អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងអ្នកវិភាគមើលឃើញថា ដើម្បីក្ដោបក្ដាប់អំណាចផ្ដាច់ការបានតទៅទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវតែបន្តធ្វើជាកូនអុករបស់ប្រទេសចិន គាំទ្រគោលនយោបាយចិនតែមួយ។ ការវាយតម្លៃនេះបន្ទាប់ពីលោក ហ៊ុន សែន រម្លឹកឡើងវិញថា តៃវ៉ាន់ និងចិនគឺតែមួយ តៃវ៉ាន់ជាខេត្តមួយរបស់ចិន នៅពេលដែលពិភពលោកកំពុងសម្លឹងមើលសង្គ្រាមឈ្លានពានទឹកដីអ៊ុយក្រែន (Ukraine) ពីសំណាក់ប្រទេសរុស្ស៊ី (Russia)។
អ្នកជំនាញផ្នែកច្បាប់ និងនយោបាយអន្តរជាតិ លើកឡើងថា កម្ពុជាដែលមានលោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការកំពុងឈានមួយជំហានមុនគេ ក្នុងការបង្ហាញពិភពលោកជាថ្មីទៀតពីការគាំទ្រគោលនយោបាយចិនតែមួយ។
អ្នកជំនាញផ្នែកច្បាប់ និងនយោបាយអន្តរជាតិកញ្ញា សេង ធារី បញ្ជាក់បន្ថែមទៀតថា កម្ពុជាជាប្រទេសទន់ខ្សាយ ហើយមានមេដឹកនាំផ្ដាច់ការស្រឡាញ់អំណាច គឺជាចំណុចងាយស្រួលសម្រាប់ប្រទេសមហាអំណាចផ្ដាច់ការ ដូចជាប្រទេសចិនជាដើមប្រើប្រាស់ ដើម្បីបំពេញមហិច្ឆតាពង្រីកអំណាច ឬតតាំងនឹងបណ្ដាប្រទេសលោកសេរី ដែលការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ កញ្ញាមើលឃើញថា កម្ពុជាកំពុងប្រឈមនឹងគ្រោះថ្នាក់ ពីនយោបាយលម្អៀងទៅរកចិននេះ៖ « រឿងហ្នឹងធំជាងរឿងកម្ពុជាទៅទៀត គឺជាការប្រយុទ្ធរវាងលោកសេរី និងលោកផ្ដាច់ការ។ និមិត្តរូបដោយអាមេរិក លោកសេរី និមិត្តរូបដោយចិន លោកផ្ដាច់ការ។ ប្រទេសយើងតូចតាចផុយស្រួយផង ហើយមានថ្នាក់ដឹកនាំផុយស្រួយទៀត ធ្វើឱ្យយើងគ្រោះថ្នាក់មែនទែន។ ប្រជាជនស្លូតត្រង់កម្ពុជាដែលមានសម្រែក និងទឹកភ្នែកប្រចាំថ្ងៃហ្នឹង គឺធ្វើឱ្យយើងគ្រោះថ្នាក់ប្រចាំថ្ងៃហ្នឹង។ ភាសាចុងក្រោយកម្ពុជា ជាកូនអុករបស់ចិន»។
ការលើកឡើងនេះបន្ទាប់ពីលោក ហ៊ុន សែន កាលពីថ្ងៃទី៣ ខែមេសា បានថ្លែងនៅក្នុងខេត្តសៀមរាប ដោយបានការពារជាថ្មីទៀតពីគោលនយោបាយចិនតែមួយ៖ «ចិនតៃវ៉ាន់ និងចិនដីគោកដូចតែគ្នាហ្នឹង ចិនតែមួយហ្នឹងតាស គ្រាន់តែឯណោះ (តៃវ៉ាន់) ជាខេត្តមួយ របស់(ចិន) ខេត្តតៃវ៉ាន់»។
ការលើកឡើងរបស់លោក ហ៊ុន សែន នេះទៀតសោតស្របពេលដែលពិភពលោកកំពុងសម្លឹងមើលសង្គ្រាមឈ្លានពានទឹកដីអ៊ុយក្រែន (Ukraine) ពីសំណាក់ប្រទេសរុស្ស៊ី (Russia)។
អ្នកវិភាគនយោបាយលោក គឹម សុខ ដែលកំពុងភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) មើលឃើញថា លោក ហ៊ុន សែន មិនគួរលើករឿងនេះនៅក្នុងពេលពិភពលោកកំពុងរងឥទ្ធិពលពីសង្គ្រាមរុស្ស៊ី (Russia) ឈ្លានពាន អ៊ុយក្រែន (Ukraine) នេះឡើយ ព្រោះវាអាចជាការបញ្ឆេះកំហឹងជាថ្មីទៀតក្នុងរង្វង់សហគមន៍អន្តរជាតិ និងក្នុងតំបន់រវាងអ្នកគាំទ្រ និងមិនគាំទ្រគោលនយោបាយចិនតែមួយ។ តែទោះជាយ៉ាងណាលោក គឹម សុខ ថាសម្ដីបែបនេះបង្ហាញថា លោក ហ៊ុន សែន ពុំមានជម្រើសណាផ្សេងឡើយក្រៅតែពីគាំទ្រចិន ដើម្បីរក្សាអំណាចក្នុងដៃលោកតទៅទៀត នៅពេលរដ្ឋាភិបាលរបស់លោក ទំនងកំពុងជួបបញ្ហាហិរញ្ញវត្ថុនៅក្រោយវិបត្តិជំងឺកូវីដ-១៩៖ « ពីព្រោះបញ្ហាតៃវ៉ាន់ គឺជារឿងដែលមានភាពចម្រូងចម្រាស់ រវាងចិន ហើយនឹងបណ្ដាប្រទេសបស្ចិមលោករួចស្រេចទៅហើយ បើកាលណាលោក ហ៊ុន សែន ព្យាយាមឆ្កឹះរឿងហ្នឹងមកដូចជាព្យាយាមបង្កើតជម្លោះ ទឬក៏ធ្វើឱ្យកំដៅនៃជម្លោះទាក់ទងនឹងកោះតៃវ៉ាន់អាចកាន់តែធំឡើង។ ការលើកឡើងរបស់ លោក ហ៊ុន សែន នេះវាទៅជាមាននិន្នាការក្នុងការទាក់ទាញផលប្រយោជន៍ និងសមានចិត្តរបស់ប្រទេសចិន ក្នុងពេល ដែលលោក ហ៊ុន សែនត្រូវការជំនួយ និងសមានចិត្តពីប្រទេសចិន»។
លោក ហ៊ុន សែន តែងប្រកាសជាញឹកញយថា កម្ពុជាបន្តអនុវត្តគោលនយោបាយចិនតែមួយដោយគ្មានងាករេ ព្រមទាំងមិនអនុញ្ញាតឲ្យបើកស្ថានទូតតៃវ៉ាន់ និងលើកទង់ជាតិតៃវ៉ាន់នៅកម្ពុជាទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។