លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបដិសេធ ជុំវិញការចុះផ្សាយ ដោយចោទប្រកាន់គម្រោងព្រែកជីកហ្វូណនតេជោ ថា កសាងឡើង ដើម្បីឱ្យចិន ប្រឆាំងនឹងវៀតណាម។ ប្រតិកម្មរបស់លោក ហ៊ុន ម៉ាណែត នេះ បន្ទាប់ពីកាសែតបរទេសមួយ បានដកស្រង់អត្ថបទរបស់វិទ្យាស្ថានស្រាវជ្រាវគាំទ្រ ដោយរដ្ឋអំណាចវៀតណាម យកមកចុះផ្សាយ ដោយលោកយល់ថា មានចេតនាបង្អាក់ការសាងសង់ព្រែកជីកហ្វូណនតេជោ។
ក្រោយពេលប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បកស្រាយករណីព្រែកជីកហ្វូណនតេជោ បានពីរថ្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលត្រូវជាកូន បានចេញមកច្រានចោលជាថ្មីម្ដងទៀត ដោយបដិសេធថា ព្រែកជីកលើដីកម្ពុជា មិនបានបម្រើឱ្យកងទ័ពចិន (China) ដើម្បីធ្វើជាខែល យកមកប្រឆាំងនឹងវៀតណាម (Vietnam) ឡើយ។
ថ្លែងក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោមួយកន្លែង នៅខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែមេសា លោក ហ៊ុន ម៉ាណែត ថ្លែងថា ព្រែកជីកហ្វូណនតេជោ គឺកសាងឡើងសម្រាប់បង្កើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង តាមរយៈការដឹកជញ្ជូនទំនិញតាមផ្លូវទឹក។ លោកសង្កត់ធ្ងន់ថា កម្ពុជាគ្មានច្បាប់ និងមិនអនុញ្ញាតឱ្យប្រទេសណាមួយយកកម្លាំងទ័ពមកដាក់ ដើម្បីប្រឆាំងនឹងប្រទេសមួយទៀតឡើយ។
លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំសូមប្រាប់ ទីមួយ រដ្ឋធម្មនុញ្ញកម្ពុជាគ្មានឲ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនទេ ហើយកម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិត ហើយគ្មានភាពក្លាហានក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ។ យើងមិនឲ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅក្នុងទឹកដីកម្ពុជានោះទេ។ ទីពីរ យើងមិនឱ្យប្រើប្រាស់ប្រទេសយើងជាមូលដ្ឋានប្រឆាំងជាមួយប្រទេសណានោះទេ កុំថា មូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងប្រឆាំងប្រទេសណាមួយ ក៏យើងមិនឲ្យនោះដែរ។ នេះជាមូលដ្ឋានរបស់យើង»។
ប្រតិកម្មនេះ ធ្វើឡើង បន្ទាប់ពីសារព័ត៌មាន ឌឹ ស្ត្រេតស៍ ថាមស៍ (The Straits Times) របស់សិង្ហបុរី (Singapore) កាលពីថ្ងៃទី៦ ខែមេសា បានចុះផ្សាយអត្ថបទស្រាវជ្រាវមួយ របស់វិទ្យាស្ថានអភិវឌ្ឍការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) នៃប្រទេសវៀតណាម វាយតម្លៃថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងមួយ ដែលបម្រើសេដ្ឋកិច្ច និងសង្គមកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែព្រែកជីកនេះ ក៏មានតម្លៃចម្បងបម្រើវិស័យយោធារបស់ចិនផងដែរ។ ក្រុមអ្នកស្រាវជ្រាវវៀតណាមសន្និដ្ឋានថា គម្រោងនេះនឹងបង្កផលប៉ះពាល់ខ្លាំងក្លាដល់ស្ថានភាពវិស័យការពារជាតិ និងសន្តិសុខនៃតំបន់ទាំងមូល ស្របពេលដែលចិនកំពុងអភិវឌ្ឍកំពង់ផែកងទ័ពជើងទឹករាម នៅកម្ពុជាស្រាប់។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែមេសា ថា គម្រោងព្រែកជីកហ្វូណន នឹងក្លាយជាសមរភូមិប្រជែងឥទ្ធិពលនយោបាយ រវាងចិន និងវៀតណាម ស្របពេលដែលប្រទេសទាំងពីរ កំពុងមានអរិភាពនឹងគ្នានៅសមុទ្រចិនខាងត្បូង។ លោកយល់ថា ការលើកឡើងរបស់វៀតណាម ដោយលើកយកវត្តមានយោធាចិន ភ្ជាប់ទៅនឹងគម្រោងព្រែកជីកហ្វូណន គឺជាចេតនារំខាន ដើម្បីទាញចំណាប់អារម្មណ៍ឱ្យសហរដ្ឋអាមេរិក លូកដៃចូលអន្តរាគមន៍ក្នុងរឿងនេះ ខណៈកម្ពុជា និងអាមេរិក កំពុងមានភាពចម្រូងចម្រាស ពាក់ព័ន្ធនឹងវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ស្រាប់។
លោក ម៉ែន ណាត៖ «នយោបាយខ្សែក្រវាត់ និងផ្លូវរបស់ចិន នោះជាបញ្ហា ដែលវៀតណាមបារម្ភ។ រដ្ឋាភិបាលកម្ពុជា ខ្ញុំយល់ស្របថា ឱ្យជីកព្រែកហ្នឹង បន្តយន្តការជីកព្រែកហ្នឹងទៅ ល្អហើយ មិនខុសអ្វីនោះទេ ជាផលប្រយោជន៍របស់ខ្មែរ ប៉ុន្តែ ត្រូវរកមធ្យោបាយ រកលទ្ធភាព ដែលអាចមិនឱ្យចិន ទទួលខុសត្រូវការសាងសង់ទាំងស្រុងនោះទេ ហើយរកមធ្យោបាយដោះស្រាយបញ្ហាហ្នឹងដោយខ្លួនឯង»។
លោក ម៉ែន ណាត លើកឡើងថា គម្រោងព្រែកជីកហ្វូណន នេះ មានផលប្រយោជន៍សម្រាប់ចិន ប៉ុន្តែធ្វើឱ្យវៀតណាម បាត់បង់ឥទ្ធិពលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជា។
កាលពីថ្ងៃទី៩ មេសា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោក ដោយចង់ដាស់តឿនដល់មិត្តភ័ក្ដិ ឬមិនមែនមិត្តភ័ក្ដិចំនួន ៦ចំណុច ពាក់ព័ន្ធនឹងការសង់ព្រែកជីកហ្វូណនតេជោ ដោយលោកបានលើកជាសំណួរថា តើកម្ពុជាត្រូវការកងទ័ពចិនមកធ្វើអ្វី និងដើម្បីអ្វី ក្នុងពេលកម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ ខណៈចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយផងនោះ។
ទាក់ទិនរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញថា ការបកស្រាយរបស់ថ្នាក់ដឹកនាំកម្ពុជា គឺមានលក្ខណៈច្បាស់លាស់ និងគ្រប់គ្រាន់ ដែលអាចបញ្ជាក់ថា ព្រែកជីកនេះ មិនគំរាមកំហែងដល់ប្រទេសជិតខាងណាឡើយ។
លោក សេង វណ្ណលី៖ «បើសិនជារដ្ឋបាលត្រួតពិនិត្យទៅលើការគ្រប់គ្រងរបស់ក្រុមហ៊ុន ដែលវិនិយោគក្នុងគម្រោងbuild operation and transferable BOTនេះឱ្យមានភាពហ្មត់ចត់ ហើយវាយតម្លៃឱ្យបានប្រកបដោយតម្លាភាព និងគណនេយ្យភាព ដើម្បីធ្វើម៉េចឱ្យក្រុមហ៊ុន ដែលវិនិយោគក្នុងគម្រោងBOTនេះចាត់ការ ខ្ញុំគិតថា រដ្ឋាភិបាលនឹងទទួលបានផលប្រយោជន៍ពីគម្រោងនេះច្រើន គឺការធ្វើតំបន់សេដ្ឋកិច្ច ដូចជា ការជំរុញផលិតផលរបស់កម្ពុជា ដែលមានទីតាំងផ្សេងៗ ទីដាច់ស្រយាល ដើម្បីឱ្យមានការដឹកជញ្ជូនរាងមានល្បឿនលឿនឆ្ពោះទៅកាន់សមុទ្រទឹកជ្រៅរបស់ខ្លួន»។
នេះជាលើកទីពីរហើយ ដែលរដ្ឋាភិបាលវៀតណាមរកលេស ដើម្បីដាក់បន្ទុកកម្ពុជា រឿងព្រែកជីកហ្វូណនតេជោ ដោយកាលពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម កាលពីចុងឆ្នាំ២០២៣ កន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាំ ម៉ិញជីញ (Pham Minh Chinh) បានប្រាប់កម្ពុជា ដោយចំៗ អំពីក្ដីបារម្ភ ចំពោះគម្រោងព្រែកជីកហ្វូណន ថា នឹងជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាន និងប្រព័ន្ធទឹកនៃទន្លេមេគង្គ ជាពិសេស ទឹកទន្លេខាងក្រោម ដែលហូរពីកម្ពុជា ទៅវៀតណាម។
កម្ពុជាគ្រោងនឹងអនុញ្ញាតឱ្យក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិនឈ្មោះ China Road and Bridge Corporation (CRBC) សាងសង់គម្រោងព្រែកជីកហ្វូណននេះ ក្រោមកិច្ចព្រមព្រៀង សាងសង់ ប្រតិបត្តិ និងផ្ទេរ ដែលមានរយៈពេល ៥០ឆ្នាំ ដោយចំណាយថវិកាចំនួន ១ពាន់ ៧រយលានដុល្លារ និងគ្រោងបើកការដ្ឋានសាងសង់ នៅចុងឆ្នាំ២០២៤ ហើយនឹងបញ្ចប់ត្រឹមឆ្នាំ២០២៨។
ព្រែកជីកហ្វូណនតេជោនេះ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ផ្ដើមពីដៃទន្លេមេគង្គខាងត្បូងរាជធានីភ្នំពេញ កាត់តាមខេត្តចំនួន៤ រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងខេត្ត កែប។ ព្រែកជីកនេះមានទទឹងមុខកាត់ផ្នែកខាងលើ ១០០ម៉ែត្រ ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
