មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​បន្ត​អះអាង​ថា វៀតណាម​ចូល​ទឹក​ដី​ថ្ងៃ ៧ មករា គឺ​មក​ជួយ​រំដោះ​កម្ពុជា

ដោយ សុ ជីវី
2019.01.07
ហ៊ុន សែន 010719 ៦២២ លោក ហ៊ុន សែន ថ្លែង​សន្ទរកថា​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី៤០ នៃ​ថ្ងៃ​ជ័យជម្នះ​លើ​របប​ខ្មែរក្រហម នៅ​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ១៩៧៩។
រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​បច្ចុប្បន្ន និង​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម ដែល​មាន​សម្ពន្ធភាព​រឹងមាំ ចាក់​ទឹក​មិន​លិច​ជាមួយ​នឹង​វៀតណាម​នោះ នៅ​តែ​អះអាង​ថា កងទ័ព​វៀតណាម​ចូល​មក​ទឹក​ដី​កម្ពុជា​កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ១៩៧៩ ពោល​គឺ​កាល​ពី ៤០ឆ្នាំ​មុន​នោះ គឺ​ដើម្បី​ផ្ដួល​រំលំ​របប​ខ្មែរក្រហម។ ប៉ុន្តែ អ្នក​វិភាគ​យល់​ថា អ្វី​ដែល​លោក ហ៊ុន សែន លើក​ឡើង​ពី​ការ​ដឹង​គុណ​វៀតណាម​ដដែលៗ នេះ ដើម្បី​ការពារ​ពី​​ការ​រិះគន់​ការ​ឈ្លានពាន​របស់​​វៀតណាម​ប៉ុណ្ណោះ ហើយ​របប​នេះ​មិន​អាច​កែប្រែ​ប្រវត្តិសាស្ត្រ​ដែល​បាន​ចារ​ថា ថ្ងៃ ៧ មករា ជា​ថ្ងៃ​កងទ័ព​វៀតណាម​ចូល​ឈ្លានពាន​កម្ពុជា​បាន​ឡើយ។

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ប្រកាស​ប្រាប់​ទៅ​អ្នក​ចូលរួម​ក្នុង​ការ​អបអរ​ថ្ងៃ ៧ មករា ថា ថ្ងៃ ៧ មករា ជា​ថ្ងៃ​កំណើត​ទី២ របស់​កម្ពុជា។

ការ​បញ្ជាក់​ប្រាប់​ដដែល​នេះ ធ្វើ​ឡើង​រយៈ​ពេល ៤០ឆ្នាំ​មក​ហើយ ដោយ​លោក​អះអាង​ថា ជ័យជម្នះ​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់​ឡើង​វិញ និង​ធ្វើ​ឲ្យ​ពួក​គេ​មាន​សេរីភាព​គ្រប់​យ៉ាង៖ «រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​កង​កម្លាំង​បដិវត្តន៍​កម្ពុជា ដែល​មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ទូទាំង​ប្រទេស ព្រមទាំង​ទទួល​បាន​នូវ​ការ​ជួយ​ឧបត្ថម្ភ​ដ៏​ស្មោះ​ស​ពី​សំណាក់​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម និង​ពី​កម្លាំង​ស្នេហា​ជាតិ និង​យុត្តិធម៌​នានា នៅ​លើ​ពិភព​លោក បាន​វាយ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត សម្រេច​បាន​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ នា​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ១៩៧៩»

ការ​អះអាង​ពី​ការ​ប្ដេជ្ញា​ចិត្ត​ការពារ​ថ្ងៃ៧ មករា ពី​សំណាក់​លោក ហ៊ុន សែន នៅ​ពេល​នេះ បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នាំ​គ្នា​ធ្វើ​បាតុកម្ម​ផ្ទួនៗ ប្រឆាំង​ថ្ងៃ៧ មករា។ ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​​សេរី ចាត់ទុកថ្ងៃ៧មករា ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម​ចូល​ឈ្លានពាន សម្លាប់​ពលរដ្ឋ​ខ្មែរ និង​ត្រួតត្រា​ប្រទេស​កម្ពុជា។ ប៉ុន្តែ របប​ក្រុង​ភ្នំពេញ​មិន​បាន​បង្ហាញ​ការ​ខ្វាយខ្វល់​នឹង​ការ​លើក​ឡើង​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ​របប​នេះ​បាន​រៀបចំ​អបអរ​ខួប ៧ មករា​លើក​ទី៤០ របស់​ខ្លួន​យ៉ាង​ធំ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដែល​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម។

អ្នកចូលរួម​មីទ្ទិញ ៧ មករា​នេះ ត្រូវ​បាន​គេ​រៀបចំ​ឲ្យ​មាន ២៦ផែន តំណាង​ឲ្យ ២៥រាជធានី ខេត្ត និង​ផែន​ទី២៦ ជា​ផែន​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ដឹក​នាំ​ដោយ​កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី និង​មាន​ពិព័រណ៍​ក្បួន​រថយន្ត​បុស្បុក បង្ហាញ​ពី​សក្ដានុពល និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ភូមិសាស្ត្រ​នីមួយៗ។

កាសែត​ក្នុង​ស្រុក ដែល​ជា​ក្បាល​ម៉ាស៊ីន​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន សែន បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ ទី៦ មករា ដោយ​ដក​ស្រង់​សំដី​អ្នក​រៀបចំ​ពិធី​នេះ​ថា ពិធី​នេះ​ចំណាយ​លុយ​ជាង ១លាន​ដុល្លារ សម្រាប់​ការ​ហាត់​សម និង​ការ​ប្រារព្ធ​ពិធី។ ប៉ុន្តែ មិន​បាន​បញ្ជាក់​ថា ថវិកា​ដែល​ចំណាយ នោះ​ជា​លុយ​ជាតិ ឬ​ក៏​ជា​លុយ​របស់​គណបក្ស​នោះ​ទេ។

អាស៊ី​សេរី​បាន​សុំ​ការ​បំភ្លឺ​អំពី​ការ​ចំណាយ​នេះ​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន តាម​ប្រព័ន្ធ​តេឡេក្រាម ប៉ុន្តែ​លោក​មិន​ឆ្លើយ​តប​ទេ។ ចំណែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៃ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ថា លោក​មិន​បាន​ដឹង​ពី​ការ​ចំណាយ​នេះ​ទេ។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​របប​ក្រុង​ភ្នំពេញ ឲ្យ​អាស៊ី​សេរី​ដឹង​ថា ការ​ប្រឹង​រៀបចំ​ប្រារព្ធ​អបអរ​ថ្ងៃ ៧ មករា ដោយ​កេណ្ឌ​ពលរដ្ឋ និង​ចំណាយ​ប្រាក់​ដ៏​ច្រើន​បែប​នេះ ព្រោះ​របប​នេះ​ព្យាយាម​ការពារ​ថ្ងៃ ៧ មករា ដើម្បី​បង្ហាញ​ថា វៀតណាម​មាន​គុណ​លើ​កម្ពុជា។ ប៉ុន្តែ​លោក​យល់​ថា អ្វី​ដែល​របប​នេះ​កំពុង​តែ​ចំណាយ​លុយ​ជាតិ​យ៉ាង​ច្រើន​ដូច​នេះ គឺ​ជា​ការ​ប្រមាថ​ជាតិ​ខ្មែរ ដើម្បី​បម្រើ​យោជន៍​វៀតណាម​ប៉ុណ្ណោះ៖ «ថ្ងៃ​៧ មករា ឆ្នាំ១៩៧៩ គឺ​ជា​យុទ្ធសាស្ត្រ​ឈ្លានពាន​របស់​យួន ដើម្បី​បន្ត​សម្លាប់​ខ្មែរ​ពី​សម័យ ប៉ុល ពត។ យើង​ឃើញ​ហើយ ក្រោយ ៧ មករា ខ្មែរ​ស្លាប់​ជាង ២០ម៉ឺន​នាក់ ក្នុង​នយោបាយ ក-៥ របស់​យួន ហើយ​និង​ទ្រព្យ​សម្បត្តិ​ជាតិ​ផ្សេងៗ ត្រូវ​យួន​ប្រមូល​យក​ទៅ​អស់»

ថ្ងៃ ៧ មករា នៅ​តែ​ជា​ថ្ងៃ​ចម្រូងចម្រាស​រវាង​គណបក្ស​កាន់​អំណាច និង​ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ។ ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក និង​អ្នក​និយម​ប្រជាធិបតេយ្យ​យល់​ថា បើ​កម្ពុជា​នៅ​តែ​បន្ត​ដឹង​គុណ​វៀតណាម​តាម​រយៈ ៧ មករា​នេះ​ទៀត វាសនា​កម្ពុជា​នឹង​មិន​ខុស​ពី​កម្ពុជា​ក្រោម​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។