លោក ហ៊ុន សែន អះអាង​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​ទទួល​បាន​លទ្ធផល​ជា​ទីគាប់​ចិត្ត ទោះ​បញ្ហា​ជា​ច្រើន​នៅ​មិន​ទាន់​ដោះ​ស្រាយ​រួច

ដោយ មាន ឫទ្ធិ
2022.11.13
Share on WhatsApp
Share on WhatsApp
លោក ហ៊ុន សែន អះអាង​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​ទទួល​បាន​លទ្ធផល​ជា​ទីគាប់​ចិត្ត ទោះ​បញ្ហា​ជា​ច្រើន​នៅ​មិន​ទាន់​ដោះ​ស្រាយ​រួច លោក ហ៊ុន សែន ប្រគល់ញញួរនិមិត្តរូបនៃប្រធានប្តូរវេនអាស៊ាន (ASEAN) ដល់ប្រធានាធិបតី​ឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅទីក្រុងភ្នំពេញនៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
រូប៖ AP

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចប់​ភារកិច្ច​របស់​ខ្លួន​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​​ហើយ ក្នុង​កិច្ច​ពិធី​បិទ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី៤០ លើក​ទី៤១​ និង​កិច្ច​ប្រជុំ​ពូល​ពាក់ព័ន្ធ​ផ្សេង​ទៀត ថ្ងៃ​ទី១៣ ខែវិច្ឆិកា។ លោក ហ៊ុន សែន បាន​ប្រគល់​ញញួរ​ទៅ​ប្រធាន​អាស៊ាន​ប្ដូរ​ថ្មី ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ដែល​នឹង​ដឹកនាំ​អាស៊ាន​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ទាំងបញ្ហាភូមាមិនទាន់បាន​ដោះនៅឡើយ។

លោក ហ៊ុន សែន លើកឡើង​ថា រយៈ​ពេលមួយ​ឆ្នាំ នៃ​ការ​បំពេញ​តួនាទី​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន ជា​រយៈ​ពេល​​ពោរពេញ​ដោយ​អនុស្សាវរីយ៍ និង​ជា​ប្រវត្តិសាស្ត្រ ស្រប​ពេល​មាន​ការ​​ផ្ទុះ​រីករាលដាលនៃ​ជំងឺ​កូវីដ១៩ និង​វិបត្តិ​នយោបាយនៅប្រទេស​ភូមា ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​សេដ្ឋកិច្ច។ ទោះ​យ៉ាង​នេះ​ក្ដី ​លោក​ ហ៊ុន សែន អះអាង​ថា អាស៊ាន​ដែល​មាន​លោក​ជា​ប្រធាន បាន​គ្រប់គ្រង និង​សម្របសម្រួល​បញ្ហា​ប្រឈម​ទាំង​នោះ​ បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត។ លោក ហ៊ុន សែន លើកឡើង​ទៀត​ថា កិច្ច​កំពូល​ទាំង១៦ ក្នុង​រយៈ​ពេល​៤​ថ្ងៃ​នៅ​រាជធានី ភ្នំពេញ ដែល​កម្ពុជា​ធ្វើ​ជា ម្ចាស់​ផ្ទះ​នោះ​បាន​បិទ​បញ្ចប់​ដោយ​ទទួល​បាន​លទ្ធផល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់។

Hun Sen, left, hands over the gavel to Indonesian President Joko Widodo during a transfer of ASEAN Chairmanship during the closing ceremonies of the 40th and 41st ASEAN Summit in Phnom Penh, Cambodia, Sunday, Nov. 13, 2022 by AP-1.jpg
លោក ហ៊ុន សែន ប្រគល់ញញួរនិមិត្តរូបប្រធានប្តូរវេនអាស៊ាន (ASEAN) ដល់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo) ជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៣។ (រូប៖ AP)

ទាក់ទង​បញ្ហា​ជម្លោះ​នៅ​ភូមា​លោក ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​ល្ងាច​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ថា នៅតែ​ដោះស្រាយ​បញ្ហា​ភូមា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ភាគី​ទាំងពីរនៃជម្លោះវិល​មក​ការ​ចរចា។ លោក​បន្ត​ទៀត​ថា ជំហរ​របស់​លោក​ត្រូវតែ​បើក​ទ្វារ​ចំហ​ជាមួយ​មេ​យោធា​ ភូមា ដើម្បី​ទុក​លទ្ធភាព​សន្ទនា​ជាមួយ​ភូមា៖ 

«ឆាប់​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​វិញ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​មីយ៉ាន់ម៉ា សុទ្ធសាធ ឥលូវ​ខ្ញុំ​ចោទ​ជា​សំនួរ​ថា បើ​ក្ដៅ​អ្នក​ឯង​ធ្វើ​យ៉ាងម៉េច​គេ (ភូមា) អ្នក​ដែល​ចង់​ក្ដៅ តើ​លើក​ទ័ព​ទៅ​វាយ​មីយ៉ាន់ម៉ា ហើយ​ត្រជាក់​តើ​លួង​ចិត្ត​មីយ៉ាន់ម៉ា ដូច​កូនក្មេង​ឱ្យ​ស្ករ​គ្រាប់​ស៊ី​ដើម្បី​ឱ្យ​ដើរ​តាម»

ទោះ​ជា​លោក​ ហ៊ុន សែន បង្ហាញ​មោទនភាព ពី​លទ្ធផល​នៃ​ប្រជុំ​កំពូល​អាស៊ាន​ពេល​នេះ​ក្ដី ក្រុម​អ្នក​ឃ្លាំមើល សង្កេត​ឃើញថា ទោះ​ជា​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា អាស៊ាន​បាន​ពង្រីក និង​បន្ថែម​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហា​អំណាច​បន្ថែម​ទៀត​ក្ដី វិបត្តិ​នៅ​ភូមា មិន​ទាន់​មាន​ភាព​ធូរ​ស្រាល​ទេ ចំណែក​លោក ហ៊ុន សែន ក៏​ត្រូវ​បាន ប្រធានាធិបតី ​សហរដ្ឋអាមេរិក​ និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ស្នើ​ឱ្យ​កែ​បញ្ហា​សិទ្ធិមនុស្ស​ក្នុងស្រុកឡើង​វិញ​ផង​ដែរ។

Hun Sen, left, hands over the gavel to Indonesian President Joko Widodo during a transfer of ASEAN Chairmanship during the closing ceremonies of the 40th and 41st ASEAN Summit in Phnom Penh, Cambodia, Sunday, Nov. 13, 2022 by AFP-4.jpg
លោក ហ៊ុន សែន ប្រគល់ញញួរនិមិត្តរូបប្រធានប្តូរវេនអាស៊ាន (ASEAN) ដល់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo) ជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៣។ (រូប៖ AP)

មុន​ពេល​ប្រគល់​ញញួរ ​ទៅ​ប្រធាន​អាស៊ាន​ប្ដូរ​ថ្មី ប្រធានាធិបតី​ឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo) លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឱ្យឥណ្ឌូនេស៊ី ជួយ​ដោះស្រាយ​បញ្ហា​សេសសល់​បន្ទាប់​ពី​លោក។ លោក ហ៊ុន​ សែន មាន​ជំនឿ​ថា លោក ចូកូ វីដូដូ នឹង​បន្ត​ដឹកនាំ​អាស៊ាន​​ ដើម្បី​សម្រេច​បាន​នូវ​គោល​បំណង​ ចម្បង​ គឺ​សហគមន៍​អាស៊ាន ប្រកប​ដោយ​សុខ​សន្តិភាព ភាព​ធន់ និង​បរិយាបន្ន។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ដែល​ទទួល​ត្រូវ​បាន​ទទួល​ភារកិច្ច​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ថ្មី សម្រាប់​ដឹកនាំ​អាស៊ាន ឆ្នាំ​២០២៣ ខាង​មុខ​ ថ្លែង​ថា ​អាស៊ាន​ត្រូវ​ធ្វើ​យ៉ាងណា ​មិន​ឱ្យ​ភាព​តានតឹង​ក្នុង​ភូមិសាស្ត្រ​នយោបាយ ក្លាយ​ទៅ​ជា​សង្គ្រាម​ត្រជាក់​ក្នុង​តំបន់​ទេ។ លោក​បន្ត​ទៀត​ថា អាស៊ាន​ត្រូវ​តែ​​ជា​តំបន់​កំណើន​សេដ្ឋកិច្ច​ខ្លាំង ហើយ​សមត្ថភាព​អាស៊ាន​ត្រូវ​តែ​ពង្រឹង​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម។ លោក​បន្ត​ទៀត​អាស៊ាន​ត្រូវ​តែ​ជោគជ័យ មាន​ភាព​មាំមួន ទប់ទល់​នឹង​ប្រឈម​នា​ថ្ងៃ​អនាគត៖

«សមត្ថភាព​អាស៊ាន ត្រូវតែ​បាន​ពង្រឹង​ដើម្បី​ឆ្លើយតប ទៅ​នឹង​បញ្ហា​ប្រឈម​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ខាង​មុខ​ទៀត ដើម្បី​ក្លាយ​ជា​តំបន់​មួយ​ដែល​មាន​ភាព​បន្សាំ​ឆ្លើយតប​នឹង​ការ​ប្រកួតប្រជែង​។ យើង​ត្រូវតែ​សម្រេច​បាន​ការងារ​នេះ តាមរយៈ​របៀប​អាស៊ាន អនុលោម​តាម​ស្មារតី​នៃ​សហប្រតិបត្តិការ​និង​អនុវត្តន៍​ពេញលេញ​នូវ​ធម្មនុញ្ញ​របស់​អាស៊ាន»

Hun Sen, left, hands over the gavel to Indonesian President Joko Widodo during a transfer of ASEAN Chairmanship during the closing ceremonies of the 40th and 41st ASEAN Summit in Phnom Penh, Cambodia, Sunday, Nov. 13, 2022 by AFP-3.jpg
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo) ថ្លែងសុន្ទរកថាក្នុងនាមជាប្រធានប្តូរវេនអាស៊ានសម្រាប់ឆ្នាំ២០២៣។ (រូប៖ AFP)

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម​សុវណ្ណារ៉ា សង្កេត​ឃើញ​ថា យល់ថា កិច្ច​ប្រជុំ​៤​ថ្ងៃ​មក​នេះ អាស៊ាន​ទទួល​បាន​សមាជិក​ថ្មី​ ​ការ​ដំឡើង​ទំនាក់ទំនង​រវាង​អាស៊ាន ជាមួយ​សហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា ។ អ្នក​ជំនាញ​រូប​នេះរំពឹង​ថា ប្រធានប្ដូរវេនអាស៊ានថ្មី លោក ចូកូ វីដូដូ (Joko Widodo) នឹងរក្សា​ជំហរ រឹងមាំក្នុងការដោះស្រាយបញ្ហានៅភូមា៖ 

«បញ្ហា​ភូមា​នេះ​ជា​បញ្ហា​សំខាន់​ ខ្ញុំ​គិត​​ថា ឆ្នាំ​ក្រោយ​ចាប់​ពី​ឆ្នាំ​២០២៣ ឥណ្ឌូនេស៊ី ក្លាយ​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ពេញ​សិទ្ធិ​ណា ក្នុង​ករណី​ហ្នឹង​ទស្សនៈ និង​ការ​លើកឡើង​របស់​ឥណ្ឌូនេស៊ី និង​សិង្ហបុរី ដែល​ប្រជុំ​កាល​ពី​ឆ្នាំ​មុន ក្នុង​ការ​ព្យួរ​អាសនៈ​របស់​ភូមា អាច​លើក​មក​ជជែក​មួយ​សារ​ទៀត​ អ៊ីចឹង​អាច​ជំរុញ​ទៅ​ភាគី ភូមា ទាំង​រដ្ឋាភិបាល ងាក​មក​ការ​ចរចា ឬ​គោរព​តាម​គោលការណ៍​ប្រាំ​ចំណុច ឬ​ក៏​គោលការណ៍​១៥​ចំណុច​ដែល​បាន​អនុម័ត​ពីរ​បី​ថ្ងៃ​កន្លង​មក​នេះ»

ចំណែក​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ លោក​ អំ ​សំអាត កត់​សម្គាល់​ឃើញ​ថា កម្ពុជា​ដែល​ជា​ប្រទេស​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ គឺកម្ពុជា​ទទួល​បាន​ផល​ចំណេញច្រើនជាង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​ ព្រោះ​ ​កម្ពុជា​មាន​ជំនួប​ទ្វេភាគី ជា​មួយ​បណ្ដា​ប្រទេស​នានា និង​ប្រទេស​មហាអំណាច។ លោក​បន្ត​ទៀត ប្រសិនបើភាគីកម្ពុជា អនុវត្តន៍តាមសំណើ ប្រធានាធិបតី ​សហរដ្ឋអាមេរិក​លោក ចូ បៃឌិន(Joe Biden) និងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​លោក ​អង់តូនីញ៉ូ ​ហ្គោទែរ៉េស (Antonio Guterres) ស្ដារ​សិទ្ធិមនុស្ស​ឡើង​វិញ និង​ដោះលែង​អ្នក​ទោស​នយោបាយ កម្ពុជានឹងទទួលបានប្រយោជន៍លើរឿងនេះទៅវិញទេ៖ 

«អ៊ីចឹង​បើសិន​ជា​កម្ពុជា​យើង​មាន​ឆន្ទៈ​និង​ការ​ប្ដេជ្ញាចិត្ត ច្បាស់លាស់​បញ្ហា​ដែល​មាន​ការ​ចម្រូងចម្រាស​កន្លង​មក​ទាក់ទង​រឿង​សិទ្ធិមនុស្ស​ អាច​នឹង​ធ្វើ​ការ​កែ​លំអ​ហើយ​បើ​កែលំអ​បាន​កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន​បាទ»

Hun Sen, left, hands over the gavel to Indonesian President Joko Widodo during a transfer of ASEAN Chairmanship during the closing ceremonies of the 40th and 41st ASEAN Summit in Phnom Penh, Cambodia, Sunday, Nov. 13, 2022 by AFP-7.jpg
និមិត្តសញ្ញារបស់ប្រទេសឥណ្ឌូនេស៊ីក្នុងនាមជាប្រធានប្តូរវេនអាស៊ានសម្រាប់ឆ្នាំ២០២៣។ (រូប៖ AFP)

ក្នុង​ជំនួប​ទ្វេភាគី រវាង ប្រធានាធិបតី​អាមេរិក​លោក (Joseph R. Biden) ជាមួយ​លោក ហ៊ុន សែន លោក​ប្រធានាធិបតី​អាមេរិក​ ​បាន​ស្នើ​ឲ្យ​កម្ពុជា​រក្សា​អធិបតេយ្យភាព​និង​បូរណភាព​ទឹក​ដី​ពី​ឥទ្ធិពល​ចិន ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ និង​ដោះលែង​អ្នក​ទោស​នយោបាយ និង​ជំរុញ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ ខាង​មុខ។

ឆ្លើយ​តប ករណី​ លោក ហ៊ុន សែន លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកាថា សេចក្ដី​ថ្លែងការណ៍​របស់​សហរដ្ឋអាមេរិក គឺ​ជា​រឿង​របស់​​អាមេរិក លោកមិន​ដឹង​រឿង​នេះ​ទេ។ លោក ហ៊ុន សែន ទាមទារ​ឱ្យ​អ្នកសារព័ត៌មាន​ដែល​សួរ​លោក​រឿង​ទាមទារ​ដោះលែងកញ្ញា សេង ធារី និង​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀតឱ្យ​ទៅ​សួរ​ស្ថានទូត​សហរដ្ឋអាមេរិក​ដោយ​ខ្លួន​ឯង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។