លោក ហ៊ុន សែន ប្រតិកម្ម​នឹង​បក្ស​ប្រឆាំង​ដែល​ចោទ​ថា​រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ

0:00 / 0:00

អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រំដែន និង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង ឆ្លើយ​តប​ភ្លាមៗ​ជុំវិញ​ប្រមុខ​រដ្ឋាភិបាល​ថ្លែង​ការពារ​ពី​ការ​ចោទ​ប្រកាន់​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ក្នុង​ការ​កំណត់​ទីតាំង​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ ក្រុម​អ្នក​តាម​ដាន​រឿង​ព្រំដែន ចាត់​ទុក​សារ​នយោបាយ​ថ្លែង​បដិសេធ​របស់ លោក ហ៊ុន សែន ថា​ជា​រឿង​ប្រឌិត និង​ខុស​ពី​ការ​ពិត​ទាំង​ស្រុង។

បញ្ហា​រឿង​កំណត់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម នៅ​តែ​ជា​ចំណុច​រសើប និង​បន្ត​ខ្វែង​គំនិត​គ្នា ដោយ​ភាគី​ខាង​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ចោទ​រដ្ឋាភិបាល​ថា ការ​បោះ​បង្គោល​ព្រំដែន​នេះ​ធ្វើ​ឲ្យ​ទឹក​ដី​កម្ពុជា ត្រូវ​បាត់បង់​ទៅ​ប្រទេស​វៀតណាម។ ដោយ​ឡែក​ពី​ខាង​ភាគី​រដ្ឋាភិបាល​វិញ ថ្លែង​ការពារ​ថា ខ្លួន​ក៏​ជា​អ្នក​ដែល​ចេះ​ស្រឡាញ់​ទឹក​ដី និង​អ្វីៗ​ដែល​កម្ពុជា មាន​ដែរ។

ភាព​រង្គោះរង្គើ​ឡើង​វិញ​អំពី​រឿង​ព្រំដែន​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​អ្នក​ឃ្លាំ​មើល​រឿង​ព្រំដែន​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ពិត​ជា​មិន​ខ្វាយខ្វល់​ចំពោះ​ការ​រំកិល​ព្រំដែន​នៅ​តាម​តំបន់​មួយ​ចំនួន​ពី​សំណាក់​ភាគី​វៀតណាម ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ទេ។ ការ​ថ្លែង​រិះគន់​នេះ ធ្វើ​ឡើង​ខណៈ​ដែល លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វិមាន​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា ហើយ​លោក​ឆ្លៀត​ព្រមាន​ទៅ​អ្នក​រិះគន់​រដ្ឋាភិបាល និង​រហូត​បបួល​ស្បថស្បែ​ឲ្យ​រន្ទះ​បាញ់​ថែម​ទៀត​ផង។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ លោក អ៊ុំ សំអាន អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លើយ​តប​ថា ការ​ពិត​អ្វី​ដែល លោក ហ៊ុន សែន ប្រតិកម្ម​ប្រឆាំង​អ្នក​រិះគន់​ចំពោះ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​រឿង​ព្រំដែន​នេះ គឺ​មិន​ត្រឹមត្រូវ​ឡើយ។ លោក អ៊ុំ សំអាន ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ បាន​លាត​ត្រដាង​ពី​ការ​បាត់បង់​ទឹក​ដី​មួយ​ផ្នែក​ធំ​នៅ​ខេត្ត​កំពត ទៅ​វិញ​នោះ​អះអាង​ទៀត​ថា នេះ​ជា​ការ​បំភ្លៃ​ការ​ពិត​ចំពោះ​ប្រវត្តិសាស្ត្រ​ខ្លួន​ឯង ហើយ​ថែម​ទាំង​ព្យាយាម​មិន​ទទួល​ខុស​ត្រូវ​រាល់​កំហុស​ដែល​កើត​មាន​ឡើង ចំពោះ​រឿង​ព្រំដែន​នេះ​ទៀត​ផង៖ «ប្រសាសន៍​របស់​គាត់​ហ្នឹង គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​គាត់​និយាយ​នេះ គឺ​បំភ្លៃ​ការពិត​ហើយ។គាត់​ក៏​ដឹង​ដែរ​ថា សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ មាន​ផែនទី​ភ្ជាប់​ចំនួន ៦៦​ផ្ទាំង»

នេះ​ជា​ប្រតិកម្ម​ដ៏​កម្រ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញ​រឿង​ព្រំដែន។ លោក ហ៊ុន សែន អះអាង​ថា ការ​ចោទ​ប្រកាន់​របស់​ក្រុម​អ្នក​រិះគន់​ប្រឆាំង​រដ្ឋាភិបាល ថា​ប្រើប្រាស់​ផែនទី​ក្លែង​បន្លំ​ដើម្បី​កំណត់​ព្រំដែន​ជាមួយ​វៀតណាម នោះ គឺ​ពុំ​អាច​ទទួល​យក​បាន​ឡើយ។ បន្ថែម​ពី​លើ​នេះ លោក ហ៊ុន សែន ហៅ​ការ​ខ្វល់ខ្វាយ​ចំពោះ​ក្រុម​អ្នក​រិះគន់​ទាំង​នេះ ថា​ស្នេហា​ជាតិ​អី​តែ​ម្នាក់​ឯង។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ថែម​ទាំង​ទាមទារ​ស្បថ​ឲ្យ​រន្ទះ​បាញ់​ថែម​ទៀត​ផង ដើម្បី​បញ្ជាក់​ពី​ភាព​បរិសុទ្ធ​រឿង​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​នេះ៖ «រហូត​ហ៊ាន​ចោទ​រដ្ឋាភិបាល​ថា ប្រើ​ផែនទី​ក្លែងក្លាយ។ អ្នក​ណា​ក្លែងក្លាយ អ្នក​ណា​មិន​ក្លែងក្លាយ និយាយ​គ្នា​ឲ្យ​ច្បាស់។ ធ្វើ​ដល់​រដ្ឋាភិបាល មក​ប្រើ​ផែនទី​ក្លែងក្លាយ។ ស្នេហា​ជាតិ​អី​តែ​លោក​ឯង»

ក្រៅ​ពី​ប្រតិកម្ម​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​គ្រប់​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ចាក់​ផ្សាយ​ឡើង​វិញ ចំពោះ​ការ​បកស្រាយ​ព្រំដែន​ដែល​លោក​ថ្លែង​នៅ​ក្នុង​រដ្ឋសភា​ជាង ៥​ម៉ោង​កាល​ពី​ខែ​សីហា ឆ្នាំ​២០១២។ បើ​ទោះ​ជា​បែប​ណា សារ​នយោបាយ​កាល​ណោះ​របស់ លោក ហ៊ុន សែន ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​ព្រំដែន​យល់​ឃើញ​ថា ភាគ​ច្រើន គឺ​លោក ហ៊ុន សែន ដៀមដាម​ឲ្យ​គណបក្ស​ប្រឆាំង​ច្រើន​ជាង​បកស្រាយ​ផ្នែក​បច្ចេកទេស។ លើស​ពី​នេះ លោក​បាន​បកស្រាយ​ដោយ​ពុំ​បាន​ផ្ដល់​ឱកាស​ឲ្យ​មាន​ការ​ជជែក​ដេញដោល​ពី​គណបក្ស​ប្រឆាំង​ថែម​ទៀត​ផង។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ពី​ជំហរ​ថា តាម​រយៈ​ការ​បោះ​បង្គោល​ព្រំដែន​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ចំណេញ​ដី​ទៅ​វិញ​ទេ ហើយ​ក៏​ពុំ​មាន​ការ​បាត់បង់​ភូមិ ឬ​ដី​ទៅ​វៀតណាម ទេ ហើយ​អ្វី​ដែល​មាន​បញ្ហា​នោះ​នៅ​ត្រង់​ថា មាន​ការ​ដោះ​ដូរ​គ្នា​នៅ​តំបន់​ខ្លះ​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន នៅ​តែ​អះអាង​ថា រដ្ឋាភិបាល​បច្ចុប្បន្ន គឺ​ពិត​ជា​បាន​ប្រើប្រាស់​ផែនទី​ក្នុង​អំឡុង​ឆ្នាំ​១៩៨៥ ដែល​កម្ពុជា និង​វៀតណាម ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា។ លោក​បន្ថែម​ថា គណបក្ស​ប្រឆាំង​ទាមទារ​ម្ដង​ជា​ពីរ​ដង​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ផែនទី​នេះ ថា​តើ​រដ្ឋាភិបាល​ពិត​ជា​ប្រើប្រាស់​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ផលិត​ក្នុង​ឆ្នាំ​១៩៦៤ មែន​ឬ​យ៉ាង​ណា?

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​ប្រជុំ​សភា នីតិកាល​ទី​៥ ដើម្បី​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥។
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​ប្រជុំ​សភា នីតិកាល​ទី​៥ ដើម្បី​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥។ (RFA/Sek Bandith)

ដោយ​ឡែក លោក អៀ ចាន់ណា សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ចាត់​ទុក​ថា រដ្ឋាភិបាល​ពិត​ជា​ពុំ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​ការពារ​រឿង​ទឹក​ដី​នេះ​មែន។ ជាង​នេះ​ទៀត លោក​យល់​ឃើញ​ថា ការ​ព្យាយាម​ថ្លែង​ការពារ​របស់ លោក ហ៊ុន សែន ចំពោះ​ភាព​ស្អាតស្អំ​នេះ គឺ​ដើម្បី​បិទ​បាំង​ការ​ពិត​ចំពោះ​ភាព​ខុស​ឆ្គង​របស់​លោក​ប៉ុណ្ណោះ។ លោក អៀ ចាន់ណា បន្ថែម​ទៀត​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ វៀតណាម ចេះ​តែ​ព្យាយាម​រំកិល​ព្រំដែន​ចូល​មក​កម្ពុជា តាម​លទ្ធភាព និង​គ្រប់​រូបភាព ក៏ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​ការពារ​ខ្សែ​បន្ទាត់​ព្រំដែន ហាក់​មិន​ខ្វាយខ្វល់ និង​ការពារ​ឡើយ៖ «ការ​និយាយ​នេះ គឺ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នូវ​ទង្វើ​របស់​គាត់​ទាល់​តែ​សោះ។ គាត់​មិន​ដែល​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​បាន​ឃើញ​ថា គាត់​ក៏​ជា​ខ្មែរ​មួយ​រូប គាត់​ក៏​​ចេះ​ស្រលាញ់​ជាតិ​ដែរ​នោះ​គ្មាន​ការ​បង្ហាញ​​ថា គាត់​បាន​ការពារ​ទឹកដី​ទេ»

ជុំវិញ​រឿង​នេះ លោក អ៊ុំ សំអាន លើក​ឡើង​ថា លោក វ៉ា គឹមហុង ធ្លាប់​ទទួល​ស្គាល់​កាល​ពី​ឆ្នាំ​២០០០ ក្នុង​ពេល​លោក​ចូល​ឆ្លើយ​នៅ​ក្នុង​រដ្ឋសភា ហើយ​ថា តាម​រយៈ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​បាត់បង់​ទឹក​ដី​ប្រមាណ​ជាង ១​ម៉ឺន​ហិកតារ (១៦.៩០០) ទៅ​វៀតណាម មែន។ លោក​បន្ថែម​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កម្ពុជា ត្រូវ​ប្រឈម​ការ​បាត់បង់​ទឹក​ដី​នេះ ព្រោះ​ថា កាល​ពី​ឆ្នាំ​២០០៥ លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​ព្រះមហាវីរៈក្សត្រ នរោត្តម សីហនុ លុប​ចោល​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​ព្រំដែន ដែល​ដឹក​នាំ​ដោយ​ព្រះមហាវីរៈក្សត្រ​ផ្ទាល់។ ការ​ស្នើសុំ​របស់ លោក ហ៊ុន សែន កាល​ណោះ​ស្រប​ពេល លោក ហ៊ុន សែន ក៏​ព្រមាន​ផ្លាស់ប្ដូរ​របប​ពី​រាជា​និយម​មក​ជា​របប​សាធារណៈ​រដ្ឋ​វិញ​ដែរ ប្រសិន​បើ​ព្រះមហាក្សត្រ​បន្ត​ជំទាស់​មិន​ទទួល​ស្គាល់​សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។