លោក ហ៊ុន ម៉ាណែត ប្រតិកម្មអ្នករិះគន់ព្រឹត្តិការណ៍ Gumball 3000
2024.09.26
ក្រោយមានការរិះគន់ពីប្រជាពលរដ្ឋមួយចំនួនជុំវិញព្រឹត្តិការណ៍ Gumball 3000 លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញមកប្រតិកម្ម ដោយលើកឡើងថា កម្មវិធីដាក់តាំងរថយន្តទំនើបនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រសួង និងអ្នកពាក់ព័ន្ធ ក្នុងគោលបំណងជំរុញឱ្យមានកំណើនវិស័យទេសចរណ៍។ តែអ្នកប្រកបរបរក្នុងវិស័យនេះ លើកឡើងថា ស្ថានភាពទេសចរណ៍នៅទីតាំង ដែលព្រឹត្តិការណ៍ Gumball បានទៅដល់ នៅតែគ្មានអ្វីល្អប្រសើរជាដុំកំភួននោះឡើយ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី២៦ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រតិកម្ម ចំពោះការបញ្ចេញទស្សនៈជុំវិញវិវាទលើព្រឹត្តិការណ៍ Gumball 3000 និងស្នើឱ្យបញ្ចប់វិវាទពីពេលនេះតទៅទៀត។ លោក ហ៊ុន ម៉ាណែត អះអាងថា ការតម្រៀបឡាននៅមុខប្រាសាទអង្គរ មិនមែនជាការបង្កើតរូបភាពមិនសមរម្យ ចំពោះបុព្វបុរសខ្មែរជំនាន់មុននោះទេ ប៉ុន្តែ លោកអះអាងថា ព្រឹត្តិការណ៍នេះ បានលើកស្ទួយវិស័យទេសចរណ៍ និងបានរៃអង្គាសប្រាក់សម្រាប់សប្បុរសធម៌។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «ប៉ុន្តែ បើយើងមើលចង់ចាញ់ឈ្នះរាងខ្លួន រឿងថា អ្នកនេះបន្លំ រឿងថា គម្លាតថាឡានបើកមកនៅមុខប្រជាពលរដ្ឋក្រីក្រ វាមានការកង្វល់។ ការខិតខំប្រឹងប្រែងសម្របសម្រួល ហើយជាគំនិតរបស់អ្នកថតអ្នកធ្វើនោះខ្ញុំសូមបញ្ជាក់រឿងតែប៉ុណ្ណឹង គ្មានអ្វីអាក្រក់នោះទេ។ ហើយរៀបចំណាស់ កាត់បន្ថយណាស់ ទម្រាំបានប៉ុណ្ណឹង តែនៅមិនទាន់អស់។ ហើយបងប្អូន ដែលព្រួយបារម្ភនោះ ក៏បញ្ចេញកង្វល់ពីការប៉ះពាល់នោះ បញ្ចេញមតិខ្វែងគ្នាចុះ តែកុំយកមកតតាំងគ្នា វាអត់ចំណេញ»។
ព្រឹត្តិការណ៍ Gumball 3000 បានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ដោយមានរថយន្តទំនើបៗ ចូលរួមជាង ១០០គ្រឿង។ ក្នុងនោះក៏មានរថយន្តរបស់អភិជន អ្នកជំនួញ និងបុគ្គលល្បីៗរបស់កម្ពុជាចូលរួមផងដែរ ដោយដង្ហែក្បួនឡាននេះចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះ មានឆាកប្រគុំតន្ត្រីមួយ ដែលសាងសង់នៅមុខព្រះបរមរាជវាំង និងមានការដាក់តាំងពិពណ៌រថយន្តទំនើបៗជាច្រើន ដោយរដ្ឋាភិបាលសង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងជួយដល់វិស័យទេសចរណ៍នៅកម្ពុជា។
ទោះជាយ៉ាងណាក្ដី មគ្គទេសក៍ទេសចរណ៍ភាសាអង់គ្លេស នៅខេត្តសៀមរាប សុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព ប្រាប់វិទ្យុអាស៊ីសេរីថា ព្រឹត្តិការ Gumball 3000 ដែលរដ្ឋាភិបាលបានរៀបចំឡើង ហាក់គ្មានផលប្រយោជន៍ចំពោះវិស័យទេសចរឡើយ ព្រោះបន្ទាប់ពីរៀបចំព្រឹត្តិការណ៍នេះរួច ចំនួនភ្ញៀវទេសចរហាក់គ្មានការកើនឡើងនោះទេ ប៉ុន្តែបែរជាធ្លាក់ទៅវិញ។
មគ្គទេសក៍ទេសចរណ៍លាក់ឈ្មោះ៖ «បើយើងតាម Gumball ហើយនិងតាមការតាំងពិពណ៌នៅមុខអង្គរវត្តឥតប្រយោជន៍ទេ។ យើងអត់បានអញ្ជើញទូរទស្សន៍ល្បីៗ ដូចជាទូរទស្សន៍លោកខាងលិច មាន CNN BBC អីអ៊ីចឹង ឱ្យក្រុមគាត់ហ្នឹងជួយផ្សព្វផ្សាយ បានវាបានផល។ បើត្រឹម Media (ប្រព័ន្ធផ្សព្វផ្សាយ) កំប៉ិកកំប៉ុកដូចអត់សូវបានការអីទេ។ ខ្ញុំចង់ស្នើសុំដែរដូចភ្ញៀវនៅសហរដ្ឋអាមេរិកអ៊ីចឹង យើងអាចដាក់តាមប្រលានយន្តហោះធំៗ ទីផ្សារធំណាស់អាមេរិកនោះ ជនជាតិអាមេរិកមកលេងយើងច្រើន»។
យ៉ាងណាក៏ដោយចុះ មហាជនអ្នកលេងបណ្ដាញសង្គមមួយចំនួន នៅតែរិះគន់ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ថា នឹងមិនអាចជួយវិស័យទេសចរណ៍កម្ពុជា ឱ្យរស់ឡើងវិញបានឡើយ ដរាបណារដ្ឋាភិបាល មិនអាចទប់ស្កាត់ឧក្រិដ្ឋកម្មឆបោក ជួញដូរមនុស្ស ចាប់ជំរិត និងអំពើពុករលួយ ឱ្យមានប្រសិទ្ធភាព។ ក្នុងនោះ អ្នកធ្វើមាតិកាវីដេអូ មួយចំនួន បានលើកឡើងថា ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដែលយករថយន្តទំនើប មកដាក់តាំងបង្ហាញនៅពីមុខ ប្រាសាទអង្គរវត្ត គឺជាការសំញែងសម្ភារៈនិយម នៅចំពោះមុខប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនមានជីវភាពក្រលំបាក និងជាការបន្ទាបតម្លៃសម្បត្តិបេតិកភណ្ឌរបស់ដូនតាខ្មែរ។
យ៉ាងណាមិញ បន្ទាប់ពីទទួលរងការរិះគន់ភ្លាមៗ លោក ហ៊ុន ម៉ាណែត មិនបានបញ្ចេញប្រតិកម្មនោះទេ ដោយលោកបានយកវីដេអូ អ្នកគាំទ្រមកឆ្លើយតប ខណៈដែលនៅលើវីដេអូ របស់អ្នករិះគន់ បានទទួលរងការវាយប្រហារ តាមរយៈការបញ្ចេញមតិ ឬComment ពីសំណាក់ក្រុម អ៊ឹម.អ៊ឹម.អូ (MMO) ដែលអ្នកលេងបណ្ដាញសង្គមសន្និដ្ឋានថា គឺជាក្រុមស៊ីឈ្នួលរបស់រដ្ឋាភិបាល។
ជុំវិញរឿងនេះ អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ យល់ឃើញថា រដ្ឋាភិបាលរៀបចំឱ្យមានព្រឹត្តិការណ៍ Gumball ដោយមានអ្នកគាំទ្រ និងអ្នករិះគន់ឆ្លើយឆ្លងគ្នាទៅវិញទៅមក គឺដើម្បីបន្លប់វិបត្តិសង្គម ពិសេសគឺបញ្ហាតំបន់ត្រីកោណអភិវឌ្ឍ CLV-DTA។
លោក គឹម សុខ៖ «ហើយក្នុងស្ថានភាពចុងក្រោយនេះ ដោយសារតែរដ្ឋាភិបាលក្រុមគ្រួសារ ហ៊ុន ប្រឈមខ្លាំងពេក នឹងការតវ៉ារបស់ប្រជាពលរដ្ឋខ្មែរ កក្រើកពិភពលោកប្រឆាំងនឹងគម្រោង CLV ហើយនិងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើឧកញ៉ា លី យ៉ុងផាត់ លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត លោក សុខ សូកេន ក៏យកល្បែង Gumball នៅអង្គរឡូកឡំគ្នា មកបង្ហោះលេងយ៉ាងកក្រើករំពងដើម្បីបន្លប់វិបត្តិជាតិ»។
ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយសហគ្រិនសញ្ជាតិអង់គ្លេស លោក ម៉ាកស៊ី មីលាន គូបពឺ (Maximillion Cooper) ដែលជាព្រឹត្តិការណ៍ប្រារព្ធឡើងដើម្បីអបអរសាទរទៅលើប្រណីតភាពប្លែកៗរបស់រថយន្តដែលមានសមត្ថភាពខ្លាំងក្លា ក៏ដូចជាតម្លៃខ្ពស់ៗ និងការធ្វើដំណើរផ្សងព្រេងទៅកាន់តំបន់ផ្សេងៗ ដោយបច្ចុប្បន្នព្រឹត្តិការណ៍នេះកំពុងមានវត្តមាននៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍។
ប្រជាពលរដ្ឋ ទទូចឱ្យរដ្ឋាភិបាល ជាពិសេសក្រសួងទេសចរណ៍ បង្កើនការផ្សព្វផ្សាយ និងជំរុញវិស័យនេះតាមរបៀបផ្សព្វផ្សាយផ្សេងទៀត ដែលផ្ដល់តម្លៃដល់សម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិ ជាជាងពឹងផ្អែកលើកម្មវិធីនាំមកពីក្រៅប្រទេស ដែលមានចរិតលក្ខណៈផ្ដោតលើភាពស៊ីវិល័យ និងយកកម្ពុជា ជាកន្លែងផ្សាយពាណិជ្ជកម្មឱ្យកម្មវិធីពួកគេទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។