អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ថាដំណើរទស្សនកិច្ចផ្លូវការរបស់ រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍អង់គ្លេសលោក ដូមីនិក រ៉ាអាប់ (Dominic Raab) មកកម្ពុជានៅថ្ងៃទី២៣ ខែមិថុនានេះ គឺធ្វើឡើងនៅស្របពេលដែលកម្ពុជាកំពុងស្ថិតក្នុងវិបត្តិសិទ្ធិមនុស្ស ព្រោះរដ្ឋាភិបាលកម្ពុជា បានធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង និងចាប់ឃុំខ្លួនសកម្មជនជាច្រើននាក់ រួមទាំងសកម្មជនបរិស្ថាន ៣ នាក់បន្ថែមទៀត នៅពេលថ្មីៗនេះទៀតផង។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ើតសុន (Phil Robertson) ជំរុញឲ្យលោក ដូមីនិក រ៉ាអាប់ ស្នើទៅរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងសកម្មជនបរិស្ថានទាំង ៣ នាក់នេះ និងសកម្មជននយោបាយនិងសង្គម ដែលជាប់ឃុំជិត ៨០ នាក់ផ្សេងទៀតជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
លោក ហ្វ៊ីល រ៉ូប៊ើតសុន ថាសកម្មភាពទាំងឡាយរបស់សកម្មជន ក្នុងការបញ្ចេញមតិជាសាធារណៈ ប្រមូលផ្តុំគ្នាដោយសន្តិវិធី ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាសង្គម ឬចងក្រងឯកសារអំពីការបំផ្លាញបរិស្ថាន និងធនធានធម្មជាតិ និងទាមទារឲ្យរដ្ឋាភិបាលការពារបរិស្ថានជាដើមនោះ គឺមិនអាចចាត់ទុកថា ជាបទឧក្រិដ្ឋបាននោះទេ។
ជាពិសេសជាងនេះលោក ហ្វ៊ីល រ៉ូប៊ើតសុន ស្នើឲ្យរដ្ឋមន្រ្តីការបរទេសអង់គ្លេសរូបនេះ យកបញ្ហាសិទ្ធិមនុស្សជាអាទិភាព ដោយដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឲ្យស្តារសិទ្ធិមនុស្ស ប្រជាធិបតេយ្យឡើង និងជាពិសេសសិទ្ធិការងារឡើងវិញ មុននឹងបន្តទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
មិនតែប៉ុណ្ណោះលោក ស្នើឲ្យរដ្ឋមន្រ្តីការរទេសអង់គ្លេសរូបនេះ លៃលករកពេលវេលា ដើម្បីជួបមន្រ្តីជាន់ខ្ពស់បក្សប្រឆាំង រួមមានលោក កឹម សុខា ជាដើម ដែលកំពុងប្រឈមនឹងការជាប់ពន្ធនាគារយូរឆ្នាំ ដោយសារតែបទចោទបែបប្រឌិតនិងគ្មានមូលដ្ឋាន និងគួរជួបតំណាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកកាសែត ដែលអាជ្ញាធរធ្វើទុក្ខបុកម្នេញរាល់ថ្ងៃ មិនឲ្យពួកគាត់រាយការណ៍ព័ត៌មានបានដោយសេរី។
រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក ដូមីនិក រ៉ាអាប់ (Dominic Raab) គ្រោងធ្វើទស្សនកិច្ចបីថ្ងៃទៅកាន់ប្រទេសចំនួនបីក្នុងតំបន់អាស៊ាន ដោយផ្តើមពីប្រទេសវៀតណាម បន្ទាប់មកកម្ពុជា និងបញ្ចប់ទស្សនកិច្ចនៅប្រទេសសិង្ហបុរី។ ក្រសួងការបរទេសអង់គ្លេសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់មន្រ្តីការបរទេសអង់គ្លេសមកកម្ពុជានេះ គឺដើម្បីពង្រឹងភាពជាដៃគូរវាងអង់គ្លេស និងសហគមន៍អាស៊ាន ដែលប្រទេសកម្ពុជានឹងធ្វើជាប្រធានប្តូរវេន នៅឆ្នាំក្រោយ។
នេះជាលើកទីមួយហើយ ដែលរដ្ឋមន្រ្តីការបរទេសអង់គ្លេស មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងរយៈពេល ៣០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសអង់គ្លេស និងកម្ពុជា។ ប៉ុន្តែ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចលុបចោលជំនួបជាមួយរដ្ឋមន្រ្តីរូបនេះ ដោយលោកអះអាងថា គ្រូពេទ្យតម្រូវឲ្យលោកធ្វើចត្តាឡីស័ក ១៤ថ្ងៃ រហូតដល់ថ្ងៃទី៣ ខែកក្កដា ព្រោះលោកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩។
ទោះជាយ៉ាងនេះក្ដី លោក ហ៊ុន សែន មិនបានបញ្ជាក់ថា តើលោកប៉ះពាល់ដោយប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩ នោះដោយរបៀបណានោះឡើយ បើលោកធ្វើការពីផ្ទះ និងនៅដាច់ដោយឡែកពីអ្នកដទៃច្រើនខែមកហើយនេះ។ ជាងនេះទៅទៀតលោក ហ៊ុន សែន បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឈ្មោះអាស្រ្តាហ្ស៊េណកា (AstraZeneca) របស់អង់គ្លេសគ្រប់ពីរដូស ជាងពីរខែមកហើយដែរ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ជុំវិញរឿងនេះ និងការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះ បាននៅឡើយទេ។
ទោះបីជាយ៉ាងនេះក្ដី ក្រសួងការបរទេសកម្ពុជា ថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា អំពីដំណើរទស្សនកិច្ចនេះ ថាកម្ពុជាជាអ្នកអញ្ជើញរដ្ឋមន្រ្តីការបរទេសអង់គ្លេស ដើម្បីមកប្រជុំទ្វេភាគី ដែលផ្តោតលើកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងបញ្ហាតំបន់និងអន្តរជាតិផង ដែលជាប្រយោជន៍ និងកង្វល់រួម។
កាលនៅជាសមាជិករបស់សហភាពអឺរ៉ុប ប្រទេសអង់គ្លេស ជាប្រទេសឈានមុខគេមួយ ក្នុងចំណោមប្រទេសប្រជាធិបតេយ្យសេរីជាច្រើនទៀត ដែលតែងតែថ្កោលទោសរបបក្រុងភ្នំពេញ ក្នុងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ក្រោយរម្លាយគណបក្សសង្គ្រោះជាតិ និងធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំងឥតស្រាកស្រាន្ត។ ប្រទេសនេះ ធ្លាប់បញ្ជាក់ថា ពេលដកខ្លួនចេញពីសហភាពអឺរ៉ុប ខ្លួននឹងពិចារណាឡើងវិញ អំពីការដាក់ទណ្ឌកម្មកម្ពុជា រឿងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០%នោះ។ ប៉ុន្តែ ខ្លួននឹងនៅតែប្រកាន់ជំហរ រឿងគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
អ្នកឃ្លាំមើលការអភិវឌុ្ឍសង្គមលោកបណ្ឌិត សេង សារី ថា ប្រទេសអង់គ្លេស នៅមានឥទ្ធិពលលើប្រទេសកម្ពុជា តែផ្នែកពាណិជ្ជកម្មមួយតែប៉ុណ្ណោះ ព្រោះប្រទេសនេះជាទីផ្សារធំមួយដែរ សម្រាប់នាំចូលផលិតផលពីកម្ពុជា រួមមានផលិតផលកាត់ដេរ ស្បែកជើង និងអង្ករជាដើម ដែលមានទំហំជិត ១ពាន់លានដុល្លារ ( ៦៦១ ផោន) កាលពីឆ្នាំ ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។