លោក ហ៊ុន សែន ថាវិបត្តិនៅភូមាមិនអាចដោះស្រាយដោយការកម្ចាត់កម្លាំងយោធាចោលនោះឡើយ
2022.02.22

លោក ហ៊ុន សែន ថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន និងជាមិត្តភ័ក្ដិរបស់ភូមា (Myanmar) លោកមិនបោះបង់ការស្វែងរកដំណោះស្រាយវិបត្តិនយោបាយនៅភូមានោះទេ។ ទោះយ៉ាងណា មន្ត្រីបក្សប្រឆាំងរិះគន់ថា លោក ហ៊ុន សែន គ្មានសមត្ថភាពដោះស្រាយវិបត្តិនៅភូមា បាននោះឡើយ ខណៈដែលវិបត្តិនយោបាយនៅក្នុងប្រទេសរបស់ខ្លួន លោក ហ៊ុន សែន ដោះស្រាយមិនបានផងនោះ។
ប្រធានប្ដូរវេនអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា វិបត្តិនយោបាយនៅភូមា មានបញ្ហាស្មុគស្មាញ ប៉ុន្តែលោកនៅតែរំពឹងថា កិច្ចប្រឹងប្រែងនេះអាចបញ្ឈប់អំពើហិង្សា អាចផ្ដល់ជំនួយដល់ពលរដ្ឋ និងជំរុញឲ្យមានការសន្ទនារវាងភាគីពាក់ព័ន្ធ។ លោកថ្លែងដែរថា បញ្ហានៅភូមា មិនអាចកំចាត់ចោលកងកម្លាំងភូមា បាននោះទេ ខណៈប្រទេសនេះ អំណាចយោធា បានចាក់ស្រេះជាង៧០ឆ្នាំមកហើយ។ លោកថា ការស្វែងរកសន្តិភាពនៅភូមា មិនអាចធ្វើទៅបានដោយការកម្ចាត់កម្លាំងយោធានោះទេ៖ «មានចេតនាមួយកំពុងលេចឡើង គឺការកម្ចាត់ចោលកម្លាំងយោធាមីយ៉ាន់ម៉ាទាំងស្រុងតែម្ដងសួរថា គេសុខចិត្តទេបើអ្នកឯងធ្វើតាមហ្នឹង វាមិនខុសពីយកក្បាលបោលទៅបុកជញ្ជាំងដែលមានសុទ្ធដែកគោល។ ការចរចាមិនមែនជារឿងងាយស្រួលទេ រឿងពិបាក គឺទិដ្ឋភាពយោធា ហ្នឹងតែម្ដង ហើយអ្នកខ្លះចង់ឲ្យខ្ញុំធ្វើជាប្រធានអាស៊ានក្នុងរយៈ១២ខែចង់ឲ្យដោះស្រាយបញ្ហាមីយ៉ាន់ម៉ា(ដោះស្រាយចប់)»។
លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងពេលបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នៅទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ។ លោកបានរិះគន់ថា មានក្រុមជ្រុលនិយម ប៉ុន្តែលោកមិនបញ្ចេញឈ្មោះនោះទេ ថាកំពុងមានចេតនា បញ្ឆេះសង្គ្រាមនៅប្រទេសភូមា។ លោកថា កាលពីដោះស្រាយជម្លោះផ្ទៃក្នុងកម្ពុជា គឺត្រូវការប្រើពេលវេលាយូរនិងមិនអាចយកសង្គ្រាមមកបញ្ចប់សង្គ្រាមនោះឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោក ម៉ន ផល្លា រិះគន់ថា ការដែលលោក ហ៊ុន សែន បង្ហាញជំហរដោះស្រាយជម្លោះប្រទេសភូមា គឺគ្រាន់តែនិយាយឲ្យល្អក្នុងនាមខ្លួនជាប្រទេសអាស៊ាន។ លោក ម៉ន ផល្លា ជំរុញទៅលោក ហ៊ុន សែន មុនដោះស្រាយវិបត្តិនយោបាយនៅភូមា លោក ហ៊ុន សែន ត្រូវដោះស្រាយវិបត្តិនយោបាយនៅប្រទេសខ្លួនជាមុនសិន ដោយអនុញ្ញាតឲ្យគណបក្សប្រឆាំងអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ និងអនុញ្ញាតឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមានសិទ្ធិធ្វើនយោបាយឡើងវិញ៖ «គាត់ (លោក ហ៊ុន សែន)មិនអាចដោះស្រាយបញ្ហាភូមាបានទេគាត់គ្រាន់តែបំភ័ន្តភ្នែកជាតិ និងអន្តរជាតិ ក្នុងឋានៈខ្លួនជាប្រធានអាស៊ានប្ដូរវេន កុំឲ្យគេមើលឃើញថា ធ្វើជាប្រធានមិនបានធ្វើអីសោះ»។
ទោះលោក ហ៊ុន សែន បង្ហាញពីការប្ដេជ្ញាចិត្តក្នុងការដោះស្រាយវិបត្តិនៅភូមា បែបនេះក្ដី ប៉ុន្តែ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMMR) កាលពីថ្ងៃទី១៧ ខែកុម្ភៈ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះផងនោះបានបិទបញ្ចប់ទៅដោយគ្មានដំណោះស្រាយជាក់លាក់នៃវិបត្តិភូមា ក្រៅពីការសម្ដែងក្តីព្រួយបារម្ភជារួមពីសំណាក់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិលោក ឯម សុវណ្ណារ៉ា សង្កេតឃើញថា ដំបូងឡើយលោក ហ៊ុន សែន បានធ្វើនយោបាយការបរទេសដោយធ្វើទៅបំពេញទស្សនកិច្ចនៅភូមា ដើម្បីដោះស្រាយបញ្ហា ប៉ុន្តែលោក ហ៊ុន សែន ទទួលបរាជ័យ ដោយមេដឹកនាំយោធា ភូមា មិនបានធ្វើតាមការព្រមព្រៀងនោះ។ លោកយល់ថា ការដែលលោក ហ៊ុន សែន ព្យាយាម ដោះស្រាយវិបត្តិនៅភូមា តាមយន្តការអាស៊ានព្រោះលោក ហ៊ុន សែន ខ្លាចបាត់ឱកាសក្នុងនាមកម្ពុជា ជាប្រធាន ប្ដូរវេន្តអាស៊ាន ដោយមិនអាចចូលរួមប្រជុំជាមួយប្រទេសដៃគូ អាស៊ាន ឬកិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក៖ «កម្ពុជាបច្ចុប្បន្នបានដកឃ្លាហើយ ហើយបានអញ្ជើញសមាជិកអាស៊ានផ្សេងមកប្រជុំកាលពីថ្មីៗនេះគឺដោយសារកម្ពុជាដកថយមួយជំហានមកវិញរក្សាជំហរអាស៊ានហ្នឹងហើយបានរក្សាការប្រជុំមិនអាចគាំង ហើយអញ្ចឹងទេ កម្ពុជាមិនរវល់រឿងភូមាទៀតទេ ព្រោះបើរវល់ទៅអាចបាត់ឱកាស»។
លោក ហ៊ុន សែន ថាលោកនិងភាគីពាក់ព័ន្ធនឹងព្យាយាមដោះស្រាយបញ្ហាភូមាតាមយន្តការអាស៊ាន ហើយនឹងពន្លឿនបញ្ជូនរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ដែលជាប្រេសិតពិសេសនៃប្រធានអាស៊ាន ឲ្យឆាប់ទៅបំពេញបេសកកម្មនៅប្រទេសភូមា។
លោក ប្រាក់ សុខុន ធ្លាប់ថ្លែងឲ្យដឹងថា លោកគ្រោងទៅប្រទេសភូមា នៅដើមខែមីនា ដើម្បីជួបសន្ទនាជាមួយដៃគូពាក់ព័ន្ធ ចែកជំនួយមនុស្សធម៌ដល់មន្ទីរពេទ្យ និងជួបអង្គទូតនានាដែលកំពុងប្រចាំការនៅប្រទេសភូមា។
ទោះយ៉ាងណា អ្នកជំនាញកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់ថា វិបត្តិនយោបាយនៅភូមា មិនអាចដោះសា្រយក្នុងក្របខណ្ឌអាស៊ានបាននោះទេ ដែលកិច្ចការនេះទំនងធ្លាក់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រោះកន្លងទៅរបបសឹកយោធាភូមា មិនទទួលយកកិច្ចព្រមព្រៀង៥ចំណុចបានអនុម័តកាលពីខែមេសា ឆ្នាំ២០២១នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។