លោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន ​បាន​ទៅដល់​ឥណ្ឌូនេស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន

លោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន និង​ប្រតិភូ​បាន​ទៅដល់​ទីក្រុង​ហ្សាការតា​(Jakarta)​ ប្រទេស​ឥណ្ឌូនេស៊ី​ហើយ​កាល​ពី​ថ្ងៃទី​២៣ ខែមេសា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន។​

កិច្ច​ប្រជុំ​ពិសេស​ថ្នាក់​មេដឹកនាំ​អាស៊ាន​នេះនឹង​ធ្វើឡើង​នៅ​ថ្ងៃសៅរ៍ ទី២៤ ខែមេសា ដោយ​ផ្ដោត​សំខាន់​ទៅ​លើការ​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​នៅ​ប្រទេស​មីយ៉ានម៉ា​ឬ​ភូមា​​។ មេដឹកនាំ​យោធា​ភូមា​ក៏​ត្រូវ​បាន​គេ​អញ្ជើញ​ទៅចូលរួម​ដែរ។

ប្រធានាធិបតី​ឥណ្ឌូនេស៊ីនិងជា​ព្រះចៅស៊ុលតុង​នៃ​ប្រទេស​ព្រុយណេ​ដែល​ជា​ប្រធាន​បាន​អ្នក​ផ្ដួច​ផ្ដើម​កោះ​ប្រជុំ​កិច្ចប្រជុំ​ពិសេស​នេះដោយ​សារ​តែការ​សម្លាប់​ប្រជាពលរដ្ឋ​ភូមា​ឥត​ឈប់ឈរ។​ថ្នាក់​ដឹកនាំ​អាស៊ាន​ទាំង​១០​បាន​ទៅ​ចូលរួម​ប្រជុំ​ទាំងអស់​លើក​លែង​តែ​មេដឹកនាំ​ប្រទេស​ពីរ​ប៉ុណ្ណោះ​មិនបាន​ទៅចូល​រួមគឺ​នាយករដ្ឋមន្រ្តី​ថៃ (Thailand) និង​មេដឹកនាំ​ហ្វីលីពីន (Philippines)​ ដោយ​សារ​តែ​រវល់​ដោះស្រាយ​បញ្ហា​ជំងឺកូវីដ១៩​កំពុង​តែ​ឆ្លងរាល​នៅក្នុង​ប្រទេស​របស់​ខ្លួន។​មេដឹក​នាំ​ទាំងពីរ​បាន​បញ្ជូន​ត្រឹមតែ​រដ្ឋមន្ត្រី​ក្រសួង​បរទេស​ទៅ​ចូលរួម។

កិច្ច​ប្រជុំ​នេះក្រៅ​ពី​ពិភាក្សា​អំពី​រឿង​ជម្លោះ​នយោបាយ​ភូមា​ក៏ជជែក​អំពី​បញ្ហា​ផ្សេង​ទៀត​ដែរ​ពិសេ​ស​បញ្ហា​ជំងឺ​កូវីដ​១៩​ កំពុង​តែ​ឆ្លង​ជា​សកល។

ក្រុមមេដឹកនាំ​អាស៊ាន​នឹង​ពិភាក្សា​ផ្តោតការ​យក​ចិត្តទុក​ដាក់​ទៅលើ​ប្រធាន​បទ​ធំៗ​ចំនួន​៣​រួមមាន​៖​ការ​ជំរុញ​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន​រួមទាំង​គំនិត​ផ្តួចផ្តើម​នានា​ដើម្បី​ឆ្លើយតប​ជំងឺ​រាត​ត្បាត​កូវីដ-១៩​និង​កិច្ចប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច-សង្គម​ឡើងវិញ,​ ទំនាក់ទំនង​អាស៊ាន​ជាមួយ​ដៃគូ​ក្រៅ​តំបន់និង​ការ​វិវត្តនៃ​ស្ថានការណ៍​អន្តរជាតិ​និង​ក្នុង​តំបន់​ដែល​ជា​ផល​ប្រយោជន៍​និង​ការ​បារម្ភ​រួម។ លោក ហ៊ុន សែន នឹង​វិល​កម្ពុជា​វិញ​ភ្លាមក្រោយ​កិច្ចប្រជុំ​នេះ​បញ្ចប់​នៅយប់​ថ្ងៃទី​២៤ ខែមេសា​ដដែល​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។