មេដឹកនាំរបបក្រុងភ្នំពេញ ប្រកាសស្វាគមន៍ និងបើកទូលាយកិច្ចសន្ទនាជាមួយគណបក្ស នយោបាយ និងអង្គការសង្គមស៊ីវិល តែមិនមែនជាមួយគណបក្ស សង្គ្រោះជាតិ នោះទេ។ អ្នកវិភាគ និងសង្គមស៊ីវិលយល់ថា ការប្រកាសរបស់លោក ហ៊ុន សែន នេះ មិនចេញពីបេះដូងពិតប្រាកដ និងមិនឆ្លើយតប ចំពោះសំណើសហគមន៍អន្តរជាតិ ដែលចង់ឃើញដំណើរការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះទេ។
ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៤០ នៃថ្ងៃ ៧ មករា លោក ហ៊ុន សែន បញ្ជាក់ថា របបរបស់លោក នឹងបើកទូលាយសម្រាប់កិច្ចសន្ទនាដ៏ស្មោះសជាមួយគណបក្សនយោបាយ សង្គមស៊ីវិល និងមជ្ឈដ្ឋានជឿនលឿនទាំងអស់ ដើម្បីប្រមែប្រមូលគំនិតបញ្ញា និងធនធានមនុស្សពីគ្រប់ប្រភព ដោយគ្មានការបែងចែករើសអើង ដើម្បីបង្កើនកម្លាំងសរុបនៅក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
ទោះយ៉ាងណាក្តី លោក ហ៊ុន សែន មិនបានបញ្ជាក់អំពីការបើកកិច្ចសន្ទនាជាមួយគណបក្ស សង្គ្រោះជាតិ ដែលរបបរបស់លោករំលាយចោលនោះទេ៖ «»។
អ្នកនយោបាយបក្សប្រឆាំង អ្នកវិភាគ និងសង្គមស៊ីវិល សុទ្ធតែមើលឃើញថា ការប្រកាសរបស់មេ ដឹកនាំរបបក្រុងភ្នំពេញ មិនកើតចេញពីបេះដូង និងគ្មានឆន្ទៈបង្រូបបង្រួមជាតិពិតប្រាកដនោះទេ គឺគ្រាន់តែនិយាយបោកប្រាស់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ ខណៈរបបលោក កំពុងធ្វើឲ្យជាតិខ្មែរបែកបាក់ខ្ទេចខ្ទាំ គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកនោះទេ។
អ្នកវិភាគនយោបាយឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា កាយវិការរបស់លោក ហ៊ុន សែន នៅពេលនេះ គឺនៅមិនទាន់បានឆ្លើយតបជាវិជ្ជមាន ចំពោះស្ថានភាពនយោបាយបច្ចុប្បន្ន និងមិនឆ្លើយតប ចំពោះការទាមទាររបស់សហគមន៍អន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុបនៅឡើយ។ សហគមន៍អឺរ៉ុបព្រមានថា នឹងដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា បើរបបលោក ហ៊ុន សែន មិនព្រមស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ តាមរយៈការផ្ដល់សេរីភាពពេញលេញដល់លោក កឹម សុខា និងផ្ដល់សិទ្ធិធ្វើនយោបាយដល់ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ទាំង ១១៨រូប ដោយរួមទាំងផ្ដល់នីតិសម្បទាឲ្យគណបក្ស សង្គ្រោះជាតិ ឡើងវិញជាដើម។
លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា លោក ហ៊ុន សែន គួរតែបង្ហាញឆន្ទៈពិតប្រាកដឲ្យប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ បានមើលឃើញថា កម្ពុជាពិតជាវិលទៅរករបបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ការគោរពសិទ្ធិមនុស្ស និងការអនុវត្តនីតិរដ្ឋដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ៖ «»
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុន ដែលតែងតែកំណត់នាទីនិយាយជា មួយអ្នកសារព័ត៌មាននោះបញ្ជាក់ថា ប្រសាសន៍របស់លោក ហ៊ុន សែន គឺមិនមានន័យចរចាជាមួយគណបក្ស សង្គ្រោះជាតិ ឡើយ៖ «»
មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ លោក អ៊ុំ សំអាន មានប្រសាសន៍ថា លោក ហ៊ុន សែន មិនហ៊ានចរចា និងបើកផ្លូវឲ្យគណបក្ស សង្គ្រោះជាតិ ដំណើរការ និងរៀបចំការបោះឆ្នោតឡើងវិញនោះទេ ព្រោះលោក ហ៊ុន សែន កំពុងបាត់បង់ប្រជាប្រិយភាពខ្លាំង ហើយខ្លាចចាញ់ការបោះឆ្នោត។ លោកបន្តថា លោក ហ៊ុន សែន កំពុងព្យាយាមបំបែកបំបាក់គណបក្ស សង្គ្រោះជាតិ ជាពិសេសលោក សម រង្ស៊ី និងលោក កឹម សុខា តាមការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវថ្នាក់ដឹកនាំបក្សប្រឆាំងមួយចំនួនធ្វើនយោបាយឡើងវិញ៖ «»
លោក អ៊ុំ សំអាន បន្តថា ទោះបីជាលោក ហ៊ុន សែន មិនចរចាជាមួយស្វែងរកដំណោះស្រាយជាមួយគណបក្ស សង្គ្រោះជាតិ ក្តី ប៉ុន្តែគណបក្ស សង្គ្រោះជាតិ ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ក៏មិននៅស្ងៀមដែរ។ លោកសង្ឃឹមថា ក្នុងដំណាក់កាលណាមួយ នឹងមានការផ្លាស់ប្ដូរជាវិជ្ជមាន នៅកម្ពុជា ដូចនៅប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងហ្ស៊ីមបាវ៉េ ជាដើម ទោះបីជាមេដឹកនាំផ្ដាច់ការ ខំប្រើល្បិចក្រាញអំណាចយូរឆ្នាំយ៉ាងណាក៏ដោយ។
រីឯអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា លោកស្វាគមន៍ ចំពោះការលើកឡើងរបស់លោក ហ៊ុន សែន ដែលចង់ផ្ដល់សេរីភាព និងបើកកិច្ចសន្ទនាទូលាយជាមួយសង្គមស៊ីវិល ព្រោះកន្លងមកអង្គការសង្គមស៊ីវិល ពិតជាពិបាកបំពេញការងារជាមួយរបបលោក ហ៊ុន សែន តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម។ លើសពីនេះកន្លងមក អង្គការ សង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិមនុស្ស ផ្នែកបោះឆ្នោត និងការតស៊ូមតិផ្សេងៗ ក៏តែងតែរងការ ចោទប្រកាន់ និងលាបពណ៌ផ្សេងៗ ពីរបបក្រុងភ្នំពេញដែរ៖ «»
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកវិភាគលើកឡើងថា ការថ្លែងរបស់លោក ហ៊ុន សែន នេះ មិនឆ្លុះបញ្ចាំងពីការអនុវត្តជាក់ស្ដែងនៅក្នុងរបបរបស់លោកតែប៉ុណ្ណោះទេ ពីព្រោះថា ការប្រកាសដែលអះអាងពីការបើកទូលំទូលាយសិទ្ធិសេរីភាពវិញនេះ តាំងពីខែវិច្ឆិកាមកម្ល៉េះ ក៏ប៉ុន្តែការអនុវត្តជាក់ស្ដែង របបឯកបក្សនេះ នៅតែរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិជួបជុំ របស់គណបក្សនយោបាយ សង្គមស៊ីវិល សហជីព កម្មករដដែល។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា ប្រសិនបើលោក ហ៊ុន សែន នៅតែមានមធ្យោបាយ ដើម្បីទ្រទ្រង់អំណាចបន្តទៀត ដោយមិនខ្វល់អំពីការតិះដៀលពីគ្រប់មជ្ឈដ្ឋាននោះ គឺនឹងបណ្ដាល ឲ្យមានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ ដូចជា ឈប់ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ជាដើម ដូច្នេះនឹងប៉ះពាល់ធំធេងដល់សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
