លោក ហ៊ុន សែន យក​ដី​ដែល​បាន​ពី​លោក គង់ គាំ ប្រគល់​ឱ្យ​គ.ជ.ប​សាងសង់​ទីស្នាក់ការ

ដោយ ម៉ៅ សុធានី
2023.01.14
Share on WhatsApp
Share on WhatsApp
លោក ហ៊ុន សែន យក​ដី​ដែល​បាន​ពី​លោក គង់ គាំ ប្រគល់​ឱ្យ​គ.ជ.ប​សាងសង់​ទីស្នាក់ការ (រូបកណ្ដាល) លោក គង់ គាំ ឧត្ដម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន។
រូប៖ ហ្វេសប៊ុក​គណបក្ស​ភ្លើង​ទៀន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​យក​ដី​ដែល​បាន​ទាំង​បង្ខំ​​ពី​ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើងទៀន ​លោក គង់ គាំ ប្រគល់​ទៅ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) ដើម្បី​សាងសង់​អគារ​ទីស្ដីការ​ស្ថាប័ន​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​រៀបចំ​ឯកសារ​​ដើម្បី​ធ្វើ​ឱ្យ​ដី​​ទំហំ​ជាង ៥​ពាន់​ម៉ែត្រ​ការ៉េ ពី​ការ​គ្រប់គ្រង​ដោយ​លោក គង់ គាំ ​មក​ជា​ការ​គ្របគ្រង​​ដោយ​រដ្ឋ​វិញ។ លោក ហ៊ុន សែន ​សម្រេច​ដូច​នេះ ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ថ្ងៃ​ទី១៣ ខែ​មករា។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន ឱ្យ​វិទ្យុ​អាស៊ីសេរី​​ថា លោក ហ៊ុន សែន សម្រេច​ដូច្នេះ ព្រោះ​ គ..ប សព្វ​ថ្ងៃ​មិន​ទាន់​មាន​អគារ​ទីស្នាក់ការ​ផ្ទាល់​ខ្លួន​នៅ​ឡើយ​។ មន្ត្រី​រដ្ឋាភិបាល រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា បើ​ទោះ​ជា​រដ្ឋាភិបាល​បញ្ចប់​វិធានការ​ផ្លូវ​ច្បាប់​ក្រោយ​ពេល​លោក គង់ គាំ ប្រគល់​ដី​និង​ផ្ទះ​ជូន​រដ្ឋ​បែប​នេះ​ក្ដី ប៉ុន្តែ លោក​មិន​ទាន់​ដឹង​ថា បណ្ដឹង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ប្ដឹង​លោក​ គង់ គាំ នឹង​ត្រូវ​បញ្ចប់​ដែរ​​ឬ​យ៉ាងណា​នោះ​ទេ។

លោក ផៃ ស៊ីផាន៖ «អត់​ដឹង​ទេ ដល់​ទៅ​សួរ​ខាង​ឯកឧត្តម សុខ ឥសាន​ ខ្ញុំ​ដឹង​តែ​រឿង​ដីធ្លី​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ណា»

ពេល​នេះ ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើងទៀន លោក គង់ គាំ បាន​រួច​ផុត​ពី​ការ​ស៊ើបអង្កេត និង​បណ្ដឹង​នានា​ពី​រដ្ឋាភិបាល​​លោក ហ៊ុន សែន ក្រោយ​អស់​ដី​អស់​ផ្ទះ​ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​។ លោក គង់ គាំ និង​ភរិយា បាន​ផ្ដិត​មេដៃ​លើ​លិខិត​ប្រគល់​ដី និង​ផ្ទះ​នេះ ជូន​ទៅ​រដ្ឋាភិបាល​ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី១២ មករា។

ចំណែក លោក ហ៊ុន សែន  យល់ព្រម​ឈប់​ប្ដឹង​លោក គង់ គាំ។ ទោះ​ជា​បែប​នេះ​ក្ដី តែ​លោក​ ហ៊ុន សែន មិន​បាន​បញ្ជាក់​ថា លោក​ឈប់​ប្ដឹង​លោក​ គង់ គាំ គ្រប់​ករណី​ ឬ​បញ្ចប់​ត្រឹម​សំណុំរឿង​ដី​ផ្ទះ​លោក គង់ គាំ នេះ​ទេ។

លោក គង់ គាំ នៅ​ជាប់​បណ្ដឹង​មួយ​ទៀត​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ។ តំណាង​គណបក្ស​នេះ​​បាន​ដាក់​ពាក្យ​ប្ដឹង​លោក គង់ គាំ ទៅ​តុលាការ​​ កាល​ពី​ថ្ងៃ​ទី១០ ខែ​មករា ដោយ​ចោទ​ប្រកាន់​ថា សម្ដី​របស់​លោក គង់ គាំ ដែល​និយាយ​ពី​ដើម​កំណើត​បក្ស​ប្រជាជន​កម្ពុជា ជា​ចេតនា ក្នុង​គោល​បំណង​ទុច្ចរិត ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ចលាចល​អសន្តិសុខ​សង្គម។ គណបក្ស​នេះ ប្ដឹង​ទៅ​តុលាការ​ ខេត្ត​ត្បូងឃ្មុំ​ សុំ​ឱ្យ​ចោទប្រកាន់ និង​ផ្ដន្ទាទោស​លោក គង់ គាំ ឱ្យ​ធ្ងន់ធ្ងរ​បំផុត និង​ទាមទារ​ជំងឺ​ចិត្ត​ពី​លោក គង់ គាំ ជា​ប្រាក់​ចំនួន ៥០ម៉ឺន​ដុល្លារ។

ទាក់ទង​រឿង​នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឱ្យ​ដឹង​ថា​ ការ​សម្រេច​បន្ត​ប្ដឹង​ ឬ​​ដក​ពាក្យ​ប្ដឹង​ពី​លោក គង់ គាំ ជា​សិទ្ធិ​សម្រេច​របស់​ភាគី​ដើម​បណ្ដឹង​ គឺ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​មាន​ប្រភព​សុំ​ការ​បញ្ជាក់​ពី​អនុប្រធាន​ក្រុម​ការងារ​យុវជន​ខេត្ត​ត្បូងឃ្មុំ​ លោក សេង ជ័យវុធ ដែល​ឈរ​ឈ្មោះ​ដើម​បណ្ដឹង​ប្ដឹង​លោក គង់ គាំ បាន​ទេ នៅ​ថ្ងៃ​ទី១៣ ខែ​មករា។

​​​​​ជុំវិញ​បញ្ហា​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ប្រតិកម្ម​ពី​ឧត្តម​ទីប្រឹក្សា​​គណបក្ស​ភ្លើងទៀន ​លោក គង់ គាំ និង​កូន​ប្រុស​របស់​ គង់ គាំ គឺ​លោក គង់ មូនីកា និង​លោក គង់ សភា បាន​ទេ​ នៅ​ថ្ងៃ​ទី១៣ ខែ​មករា។

កាល​ពី​ថ្ងៃ​ទី១២ ខែ​មករា លោក គង់ គាំ និង​កូន​ប្រុស គឺ​លោក គង់ មូនីកា បាន​ដាក់​លិខិត​សុំ​ជួប​លោក​ ហ៊ុន សែន ដើម្បី​ជជែក​រឿង​​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ​ ប្ដឹង​លោក និង​បញ្ហា​ដី​ផ្ទះ​របស់​លោក។ ទោះ​យ៉ាងណា មក​ដល់​ពេល​នេះ លោក ហ៊ុន សែន មិន​ទាន់​បង្ហាញ​ជំហរ​​ថា លោក​យល់​ព្រម​ជួប​លោក គង់ គាំ ឬ​មិន​ជួប​នោះ​ទេ។

ចំណែក លោក សុខ ឥសាន យល់ថា ទំនង​មិន​អាច​មាន​​ជំនួប​នេះ​កើត​ឡើយ​បាន​ឡើយ។ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ដដែល​ យល់​ថា បើ​ទោះ​មាន​ជំនួប​ក៏​មិន​ដឹង​ថា ត្រូវ​ជជែក​រឿង​អ្វី​នោះ​ដែរ។

លោក សុខ ឥសាន៖ «ធម្មតា​បើ​សិន​ជា​ដើម​បណ្ដឹង​គាត់​យល់​ព្រម​តតាំង​ក្ដី​ទៅ​មុខ​ទៀត មានតែ​តុលាការ​លោក មិន​ចោទ​មិន​ចាត់​ការ​ប្រហែល​សម្ដេច​​លោក​គ្មាន​ពេល​វេលា​ឱ្យ​ជួប​ទេ​ ហើយ​ម៉្យាង​ជួប​ក៏​មិន​ដឹង​និយាយ​រឿង​ពី​ព្រោះ​បញ្ហា​វា​ចប់​រួច​​ទៅ​ហើយ​បាទ»

ទោះ​មន្ត្រី​បក្ស​កាន់​អំណាច​អះអាង​បែប​នេះ តែ​មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា ការ​ដោះស្រាយ​បញ្ហា​ដោយ​ជជែក​គឺ​ជា​វប្បធម៌​ល្អ។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា ចំណាត់ការ​លើ​លោក គង់ គាំ ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​នេះ​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​ ដែល​មិន​​បាន​ផ្ដល់​ផល​ល្អ​សម្រាប់​ការ​បោះឆ្នោត​ទី២៣ ខែ​កក្កដា ខាង​មុខ​នេះ​ទេ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​កត់​សម្គាល់​ឃើញ​ថា រាល់​ពេល​មាន​ការបោះឆ្នោត​ម្ដងៗ​ពលរដ្ឋ​តែងតែ​រង​ការ​ភិតភ័យ​ពី​ព្រោះ​ជម្លោះ​នយោបាយ។ លោក​យល់​ថា ការ​ស្នើ​ទៅ​​បក្ស​កាន់​អំណាច​គួរ​​បង្ក​បរិយាកាស​បើក​​លំហ​សេរី​បញ្ចេញ​មតិ​និង​សិទ្ធិ​នយោបាយ​ឡើងវិញ។

លោក ស៊ឹង សែនករុណា «គូ​ប្រកួតប្រជែង​ហ្នឹង​ហើយ​ធ្វើ​ទុក្ខបុកម្នេញ​គ្នា​ ធ្វើ​ឱ្យ​ប៉ះ​ទង្គិច​ទៅ​ដល់​ផ្លូវ​ចិត្ត​របស់​ប្រកួតប្រជែង​គ្នា ឬ​ក៏​អង្គ​អ្នក​បោះឆ្នោត​ក្ដី​អ្នក​អង្គ​អ្នក​បោះឆ្នោត​ក្ដី​គាត់​មាន​ការ​ព្រួយបារម្ភ​ហ្នឹង​គឺ​យើង​អត់​ចង់​ឃើញ​ទេ យើង​ចង់​ឃើញ​បរិយាកាស​មួយ​ដែល​មាន​ការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​សហគមន៍​ជាតិ និង​អន្តរជាតិ ហើយ​បើ​សិន​មិន​ទាន់​ការ​បោះឆ្នោត​មក​ដល់​ផង​ហើយ​យើង​មាន​ស្ថានភាព​តានតឹង​ផ្នែក​នយោបាយ​បែប​នេះ​វា​កាន់តែ​បង្កើន​ការ​ព្រួយបារម្ភ»

របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១២ ខែ​មករា រក​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្រើ​វិធានការ​តឹងរ៉ឹង ដើម្បី​បំបិទ​សេរីភាព​ប្រជា​ពលរដ្ឋ អ្នក​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​ ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​នយោបាយ ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល។ ទោះ​យ៉ាងណា សហគមន៍​អន្តរជាតិ បាន​រំលឹក​ទៅ​​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​ញឹកញាប់​ឱ្យ​បើក​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។