្យមានការគោរពសិទ្ធិកម្មករ និងគោរពសិទ្ធិពលករ និងប្រជាធិបតេយ្យ សេរីភាពសហជីព ក៏ដូចជាឲ្យសហជីពមានសិទ្ធិ ក្នុងការការពារ ដល់កម្មករកម្មការិនី។ អាហ្នឹងវាកាន់តែធ្វើឲ្យប្រឈមកាន់តែខ្លាំងហើយ ចំពោះបញ្ហាការណ៍ដែលគេដកប្រព័ន្ធអនុគ្រោះពន្ធ»។
កាលដើមខែតុលានេះ មានខ្សែអាត់សំឡេងមួយ មានរយៈពេលជាង ១នាទី បានបែកធ្លាយ និងត្រូវអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ចែកចាយព្រោងព្រាត ដែលគេសង្ស័យថា ជាសំឡេងរបស់អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ និយាយពីការរៀបចំផែនការជួលក្រុមជនពាល ឲ្យបង្កអំពើហិង្សា និងបង្កើតជាព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ជាដើម ដើម្បីធ្វើបាបក្រុមប្រឆាំងនៅក្រៅប្រទេស និងនៅក្នុងប្រទេសកម្ពុជា។
ការខឹងសម្បាររហូត ដល់ចេញសារព្រមាន អំពីការបង្ក្រាប និងប្រមាថដល់ជីវិតបែបនេះ គឺសំដៅទៅលើព្រឹត្តិការណ៍ តវ៉ាប្រឆាំងលោក ហ៊ុន សែន នៅទីក្រុងតូក្យូប្រទេសជប៉ុន ដែលបាតុករខ្លះ បានយកជើងជាន់រូបលោក ហ៊ុន សែន៖ «ការណ៍ដែលវាយករូប មកជាន់បែបនេះ គឺជាការប្រមាថ។ អ៊ីចឹង យើងមិនអាចលើកលែងទោស ឲ្យអាពួកដែលវាហ៊ានប្រមាថមេដឹកនាំយើងទេ។ ពិនិត្យមើល ! មិនដឹងថា យើងនៅហ្នឹង មានស្គាល់បណ្ដាញខាងណា ! ត្រូវចាប់ផ្ដើមធ្វើដូចនៅកូរ៉េ អ៊ីចឹង គឺរកពួកជើងកាងមួយចំនួន .. មើលមុខសញ្ញាណាដែលចាំបាច់ យកជើងកាងទៅវ៉ៃវាទៅ ហើយជើងកាងត្រឡប់មកវិញយើងចិញ្ចឹម។ ធ្វើម៉េចឲ្យអាមួយហ្នឹងវាប្រកាច់ប្រកិននៅនោះចុះ។ ពួកអាជើងកាងគេមិនដែលចាប់ដាក់គុកនៅស្រុកគេទេ គេចាប់តែបន្តិចគេប្រលែងមកអោយជាប់គុកស្រុកយើងហើយចាំពេលមកដល់ស្រុកយើងចាំយើងចិញ្ចឹម។ រឿងនេះមិនអាចលេងសើចបានទេ ច្រើនដង ហើយ .. លើកមុនយើងមិននេះទេ ប៉ុន្តែលើកនេះ ទៅគឺនៅចំពោះមុខ ហើយគេហ៊ានជាន់បែបនេះ គឺយើងមិនអាចលើកលែងអោយវាបានទេ។ ហើយបងស្រេង ថ្ងៃមុនថា អោយមុខសញ្ញាអ្នកដែល ជាសកម្មជនពួកវាមកហ្នឹងណា .. ឥឡូវនេះ គឺយើងត្រូវធ្វើកិច្ចការនេះបន្តិច។ អានេះមកអោយវា គ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្មែរនឹងទៅ»។
អាស៊ីសេរី នៅតែមិនអាចសុំការបំភ្លឺពីលោក ហេង សួរ បាននៅឡើយរហូតមកដល់ពេលនេះ ទោះបានព្យាយាមច្រើនដង ដោយសារលោកមិនលើកទូរស័ព្ទ។ ប៉ុន្ត កាលពីថ្ងៃទី១២ ខែតុលា ភ្លាមៗក្រោយការបែកធ្លាយសារសំឡេងនេះ លោកបានសរសេរលើហ្វេសប៊ុក ដោយមិនបានប្រកែកថា សំឡេងនោះ មិនមែនជាសំឡេងគាត់នោះឡើយ។ ទោះជាយ៉ាងនេះក្តី លោកថា ក្រុមប្រឆាំងប្រឌិតក្លែងក្លាយ ដើម្បីផ្សព្វផ្សាយបរិហារដល់រូបលោក។
កន្លងមករបបលោក ហ៊ុន សែន រងការសង្ស័យ ថាជាអ្នកនៅពីក្រោយ នៃការជួលជើងកាង ឬ ជនអន្ធពាល ដូចជាក្មេងហិតកាវ ឬ អ្នកញៀនគ្រឿងញៀន ឬ ជួលពួកបាតដៃទីបី ដើម្បីធ្វើបាបក្រុមអ្នកតវ៉ាប្រឆាំងនឹងរបបនេះ។
អង្គរក្សលោក ហ៊ុន សែន រួមមាន លោក សុត វណ្ណនី ចាយ សារិទ្ធ និង ម៉ៅ ហឿន ដែលបានវាយដំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបគឺលោក គង់ សភា និង លោក ញ៉យ ចំរើន យ៉ាងដំណំ នៅក្បែររដ្ឋសភា កាលពីខែតុលា ឆ្នាំ២០១៥ ត្រូវបានដំឡើងឋានៈ ក្រោយតុលាការព្យួរទោស និង ដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦។ ជនដៃដល់ជាច្រើនទៀត ដែលព្រួតគ្នាវាយតំណាងរាស្ត្រទាំងពីរ រួចខ្លួនរហូតដល់សព្វថ្ងៃ។
អ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ ប្រដូចរបបសព្វថ្ងៃ ទៅនឹងរបបខ្មែរក្រហម ដែលជ្រកក្រោមស្លាកប្រជាធិបតេយ្យក្លែងក្លាយ ដោយសារតែវប្បធម៌និទ្ទណ្ឌភាព និងការបែកធ្លាយនៃគម្រោងធ្វើបាបអ្នកប្រឆាំង៖ «នោះមានន័យថា គេពាក់អាវប្រជាធិបតេយ្យ ពាក់មួយប្រជាធិបតេយ្យ ដើម្បីបំភាន់ប្រជារាស្ត្រ និងពិភពលោក ក៏ប៉ុន្តែ នៅពីក្រោយហ្នឹង គេប្រើចុងកាណុង គេប្រើល្បិចកលសម្ងាត់ ដូចដែលយើងឮអំពីការចេញខ្សែអាត់សំឡេងហ្នឹង ដើម្បីបង្ក្រាបប្រជារាស្ត្រ ក្នុងហេតុផលនៅបន្តអំណាច។ ចំណុចសំខាន់របស់គេ គឺប្រយោជន៍ផ្ទាល់ខ្លួន និងអំណាចរបស់គេតែប៉ុណ្ណឹង»។
លោក គឹម សុខ នៅតែអះអាងថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន មានប្រព័ន្ធមួយ ក្រោមការគ្រប់គ្រងរបស់របបបច្ចុប្បន្ននេះ ដែលបណ្ដោយឲ្យមានការសម្លាប់មនុស្ស ហើយរកឃាតកមិនដែលឃើញ។ ក្នុងន័យនេះ លោកបញ្ជាក់ថា របបនេះមិនអើពើ ខ្វះការយកចិត្តទុកដាក់ ឬគ្មានសមត្ថភាពក្នុងរកឃាតកឲ្យឃើញ៖ «រដ្ឋាភិបាលបច្ចុប្បន្ន ដែលកំពុងគ្រប់គ្រងប្រទេស នៅពេលមានប្រព័ន្ធហ្នឹងមួយហើយ សម្លាប់តាំងពីដើមមក មនុស្សច្រើនណាស់ តាំងពីបោកគ្រាប់បែកករណីលោក សម រង្ស៊ី ៣០ មីនា លោក ធន់ ប៊ុនលី អ្នកស្រី ពិសិដ្ឋ ពិលីកា កញ្ញា ទូច ស៊ុននិច មកលោក ជា វិជ្ជា លោកបណ្ឌិត កែម ឡី លោក ឈុត វុទ្ធី ព្រះអង្គ សំ ប៊ុនធឿន ច្រើនមែន ! ប៉ុន្តែ តើរកឃាតកឃើញទេ ? ខ្ញុំអាហ្នឹងវាមានប្រព័ន្ធមួយសម្លាប់មនុស្ស»។
ទោះបីជាប្រភពនៃអ្នកបញ្ចេញខ្សែអាត់សំឡេង មិនទាន់ត្រូវបានបង្ហាញយ៉ាងណាក្តី លោក គឹម សុខ កោតសរសើរពីភាពក្លាហាន នៃអ្នកដែលហ៊ានបញ្ចេញខ្សែអាត់នោះ។ លោក គឹម សុខ ថាព្រលឹងជាតិខ្មែរ មិនសាបសូន្យទេ ដរាបណា នៅមានមនុស្សដែលមានមនសិការ ស្នេហាជាតិ ចង់បកអាក្រាតអំពើអាក្រក់ របស់របបដឹកនាំបច្ចុប្បន្ន៖ «អ្នកបញ្ចេញខ្សែអាត់សំឡេង គាត់ដឹង។ គាត់ដឹងថា គាត់អាចប្រឈមនឹងគ្រោះថ្នាក់ប៉ុនណា។ ប៉ុន្តែ គាត់នៅតែហ៊ានបញ្ចេញ ដើម្បីឲ្យប្រជារាស្ត្រ និង មនុស្សខ្មែរ និងពិភពលោកដឹង ថារបបបច្ចុប្បន្នអាក្រក់ប៉ុនណា។ នោះមានន័យថា គាត់នៅគិតជាតិខ្លាំងណាស់។ បានន័យថា ខ្មែរនៅគ្រប់ទីកន្លែង ទោះបីជាខំដើម្បីជាតិ កម្រិតណា ក៏នៅតែគិតជាតិ»។
ក្រោយបែកធ្លាយសារសំឡេងគំរាមនេះ តំណាងយុវជន និងពលករខ្មែរទាំងនៅប្រទេស ជប៉ុន កូរ៉េ និង ថៃ សុទ្ធតែប្រតិកម្មខ្លាំងៗ ដោយថ្កោលទោស និងទាមទារឲ្យរបបលោក ហ៊ុន សែន បើកការស៊ើបអង្កេតជាបន្ទាន់ និងដោយឯករាជ្យមួយ។ តំណាងពលករ និងសកម្មជនបក្សប្រឆាំងនៅប្រទេសជប៉ុន លោក ហៃ វណ្ណា បានដាក់ពាក្យប្ដឹងខ្សែអាត់សំឡេងដែលគេសង្ស័យថា ជាសំឡេងលោក ហេង សួរ នេះដែរ ទៅប៉ូលិសជប៉ុន។ លោក ហៃ វណ្ណា ជឿជាក់ថា បច្ចេកវិទ្យាទំនើប អាចផ្គូរផ្គងសំឡេងនេះ ទៅនឹងសំឡេងរបស់លោក ហេង សួរ ដែលធ្លាប់និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ នាពេលកន្លងមក៖ «ធ្វើកោសល្យវិច័យទៅលើសំឡេងហ្នឹង ! ប្រសិនបើសំឡេងហ្នឹងជាសំឡេងពិត នោះជនសង្ស័យ ហេង សួរ នឹងត្រូវប៉ូលិសជប៉ុនចាប់សួរ។ ដូច្នេះ លោក ហេង សួរ ប្រសិនបើគាត់ មានវត្តមាននៅលើទឹកដីជប៉ុន មិនថាគាត់ជាមន្ត្រីរាជការកម្រិតណាទេ ក្នុងករណីគាត់ចង់សម្លាប់មនុស្សបែបនេះ គាត់មិនអាចរត់រួចពីសំណាញ់ច្បាប់របស់ប្រទេសជប៉ុនបានទេ»។
កន្លងមករបបលោក ហ៊ុន សែន រងការរិះគន់យ៉ាងខ្លាំង ថាអនុវត្តស្តង់ដារពីរ ពោលគឺបើមានករណីគំរាមសម្លាប់មន្ត្រី ឬសកម្មជនបក្សកាន់អំណាច នោះអាជ្ញាធរចាត់ការយ៉ាងប្រញាប់ប្រញាល់។ ផ្ទុយទៅវិញ បើរឿងនេះកើតឡើងចំពោះមន្ត្រី ឬសកម្មជនបក្សប្រឆាំង គឺគ្មានចំណាត់ការអ្វីទាំងអស់។
ក្នុងករណីនេះ អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង មិនភ្ញាក់ផ្អើលទេ។ លោកថា ខ្សែអាត់សំឡេង ច្បាស់ជាសំឡេងពិតរបស់លោក ហេង សួរ មែនហើយ ទើបអាជ្ញាធរ មិនហ៊ានបើកការស៊ើបអង្កេត ព្រោះខ្លាចបែកការណ៍សម្ងាត់ អំពីគម្រោងធ្វើបាប ឬ សម្លាប់មនុស្សបក្សប្រឆាំងនេះ៖ «ប្រសិនបើករណីហ្នឹង ជាករណីក្លែងក្លាយ ករណីក្លែងបន្លំ ច្បាស់ជាអាជ្ញាធរនៃរបបលោក ហ៊ុន សែន ច្បាស់ជាស៊ើបអង្កេត។ ប៉ុន្តែអាហ្នឹងជាការពិត បានជាអាជ្ញាធរនៃពួកលោក ហ៊ុន សែន អត់ធ្វើការស៊ើបអង្កេត។ រឿងហ្នឹងជារឿងបទឧក្រិដ្ឋ។ ការគំរាម ការប្រមាថជីវិតមនុស្ស ទោះបីរឿងហ្នឹងមិនទាន់ប្រព្រឹត្តក៏ដោយ ក៏ការនិយាយហ្នឹងគឺជាគម្រោងរៀបចំជាក់លាក់»។
លោក អេង ឆៃអ៊ាង បន្ថែមថា លោកគ្មានទំនុកចិត្ត លើអាជ្ញាធររបបលោក ហ៊ុន សែន ក្នុងការចាត់ការរឿងធំនេះទេ។ ដូច្នេះលោកគាំទ្រ និងលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរ ដែលតំណាងពលករខ្មែរក្រៅប្រទេស ដាក់ពាក្យប្តឹងទៅអាជ្ញាធរនៅក្នុងប្រទេស ដែលខ្លួនកំពុងស្នាក់នៅនោះ ដើម្បីរកយុត្តិធម៌ និងដាក់សម្ពាធឲ្យរបបលោក ហ៊ុន សែន បើកការស៊ើបអង្កេតពិតប្រាកដមួយ ឲ្យដឹងសខ្មៅ៕
