លោក ហ៊ុន សែន ផ្ដល់​តំណែង​ខ្ពស់​ដល់​យុវជន​សង្គម​ម្នាក់​ទៀត​ដែល​សុំ​​ចូលបក្ស​កាន់អំណាច

ដោយ សេក បណ្ឌិត
2023.05.04
លោក ហ៊ុន សែន ផ្ដល់​តំណែង​ខ្ពស់​ដល់​យុវជន​សង្គម​ម្នាក់​ទៀត​ដែល​សុំ​​ចូលបក្ស​កាន់អំណាច អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក គៀន ពន្លក។
រូប៖ ពីហ្វេសប៊ុក

លោក ហ៊ុន សែន បាន​ផ្ដល់​តួនាទី​ខ្ពស់​ដល់​យុវជន​ម្នាក់ទៀត​ដែល​ធ្លាប់​រិះគន់​ការដឹកនាំ​របស់​លោក ឱ្យ​បម្រើការ​នៅ​ក្នុង​រាជរដ្ឋាភិបាល បន្ទាប់ពី​យុវជន​រូប​នោះ​សុំ​ចុះចូល​គណបក្ស​កាន់អំណាច។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក គៀន ពន្លក ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​អម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ឋានៈ​ស្មើ​អគ្គនាយករង តាម​អនុក្រឹត្យ​របស់​លោក ហ៊ុន សែន ចុះ​ថ្ងៃទី​២​ឧសភា បន្ទាប់ពី​លោក គៀន ពន្លក ជា​យុវជន​សង្គម​ស៊ីវិល​ធ្លាប់​រិះគន់​ការដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ធ្វើ​វីដេអូ​ដើម្បី​អរគុណ​និង​កោតសរសើរ​ការដឹកនាំ​របស់​លោក ហ៊ុន សែន។

នៅ​ថ្ងៃទី​៣ ឧសភា លោក ហ៊ុន សែន ក៏បាន​ប្រកាស​ទទួលយក​ការ​សុំ​ចុះចូល​អ្នក​នយោបាយ​ប្រឆាំង​ម្នាក់ទៀត គឺ​លោក អៀ ចាន់ណា អនុប្រធាន​ក្រុមការងារ​គណបក្ស​ភ្លើងទៀន ប្រចាំ​ខេត្តតាកែវ និង​ជា​អតីត​ជំនួយការ​លោក កឹម សុខា បន្ទាប់ពី​អ្នក​នយោបាយ​រូប​នេះ បាន​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​បន្ទាប់ពី​សរសេរ​លិខិត​សុំទោស​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១ ឧសភា។

ប្រព័ន្ធ​តេឡេក្រាម​របស់​លោក ហ៊ុន សែន បាន​បង្ហោះ​វីដេអូ និង​លិខិត​សុំ​ចុះចូល​របស់​លោក អៀ ចាន់ណា និង​បាន​ប្រកាស​ទទួលស្គាល់​លោក អៀ ចាន់ណា ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​។ ខណៈ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ខែកក្កដា កាន់តែ​កៀក​មកដល់ លោក ហ៊ុន សែន បាន​ប្រកាស​បើក​យុទ្ធនាការ​ទទួល​យក​ការ​សុំ​ចុះចូល ជា​ថ្នូរ​ផ្ដល់​តំណែង និង​តួនាទី​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល។

មន្ត្រី​គណបក្ស​ប្រឆាំង​ធ្លាប់​បាន​លើកឡើង​ថា ពួកគេ​មិន​ភ្ញាក់ផ្អើល​នឹង​ការ​បើក​យុទ្ធនាការ​ទទួល​យក​ការ​ចុះចូល​របស់​លោក ហ៊ុន សែន ដែល​តែង​យក​មក​ប្រើ​នៅមុខ​រដូវ​កាល​បោះឆ្នោត​ឡើយ ព្រោះ​ពួកគេ​ថា នឹង​មិនអាច​ក្លាយជា​នុយ​អូសទាញ​អ្នក​នយោបាយ​សំខាន់ៗ ជា​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន ដែល​ជា​អ្នក​ស្រលាញ់​យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នោះ​ទេ​។ រីឯ​អ្នក​តាមដាន​ស្ថាន​ការ​នយោបាយ​យល់​ឃើញ​ថា អ្នក​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច​ភាគច្រើន ទទួល​បាន​តំណែង​ខ្យល់ ហើយ​តំណែង​នេះ នឹង​អាច​របូត​ទៅវិញ នៅ​ក្រោយ​ការបោះឆ្នោត ហើយ​ពួកគេ​នឹង​បាត់​ឈ្មោះ​ពី​ឆាក​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
អត្ថបទពេញនិយម
នយោបាយ
អ្នកឃ្លាំមើល​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ចិន​ គឺ​ជា​ការ​ពង្រឹង​អំណាច និង​ស្វែង​រក​កម្ចី​ពី​ចិន​បន្ថែម
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។