លោក ហ៊ុន ម៉ាណែត ថ្លែង​ការពារ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ក្រោយ​ពេល​វៀតណាម​រិះគន់

ដោយ សុ ជីវី
2024.04.11
លោក ហ៊ុន ម៉ាណែត ថ្លែង​ការពារ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ក្រោយ​ពេល​វៀតណាម​រិះគន់ (រូបឯកសារ) លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធីជួបកម្មករ កាល​ពី​ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន ម៉ាណែត

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បដិសេធ ជុំវិញ​ការ​ចុះផ្សាយ ដោយ​ចោទ​ប្រកាន់​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ថា កសាង​ឡើង ដើម្បី​ឱ្យ​ចិន ប្រឆាំង​នឹង​វៀតណាម។ ប្រតិកម្ម​របស់​លោក ហ៊ុន ម៉ាណែត នេះ បន្ទាប់​ពី​កាសែត​បរទេស​មួយ បាន​ដក​ស្រង់​អត្ថបទ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​គាំទ្រ ដោយ​រដ្ឋ​អំណាច​វៀតណាម យក​មក​ចុះ​ផ្សាយ ដោយ​លោក​យល់​ថា មាន​ចេតនា​បង្អាក់​ការ​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ។

ក្រោយ​ពេល​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បកស្រាយ​ករណី​ព្រែកជីក​ហ្វូណន​តេជោ បាន​ពីរ​ថ្ងៃ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ត្រូវ​ជា​កូន បាន​ចេញ​មក​ច្រាន​ចោល​ជា​ថ្មី​ម្ដង​ទៀត ដោយ​បដិសេធ​ថា ព្រែក​ជីក​លើ​ដី​កម្ពុជា មិន​បាន​បម្រើ​ឱ្យ​កងទ័ព​ចិន (China) ដើម្បី​ធ្វើ​ជា​ខែល យក​មក​ប្រឆាំង​នឹង​វៀតណាម (Vietnam) ឡើយ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​មួយ​កន្លែង នៅ​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែមេសា លោក ហ៊ុន ម៉ាណែត ថ្លែង​ថា ព្រែកជីក​ហ្វូណន​តេជោ គឺ​កសាង​ឡើង​សម្រាប់​បង្កើន​សេដ្ឋកិច្ច​ជាតិ និង​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង តាម​រយៈ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​ទឹក។ លោក​សង្កត់​ធ្ងន់​ថា កម្ពុជា​គ្មាន​ច្បាប់ និង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណា​មួយ​យក​កម្លាំង​ទ័ព​មក​ដាក់ ដើម្បី​ប្រឆាំង​នឹង​ប្រទេស​មួយ​ទៀត​ឡើយ។

លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំ​សូម​ប្រាប់ ទី​មួយ រដ្ឋធម្មនុញ្ញ​កម្ពុជា​គ្មាន​ឲ្យ​មូលដ្ឋាន​ទ័ព​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ទេ ហើយ​កម្ពុជា​គ្មាន​មហិច្ឆតា ឬ​គ្មាន​គោល​គំនិត ហើយ​គ្មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្រឆាំង​រដ្ឋធម្មនុញ្ញ​ខ្លួន​ឯង​នោះ​ទេ។ យើង​មិន​ឲ្យ​ប្រទេស​ណា​ដាក់​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​ទឹកដី​កម្ពុជា​នោះ​ទេ។ ទីពីរ យើង​មិន​ឱ្យ​ប្រើប្រាស់​ប្រទេស​យើង​ជា​មូលដ្ឋាន​ប្រឆាំង​ជាមួយ​ប្រទេស​ណា​នោះ​ទេ កុំ​ថា មូលដ្ឋាន​ទ័ព សូម្បី​តែ​ធ្វើ​សកម្មភាព​ផ្សេង​ប្រឆាំង​ប្រទេស​ណា​មួយ ក៏​យើង​មិន​ឲ្យ​នោះ​ដែរ។ នេះ​ជា​មូលដ្ឋាន​របស់​យើង»

ប្រតិកម្ម​នេះ ធ្វើឡើង បន្ទាប់​ពី​សារ​ព័ត៌មាន ឌឹ ស្ត្រេតស៍ ថាមស៍ (The Straits Times) របស់​សិង្ហបុរី (Singapore) កាល​ពី​ថ្ងៃ​ទី៦ ខែមេសា បាន​ចុះ​ផ្សាយ​អត្ថបទ​ស្រាវជ្រាវ​មួយ របស់​វិទ្យាស្ថាន​អភិវឌ្ឍ​ការ​ស្រាវជ្រាវ​បូព៌ា (Oriental Research Development Institute) នៃ​ប្រទេស​វៀតណាម វាយ​តម្លៃ​ថា ព្រែកជីក​ហ្វូណន​តេជោ មិន​ត្រឹមតែ​ជា​គម្រោង​មួយ ដែល​បម្រើ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ព្រែកជីក​នេះ ក៏​មាន​តម្លៃ​ចម្បង​បម្រើ​វិស័យ​យោធា​របស់​ចិន​ផង​ដែរ។ ក្រុម​អ្នក​ស្រាវជ្រាវ​វៀតណាម​សន្និដ្ឋាន​ថា គម្រោង​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ខ្លាំងក្លា​ដល់​ស្ថានភាព​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​នៃ​តំបន់​ទាំង​មូល ស្រប​ពេល​ដែល​ចិន​កំពុង​អភិវឌ្ឍ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម នៅ​កម្ពុជា​ស្រាប់។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១១ ខែមេសា ថា គម្រោង​ព្រែកជីក​ហ្វូណន នឹង​ក្លាយ​ជា​សមរភូមិ​ប្រជែង​ឥទ្ធិពល​នយោបាយ រវាង​ចិន និង​វៀតណាម ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ កំពុង​មាន​អរិភាព​នឹង​គ្នា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ លោក​យល់​ថា ការ​លើក​ឡើង​របស់​វៀតណាម ដោយ​លើក​យក​វត្តមាន​យោធា​ចិន ភ្ជាប់​ទៅ​នឹង​គម្រោង​ព្រែកជីក​ហ្វូណន គឺ​ជា​ចេតនា​រំខាន ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​ឱ្យ​សហរដ្ឋ​អាមេរិក លូកដៃ​ចូល​អន្តរាគមន៍​ក្នុង​រឿង​នេះ ខណៈ​កម្ពុជា និង​អាមេរិក កំពុង​មាន​ភាព​ចម្រូងចម្រាស ពាក់ព័ន្ធ​នឹង​វត្តមាន​កងទ័ព​ចិន នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ស្រាប់។

លោក ម៉ែន ណាត៖ «នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន នោះ​ជា​បញ្ហា ដែល​វៀតណាម​បារម្ភ។ រដ្ឋាភិបាល​កម្ពុជា ខ្ញុំ​យល់​ស្រប​ថា ឱ្យ​ជីក​ព្រែក​ហ្នឹង បន្ត​យន្តការ​ជីក​ព្រែក​ហ្នឹង​ទៅ ល្អ​ហើយ មិន​ខុស​អ្វី​នោះ​ទេ ជា​ផល​ប្រយោជន៍​របស់​ខ្មែរ ប៉ុន្តែ ត្រូវ​រក​មធ្យោបាយ រក​លទ្ធភាព ដែល​អាច​មិន​ឱ្យ​ចិន ទទួល​ខុស​ត្រូវ​ការ​សាងសង់​ទាំង​ស្រុង​នោះ​ទេ ហើយ​រក​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​ដោយ​ខ្លួន​ឯង»

លោក ម៉ែន ណាត លើក​ឡើង​ថា គម្រោង​ព្រែកជីក​ហ្វូណន នេះ មាន​ផល​ប្រយោជន៍​សម្រាប់​ចិន ប៉ុន្តែ​ធ្វើ​ឱ្យ​វៀតណាម បាត់បង់​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា។

កាលពីថ្ងៃទី៩ មេសា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​លោក ដោយ​ចង់​ដាស់តឿន​ដល់​មិត្តភ័ក្ដិ ឬ​មិនមែន​មិត្តភ័ក្ដិ​ចំនួន ៦ចំណុច ពាក់ព័ន្ធ​នឹង​ការ​សង់​ព្រែក​ជីក​ហ្វូណន​តេជោ ដោយ​លោក​បាន​លើក​ជា​សំណួរ​ថា តើ​កម្ពុជា​ត្រូវការ​កងទ័ព​ចិន​មក​ធ្វើអ្វី និង​ដើម្បី​អ្វី ក្នុង​ពេល​កម្ពុជា និង​វៀតណាម ជា​ប្រទេស​ជិត​ខាង​ប្រកប​ដោយ​មិត្តភាព និង​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ ខណៈ​ចិន និង​វៀតណាម មាន​ទំនាក់ទំនង​ល្អ និង​ជា​ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​ផង​នោះ។

ទាក់ទិន​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់​ឃើញ​ថា ការ​បក​ស្រាយ​របស់​ថ្នាក់​ដឹកនាំ​កម្ពុជា គឺ​មាន​លក្ខណៈ​ច្បាស់លាស់ និង​គ្រប់គ្រាន់ ដែល​អាច​បញ្ជាក់​ថា ព្រែកជីក​នេះ មិន​គំរាម​កំហែង​ដល់​ប្រទេស​ជិត​ខាង​ណា​ឡើយ។

លោក សេង វណ្ណលី៖ «បើសិនជា​រដ្ឋបាល​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន ដែល​វិនិយោគ​ក្នុង​គម្រោង build operation and transferable BOT នេះ​ឱ្យ​មាន​ភាព​ហ្មត់ចត់ ហើយ​វាយ​តម្លៃ​ឱ្យ​បាន​ប្រកប​ដោយ​តម្លាភាព និង​គណនេយ្យភាព ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ក្រុមហ៊ុន ដែល​វិនិយោគ​ក្នុង​គម្រោង BOTនេះ​ចាត់ការ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​គម្រោង​នេះ​ច្រើន គឺ​ការ​ធ្វើ​តំបន់​សេដ្ឋកិច្ច ដូច​ជា ការ​ជំរុញ​ផលិតផល​របស់​កម្ពុជា ដែល​មាន​ទីតាំង​ផ្សេងៗ ទី​ដាច់​ស្រយាល ដើម្បី​ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​រាង​មាន​ល្បឿន​លឿន​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​ទឹក​ជ្រៅ​របស់​ខ្លួន»

នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​រដ្ឋាភិបាល​វៀតណាម​រក​លេស ដើម្បី​ដាក់​បន្ទុក​កម្ពុជា រឿង​ព្រែកជីក​ហ្វូណន​តេជោ ដោយ​កាល​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​វៀតណាម កាល​ពី​ចុង​ឆ្នាំ២០២៣ កន្លង​ទៅ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ ម៉ិញជីញ (Pham Minh Chinh) បាន​ប្រាប់​កម្ពុជា ដោយ​ចំៗ អំពី​ក្ដី​បារម្ភ ចំពោះ​គម្រោង​ព្រែកជីក​ហ្វូណន ថា នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​បរិស្ថាន និង​ប្រព័ន្ធ​ទឹក​នៃ​ទន្លេ​មេគង្គ ជា​ពិសេស ទឹក​ទន្លេ​ខាង​ក្រោម ដែល​ហូរ​ពី​កម្ពុជា ទៅ​វៀតណាម។

កម្ពុជា​គ្រោង​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​ចិន​ឈ្មោះ China Road and Bridge Corporation (CRBC) សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន​នេះ ក្រោម​កិច្ច​ព្រមព្រៀង សាងសង់ ប្រតិបត្តិ និង​ផ្ទេរ ដែល​មាន​រយៈ​ពេល ៥០ឆ្នាំ ដោយ​ចំណាយ​ថវិកា​ចំនួន ១ពាន់ ៧រយ​លាន​ដុល្លារ និង​គ្រោង​បើក​ការដ្ឋាន​សាងសង់ នៅ​ចុង​ឆ្នាំ២០២៤ ហើយ​នឹង​បញ្ចប់​ត្រឹម​ឆ្នាំ២០២៨។

ព្រែកជីក​ហ្វូណនតេជោ​នេះ មាន​ប្រវែង ១៨០គីឡូម៉ែត្រ ចាប់​ផ្ដើម​ពី​ដៃ​ទន្លេ​មេគង្គ​ខាង​ត្បូង​រាជធានី​ភ្នំពេញ កាត់​តាម​ខេត្ត​ចំនួន៤ រួមមាន ខេត្តកណ្ដាល តាកែវ កំពត និង​ខេត្ត កែប។ ព្រែកជីក​នេះ​មាន​ទទឹង​មុខ​កាត់​ផ្នែក​ខាង​លើ ១០០ម៉ែត្រ ផ្នែក​ខាង​ក្រោម​ប្រមាណ ៨០ម៉ែត្រ និង​ជម្រៅ​ទឹក​ប្រមាណ ៥,៤ម៉ែត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងនៅតែចេញធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។