លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​កងទ័ព​ជួយ​បង់​ពន្ធ​រដ្ឋ ស្រប​ពេល​អន្តរជាតិ​គ្រោង​ដក​ការ​អនុគ្រោះ​ពន្ធ

0:00 / 0:00

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​កងទ័ព​ជួយ​បង់​ពន្ធ​រដ្ឋ ស្រប​ពេល​អន្តរជាតិ​គ្រោង​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។ លោក ហ៊ុន សែន ក្នុង​ឯកសណ្ឋាន​កងទ័ព​ពាក់​ផ្កាយ​៥ ចាត់​ទុក​ការ​បង់​ពន្ធ​ពី​មន្ត្រី​យោធា មាន​សារ​សំខាន់ ដូច​គ្នា​ពី​ការ​បង់​ពន្ធ​របស់​ប្រជាពលរដ្ឋ​ស៊ីវិល​ទូទៅ​ដែរ៖ «ហើយ​ខ្លួន​យើង​ម្នាក់ៗ ក៏​ត្រូវ​បំពេញ​កាតព្វកិច្ច​ពន្ធដារ​ដូច​គ្នា។ ត្រូវ​ពង្រឹង​នូវ​វប្បធម៌​បង់​ពន្ធដារ ដើម្បី​យើង​មាន​សមត្ថភាព​ចិញ្ចឹម​កងទ័ព ចិញ្ចឹម​មន្ត្រី​រាជការ ហើយ​មាន​ប្រាក់​ដើម្បី​វិនិយោគ​ដោយ​ផ្ទាល់​របស់​យើង »

លោក ហ៊ុន សែន លើក​ឡើង​ពី​ទម្លាប់​រួច​ពន្ធ ដែល​កើត​មាន​ជា​ទម្លាប់​ក្រោម​ការ​ដឹក​នាំ​របស់​លោក ដូច​ជា ការ​ស្នើសុំ​ពី​ឧត្ដមសេនីយ៍​យោធា និង​ប៉ូលិស ដើម្បី​រួច​ពន្ធ​រថយន្ត​ជា​ដើម។ លោក ហ៊ុន សែន អះអាង​បន្ថែម​ថា បើ​មន្ត្រី​យោធា​ខិត​ខំ​ជួយ​បង់​ពន្ធ​រដ្ឋ នោះ​របប​លោក​នឹង​មាន​ថវិកា​ ក្នុង​ការ​បន្ត​បើក​ប្រាក់​ខែ​ ឲ្យ​កងទ័ព និង​មន្ត្រី​រាជការ​ស៊ីវិល រៀងរាល់​ពីរ​ដង​ក្នុង ១​ខែ និង​អាច​មាន​ប្រាក់​សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍ​មួយ​ចំនួន ដែល​មិន​ចាំបាច់​ពឹង​​ជំនួយ​​បរទេស។

សារ​អំពាវនាវ ដើម្បី​បង្កើន​ចំណូល​ថវិកា​ជាតិ និង​កាត់​បន្ថយ​ការ​ពឹង​ពាក់​ជំនួយ​បរទេស​នេះ ធ្វើ​ឡើង​ក្រោយ​ឱសានវាទ នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ណាស់​ទៅ​ហើយ។ សារ​នេះ ស្រប​គ្នា​ទៅ​នឹង​ជំហរ​របស់​របប​លោក ហ៊ុន សែន ដែល​អះអាង​ថា កំពុង​ខិតខំ​កែ​ទម្រង់​សេដ្ឋកិច្ច ដើម្បី​ទប់ទល់​នឹង​ទណ្ឌកម្ម​អន្តរជាតិ។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​វិភាគ​គោល​នយោបាយ និង​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ថា អំពើ​ពុករលួយ​នៅ​កម្ពុជា នៅតែ​មាន​ភាព​រីក​រាល​ដាល​ខ្លាំង ហើយ​កម្ពុជា​នៅ​តែ​ពឹង​ពាក់​ខ្លាំង​ទៅ​លើ​ជំនួយ​បរទេស ដែល​ធ្វើ​ឲ្យ​កម្ពុជា​មិន​ទាន់​អាច​រស់ ដោយ​ខ្វះ​ជំនួយ​បរទេស​នៅ​ឡើយ ព្រោះ​ស្ថានភាព​ក្រីក្រ​ក្នុង​ស្រទាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ នៅ​មាន​កម្រិត​ខ្ពស់។ អ្នក​វិភាគ​ថា វិធី​រក្សា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ឲ្យ​មាន​លំនឹង និង​លូតលាស់ គឺ​មាន​តែ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​សេដ្ឋកិច្ច ពី​សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។