លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចប់ភារកិច្ចរបស់ខ្លួនជាប្រធានអាស៊ានប្ដូរវេនហើយ ក្នុងកិច្ចពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ និងកិច្ចប្រជុំពូលពាក់ព័ន្ធផ្សេងទៀត ថ្ងៃទី១៣ ខែវិច្ឆិកា។ លោក ហ៊ុន សែន បានប្រគល់ញញួរទៅប្រធានអាស៊ានប្ដូរថ្មី ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ដែលនឹងដឹកនាំអាស៊ាននៅពេលខាងមុខដ៏ខ្លីនេះ ទាំងបញ្ហាភូមាមិនទាន់បានដោះនៅឡើយ។
លោក ហ៊ុន សែន លើកឡើងថា រយៈពេលមួយឆ្នាំ នៃការបំពេញតួនាទីជាប្រធានអាស៊ានប្ដូរវេន ជារយៈពេលពោរពេញដោយអនុស្សាវរីយ៍ និងជាប្រវត្តិសាស្ត្រ ស្របពេលមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ និងវិបត្តិនយោបាយនៅប្រទេសភូមា ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងសេដ្ឋកិច្ច។ ទោះយ៉ាងនេះក្ដី លោក ហ៊ុន សែន អះអាងថា អាស៊ានដែលមានលោកជាប្រធាន បានគ្រប់គ្រង និងសម្របសម្រួលបញ្ហាប្រឈមទាំងនោះ បានលទ្ធផលគួរជាទីគាប់ចិត្ត។ លោក ហ៊ុន សែន លើកឡើងទៀតថា កិច្ចកំពូលទាំង១៦ ក្នុងរយៈពេល៤ថ្ងៃនៅរាជធានី ភ្នំពេញ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះនោះបានបិទបញ្ចប់ដោយទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់។

ទាក់ទងបញ្ហាជម្លោះនៅភូមាលោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មានល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ថា នៅតែដោះស្រាយបញ្ហាភូមាត្រូវធ្វើយ៉ាងម៉េចឱ្យភាគីទាំងពីរនៃជម្លោះវិលមកការចរចា។ លោកបន្តទៀតថា ជំហររបស់លោកត្រូវតែបើកទ្វារចំហជាមួយមេយោធា ភូមា ដើម្បីទុកលទ្ធភាពសន្ទនាជាមួយភូមា៖
«ឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពវិញដើម្បីបម្រើផលប្រយោជន៍របស់មីយ៉ាន់ម៉ា សុទ្ធសាធ ឥលូវខ្ញុំចោទជាសំនួរថា បើក្ដៅអ្នកឯងធ្វើយ៉ាងម៉េចគេ(ភូមា)អ្នកដែលចង់ក្ដៅ តើលើកទ័ពទៅវាយមីយ៉ាន់ម៉ា ហើយត្រជាក់តើលួងចិត្តមីយ៉ាន់ម៉ា ដូចកូនក្មេងឱ្យស្ករគ្រាប់ស៊ីដើម្បីឱ្យដើរតាម»។
ទោះជាលោក ហ៊ុន សែន បង្ហាញមោទនភាព ពីលទ្ធផលនៃប្រជុំកំពូលអាស៊ានពេលនេះក្ដី ក្រុមអ្នកឃ្លាំមើល សង្កេតឃើញថា ទោះជាលទ្ធផលនៃកិច្ចប្រជុំនេះបង្ហាញឱ្យឃើញថា អាស៊ានបានពង្រីក និងបន្ថែមទំនាក់ទំនងជាមួយប្រទេសមហាអំណាចបន្ថែមទៀតក្ដី វិបត្តិនៅភូមា មិនទាន់មានភាពធូរស្រាលទេ ចំណែកលោក ហ៊ុន សែន ក៏ត្រូវបាន ប្រធានាធិបតី សហរដ្ឋអាមេរិក និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្នើឱ្យកែបញ្ហាសិទ្ធិមនុស្សក្នុងស្រុកឡើងវិញផងដែរ។

មុនពេលប្រគល់ញញួរ ទៅប្រធានអាស៊ានប្ដូរថ្មី ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យឥណ្ឌូនេស៊ី ជួយដោះស្រាយបញ្ហាសេសសល់បន្ទាប់ពីលោក។ លោក ហ៊ុន សែន មានជំនឿថា លោក ចូកូ វីដូដូ នឹងបន្តដឹកនាំអាស៊ាន ដើម្បីសម្រេចបាននូវគោលបំណង ចម្បង គឺសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ភាពធន់ និងបរិយាបន្ន។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ដែលទទួលត្រូវបានទទួលភារកិច្ចជាប្រធានអាស៊ានប្ដូរវេនថ្មី សម្រាប់ដឹកនាំអាស៊ាន ឆ្នាំ២០២៣ ខាងមុខ ថ្លែងថា អាស៊ានត្រូវធ្វើយ៉ាងណា មិនឱ្យភាពតានតឹងក្នុងភូមិសាស្ត្រនយោបាយ ក្លាយទៅជាសង្គ្រាមត្រជាក់ក្នុងតំបន់ទេ។ លោកបន្តទៀតថា អាស៊ានត្រូវតែជាតំបន់កំណើនសេដ្ឋកិច្ចខ្លាំង ហើយសមត្ថភាពអាស៊ានត្រូវតែពង្រឹង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម។ លោកបន្តទៀតអាស៊ានត្រូវតែជោគជ័យ មានភាពមាំមួន ទប់ទល់នឹងប្រឈមនាថ្ងៃអនាគត៖
«សមត្ថភាពអាស៊ាន ត្រូវតែបានពង្រឹងដើម្បីឆ្លើយតប ទៅនឹងបញ្ហាប្រឈមក្នុងរយៈពេល២០ឆ្នាំខាងមុខទៀត ដើម្បីក្លាយជាតំបន់មួយដែលមានភាពបន្សាំឆ្លើយតបនឹងការប្រកួតប្រជែង។ យើងត្រូវតែសម្រេចបានការងារនេះ តាមរយៈរបៀបអាស៊ាន អនុលោមតាមស្មារតីនៃសហប្រតិបត្តិការនិងអនុវត្តន៍ពេញលេញនូវធម្មនុញ្ញរបស់អាស៊ាន»។

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯមសុវណ្ណារ៉ា សង្កេតឃើញថា យល់ថា កិច្ចប្រជុំ៤ថ្ងៃមកនេះ អាស៊ានទទួលបានសមាជិកថ្មី ការដំឡើងទំនាក់ទំនងរវាងអាស៊ាន ជាមួយសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា ។ អ្នកជំនាញរូបនេះរំពឹងថា ប្រធានប្ដូរវេនអាស៊ានថ្មី លោក ចូកូ វីដូដូ (Joko Widodo) នឹងរក្សាជំហរ រឹងមាំក្នុងការដោះស្រាយបញ្ហានៅភូមា៖
«បញ្ហាភូមានេះជាបញ្ហាសំខាន់ ខ្ញុំគិតថា ឆ្នាំក្រោយចាប់ពីឆ្នាំ២០២៣ ឥណ្ឌូនេស៊ី ក្លាយជាប្រធានអាស៊ានប្ដូរវេនពេញសិទ្ធិណា ក្នុងករណីហ្នឹងទស្សនៈ និងការលើកឡើងរបស់ឥណ្ឌូនេស៊ី និងសិង្ហបុរី ដែលប្រជុំកាលពីឆ្នាំមុន ក្នុងការព្យួរអាសនៈរបស់ភូមា អាចលើកមកជជែកមួយសារទៀត អ៊ីចឹងអាចជំរុញទៅភាគី ភូមា ទាំងរដ្ឋាភិបាល ងាកមកការចរចា ឬគោរពតាមគោលការណ៍ប្រាំចំណុច ឬក៏គោលការណ៍១៥ចំណុចដែលបានអនុម័តពីរបីថ្ងៃកន្លងមកនេះ»។
ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត កត់សម្គាល់ឃើញថា កម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ គឺកម្ពុជាទទួលបានផលចំណេញច្រើនជាងប្រទេសសមាជិកអាស៊ានផ្សេងទៀត ព្រោះ កម្ពុជាមានជំនួបទ្វេភាគី ជាមួយបណ្ដាប្រទេសនានា និងប្រទេសមហាអំណាច។ លោកបន្តទៀត ប្រសិនបើភាគីកម្ពុជា អនុវត្តន៍តាមសំណើ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃឌិន(Joe Biden) និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ស្ដារសិទ្ធិមនុស្សឡើងវិញ និងដោះលែងអ្នកទោសនយោបាយ កម្ពុជានឹងទទួលបានប្រយោជន៍លើរឿងនេះទៅវិញទេ៖
«អ៊ីចឹងបើសិនជាកម្ពុជាយើងមានឆន្ទៈនិងការប្ដេជ្ញាចិត្ត ច្បាស់លាស់បញ្ហាដែលមានការចម្រូងចម្រាសកន្លងមកទាក់ទងរឿងសិទ្ធិមនុស្ស អាចនឹងធ្វើការកែលំអហើយបើកែលំអបានកម្ពុជានឹងទទួលបានផលចំណេញច្រើនបាទ»។

ក្នុងជំនួបទ្វេភាគី រវាង ប្រធានាធិបតីអាមេរិកលោក (Joseph R. Biden) ជាមួយលោក ហ៊ុន សែន លោកប្រធានាធិបតីអាមេរិក បានស្នើឲ្យកម្ពុជារក្សាអធិបតេយ្យភាពនិងបូរណភាពទឹកដីពីឥទ្ធិពលចិន ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងដោះលែងអ្នកទោសនយោបាយ និងជំរុញទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមុនការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ។
ឆ្លើយតប ករណី លោក ហ៊ុន សែន លើកឡើងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែវិច្ឆិកាថា សេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិក គឺជារឿងរបស់អាមេរិក លោកមិនដឹងរឿងនេះទេ។ លោក ហ៊ុន សែន ទាមទារឱ្យអ្នកសារព័ត៌មានដែលសួរលោករឿងទាមទារដោះលែងកញ្ញា សេង ធារី និងអ្នកទោសនយោបាយផ្សេងទៀតឱ្យទៅសួរស្ថានទូតសហរដ្ឋអាមេរិកដោយខ្លួនឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។