លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បកស្រាយក្នុងខ្សែអាត់សំឡេងកាលពីយប់ថ្ងៃទី១៦ វិច្ឆិកាថា លោកមិនអាចចាត់តំណាង ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង ២០ ហៅកាត់ថា G20 នៅប្រទេសឥណ្ឌូណេស៊ី (Indonesia) បាននោះឡើយ ព្រោះកម្ពុជាមិនមែនជាសមាជិកក្រុមប្រទេស G20។ លោកបញ្ជាក់ថា គម្រោងចូលរួមរបស់លោកនោះ គឺក្នុងឋានៈជាប្រធានអាស៊ាន តបតាមការអញ្ជើញរបស់ប្រទេសឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះ។លោក ហ៊ុន សែន។
លោក ហ៊ុន សែន៖ «ដើម្បីធានាការប្រព្រឹត្តទៅបានល្អនៅក្នុងការប្រជុំនៅឥណ្ឌូណេស៊ី កម្ពុជាបានធ្វើការសម្រុះសម្រួលជាមួយឥណ្ឌូណេស៊ី ដោយបានទទួលញញួរជាប្រធានអាស៊ានរួចហើយនោះ គឺគ្រប់គ្រងការងារជាប្រធានអាស៊ានតែម្ដង។ យើងគ្មានសិទ្ធិតែងតាំងតំណាងពីកម្ពុជានោះទេ ព្រោះយើងមិនមែនជាសមាជិកG20គឺគេអញ្ជើញប្រធានអាស៊ាន គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
លោក ហ៊ុន សែន បកស្រាយដូច្នេះ បន្ទាប់ពីលោកខកខានចូលរួមកិច្ចប្រជុំកំពូល G20 កាលពីថ្ងៃទី១៥ និង ១៦ វិច្ឆិកា ដោយសារលោកប្រកាសថា ឆ្លងជំងឺកូវីដ-១៩។ លោកបានដឹកនាំគណៈប្រតិភូវិលត្រឡប់មកកម្ពុជាវិញ ក្រោយទៅដល់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៥ វិច្ឆិកា។ក្រៅពីខកខានកិច្ចប្រជុំកំពូល G20 ហើយ លោក ហ៊ុន សែន ក៏មិនអាចចូលរួមក្នុងកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា អេពិច (APEC) ដែលគ្រោងធ្វើនៅប្រទេសថៃ ចាប់ពីថ្ងៃទី១៧ ដល់ ១៨ វិច្ឆិកា បាននោះដែរ។ លោកបកស្រាយថា កិច្ចប្រជុំនេះ គេអញ្ជើញលោកចូលរួមក្នុងឋានៈជាប្រធានប្ដូរវេនអាស៊ាន ដូចករណីកិច្ចប្រជុំ G20 ដែរ ដូច្នេះលោកគ្មានសិទ្ធចាត់តំណាងឱ្យទៅចូលរួមបានឡើយ។
ទាក់ទងនឹងបញ្ហាសុខភាពវិញ លោក ហ៊ុន សែន ឱ្យដឹងថា លោកមានអាការៈធម្មតា មិនមានអ្វីប្រែប្រួលនោះទេ ទោះបីជាបានឆ្លងជំងឺកូវីដ-១៩ ក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។