លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអួតពីកូនប្រុសដែលរង់ចាំស្នងតំណែងពីលោកថា ចេះបាញ់កាំភ្លើង និងលោតឆត្រយោង។ មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគថា ជំនាញរបស់កូនលោក ហ៊ុន សែន បែបនេះ ស័ក្ដិសមជាមួយការគ្រប់គ្រងក្នុងរបបផ្ដាច់ការ ដែលពឹងផ្អែកលើកម្លាំងយោធា ក្នុងការរក្សាអំណាច។
លោក ហ៊ុន សែន លើកឡើងដោយគ្មានសេចក្ដីខ្មាសអៀនថា លោកមិនខ្វល់ពីមតិរិះគន់ដែលថាកូនរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលជាអនាគតនាយករដ្ឋមន្ត្រីឡើងតាមជើងខោ នឹងឡើងកាន់អំណាចដោយវិធីសាស្ត្រណានោះទេ សំខាន់ឱ្យតែមានសមត្ថភាព។
ក្នុងពិធីជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមិថុនា លោក ហ៊ុន សែន និយាយច្រងេងច្រងាងថា សមាជិកគណបក្សប្រជាជនកម្ពុជា សុទ្ធតែមានសមត្ថភាពធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែលោក ហ៊ុន ម៉ាណែត ស័ក្ដិសមជាងគេ ដោយសារជាកូនប្រុសរបស់លោក។ បន្ថែមពីនេះ លោកថែមទាំងរិះគន់ថ្នាក់ដឹកនាំបក្សប្រឆាំងថា គ្មានចំណេះវិជ្ជា មិនអាចធ្វើជានាយករដ្ឋមន្ត្រីដូចកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឡើយ ព្រោះមិនចេះយោធា ដូចជាលោតឆត្រយោង និងបាញ់កាំភ្លើងឱ្យដូចកូនប្រុសលោក។
លោក ហ៊ុន សែន៖«សុទ្ធតែ(ថា)ឡើងតាមជើងខោ ជើងអាវ!ឥឡូវឡើងម៉េចក៏ដោយឱ្យតែបានធ្វើនាយករដ្ឋមន្ត្រីទៅ។ ពួកហ្អែងនោះក៏គ្មានបានធ្វើអីដែរ។ ហើយចំណេះវិជ្ជាពួកហ្អែងក៏គ្មានលើសកូនអញដែរ។ ចំណុចដែលពួកហ្អែងមិនអាចលើសបាន គឺនៅត្រង់ថា ថ្នាក់បណ្ឌិតដូចគ្នា ប៉ុន្តែពួកហ្អែងអត់ចេះលោតឆត្រយោងដូចកូនអញ។ បើហ្អែងចង់ឱ្យបានស្មើជាមួយកូនអញ ហ្អែងទៅរៀនលោតឆត្រយោង បាញ់កាំភ្លើងបាញ់អីឱ្យបានស្មើកូនអញទៅ»។
បើទោះបីជា លោក ហ៊ុន សែន ខំអួតពីកូនប្រុសឡើងប៉ោងសរសៃកបែបណាក្តី ក៏មេដឹកនាំក្រាញអំណាចរូបនេះ នៅតែបញ្ជាក់ម្តងហើយម្តងទៀតថា ទោះបីជាលោកនឹងប្រគល់អំណាចឲ្យកូនប្រុសរបស់លោកក្តី ក៏លោកនៅតែមានតួនាទីសម្រេចចិត្តក្នុងផ្នែកនយោបាយដដែល។
មន្ត្រីបក្សប្រឆាំង និងអ្នកវិភាគ មើលឃើញថា ការលើកឡើងរបស់លោក ហ៊ុន សែន មិនសក្ដិសមជាមេដឹកនាំប្រទេសនោះទេ ព្រោះលោកគិតតែពីប្រយោជន៍គ្រួសារធំជាងប្រទេសជាតិ និងប្រជាពលរដ្ឋ រួមទាំងមន្ត្រីដែលមានសមត្ថភាពនៅក្នុងគណបក្សប្រជាជនកម្ពុជា។ មិនត្រឹមតែការនិយាយជាសាធារណៈរបស់លោក ហ៊ុន សែន នោះទេ សូម្បីតែនៅក្នុងបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា ក៏បង្ហាញថា លោក ហ៊ុន សែន មិនបានបញ្ចូលយុវជនដែលចំណេះដឹងនិងស្មោះត្រង់ជាមួយបក្សកាន់អំណាចឲ្យឈរឈ្មោះបោះឆ្នោតឡើយ។ ក្នុងបញ្ជីឈ្មោះនោះ ឃើញមានតែការលើកបន្តុបកូនៗរបស់លោក ហ៊ុន សែន ដូចជាលោក ហ៊ុន ម៉ាណែត ឲ្យឈរលេខរៀងទី១នៅភ្នំពេញ និងកូនៗរបស់មន្ត្រីកំពូលគណបក្សប្រជាជនកម្ពុជាប៉ុន្មាននាក់ទៀតប៉ុណ្ណោះ ហើយរក្សាមន្ត្រីចាស់ៗដដែលដោយមិនបានបញ្ចូលយុវជន និងស្ត្រីដែលមានចំណេះដឹងនិងបទពិសោធន៍ការងារឡើយ។
មន្ត្រីគណបក្សប្រឆាំង លើកឡើងថា ប្រសិនបើលោក ហ៊ុន សែន នេះ អួតថា កូនប្រុសរបស់លោក មានសមត្ថភាពនោះ គួរតែមានភាពក្លាហានផ្ដល់ឱកាសប្រកួតប្រជែងក្នុងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ជាមួយគណបក្សប្រឆាំង ដោយមិនត្រូវប្រើប្រាស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ គ.ជ.ប ដើម្បីរារាំងគណបក្សភ្លើងទៀន និងគណបក្សសង្គ្រោះជាតិឡើយ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ លោក ម៉ែន សុថាវរិន្រ្ទ យល់ឃើញថា ជំនាញផ្នែកយោធារបស់លោក ហ៊ុន ម៉ាណែត ដែលលោក ហ៊ុន សែន ជាឪពុកយកមកអួតប្រាប់ប្រជាពលរដ្ឋនោះ ស័ក្ដិសមជាមួយការគ្រប់គ្រងតាមបែបរបបផ្ដាច់ការ ដែលជារបបគ្រប់គ្រងអំណាចតវង្សត្រកូល។ លោកបន្តថា ក្នុងនាមកម្ពុជា ដែលជាប្រទេសក្រីក្រមួយ ប្រជាពលរដ្ឋទូទៅចង់បានមេដឹកនាំដែលគិតគូរពីជីវភាព និងសេរីភាពបញ្ចេញមតិតាមបែបប្រជាធិបតេយ្យ មិនមែនមេដឹកនាំដែលឡើងកាន់អំណាចដោយសារឪពុក ដែលចាំតែនិយាយសរសើរជំនួសនោះឡើយ។
លោក ម៉ែន សុថាវរិន្រ្ទ៖«ប៉ុន្តែយើងកុំអួតអាងថាកូនគាត់ពូកែអ៊ីចេះៗ អាចធ្វើបេក្ខជន(នាយករដ្ឋមន្ត្រី)បាន អាហ្នឹងគាត់ឡើងលើរេញតែម្នាក់ឯង ហើយគាត់អួតអាងតែម្នាក់ឯងអ៊ីចឹង។ និយាយឱ្យចំប្រជាពលរដ្ឋមើលឃើញច្បាស់ហើយថា ធ្វើរបៀបហ្នឹងគឺផ្ដាច់ការមែនទែនហើយ ខ្ញុំមើលទៅ»។
លោក ហ៊ុន សែន បានប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីធានាថា ការផ្ទេរអំណាចទៅឱ្យ លោក ហ៊ុន ម៉ាណែត គ្មានឧបសគ្គ និងគ្មានអ្នកមកប្រកួតប្រជែង ដោយហេតុថា លោក ហ៊ុន ម៉ាណែត ពុំទាន់មានសមត្ថភាព និងគោលជំហររឹងមាំដើម្បីស្នងតំណែងកំពូលនោះទេ។ វិធីដែលលោក ហ៊ុន សែន យកមកប្រើនោះមានដូចជា ការបោសសម្អាតផ្ទៃក្នុងបក្ស តាមរយៈការបិទផ្លូវមន្ត្រីចាស់ៗក្នុងជួរបក្ស មិនឱ្យឈរឈ្មោះជានាយករដ្ឋមន្ត្រី ការកែប្រែច្បាប់ដោយកាត់បន្ថយអំណាចសភា បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាប់ចងមន្ត្រីបក្សប្រឆាំង និងបញ្ជាឱ្យ គ.ជ.ប បិទមិនឱ្យគណបក្សប្រឆាំងចូលរួមបោះឆ្នោតជាដើម។ លើសពីនេះ ទោះបីជា លោក ហ៊ុន សែន បានបោសសម្អាតកៅអីនាយករដ្ឋមន្ត្រីទុកឱ្យកូនប្រុសហើយក្ដី ក៏លោកហាក់គ្មានការជឿជាក់ទៅលើសមត្ថភាពកូនរបស់លោកឡើយ ដោយលោកទំនងជាបារម្ភពីផ្ទៃក្នុង ឬការជ្រៀតជ្រែកកិច្ចការនយោបាយពីសំណាក់មន្ត្រីចាស់ៗដែលមានឥទ្ធិពលនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា។ ជាក់ស្ដែងលោក ហ៊ុន សែន បាននិយាយដដែលៗថា លោកនៅតែគ្រប់គ្រងកិច្ចការប្រទេសជាតិ និងគណបក្ស ទោះបីលោកលែងធ្វើជានាយករដ្ឋមន្ត្រីក៏ដោយ។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ឃើញថា ការថ្លែងរបស់លោក ហ៊ុន សែន បានបង្ហាញពីចរិតបក្ខពួកគ្រួសារនិយម តាមការផ្ទេរអំណាចតពូជ ដោយប្រើប្រាស់ការបោះឆ្នោតក្លែងក្លាយមកបង្គ្រប់កិច្ច។ លោកបន្តថា ប្រសិនបើលោក ហ៊ុន ម៉ាណែត មានសមត្ថភាពពិតមែន លោកគួរតែប្រាប់ទៅឪពុករបស់លោកឱ្យឈប់និយាយសរសើរ ដើម្បីផ្សាយពាណិជ្ជកម្មជំនួសលោក ហើយបើកផ្លូវឱ្យគណបក្សប្រឆាំងចូលរួមបោះឆ្នោតដោយស្មើភាពតាមបែបប្រជាធិបតេយ្យវិញ។
លោក គឹម សុខ៖«លោក ហ៊ុន សែន ប្រាកដជាទ័លមែនទែនហើយ និយាយលែងដឹងខុសត្រូវ។ រដ្ឋធម្មនុញ្ញចែងពីប្រជាធិបតេយ្យសេរីពហុបក្ស តែលោក ហ៊ុន សែន បែរទៅជានិយាយថា ឡើងតាមជើងខោឪក៏ឡើងទៅ លោក ហ៊ុន ម៉ាណែត ហ្នឹង។ លោកមានន័យថា មិនមែនគិតជាតិទេ គិតធ្វើម៉េចឱ្យតែកូនខ្លួន បានធ្វើជានាយករដ្ឋមន្ត្រីដើម្បីការពារឧក្រិដ្ឋកម្មដែលខ្លួនបានប្រព្រឹត្ត ក្រុមគ្រួសារហ៊ុនបានប្រព្រឹត្ត ទាំងហ៊ុន ម៉ាណែត បានប្រព្រឹត្ត»។
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងមើលឃើញថា បើទោះបីជា លោក ហ៊ុន សែន ខំកម្ទេចគណបក្សប្រឆាំង ហើយផ្ទេរអំណាចឲ្យកូនប្រុសរបស់លោក បានជោគជ័យក៏ដោយ ក៏អំណាចរបស់លោក ហ៊ុន ម៉ាណែត មិនរឹងមាំនិងគង់វង្សឡើយ។ ពួកគាត់ជឿថា អំណាចរបស់លោក ហ៊ុន ម៉ាណែត នឹងជ្រុះបាត់ទៅវិញ ដោយសារការបែកបាក់ផ្ទៃក្នុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
