លោក​ ហ៊ុន សែន​ ប្រកាស​​ជា​ថ្មី​ថា​​ នឹង​​ទៅ​​ធ្វើ​ទស្សន​កិច្ច​ភូមា​​​​ចុង​សប្ដាហ៍​នេះ​ ទោះ​បី​​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​​នៅ​​ក្បែរ​ស្ថាន​ទូត​​ខ្មែរ​

0:00 / 0:00

សកម្មជន​គណបក្ស​ប្រឆាំង​រិះគន់​​គម្រោង​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​​ ​ទៅ​ប្រទេស​ភូមា​ថា ​ជា​ការ​​​ធ្វើ​ដើម្បី​តែ​អំណាច​ផ្ទាល់​ខ្លួន​ ដោយ​មិន​គិត​ពី​ប្រយោជន៍​រួម​​របស់​ជាតិ​។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ថា លោក​នឹង​ទៅ​ភូមា​នៅ​ចុង​សប្ដាហ៍​នេះ បើ​ទោះ​បី​មាន​​ការ​​បំផ្ទុះ​គ្រាប់​បែក​​នៅ​ក្បែរ​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​នេះ​ក៏​ដោយ។

សកម្មជន​គណបក្ស​ប្រឆាំង​និង​អ្នក​តាម​ដាន​ស្ថានការណ៍​​សង្គម​រិះគន់​ថា ​ដំណើរ​ទស្សនៈ​កិច្ច​របស់​មេ​ដឹក​នាំ​រដ្ឋាភិបាល​ឯក​បក្ស​នេះ នឹង​​ធ្វើ​ឱ្យ​កម្ពុជា​​​មាន​កេរ្តិ៍ឈ្មោះ​​កាន់​​តែ​​អាក្រក់​នៅ​លើ​​ឆាក​អន្តរជាតិ ដោយសារ​​​ទៅ​ជួយ​​ទំនុក​បម្រុង​របប​សឹក​យោធា​ភូមា ឬ​មីយ៉ាន់ម៉ា​ (Myanmar) ​ដែល​​បាន​​​សម្លាប់​​ប្រជាធិបតេយ្យ​នៅ​ក្នុង​​ប្រទេស​​នេះ​។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​លោក ម៉ន ផល្លា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៣ ខែ​មករា​ថា ​​លោក​សោកស្ដាយ​ដែល​លោក ហ៊ុន សែន ​​នៅ​តែ​បន្ត​គម្រោង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា ដែល​​ធ្វើ​ឱ្យ​សមាគម​អាស៊ាន​បែកបាក់​គ្នា​។ ​លោក​​បញ្ជាក់​ថា ​ទង្វើ​​បែប​នេះ​​ជា​ការ​គាំទ្រ​របប​រដ្ឋប្រហារ​យោធា​ភូមា​ ដែល​កំពុង​តែ​រងសម្ពាធ​ពី​សហគមន៍​អន្តរជាតិ ដូច្នេះ​នឹង​មិន​បាន​ផលប្រយោជន៍​អ្វី​ដល់​កម្ពុជា​នោះ​ទេ​ ក្រៅ​អំពី​​តែ​ការ​អោបក្រសោប​តាម​បំណង​របស់​ចិន​ ដើម្បី​ឱ្យ​​​ជួយ​​​​ក្រុម​គ្រួសារ​លោក ហ៊ុន សែន​ បាន​បន្ត​អំណាច​ផ្ដាច់​ការ​​ទៅ​មុខ​ទៀត​។ បន្ថែម​ពី​នេះ​លោក​​ជឿជាក់​ថា ពលរដ្ឋ​ភូមា ដែល​មាន​និន្នាការ​គាំទ្រ​ប្រជាធិបតេយ្យ​​នឹង​ផ្ទុះ​កំហឹង​មក​លើ​កម្ពុជា​កាន់​តែ​ខ្លាំង៖ «វា​រឹត​តែ​ទទួល​នូវ​ភាព​អាម៉ាស់ ហើយ​ហ្នឹង​ការ​ប្រមាថ​មើល​ងាយ​ពី​ប្រជាជន​របស់​ប្រទេស​ភូមា ក៏​ដូច​ជា​សមាជិក​អាស៊ាន​ទាំង​មូល​ផង​។​ ជា​ពិសេស​សមាជិក​អាស៊ាន​ដែល​គេ​ប្រកាន់​នូវ​និន្នាការ​ប្រជាធិបតេយ្យ ហើយ​ប្រទេស​គេ​មាន​ការ​គោរព​សិទ្ធិមនុស្ស។ ដូច្នេះ​ហើយ​មិន​ឆ្លុះ​បញ្ចាំង​អំពី​លទ្ធផល​វិជ្ជមាន​នឹង​ទទួល​បាន​ផលប្រយោជន៍​អ្វី​ទេ »

ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​​លោក ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​នៅ​ក្នុង​ពិធី​​បើក​ការដ្ឋាន​សាងសង់​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ៤៨ ​នៅ​ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា​នេះថា ​លោក​នឹង​ទៅប្រទេស​ភូមា​នៅ​ថ្ងៃ​ទី​៨ និង​​ទី​៩ ខែ​មករា​នៅ​ចុង​សប្ដាហ៍​នេះ ​ឱ្យ​ខាង​តែ​បាន​​​ បើ​ទោះ​​បី​ជា​រង​​ការ​រិះគន់​​ពី​​​សំឡេង​អ្នក​​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​ក៏​ដោយ​៖ «ថ្ងៃទី​៨​ ទី​៩​ នេះ ​ខ្ញុំ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា។ ​ព្រឹក​ស្អែក​ខ្ញុំ​នឹង​ប្រជុំ​ពិភាក្សា​ជា​មួយ​ប្រធានាធិបតី ​ឥណ្ឌូណេស៊ី​​តាម​ទូរស័ព្ទ រួច​ហើយ​ខ្ញុំ​ចេញ​ទៅ​មីយ៉ាន់ម៉ា»។

កន្លង​មក​លោក ហ៊ុន សែន អះអាង​ថា លោក​​ធ្វើ​ដូច្នេះ​ ដើម្បី​បើកផ្លូវ​ឱ្យ​មាន​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៅ​ភូមា។ ក៏​ប៉ុន្តែ​លោក​ពុំដែល​បង្ហាញ​ពី​ចេតនា​ណាមួយ​ចង់​​ជួប​​មេដឹកនាំ​ស្របច្បាប់​របស់​ប្រទេស​នេះ គឺ​អ្នកស្រី អ៊ុង សាងស៊ូជី (Aung San Suu Kyi) ដែល​ត្រូវ​បាន​មេដឹកនាំ​យោធា​ទម្លាក់​ចេញ​ពី​អំណាច​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ២០២១ ​កន្លង​ទៅ និង​ចាប់​ដាក់គុក​នោះ​ទេ។ លោក ហ៊ុន សែន ដែល​ជា​អតីត​មេដឹកនាំ​រដ្ឋប្រហារ​បង្ហូរឈាម​កាលពី​ឆ្នាំ១៩៩៧​ នៅ​ក្នុង​ប្រទេស​ខ្លួន​ឯង ហើយ​ត្រូវ​សហគមន៍​​ជាតិ និង​អន្តរជាតិ​មើលឃើញ​ថា ​ជា​អ្នក​រម្លាយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផងនោះ ក៏​ពុំ​ដែល​ថ្លែង​ថ្កោល​ទោស​​ជា​សាធារណៈ​ ចំពោះ​អំពើ​រដ្ឋប្រហារ​យោធា​នៅ​ភូមា​នោះ​ដែរ ស្របពេល​ដែល​មេដឹកនាំ​រដ្ឋប្រហារ​យោធា​នៅ​ភូមា​អាច​ប្រឈម​នឹង​បណ្តឹង​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ នៅ​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ​នៅ​ទី​ក្រុង​​​ឡាអេ (The Hague) ប្រទេស​ហូល្លង់ដ៍ (Netherlands)។​

​​ជុំ​វិញ​រឿង​នេះ​ អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​លោក​ រ៉ុង ឈុន​ យល់​ថា​ គម្រោង​ទស្សនៈ​កិច្ច​របស់​លោក​ហ៊ុន​ សែន​​ នេះ​នឹង​មិន​អាច​ជួយ​ដោះស្រាយ​​វិបត្តិ​នយោបាយ​​នៅ​ប្រទេស​ភូមា​បាន​​ទេ ​ស្របពេល​ដែល​កម្ពុជា​​ខ្លួន​ឯង​​​កំពុងតែ​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​និង​ញាំញី​ទៅ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​ដូច​សព្វ​ថ្ងៃ​នោះ។ ជាង​នេះ​ទៅ​ទៀត​ លោក​​ថា ​​​​ប្រសិន​បើ​លោក ហ៊ុន សែន ​ជួប​តែ​មេ​ដឹក​នាំ​រដ្ឋប្រហារ​យោធា​លោក​ មីន អ៊ុងហ្លាំង (Min Aung Hlaing) ដោយ​មិន​បាន​ជួប​​​មេ​ដឹក​នាំ​ស្របច្បាប់​គឺ ​អ្នកស្រី អ៊ុង សាងស៊ូជី (Aung San Suu Kyi) ទេ​​នោះ នឹង​ធ្វើ​ឱ្យ​សហគមន៍​អន្តរ​ជាតិថ្កោលទោស​ដល់​កម្ពុជា​បន្ថែម​ទៀត​៖ «ខ្ញុំ​មើល​រូប​ភាព​ប្រទេស​ភូមា​ហើយ​រូប​ភាព​កម្ពុជា វា​ប្រហាក់ប្រហែល​គ្នា​ទេ ​ប៉ុន​គ្រាន់​តែ​មួយ​ប្រើ​កម្លាំង​យោធា​ធ្វើ​ការ​បណ្ដេញ​ចេញ​ពី​អំណាច​តែ​ម្ដង​។ ​តែ​មួយ​គ្រាន់​ប្រើប្រាស់​យន្តការ​តុលាការ គឺ​មួយ​វិធី​ក្ដៅ​មួយ​វិធី​ត្រជាក់ ក្នុង​ន័យ​ដូច​តែ​គ្នា​ទេ។ កម្ទេច​គណបក្ស​ប្រឆាំង​ចេញ​ពី​តំណែង​អាហ្នឹង យើង​មើល​ឃើញ​វា​ទ្រង់ទ្រាយ​នៃ​កម្ពុជា​ហើយ​​ហ្នឹង​ភូមា​ហ្នឹង​ប្រហាក់​ប្រហែល​គ្នា គឺ​រំលាយ​បក្ស​ដូច​តែ​គ្នា​ទេ »

កាលពី​ថ្ងៃទី៣១ ខែធ្នូ មាន​ករណី​ផ្ទុះ​គ្រាប់បែក​កែច្នៃ​ចំនួន ២គ្រាប់ នៅ​ក្បែរ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ភូមា ប៉ុន្តែ​ពុំ​បង្ក​ឱ្យ​ខូចខាត ឬ​របួស​ស្នាម​ដល់​មន្ត្រី​ការទូត​​កម្ពុជា​​នោះ​ទេ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជាលោក កុយ គួង អះអាង​ប្រាប់​វិទ្យុអាស៊ីសេរី តាមបណ្តាញ​សង្គម​តេឡេក្រាម (Telegram) នៅ​ថ្ងៃទី៣ ខែមករាថា គម្រោង​ទស្សនកិច្ច​នេះ​នៅរក្សាដដែល​មិនមានអ្វី​ប្រែប្រួលទេ ព្រោះ​កម្ពុជា​ទុកចិត្ត​លើ​ភាគីម្ចាស់ផ្ទះ​ក្នុងការ​ការពារ​សុវត្ថិភាព​ជូនភ្ញៀវ។ លោកពន្យល់​ថា គោលបំណង​ចម្បងមួយ​ក្នុងចំណោម​គោលបំណង​ចម្បង​ដទៃទៀត​នៃ​គម្រោង​ទស្សនកិច្ច​នេះ គឺដើម្បី «ខិតខំ​រក​ដំណោះស្រាយ» ធ្វើឱ្យ​អាស៊ាន​មាន​រដ្ឋសមាជិក​​ចំនួន ១០ មិនមែន ៩ ឬតិច​ជាងនេះទេ។ យ៉ាងណាលោក កុយ គួង មិន​ឆ្លើយតប​ចំពោះ​សំណួរ​របស់​វិទ្យុអាស៊ីសេរី​ថា តើ​កម្ពុជា​ព្រួយបារម្ភ​ដែរឬទេ ប្រសិន​បើ​​រដ្ឋសមាជិក​អាស៊ាន​មួយចំនួន​សម្រេចចិត្ត​ធ្វើពហិការ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដឹកនាំ​ដោយ​កម្ពុជា ​ក្នុង​ឆ្នាំ២០២២ ដោយសារ​បញ្ហាភូមា​នេះ។

កន្លងទៅ រដ្ឋសមាជិក​អាស៊ាន​មួយចំនួនមានដូចជា​ ប្រទេសឥណ្ឌូនេស៊ី ​(Indonesia)​ ម៉ាឡេស៊ី​ ​(Malaysia)​​ ហ្វីលីពីន​​ ​(Philippines)​ ​និង​​​សិង្ហបុរី (Singapore)​​​ តែង​​តែ​​​ធ្វើ​យុទ្ធនាការ​​យ៉ាងខ្លាំងក្លា​ប្រឆាំង​នឹង​​វត្តមាន​មេដឹកនាំ​យោធាភូមា​មិនឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន​បាន។ ប្រទេស​ទាំងនេះ​នៅរក្សា​ភាពស្ងៀមស្ងាត់​នៅឡើយ ​ជុំវិញ​ចេតនា​ចុង​ក្រោយ​របស់​កម្ពុជា​នាពេលនេះ។ វិទ្យុអាស៊ីសេរី កំពុងព្យាយាម​សុំជំហរ​ជាក់លាក់​ពីបណ្តា​ប្រទេស​ទាំងនេះ ថាតើ​ពួកគេ​នឹងសម្រេចចិត្ត​បែបណា​ បើ​កម្ពុជា​សម្រេច​ឱ្យ​មេ​ដឹកនាំ​រដ្ឋប្រហារ​ភូមា​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាន​នាពេល​ខាងមុខនោះ។

អ្នកជំនាញ​កិច្ចការអន្តរជាតិ និង​ជាព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ​រដ្ឋអារីហ្សូណា (Arizona State University) បណ្ឌិត អៀ សុផល ពន្យល់​ប្រាប់​វិទ្យុអាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ កាលពី​ពេលថ្មីៗ នេះ​ថា ក្នុងនាម​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន ប្រទេសកម្ពុជា​កំពុងតែ​ដឹកនាំ​សមាគម​នេះ​តាមលំនាំ​ខុស ដោយ​ធ្វើឱ្យ​សមាគម​​នេះ​​បែក​បាក់​គ្នា និង​ខ្មាសគេ។ លោក​ព្រមានថា ប្រសិនបើ​អាស៊ាន​មិនអាច​ទប់ទល់​នឹង​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា​បានទេ នោះ​ក្រុមមេដឹកនាំ​នៃ​រដ្ឋសមាជិក​អាស៊ាន​មួយចំនួន អាច​នឹង​ជ្រើសរើស​មិនចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដឹកនាំ​ដោយ​កម្ពុជា។

ចាប់​តាំង​ពី​លោក​ ហ៊ុន សែន​ មាន​គម្រោង​ទៅ​​ជួប​មេដឹកនាំ​សឹក​យោធា​ភូមា​មក ពលរដ្ឋ​ប្រទេស​ភូមា​មួយចំនួន​​បាន​ប្រតិកម្ម​ថ្កោលទោស​ និង​ដុត​រូបថត​របស់​លោក​ ហ៊ុន សែន តាម​ទី​សាធារណៈ និង​នៅ​តាម​បណ្ដាញ​សង្គម ហើយ​ប្ដេជ្ញា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​​មេ​ដឹក​នាំ​រដ្ឋាភិបាល​ឯក​បក្ស​។

សកម្មជន​បក្ស​ប្រឆាំង​ និង​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​ ​មើលឃើញ​ថា​ ​ប្រតិកម្ម​របស់​​ពលរដ្ឋ​ភូមា​នេះ​ ដោយសារ​ពួកគេ​​ខឹង​សម្បារ​នឹង​​លោក​ ហ៊ុន​ សែន​ ទៅ​​​គាំ​ទ្រ​​របប​​​សឹក​យោធា​ភូមា​​ ដែល​បាន​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់។ គិត​ត្រឹម​ចុង​ឆ្នាំ២០២១ យ៉ាងហោចណាស់ មាន​ពលរដ្ឋ​ភូមា​ ១.៣០៥​នាក់ ​ត្រូវ​បាន​​សម្លាប់ ក្នុង​នោះ​មាន​កុមារ​ ៧៥នាក់។ លើសពីនេះទៀត ​មនុស្ស​ប្រមាណ​ ១០.៧៥៦​នាក់ ​ត្រូវ​បាន​​ចាប់​ខ្លួន ដោយ​សារ​​ពួក​គេ​​តវ៉ា​​ប្រឆាំង​​នឹង​ការ​ដឹក​នាំ​ខុស​ច្បាប់​របស់​របប​សឹក​យោធា​នៅ​ភូមា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។